លោក សម រង្ស៊ី ចង់​ចូល​សវនាការ​ជំនួស​លោក កឹម សុខា ដើម្បី​បាន​វិល​ចូល​ស្រុក​វិញ

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិ
លោក ញឹម សុខន | ១៤ មករា ២០២២ | ម៉ោង ១៣:៣២
VOD

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។​ (រូបភាព​៖ ស្រី​ សុ​ភ័ក្រ្ត)


សហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក សម រង្ស៊ី បានដាក់លក្ខខណ្ឌទៅមេដឹកនាំបក្សកាន់អំណាចជាថ្នូរបើកផ្លូវឱ្យលោកបានតតាំងក្ដីនៅតុលាការក្នុងប្រទេសកម្ពុជា ជំ​​នួសលោក កឹម សុខា។

តាមគម្រោង សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងចោទប្រកាន់ដ៏ចម្រូង​ចម្រា​ស​ទៅលើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ នៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ។

ក្នុងវីដេអូជិត៤នាទីបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក សម រង្ស៊ី បានលើកឡើងថា លោក កឹម សុខា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទម្លាក់ចោលបទចោទប្រកាន់ទៅលើលោក កឹម សុខា ហើយលោកសុខចិត្តចូលខ្លួនដើម្បីតតាំងក្ដីនេះនៅតុលាការជំនួសលោក កឹម សុខា ប្រសិនបើមេដឹកនាំបក្សកាន់អំណាចព្រម​បើក​ផ្លូវ​ឡើងវិញឱ្យលោកបានចូលមកកម្ពុជានោះ។

លោកថា៖ «ទម្លាក់ចោលទៅ! ការកាត់ទោសលោក កឹម សុខា ឬទុកលោក កឹម សុខា មួយអន្លើទៅ! ​ព្យួរសិនទៅ ការកាត់ទោសលោក កឹម សុខា។ ឥលូវកាត់ទោសខ្ញុំ សម រង្ស៊ី វិញ ហើយខ្ញុំនឹងទៅទីក្រុងភ្នំពេញ បើលោក ហ៊ុន សែន ឯងឈប់ហាមក្រុមហ៊ុនអាកាសចរណ៍មិនឱ្យដឹកខ្ញុំ។ ខ្ញុំសន្យាអត់មានអំ​​ពាវនាវឱ្យប្រជាពលរដ្ឋអីបះបោរទេ។ ខ្ញុំទៅៗ! ត្រឹមតែតុលាការទេ ដើម្បីឱ្យកាត់ទោសខ្ញុំ ពីអ្វីដែលលោក ហ៊ុន សែន ឯងហ្នឹងចោទលោក កឹម សុខា»

បន្ថែមពីនេះ លោក សម រង្ស៊ី សម្អាងថា ការចោទប្រកាន់លោក កឹម សុខា មិនត្រឹមត្រូវទេ ដោយហេតុថា ពេលនោះលោកជាប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវបញ្ហានេះ មិនមែនលោក កឹម សុខា ជាអនុប្រធាននោះទេ ហើយថាក្នុងការធ្វើនយោបាយរបស់លោកជាង២៥ឆ្នាំមកនេះ លោកបានជួបប្រទេសលោកសេរីជាច្រើន ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផង ដើម្បីពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជានេះ។

យ៉ាងណា លោក មុត ចន្ថា អតីតមន្ត្រីស្និទ្ធជាមួយលោក កឹម សុខា បានចាត់ទុកសាររបស់លោក ​សម រង្ស៊ី នេះថា ជាការបំភ័ន្តមតិសាធារណជាតិនិងអន្តរជាតិ ក្នុងគោលបំណងបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន បើទោះបីលោក កឹម សុខា ធ្លាប់បដិសេធរាល់ការភ្ជាប់ឈ្មោះគាត់ទៅនឹងសកម្មភាពនយោ​បា​​យក៏ដោយ។

លោកថា៖ «តាមពិត លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសជាច្រើនបទឧក្រិដ្ឋ ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង៤០ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំមកនេះ ប៉ុន្តែគាត់មិនដែលមានភាពក្លាហានសុំចូលខ្លួនឱ្យតុលាការកាត់ទោសដោយផ្ទាល់ម្ដងណាឡើយ»

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ ក្រោយពីសមត្ថកិច្ចប្រ​ដា​​ប់ដោយអាវុធបានឆ្មក់ចូលនាំខ្លួនលោក កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋា​នរ​បស់លោ​ក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ចោទថា «គុបគិតជាមួយសហរដ្ឋអាមេរិក»។

បច្ចុ​ប្បន្ន មេបក្សប្រឆាំងរូបនេះត្រូវបានតុលាការដាក់ឱ្យនៅក្រោមការឃ្លាំមើល ដោយអាចធ្វើដំណើរក្នុង​​​ប្រទេសបាន តែហាមចេញទៅក្រៅប្រទេស និងហាមឃាត់សិទ្ធិធ្វើសកម្មភាព​នយោបាយ៕


កឹម សុខាសម រង្ស៊ីហ៊ុន សែន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment