មន្ត្រី​សមាគម​គ្រូបង្រៀន​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស​អេ (A) ច្រើន ដោយសារ​វិញ្ញាសា​មាន​ការ​បន្ធូរបន្ថយ​ច្រើន

ដោយ ខែ សុណង
2022-01-14
RFA

មន្ត្រី​សមាគម​គ្រូបង្រៀន​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស​អេ (A) ច្រើន ដោយសារ​វិញ្ញាសា​មាន​ការ​បន្ធូរបន្ថយ​ច្រើន

សិស្ស​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ រូប៖ គេផ្ដល់ឱ្យ


មន្ត្រី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ យល់​ថា បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស​អេ (A) ច្រើន ក្នុង​ឆ្នាំ​នេះ ដោយសារ​វិញ្ញាសា​ប្រឡង​មាន​ការ​បន្ធូរបន្ថយ​ច្រើន។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៤ មករា​ថា ចំនួន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ មាន​ច្រើន​ជាង​ឆ្នាំ២០១៩ គឺ​ដោយសារ​តែ​ក្រសួង​បាន​បន្ធូរ​កម្រិត​លំបាក​នៃ​វិញ្ញាសា​ប្រឡង។ អ្នកស្រី យល់​ថា លទ្ធផល​ជា​រួម​នៅ​ពេល​នេះ ហាក់​មិន​ទាន់​ឆ្លើយតប​នៅ​ការ​ធ្វើ​កំណែ​របស់​លោកគ្រូ​អ្នកគ្រូ ដែល​យល់​ថា អាច​មាន​បេក្ខជន​ជាប់​ដល់​ទៅ ៩០% នោះ។ ប៉ុន្តែ​យ៉ាង​ណា ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង ប្រសើរ​ជាជាង​គ្មាន​ការ​ប្រឡង ក្រោម​ហេតុផល​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នោះ៖«អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​អ្នក​គ្រូ​លោកគ្រូ​យើង​គាត់​ថា សិស្ស​ជាប់​ប្រហែល ៩០% ព្រោះ​អី​លំហាត់​ស្រួល​មែនទែន។ ប្រៀបធៀប​នឹង​លទ្ធផល​ចេញ​មក​មែនទែន​នេះ ឃើញ​ថា ខុស​គ្នា​ជា​ច្រើន។ ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​ថ្នាក់​ដឹកនាំ​ចង់​បាន​ប៉ុន្មាន​ភាគរយ គឺ​ត្រូវ​តាម​អ្វី​ដែល​គាត់​ទស្សន៍ទាយ​ហើយ ព្រោះ​គាត់​ជា​បណ្ឌិត​គាត់​ទស្សន៍ទាយ​ត្រូវ»។

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ថា នៅ​ថ្ងៃ​ទី១៤ មករា ថា បេក្ខជន​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប មាន​ជាង ៧​ម៉ឺន ២ពាន់​នាក់ (៧២.០១៦) គឺ​ជាង ៦៥% (៦៥,៦៥)។ ចំនួន​នេះ ថយ​ចុះ​ជាង​ឆ្នាំ២០១៩ ដែល​មាន​ជាង ៦៨% (៦៨,៦២)។ ប៉ុន្តែ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​អេ (A) មាន​ចំនួន ១.៧៥៣នាក់ ជា​ចំនួន​ច្រើន​ជាង​លទ្ធផល​ឆ្នាំ២០១៩ ដែល​មាន​អ្នក​ជាប់​និទ្ទេស​អេ (A) តែ ៤៤៣នាក់។ ដោយ​ឡែក​សម្រាប់​មណ្ឌល​ប្រឡង​តាម​ខេត្ត​នានា ក្រសួង​នឹង​ប្រកាស​លទ្ធផល​លម្អិត នៅ​ថ្ងៃ​សៅរ៍ ទី១៥ មករា​នេះ។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មាន​បេក្ខជន​សរុប ចំនួន​ជាង ១១ម៉ឺន​នាក់ (១១៤.១៨៧)។

ទោះ​បី​យ៉ាងណា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យ​ដឹង​ថា ការ​កើន​ឡើង​និទ្ទេស​របស់​បេក្ខជន​នៅ​ឆ្នាំ​នេះ គឺ​មក​ពី​ការ​ខិតខំ​រៀន​សូត្រ និង​ការ​គាំទ្រ​ពី​អ្នក​ពាក់ព័ន្ធ។ លើស​ពី​នេះ លោក​អះអាង​ថា ដោយសារ​ក្រសួង​បាន​បន្ធូរ​កម្រិត​លំបាក​នៃ​វិញ្ញាសា​ប្រឡង​ប្រមាណ ២០%។

កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បិទ​មិន​មាន​ការ​ប្រឡង​ទេ ដោយ​យក​ហេតុផល​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​សហគមន៍។ ក្រសួង​អប់រំ បាន​សម្រេច​ឱ្យ​សិស្ស​ថ្នាក់​ទី៩ និង​ទី១២ ក្នុង​ឆ្នាំ​សិក្សា ឆ្នាំ២០១៩-២០២០ ទាំង​អស់ ជាប់​ដោយ​មិន​កំណត់​និទ្ទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment