ក្រុម​អង្គការ​សង្គមស៊ីវិល​ធ្វើ​យុទ្ធនាការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​៨នាក់

ការងារតុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ឃុត សុគន្ធ | ១៤ មករា ២០២២ | ម៉ោង ១៧:២០
VOD

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (ហ៊ី ឆាយ)


ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជា បាននាំគ្នាធ្វើយុទ្ធនាការរាប់ចំនួនថ្ងៃជាប់ឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេមកវិញ។

កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេដឹកនាំក្រុមកូដករទាមទារសិទ្ធិនិងលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

ក្រុមអង្គការសង្គមស៊ីវិល រួមមាន អង្គការលីកាដូ (LICADHO) មជ្ឈមណ្ឌល​សម្ព័នភាពការងារ​ និង​សិទ្ធ​​មនុស្ស (CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសហជីពមួយចំនួនទៀត បានធ្វើយុទ្ធនាការ ដោយការផុសរូបថតអ្នកជាប់ឃុំ៨នាក់បង្ហោះតាមបណ្ដាញសង្គម ដោយទាមទារឱ្យអាជ្ញាធរដោះ​លែងអ្នកជាប់ឃុំទាំងនោះជា​បន្ទាន់​និង​ដោយឥត​លក្ខខណ្ឌ។

នាយករង​អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលនាំគ្នាធ្វើយុទ្ធនាការទាមទារដោះលែងថ្នាក់ដឹកនាំសហជីព៨នាក់នោះ ដោយសារតែមើលឃើញថា ការឃុំខ្លួននិងការចោទប្រកាន់នោះធ្វើឡើងមិនត្រឹមត្រូវនិងអយុត្តិធម៌សម្រាប់ពួកគេ។ លោកថា សកម្មភាពអាជ្ញាធរចាប់ខ្លួនថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍នេះ ជាការគំរាមកំហែង ការបំភិតបំភ័យ និងជាការលាបពណ៌ ដើម្បីឱ្យភាគីក្រុមហ៊ុនរួចផុតពីការទទួលខុសត្រូវតែប៉ុណ្ណោះ។

លោក អំ សំអាត បន្តថា ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ គឺជាវិវាទការងាររួមសុទ្ធសាធ និងបានអនុវត្តទៅតាមច្បាប់ស្ដីពីការងារត្រឹមត្រូវ ដែលអាជ្ញាធរត្រូវដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់ ដោយមិនត្រូវលាបពណ៌និងចាប់ថ្នាក់ដឹកនាំសហជីពទៅឃុំខ្លួនបែបនេះឡើយ។

លោកបន្ថែមថា៖ «ឫសគល់នៃការធ្វើកូដកម្ម គឺផ្ដើមចេញពីវិវាទការងាររួម។ អ៊ីចឹងអ្វីដែលសំខាន់ ការលាបពណ៌ពីរឿងធ្វើបដិវត្តពណ៌ រឿងការធ្វើបាតុកម្មខុសច្បាប់អី អាហ្នឹងវាមិនត្រឹមត្រូវទាល់តែសោះ។ បញ្ហានេះ វាជាវិវាទការងារដែលត្រូវដោះស្រាយគ្នាតាមការចរចាតាមច្បាប់ការងារ។ វាមិនមែនជាបទល្មើសដែលត្រូវចាប់ខ្លួនឬក៏ឃុំខ្លួនទេ។ ការចោទប្រកាន់ ការឃុំខ្លួននេះ វាមើលទៅជាការគំរាមកំហែង ជាការបន្ទច់បង្អាក់មិនឱ្យមានការធ្វើកូដកម្មដើម្បីទាមទាររកដំណោះស្រាយរឿងវិវាទការងារទៅវិញទេ»

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ដើមចមដែលនាំឱ្យមានវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារក្រុមហ៊ុនមានការរើសអើងសហជីព ក្រោយពីសហជីពនៅក្នុងក្រុមហ៊ុនល្បែងមួយនេះសកម្មក្នុងការតវ៉ាទាមទារលក្ខខណ្ឌការងារ សុខសុវត្ថិភាពនៅកន្លែងការងារ បញ្ហាប្រាក់ឈ្នួលសមរម្យ និងការការពារការបៀតបៀន រួមទាំងប្រឆាំងការប្រើប្រាស់អំពើហិង្សាលើបុគ្គលិកពីសំណាក់ភ្ញៀវ ជាដើម។

លោក ឃុន ថារ៉ូ បន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍យកហេតុផលវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាហិរញ្ញវត្ថុ ដោយបញ្ឈប់បុគ្គលិកដែលភាគច្រើនជាថ្នាក់ដឹកនាំ សកម្មជនសហជីព និងប្រតិភូបុគ្គលិកទាំងមិនមានហេតុផលច្បាស់លាស់ និងខុសច្បាប់ស្ដីពីការងារត្រង់មាត្រា៩៤។

