បេក្ខជន​ជាង​៧ម៉ឺន​នាក់​ជាប់​បាក់ឌុប ក្នុងនោះ​និទ្ទេស A មាន​ជាង​១ពាន់​នាក់

ការអប់រំព័ត៌មានជាតិ
លោក សេង ថៃ | ១៤ មករា ២០២២ | ម៉ោង ១៥:៣៥
VOD

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)


លទ្ធផលប្រលងបាក់ឌុបបង្ហាញថា សិស្សជាង៧ម៉ឺននាក់បានប្រលងជាប់សញ្ញាបត្របាក់ឌុប ក្នុងចំណោមបេក្ខជនសរុបជាង១១ម៉ឺននាក់។

យោង តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រនេះ ថាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់ចំនួន៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនសរុប១១៤ ១៨៧នាក់ បើគិតជាភាគរយមានចំនួន ៦៥,៦៥%។ ក្នុងនោះបេក្ខជនដែលទទួលបាន និទ្ទេស A មានចំនួន១ ៧៥៣នាក់

បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួនអ្នកប្រលងជាប់បាក់ឌុបនិទ្ទេស A ឆ្នាំនេះមានការកើនឡើង ដែលឆ្នាំ២០១៩ មានចំនួនត្រឹមតែ៤៤៣នាក់ប៉ុណ្ណោះ។ ក្រៅពីនោះ បេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន៥ ២១៥នាក់, និទ្ទេស C មានចំនួន១១ ៦៣៤នាក់ និទ្ទេស D មានចំនួន២៣ ៤៩៩នាក់ និងនិទ្ទេស E មានចំនួន២៩ ៩១៥នាក់។

បើតាមក្រសួងអប់រំ ក្នុងចំណោមបេក្ខជនដែលប្រលងជាប់និទ្ទេស A ចំនួន១ ៧៥៣នាក់នោះ គឺមានបេក្ខជនមកពីរាជធានីភ្នំពេញច្រើនជាងគេ គឺ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, ខេត្តកណ្ដាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់, ព្រះសីហនុ ២០នាក់, រតនគិរី ៩នាក់, ស្ទឹងត្រែង ៦នាក់, ប៉ៃលិន ៦នាក់, ឧត្ដរមានជ័យ ៥នាក់, កោះកុង ៤នាក់, ព្រះវិហារ ៤នាក់, កែប ៣នាក់ និងខេត្តមណ្ឌលគិរី ចំនួន១នាក់។

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ បានប្រព្រឹត្តទៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩នេះ មានបេក្ខជនប្រលងសរុប១១៤ ១៨៧នាក់ ដោយចែកចេញជា២០៤មណ្ឌល និង៤ ៦១៥បន្ទប់។

ការប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១៤ ខែមករានេះ គឺសម្រាប់បេក្ខជនប្រលងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រីឯលទ្ធផលសម្រាប់ខេត្តដទៃទៀតនឹងប្រកាសនៅព្រឹកថ្ងៃទី១៥ ខែមករា៕


ក្រសួងអប់រំបាក់ឌុប


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment