បទវិភាគ៖ រដ្ឋបុរស​កម្ពុជា​​បង្កើត​មរតក​នយោបាយ​ថ្មី​ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា​

នយោបាយ
14 មករា 2022
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាន​ទទួល​ញញួរប្រធានប្តូរវេននៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាលើក​ទី៣ បន្ត​ពី​ប្រទេស​ព្រុយណេដែលបានបញ្ចប់អាណត្តិ​របស់ខ្លួននៅ​ឆ្នាំ២០២១នេះ។ (ហ្វេសប៊ុក/Samdech Hun Sen, Cambodian Prime Minister) Photo: Facebook/Samdech Hun Sen Cambodian PM


វ៉ាស៊ីនតោន — លោក ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​បរទេស​ដំបូង​ដែល​បានទៅ ​បំពេញ​ទស្សនកិច្ច​ការងារ​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ចាប់តាំង​ពី​ក្រុម​យោធា​បាន​ដណ្តើម​យក​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ដោយ​រដ្ឋប្រហារ​យោធា។ ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃទី​៧​ និង​៨​ ខែ​មករា ​ឆ្នាំ​២០២២​នេះ ​បាន​ដិតដាម​ដោយ​ ការប្រឆាំង​ពី​សហគមន៍​មីយ៉ាន់ម៉ា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បើ​ទោះបី​ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ថ្លែង​ថា​វាជា​ការ​ជួយ​ស្វែងរក​វិធី​សម្រុះសម្រួល​បញ្ចប់​ហិង្សា​មុន​នឹង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​ពេញ​បន្ទុក។

​ក្រុម​អ្នកការទូត​បរទេស​និង​អ្នកវិភាគ​នានា​ក៏ដូច​ជា​សកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ាយល់​ថា រដ្ឋបុរស​កម្ពុជា​ដែល​ពេល​នេះ​កំពុង​កាន់តំណែង​ជា​ប្រធាន​ប្តូរវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(អាស៊ាន) ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​បង្កើត​មរតក​នយោបាយ​មួយ​សម្រាប់​ខ្លួន​លោកផ្ទាល់​មុន​នឹង​លាចាក​ចេញ​ពី​នយោបាយ​និង​ជា​ការ​បង្ហាញ​ថា​កម្ពុជា​បាន​ប្រែក្លាយ​ពី​រដ្ឋ​បរាជ័យ​មួយ​ដែល​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​និង​យោបល់​ពី​សហគមន៍​អន្តរជាតិ​ទៅ​ជា​ប្រទេស​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ឆាក​អន្តរជាតិ។ ពួកគេ​ថ្លែង​ថា​មហិច្ចតា​ផ្ទាល់​ខ្លួន​របស់​លោក ​ហ៊ុន សែន​ ដែល​បាន​កាន់អំណាច​នៅ​កម្ពុជា​រយៈពេល​ ៣៧​ ឆ្នាំ​កំពុង​តែ​ធ្វើ​ឲ្យ​អាស៊ាន​ខូច​កេរ្តិ៍​ឈ្មោះ​និង​ឈាន​ទៅ​បែកបាក់​គ្នា។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ សម្រេច​បាន​សេចក្តី​ប្រកាស​រួម​មួយ​ដែល​មាន​ការ​ប្រកាស​ជា​ឯកតោ​ភាគី​ដោយ​របប​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​ពន្យារ​បទឈប់បាញ់​គ្នា​រហូត​ដល់​ចុង​ឆ្នាំ​២០២២ ​គឺ​ពេញ​មួយ​អាណត្តិ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ការអនុញ្ញាត​ឲ្យ​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​គ្រប់​ភាគី​ដោយ​មិនមាន​ការរើសអើង​និង​សំខាន់​បំផុត​គឺ​ការអនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានអាច​ជួប​ជាមួយ​នឹង​គ្រប់ភាគី​ដើម្បី​សម្រប​សម្រួល​បន្ធូរបន្ថយ​បញ្ហា​ហើយ​នេះ​ជា​អ្វី​ដែល​ប្រេសិត​មុន​ក្រោម​ការដឹកនាំ​របស់​ប្រទេស​ព្រុយណេ​មិន​អាច​សម្រេច​បាន។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ​នៅ​មុន​កិច្ច​ប្រជុំមួយ​ នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ​នៅ​មុន​កិច្ច​ប្រជុំមួយ​ នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AP)

ប៉ុន្តែ​បន្ទាប់​ពី​ប្រតិភូ​កម្ពុជា​ចាក​ចេញមិន​ដល់​ប៉ុន្មាន​ម៉ោង​ផងពួកយោធា​មីយ៉ាន់ម៉ា​បាន​បើក​ការវាយ​ប្រហារ​តាម​អាកាស​លើ​រដ្ឋធានី​ Loikaw ​ដែល​ជា​រដ្ឋធានី​នៃ​រដ្ឋ​ Kayah​ ដោយ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ត្រូវ​រត់ចេញ​ពី​លំនៅដ្ឋាន។

លោក ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​បាន​ទទួលស្គាល់​ថា​បញ្ហា​របស់​មីយ៉ាន់ម៉ា​មាន​លក្ខណៈ​ស្មុគស្មាញ៖ «មិនមែន​ជា​ការងាយ​ស្រួល​ទេ​ដូច​ខ្ញុំ​បាន​លើកឡើង​កន្លង​មកហើយ​ថា​បញ្ហា​មីយ៉ាន់ម៉ា​មិន​អាច​ដោះស្រាយ​រួច​តាម​រយៈ​ទស្សនកិច្ច​មួយ​ដង​ពីរ​ដង​ឬ​បីដង​ឬ​រហូតដល់​មួយ​អាណត្តិ​ឯណោះ​ក៏​ទេ​ដែរ។ មិនអាច​ឆាប់ៗ​បែបនេះ​បាន​ទេ។ អ៊ីចឹង​យើង​ត្រូវការ​ពេលវេលា​ត្រូវការ​ភាព​អត់ធ្មត់​និង​ត្រូវការ​ភាព​ជាក់​ស្តែង។ យើង​ដោះស្រាយ​បញ្ហា​តាម​ភាព​ជាក់ស្តែង»

ក្រុមយោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាទើបតែ​អនុញ្ញាត​ឲ្យ​មាន​ការ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ស៊ីវិល​នៅ​ឆ្នាំ​២០១១​ក្រោយ​ពី​ខ្លួនបាន​ដឹកនាំ​អស់​រយៈពេល​៤៩​ឆ្នាំ។ ក្រុម​យោធា​រំពឹង​ថា​ការដឹកនាំ​តាម​បែប​ស៊ីវិល​នេះ​នឹង​មាន​រដ្ឋបាល​មួយ​ដែល​ស្របគ្នា​នឹង​ខ្សែញាក់​របស់​ខ្លួន។ នៅ​ឆ្នាំ​២០១៥​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ Aung San Suu Kyi (អោង សានស៊ូជី)​បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​ដោយ​សេរី​បន្ទាប់​ពី​មីយ៉ាន់ម៉ា​អាក់​ខាន​រៀបចំ​ការ​បោះឆ្នោត​ចំនួន​២៥​ឆ្នាំ។ ក្រុម​យោធា​មីយ៉ាន់ម៉ានិង​គណបក្ស​រណប​បាន​ចាញ់​កម្លាំង​ប្រជាធិបតេយ្យ​យ៉ាង​ចាស់ដៃបើទោះបីជា​បាន​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ចង​យ៉ាងណា​ដើម្បី​ធានា​វត្តមាន​ក្រុម​យោធា​ក្នុង​រដ្ឋបាល​ស៊ីវិល។ នៅ​ក្នុង​ការបោះឆ្នោត​នៅ​ចុង​ឆ្នាំ​២០២០​គណបក្ស​របស់​អ្នកស្រី​ Aung San Suu Kyi​ បាន​ឈ្នះ​ឆ្នោត​ជាថ្មី​ដោយ​សំឡេង​ភ្លូកទឹក​ភ្លូកដី។​នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋាភិបាល​ថ្មី​គ្រោង​ស្បថចូល​កាន់​តំណែង​ក្រុមយោធា​ក៏បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ចោទ​ថា​មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​យ៉ាងខ្លាំង​ក្នុង​ការបោះឆ្នោត​ហើយ​បាន​ចាប់ឃុំ​មេដឹកនាំ​រដ្ឋាភិបាល​ដែល​បាន​ជាប់ឆ្នោត​ដែល​មានរួម​ទាំង​អ្នកស្រី ​Aung San Suu Kyi ​ផង។

រូបឯកសារ៖ អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Win Myint (ឆ្វេង) និង​អ្នកស្រី Aung San Suu Kyi អញ្ជើញ​មក​ដល់​សភា​ជាតិ​ក្នុង​រដ្ឋធានី​ណៃពិដោ​ដើម្បី​ស្បថ​ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨។ (AFP)
រូបឯកសារ៖ អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Win Myint (ឆ្វេង) និង​អ្នកស្រី Aung San Suu Kyi អញ្ជើញ​មក​ដល់​សភា​ជាតិ​ក្នុង​រដ្ឋធានី​ណៃពិដោ​ដើម្បី​ស្បថ​ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨។ (AFP)

រូប​ឯកសារ៖ អ្នកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ា​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​និង​អតីត​ប្រធានាធិបតី Win Myint បង្ហាញ​ខ្លួន​នៅ​តុលាការ​មួយ​កន្លែង​នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ អ្នកស្រី Aung San Suu Kyi មេដឹកនាំមីយ៉ាន់ម៉ា​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​និង​អតីត​ប្រធានាធិបតី Win Myint បង្ហាញ​ខ្លួន​នៅ​តុលាការ​មួយ​កន្លែង​នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។

អ្វីដែល​មេដឹកនាំយោធា​ត្រូវការ​នៅ​ពេល​នេះ​គឺ​ភាព​ស្របច្បាប់​ចំពោះ​រដ្ឋប្រហា​របស់​ខ្លួន​បន្ទាប់​ពី​ត្រូវ​ផាត់ចេញ​ពី​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​កាលពី​ចុងឆ្នាំ​មុន។ ទន្ទឹម​នឹង​នោះ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​គឺ​លោក Min Aung Hlaign (មីន អោងឡាំង)​ ក៏បាន​រង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​និង​ទណ្ឌកម្ម​ចំពោះ​តួនាទី​របស់​ពួកយោធា​ក្នុង​ការវាយប្រហារ​លើ​ជនជាតិ​ភាគតិច​ជាពិសេស​ជនជាតិ​រ៉ូហ៊ីងយ៉ា។ របប​យោធា​បាន​សន្យា​ម្តង​ជាពីរ​ដង​ថា​នឹង​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​ហើយ​ប្រគល់​អំណាច​ដល់​ការ​គ្រប់គ្រង​របស់​ជនស៊ីវិល។ ពួកយោធា​បាន​កំណត់​ថា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​សីហា​ឆ្នាំ​២០២៣​ខាងមុខ។ ប៉ុន្តែ​ការ​សន្យា​នេះ​មិន​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​មីយ៉ាន់ម៉ា​ជឿ​ទេ។

លោក ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ដែល​សមស្រប​នឹង​ស្ថានការណ៍​នេះ។ ការណ៍​នេះ​ដោយសារ​លោក ហ៊ុន សែន មាន​បទពិសោធន៍​ទាំង​លើ​ផ្នែក​យោធា​និង​នយោបាយ​ដោយ​ក្នុង​នោះ​មាន​ការធ្វើ​រដ្ឋប្រហារ​ដោយ​ជោគជ័យ​ក្នុង​ខែ​កក្កដា​ឆ្នាំ​១៩៩៧​និង​បាន​កាច់​ចង្កូត​កម្ពុជា​ឆ្លង​ផុត​វិបត្តិ​នោះ​ហើយ​ឈាន​ទៅ​ឈ្នះឆ្នោត​នៅ​ឆ្នាំ​១៩៩៨។​ នៅ​ពេល​ថ្មីៗ​នេះ​ទៀត​សោត​តុលាការ​កំពូល​កម្ពុជា​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​ថែម​ទាំង​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស​និង​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នកប្រឆាំង​ប៉ុន្តែ​បាន​ទទួល​រង​ទណ្ឌកម្ម​អន្តរជាតិ​តិចតួច​បំផុត។ ដូច្នេះ​ហើយ​លោក​ ហ៊ុន សែន​ មាន​បទពិសោធន៍​ច្រើន​ដែល​អាច​ផ្តល់​ជាមេរៀន​ដល់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន។​

លោក ​Thitinan Pongsudhirak សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន​បាន​កត់​សម្គាល់​ថា៖ «នេះ​ប្រហែលជា​ធម្មជាតិ​របស់​សម្ព័ន្ធ​ជន​ផ្តាច់ការ​ហើយ​ដែល​យើង​ឃើញ​លោក ហ៊ុន សែន​ ទៅ​ជួប​នឹង​លោក Min Aung Hlaing»

កម្ពុជា​ធ្លាប់​តែ​ទទួល​ការណែនាំ​ពី​សហគមន៍​អន្តរជាតិ​ដោយ​មាន​ប្រទេស​ក្នុង​តំបន់​ដែល​មាន​ដូចជា​ថៃ​ឥណ្ឌូណេស៊ី​និង​សិង្ហបុរី​ជាដើម។​ ប៉ុន្តែ​ពេល​នេះ​ជា​ឱកាស​ដែល​កម្ពុជា​ដើរ​តួនាទី​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​ដល់​ប្រទេស​ក្នុង​តំបន់​វិញ​ម្តង។ លោក​ហ៊ុន សែន​បាន​រំលឹក​ម្តងហើយ​ម្តង​ទៀត​ថា​កិច្ចព្រមព្រៀងចំនួន​៥​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​រួមគ្នា​កាលពី​ខែ​មេសា​ឆ្នាំ​២០២១​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​គឺ​ជា​គំនិត​ដើម​របស់​លោក។

ស្ថានការណ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ពេល​នេះ​ស្រដៀង​គ្នា​នឹង​ស្ថានការណ៍​កម្ពុជា​កាលពី​ជិត​២៥​ឆ្នាំ​មុន​ដែល​អាស៊ានបាន​ពន្យារ​ពេល​កម្ពុជា​ចូល​ជា​សមាជិក​បន្ទាប់​ពី​រដ្ឋប្រហារ​ដែល​លោក​ ហ៊ុន សែន ​បាន​ធ្វើ។ រីឯ​អង្គការសហប្រជាជាតិ​បាន​ព្យួរ​អាសនៈ​កម្ពុជា​មួយ​រយៈ។ ដូច្នេះ​គ្មាន​អ្នកណា​យល់​ចិត្ត​អ្នកដែល​បាន​រងសម្ពាធ​ពី​អង្គការ​តំបន់​និង​អង្គការ​ពិភពលោក​ដូច​លោក ហ៊ុន សែន ​មាន​ចំពោះលោក Min Aung Hlaing ​នៅ​ពេល​នេះ​ទេ។ ហើយ​ស្របពេល​ដែល​កម្ពុជា​កំពុង​មាន​ឋានៈ​ជា​ប្រធាន​ប្តូរ​វេន​របស់​អង្គការ​ថ្នាក់​តំបន់​នេះ​គឺ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដដែល​ដោយ​វិធីសាស្ត្រ​ផ្សេង។ នោះ​គឺ​វិធី​របស់​លោក ហ៊ុន សែន ​ដែល​មិន​តាម​អភិក្រម​របស់​អាស៊ាន​ដែល​ផ្តោត​លើ​ជំហរ​រួម។

រូបឯកសារ៖ ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​មីម៉ាន់ម៉ា​នៅ​ក្នុង​ទី​ក្រុង Mandalay កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​មីម៉ាន់ម៉ា​នៅ​ក្នុង​ទី​ក្រុង Mandalay កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នេះ​លោក ​ហ៊ុន សែន​ មិន​បាន​ជួប​ជាមួយ​នឹង​អ្នកស្រី ​Aung San Suu Kyi ដែល​កំពុង​ជាប់​ពន្ធនាគារ​ទេដោយ​សារតែ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមយោធា។ កម្ពុជា​ថ្លែង​ថា​ខ្លួន​មិន​សុខចិត្ត​ជល់​នឹង​ជញ្ជាំង​ដែល​មិន​អាច​បុកបំបែក​បាន​នោះទេ។​នេះ​បើតាម​ការថ្លែង​របស់​លោក ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

អ្នកវិភាគ​បស្ចិមប្រទេស​ខ្លះ​ថា​លោក ហ៊ុន សែន ​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រថុយ​ប្រថាន​និង​ជា​បីតា​នៃ​ការគេច​យករួចខ្លួន។ ជាពិសេស​នៅ​ពេល​ដែល​លោក​បាន​ភៀសខ្លួន​ចេញ​ពី​របប​ខ្មែរ​ក្រហម​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៧​និង​ក្រោយ​ពី​បាន​ធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​១៩៩៧​ដែល​បាន​ទម្លាក់​សម្តេច​ក្រុមព្រះ​ នរោត្តម ​រណឫទ្ធិ​ នាយក​រដ្ឋមន្ត្រី​ទី​១​ដែល​បាន​ជាប់​ឆ្នោត​ស្របច្បាប់។ នេះ​បើតាម​ការ​រៀបរាប់​របស់​លោក Peter Maguire ​អ្នកស្រាវជ្រាវ​ស្តីពី​របបខ្មែរ​ក្រហម។

ការ​ប្រថុយ​ប្រថាន​របស់​លោក ​ហ៊ុន សែន​ ក៏​បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ដែល​ឈាន​ទៅ​ដល់​ការរំលាយ​រចនា​សម្ព័ន្ធ​យោធា​និង​នយោបាយ​របស់​ក្រុម​ខ្មែរ​ក្រហម​នៅ​ចុង​ទសវត្សរ៍​១៩៩០​ដោយ​ប្រើ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក។ នេះ​ជា​អ្វី​ដែល​លោក ហ៊ុន សែន ​បាន​ចែក​រំលែក​ជាមួយ​នឹង​លោក Min Aung Hlaing។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​កម្ពុជា​និង​មីយ៉ាន់ម៉ា។

អ្នក​ការទូត​នៃ​រដ្ឋាភិបាល​បង្រួបង្រួម​ជាតិ​មីយ៉ាន់ម៉ា​និង​សកម្មជន​សិទ្ធិមនុស្ស​នានា​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ​គឺ​ជាការផ្តល់​ការទទួលស្គាល់​ដល់​របប​យោធា​មីយ៉ាន់ម៉ា​និង​មាន​លក្ខណៈ​លម្អៀង។ ពួកគេ​បាន​តវ៉ា​នៅ​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​នោះ។​

កម្រង​រូបភាព៖ ពលរដ្ឋ​នៅ​ក្រុង Kalaymyo ក្នុងតំបន់ Sagaing ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន
កម្រង​រូបភាពកម្រង​រូបភាព៖ ពលរដ្ឋ​នៅ​ក្រុង Kalaymyo ក្នុងតំបន់ Sagaing ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន

លោក ​ប្រាក់ ​សុខុន ​ដែល​ទទួល​ភារកិច្ច​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក៏​បាន​ថ្លែង​ថា​កម្ពុជា​ក៏​ស្ទើរតែ​ចត់​បាយ​ដែរ​ក្រោម​សម្ពាធ​ពី​ក្រុមពលរដ្ឋ​មីយ៉ាន់ម៉ា​និង​ការដាក់​គ្រាប់បែក​នៅ​ស្ថានទូត​កម្ពុជា​និង​ការផ្ទុះគ្រាប់បែក​ខ្យល់​ចំនួន​ពីរ​គ្រាប់​នៅ​ក្បែរ​ស្ថានទូត។

ក្នុង​ឆ្នាំ​២០១២​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ខកខាន​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​៤៥​ឆ្នាំ​នៃ​អង្គការ​តំបន់​នេះ​ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជាប់ពាក់ព័ន្ធ​ជម្លោះ​រវាង​សមាជិក​អាស៊ាន​មួយ​ចំនួន​និង​ប្រទេស​ចិន។ កម្ពុជា​រងការចោទ​ប្រកាន់​ថា​បាន​លម្អៀង​ទៅ​ចិន។ រីឯ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​លើក​នេះ​ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​ Thitinan Pongsudhirak នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ប្រទេស​ថៃ​លើក​ឡើង​ថា​ផលដែល​លោក ​ហ៊ុន សែន​ ទទួល​បាន​នេះ​គឺ​ក្រោម​ការចំណាយ​របស់​អាស៊ាន​ដែល​អាច​ធ្វើ​ឲ្យ​អាស៊ាន​កាន់តែ​បាត់​កិត្តិយស​បន្ថែម។

លោក Thitinan Pongsudhirak ​មាន​ជំនឿថា​អ្វី​ដែល​លោក​ ហ៊ុន សែន ​ធ្វើ​នេះ​គឺ​ដើម្បីបន្សល់​កេរ្តិ៍​ឈ្មោះ​ជាចុងក្រោយ​មុន​ពេល​លោក​ដកខ្លួន​ចេញ​ពី​ឆាក​នយោបាយ​និង​ ប្រគល់​តំណែង​នោះ ​ទៅ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត​ អគ្គ​មេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក។ លោក​ ហ៊ុន ម៉ាណែត​ ក៏​មាន​វត្តមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​នោះ​ដែរ។

លោក​ Thitinan Pongsudhirak បាន​បន្ថែម​ថា៖​ «ច្បាស់ណាស់​ថា​គាត់​ចង់​បន្សល់​ទុក​នូវ​កេរដំណែល​មួយ​ហើយ​គាត់​បាន​បន្ត​តំណែង​ទៅ​លោក ហ៊ុន ម៉ាណែត​ ដែលជា​កូនប្រុស​របស់​គាត់​ហើយ​នេះ​នឹង​ក្លាយជា​យុគសម័យ​ចុងក្រោយ​របស់​គាត់​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា។ គាត់​ចាស់​ហើយ ហេតុ​អ្វី​គាត់​ធ្វើ​បែប​នេះ? នេះ​មិន​មែន​ជា​កេរដំណែល​ល្អ​ទេ»

អ្នកការទូត​ជើង​ចាស់​ដូចជា​លោក Kasit Piromya (កាសិត ភីរម្យ) ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ​មើល​ឃើញ​ថា​ករណី​ភូមា​គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការបែកបាក់​អាស៊ាន​ជាពិសេស​អាស៊ាន​ពិបាក​រក​ចំណុច​រួម​ក្នុង​ការប្រឆាំង​នឹង​បញ្ហា​នានា​ដែល​តំបន់​នេះ​ជួប​ប្រទះ​ហើយ​វា​បានចាប់​ផ្តើម​តាំង​ពី​១០​ឆ្នាំ​មុន​ក្រោម​ការដឹកនាំ​របស់កម្ពុជា។

លោក Kasit Piromya បាន​បន្ថែម​ថា៖​ «ខ្ញុំ​គិតថា​ករណី​វិបត្តិ​នៅ​ប្រទេស​ភូមា​បាន​បញ្ជាក់​ថា​អាស៊ាន​លែង​ជួយ​អ្វី​បាន​ទៀត​ហើយពីព្រោះ​ពួកគេ​លែង​មាន​មនោគម​វិជ្ជា​ឬ​ទស្សនាទាន​រួម​អំពី​អ្វី​ដែល​ជា​គ្រោះថ្នាក់​ទៀត​ហើយ។ ដូច្នេះ​ពួកគេ​សម្រប​តាម​អ្វី​ដែល​ជា​ចំណុច​ទាប​បំផុត​ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​ទទួល​យកបាន»

រូបឯកសារ៖ ប៉ូលិស​យោធា​ម្នាក់យាម​ល្បាត​នៅ​ខាង​ក្រៅអគារ​ទីស្នាក់ការ​កណ្តាល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) នៅ​មុន​កិច្ច​ប្រជុំ​មួយ​របស់​មេដឹកនាំ​អាស៊ាន​ក្នុង​ទី​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១។
រូបឯកសារ៖ ប៉ូលិស​យោធា​ម្នាក់យាម​ល្បាត​នៅ​ខាង​ក្រៅអគារ​ទីស្នាក់ការ​កណ្តាល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) នៅ​មុន​កិច្ច​ប្រជុំ​មួយ​របស់​មេដឹកនាំ​អាស៊ាន​ក្នុង​ទី​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១។

អាស៊ាន​មាន​សមាជិក​១០​ប្រទេស​ប៉ុន្តែ​ពាក់​កណ្តាល​នៃ​ក្រុម​នេះ​មាន​ការដឹកនាំ​មិន​តាម​លទ្ធិ​ប្រជាធិបតេយ្យ។​កម្ពុជា​បាន​ឈាន​មក​ដល់​ដឹកនាំ​តាម​បែប​ផ្តាច់ការ។ ថៃ​ដឹកនាំ​ដោយ​ក្រុម​យោធា​ពាក់​កណ្តាល​និង​ប្រជាធិបតេយ្យ​ពាក់​កណ្តាល។​វៀតណាម​និង​ឡាវ​ជា​ប្រទេស​កុម្មុយនីស្ត​និង​មីយ៉ាន់ម៉ា​ទើបតែ​បាន​បំផ្លាញ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​និង​គ្រប់គ្រង​ដោយ​ពួក​យោធា​ដោយ​បំផ្លាញ​ក្តីសង្ឃឹម​ដែល​បាន​កសាង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក។

កិច្ចប្រជុំ​ដំបូង​របស់​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨​និង​១៩​ ខែ​មករា​ ត្រូវ​ពន្យារ​ពេល​ដោយ​មិន​ទាន់​កំណត់​កាល​បរិច្ចេទ​ថ្មី។ ក្រសួង​ការបរទេស​កម្ពុជា​និយាយ​ថា​រដ្ឋមន្ត្រី​អាស៊ាន​ខ្លះ​ថា​ពិបាក​ចូលរួម។ កម្ពុជា​បាន​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​ដែល​តែងតាំង​ដោយ​ក្រុមយោធា​មីយ៉ាន់ម៉ា​គឺ​លោក Wunna Maung Lwin​ ឲ្យ​ចូលរួម។

ឥណ្ឌូណេស៊ី​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​គឺ​អាស៊ាន​គួរ​តែ​អនុញ្ញាត​ឲ្យ​តំណាងមីយ៉ាន់ម៉ា​មិនមែន​គណបក្ស​នយោបាយ​ចូលរួម​ប្រជុំ​ប៉ុណ្ណោះ​ដរាប​ណា​បើ​មិន​មានការអនុវត្ត​តាម​កិច្ចព្រមព្រៀង​៥​ចំណុច​ដែល​រួមមាន​ការបញ្ចប់​ហិង្សា​ការចរចា​គ្រប់ភាគី​ផ្តល់​ជំនួយ​មនុស្សធម៌​និង​បើក​លទ្ធភាព​ឲ្យ​ប្រេសិត​ប្រធាន​អាស៊ាន​ធ្វើ​ដំណើរ​ចរចា។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បង្ហាញ​នូវ​ទ្វេគ្រោះ​ដែល​លោក​ត្រូវ​ជួប​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន។ ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ​មួយ​កាលពី​ថ្ងៃចន្ទ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​ពីរ​ថ្ងៃ​លោក ​ហ៊ុន សែន ​ថ្លែង​ថា​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ទោះបីជា​លោក​ធ្វើ​ក៏​ខុស​ហើយ​មិន​ធ្វើ​ក៏​ខុស​ដែរ។ ដូច្នេះ​ជម្រើស​របស់​លោក​មាន​តែ​ធ្វើការ​ចរចា​ជាមួយ​នឹង​មេដឹកនាំ​យោធា​នៅ​មីយ៉ាន់ម៉ា។

លោក ហ៊ុន សែន​ បាន​ថ្លែង​ថា៖ ​«បើ​ខ្ញុំ​នៅ​ស្ងៀម​អត់​ធ្វើ​សកម្មភាព​រឿង​មីយ៉ាន់ម៉ា​វា​នៅ​តែ​ដដែល​ហ្នឹង។ ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ​គេថា​ខ្ញុំ​ខុស។ ខ្ញុំ​មិន​ធ្វើ​ក៏​គេ​ថា​ខុស។ អីចឹង​ធ្វើ​ទៅ​វា​ល្អ​ជាង​មិន​ធ្វើ​ហើយ​លទ្ធផល​នឹង​ចេញ​តាម​ក្រោយ​វា​មិន​ចេញ​ក្នុង​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទេ»

បើ​ទោះ​បី​ជា​គេ​មិនដឹង​ថា​តើ​ការ​ដោះស្រាយ​ករណី​មីយ៉ាន់ម៉ា​អាច​ចេញ​ជា​លទ្ធផល​យ៉ាង​ណា​ហើយ​តាម​ទំនង​គឺ​អាច​នឹង​បន្ត​ទៅ​ដល់​ប្រធាន​ប្តូរវេន​បន្ទាប់​គឺ​ឥណ្ឌូណេស៊ី​ក៏ដោយ ​ប៉ុន្តែ​អ្វី​ដែល​លោក ​ហ៊ុន សែន​ ធ្វើ​នៅ​ពេល​នេះ​បាន​បន្ថែមមរតក​នយោបាយ​ថ្មី​មួយ​ទៀត​សម្រាប់​ខ្លួន​លោកផ្ទាល់​និង​កម្ពុជា​ក្នុង​ការដើរ​តួនាទី​ជា​មេដឹកនាំ​ថ្នាក់​តំបន់៕

What Next?

Recent Articles

One Response to "បទវិភាគ៖ រដ្ឋបុរស​កម្ពុជា​​បង្កើត​មរតក​នយោបាយ​ថ្មី​ខណៈ​អាស៊ាន​បង្ហាញ​សញ្ញា​ប្រេះឆា​"

  1. Anonymous says:

    please kick this ugly evil monster out so that the world can be peace

Leave a Reply

Submit Comment