មន្ត្រីសិទ្ធិការងាររូបនេះបន្ថែមថា តាមច្បាប់ គឺការបញ្ឈប់បុគ្គលិកត្រូវមានហេតុផលសមរម្យ ដោយផ្អែកទៅលើកត្តាសេដ្ឋកិច្ច អតីតភាពការងារ និងមានការធ្វើអធិការកិច្ចការងារដោយមានតម្លាភាពពីក្រសួងការងារ ប៉ុន្តែសម្រាប់ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានអនុវត្តតាមឡើយ និងបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលការពារពិសេសដោយច្បាប់ទៀតផង។

លោកបន្ថែមថា៖ «អ៊ីចឹង វាបង្ហាញច្បាស់ណាស់ថា ណាហ្គាវើលដ៍គាត់រើសអើងសហជីព ហើយក្រសួងការងារត្រូវតែធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹង ពីព្រោះក្រសួងជាស្ថាប័នដែលមានសមត្ថកិច្ចនៅក្នុងការអនុវត្តច្បាប់ស្ដីពីការងារ និងអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ។ អ៊ីចឹងការបញ្ឈប់នេះ វាមិនព្យាយាមដោះស្រាយក្នុងក្របខណ្ឌច្បាប់ ប៉ុន្តែយើងមើលឃើញមានភាពមិនប្រក្រតីច្រើននៅក្នុងដំណើរការនៃការអនុញ្ញាតដោយក្រសួងការងារ និងមិនមានតម្លាភាពក្នុងការសម្រេចរបស់ខ្លួន ដោយសារវាអត់ធ្វើឡើងចំពោះ​មុខចំពោះភាគី។ ហើយមិនបានបើកផ្លូវឱ្យភាគីហ្នឹងគាត់ធ្វើការតវ៉ាទៅតាមនីតិវិធីច្បាប់ ក្នុងករណីដែលក្រុមហ៊ុនបានចោទប្រកាន់»

លោក ឃុន ថារ៉ូ បន្ថែមថា ការណ៍ដែលក្រុមសង្គមស៊ីវិលនាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គមទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព៨នាក់នោះ ដើម្បីបង្ហាញសារទៅសាធារណជនជាតិនិងអន្តរជាតិឱ្យដឹងច្បាស់អំពីអង្គហេតុនៃវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ដែលកើតចេញពីវិវាទការងាររួម មិនមែនកើតចេញពីបដិវត្តពណ៌ណាមួយដូចការចោទប្រកាន់របស់អាជ្ញាធរនិងតុលាការនោះទេ។

មួយទៀតនោះ លោកថា យុទ្ធនាការនេះចង់ឱ្យភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលស្វែងយល់ពីឫសគល់នៃបញ្ហានៅក្រុមហ៊ុនល្បែងមួយនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ជាជាងការចោទប្រកាន់តាមផ្លូវតុលាការ​ទៅលើថ្នាក់ដឹកនាំសហជីព ដោយបង្កើតភាពអយុត្តិធម៌ដល់កម្មករនៅតាមរោងចក្រសហគ្រាសផ្សេងៗទៀត។

យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែមករា ថាការធ្វើយុទ្ធនាការ ការធ្វើបាតុកម្ម និង​ការធ្វើសកម្មភាពផ្សេងៗ ដើម្បីទាមទារឱ្យមានការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីពទាំង៨នាក់នោះ គឺមិនអាចទៅរួចឡើយ ពីព្រោះសកម្មភាពទាំងនោះមិនមែនជាផ្លូវច្បាប់ឡើយ។

អ្នកនាំពាក្យរូបនេះបន្តថា ដើម្បីឱ្យជនជាប់ចោទរួចខ្លួន ពួកគេត្រូវការពារខ្លួនតាមផ្លូវច្បាប់ ដោយបង្ហាញនូវភស្តុតាងឬសក្ខីកម្មទៅតុលាការ ដើម្បីដោះបន្ទុកទៅនឹងបទចោទនោះ។

លោកបន្ថែមថា៖ «វាមិនមែនជាមធ្យោបាយតា​មផ្លូវច្បាប់ទេ មានតែការចូលក្នុងដំណើរការនីតិវិធីតុលាការ ហើយបង្ហាញភស្តុតាងដោះបន្ទុក តតាំងទៅនឹងបទចោទនូវអ្វីដែលសមត្ថកិច្ចមាន។ ប្រសិនយើងមិនមានមូលដ្ឋានហ្នឹងរឹងមាំទេ មិនអាចធ្វើការការពារខ្លួនបានទេ។ ការធ្វើបាតុកម្ម ការធ្វើសន្និសីទកាសែត រិះគន់ទិតៀន​នេះជា​រូបភាពសកម្មភាពនយោបាយទេ។ ជាទិដ្ឋភាពផ្លូវច្បាប់ វាអត់មានឥទ្ធិពលផ្នែកច្បាប់ណាមួយក្នុងការការពារខ្លួនបានទេ»

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលពុំមានឈ្មោះបញ្ឈប់ពីការងារ ក៏បាននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដើម្បីទាមទារដោះលែងតំណាងសហជីព៨នាក់ដែលកំពុងជាប់ឃុំនោះផងដែរ។ ពួកគេបាន​លើកឡើងថា ថ្នាក់ដឹកនាំសហជីពទាំងនោះមានសារៈសំខាន់សម្រាប់ពួកគេក្នុងការជួយដោះស្រាយបញ្ហា និងអន្តរាគមន៍ពេលពួកគេរងការរំលោភសិទ្ធិការងារនៅក្នុងក្រុមហ៊ុន។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ទាំងនោះបានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងថា ពួកគេស្ម័គ្រចិត្តដើរចេញពីក្រុមហ៊ុន ដើម្បីចូលរួមធ្វើកូដកម្មអហិង្សាជាមួយក្រុមកូដករផ្សេងទៀត ដោយគ្មានការបង្ខិតបង្ខំនិងភ័យខ្លាចឡើយ ក្នុងការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពឱ្យមានសេរីភាពវិញ។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន មើលឃើញថា អ្វីដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើការទាមទារនោះ គឺធ្វើឡើងដោយសន្តិវិធី អហិង្សា ហើយការទាមទារនោះសមល្មមដែលក្រុមហ៊ុនអាចដោះស្រាយបាន បើផ្អែកទៅលើចំណូលនិងផលចំណេញរបស់ក្រុមហ៊ុនល្បែងមួយនេះទទួលបាននាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍មិនអាចដោះស្រាយបាន រហូតមានការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនេះ អាចនឹងមានអ្វីមួយនៅពីក្រោយ។ លោកថា ដើម្បីដោះស្រាយ​បញ្ចប់វិវាទនៅក្រុមហ៊ុននេះ អាជ្ញាធរត្រូវដោះលែងថ្នាក់ដឹកនាំសហជីព ទទួលយកបុគ្គលិកជាង៣០០នាក់ចូលធ្វើការងារវិញ និងត្រូវទូទាត់សំណងត្រឹមត្រូវទៅតាមផ្លូវច្បាប់ចំពោះអ្នកដែលព្រមឈប់ពីការងារ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបន្តធ្វើទុក្ខបុកម្នេញលើក្រុមកូដករទៀតនោះ វានឹងធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ខណៈអ្នកឃ្លាំមើលជាតិនិងអន្តរាជាតិមើលឃើញថា​ ការចាប់ខ្លួននិងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពទាំង៨នាក់នោះជារឿងមិនត្រឹមត្រូវនិងអយុត្តិធម៌។

លោកបន្ថែមថា៖ «អ៊ីចឹងបើព្រឹត្តិកាណ៍និងចំណាត់ការអវិជ្ជមានទាំងឡាយណាទៅលើក្រុមពួកគាត់ហ្នឹង វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះកម្ពុជា។ ហើយបើបង្កឱ្យមានភាពរ៉ាំរ៉ៃ មានបញ្ហាកាន់តែធំទៀត នឹងធ្វើឱ្យសហគមន៍អន្តរជាតិគេមើលឃើញថា កម្ពុជាហ្នឹងនៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើកម្មករ មានការរំលោភសិទ្ធិការងារ ស្ថានភាពសិទ្ធិមនុស្សនៅតែបន្តធ្លាក់ចុះ ដែលគេពិបាកក្នុងការធ្វើកិច្ចការងារសហប្រតិបត្តិការ និងជួយប្រទេសកម្ពុជានៅពេលខាងមុខ»

កាលពីថ្ងៃទី៥ ខែមករានេះ ក្រុម​អ្នកជំនាញអង្គការសិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសចំពោះការចាប់ខ្លួននិងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយថា ការធ្វើនោះបានបំពានច្បាប់និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

កាលពីថ្ងៃទី៧ ខែមករានេះដែរ អង្គការអន្តរជាតិខាង​ការងារ ហៅកាត់ថា អាយ​ឡូ (ILO) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពណាហ្គាវើលដ៍៨នាក់ឱ្យ​មានសេរីភាពវិញផងដែរ ដោយ​ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងអ្នកទាំងនោះ។

ប្រភពដដែលបន្តថា ការ​ចាប់ឃុំខ្លួន​មេដឹកនាំ​សហជីព​ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ​គឺជា​ការ​ជ្រៀត​ជ្រែក​យ៉ាងខ្លាំងដល់​ច្បាប់​ស្ដីពី​សេរីភាព​ការងារ​និង​សិទ្ធិ​សហជីពថែមទៀតផង៕


ក្រសួងការងារណាហ្គាវើលដ៍សង្គមស៊ីវិលសិទ្ធិការងារ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment