សង្ឃរុក្ខាវ័ន​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិកា​១ដុល្លារ​ដើម្បី​ការពារ​ព្រៃឈើ ខណៈ​បទល្មើស​នៅតែមាន

បរិស្ថានព័ត៌មានជាតិ
កញ្ញា ឆន រស្មី and លោក មេង គ្រុយពន្លក | ១៤ មករា ២០២២ | ម៉ោង ១១:៤៨
VOD

ព្រះសង្ឃនៃសហគមន៍សង្ឃរុក្ខាវ័ន ទ្រង់មើលដើមឈើមួយដើមដែលត្រូវបានកាប់ដោយជនខិលខូច អំឡុងពេលចុះល្បាតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

ព្រះសង្ឃនៃសហគមន៍សង្ឃរុក្ខាវ័ន ទ្រង់មើលដើមឈើមួយដើមដែលត្រូវបានកាប់ដោយជនខិលខូច អំឡុងពេលចុះល្បាតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Bun Saluth – ប៊ុន សាលួត)


ព្រះសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្តឧត្ដរមានជ័យ កំពុងធ្វើយុទ្ធនាការ «បរិច្ចាគប្រាក់១ដុល្លារ» ដើម្បីចូលរួមជួយការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខណៈបទល្មើសព្រៃឈើនិងការដាក់អន្ទាក់យកសត្វព្រៃនៅតែបន្តកើតមាន។

ប្រធានសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជគុណ​ ថូ ធូរស់ មានសង្ឃដីកាថា​ ដើម្បីការ​ពារ​ព្រៃនេះ ​គួរតែមាន​ថវិកា​បន្ថែម​ជាងបច្ចុប្បន្ន​ ហើយព្រះតេជគុណសង្ឃឹមថា ​យុទ្ធនា​ការ​នេះ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២​ ​​ដោយទទួលបានថវិកាដើម្បីយក​​មក​គាំ​ទ្រ​សកម្ម​ភាព​សម្រាប់​ការ​ល្បាត​ព្រៃឈើ ​ហើយ​អត្ថ​ប្រយោជន៍​នៃការ​ប្រមូល​​ថវិកានេះ ​វា​ពិត​ជា​សំ​ខាន់​ក្នុងការ​ផ្គត់​ផ្គង់​ក្នុង​ការ​ចំណាយ​លើការ​ដើរ​យាម​ល្បាត ​ជាពិសេស​ដើម្បី​ផ្សារ​ភ្ជាប់​យុទ្ធនា​ការ​នេះនៅក្នុង​កម្មវិធី​បំបួស​នាគ​នៅ​ថ្ងៃខាង​មុខ​។

ព្រះអង្គមានសង្ឃដីកាថា៖ «ចម្រើនពរ! អត្ថប្រយោជន៍ដែលទទួលបាន​ពីការឧបត្ថម្ភនេះ​ ទីមួយ​ យើងបង្កើនសកម្មភាពល្បាត​ព្រៃកាន់តែច្រើន​ ហើយផលប្រយោជន៍ដែលយើងទទួលបានមកវិញ ​យើងបានថែរក្សាការពារសត្វព្រៃ​ឱ្យបានគង់វង្សបន្តទៅទៀត​ នេះជាអ្វីដែលអាត្មាចង់បាន»។

ដែនជម្រកសង្ឃសហគមន៍រុក្ខាវ័នដែលស្ថិតនៅខេត្តបន្ទាយមានជ័យ កំពុងតែរងគ្រោះពីការកាប់បំផ្លាញនិងប្រមាញ់សត្វព្រៃ ខណៈធនធានការពារព្រៃឈើនេះទាំងស្រុង គឺពឹងលើការដឹកនាំរបស់ព្រះសង្ឃ។

ព្រៃសហគមន៍ដែលនៅសល់ចុងក្រោយនៃខេត្តនេះកំពុងតែខ្វះធនធានសម្រាប់ដើរល្បាត ដែលតម្រូវឱ្យព្រះសង្ឃនិងគណៈកម្មាធិការសម្រេចចិត្តធ្វើយុទ្ធនាការ«ប្រាក់១ដុល្លារ»សម្រាប់ការពារព្រៃសហគមន៍។ ការធ្វើយុទ្ធនាការនេះដោយសង្ឃឹមថា សាធារណជនអាចចូលរួមចំណែកជួយការពារធនធានធម្មជាតិ និងដើម្បីការពារព្រៃឈើនិងសត្វព្រៃផងដែរ។

យុទ្ធនាការនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមករា រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២។ ហើយគិតមកដល់ថ្ងៃទី១៣ ខែមករា ម្សិលមិញនេះ យុទ្ធនាការនេះទទួលបានទឹកប្រាក់ពីសប្បុរសជនចំនួន៨៤ដុល្លារ (ចំនួន១៤នាក់)។

ប្រធានសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីកាថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានការកាប់ឈើធ្នង់សុទ្ធប្រមាណមួយពាន់ដើម ការដាក់អន្ទាក់សត្វ និងការឆក់សត្វព្រៃ ជាដើម។ ព្រះអង្គបន្ថែមថា មូលហេតុនៃការបាត់បង់ឈើនេះមានកត្តាច្រើនយ៉ាង តែក្នុងនោះក៏អាចមានការជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរជាអ្នកការពារនិងជាអ្នកកាប់ផងដែរ។

ព្រះអង្គមានសង្ឃដីកាថា៖ «ទាក់ទងទៅនឹងការប្រព្រឹត្តបទល្មើសគ្រប់រូបភាពនៅព្រៃសហគមន៍ក្នុងតំបន់ការពារពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជុំវិញភូមិនេះ តាមអាត្មា ទី១ គាត់អាង ក៏ដូចថាគាត់អាងខ្នង ថាគាត់នៅក្នុងភូមិហ្នឹង ហើយគាត់ជាអ្នកទទួលផលប្រយោជន៍ពីកន្លែងហ្នឹង ទី១។ ទី២ គាត់អាងខ្នង ថាគាត់ហ្នឹងមានបងប្អូនជាមន្ត្រី សមត្ថកិច្ច មានប៉ូលិស មានមន្ត្រីឧទ្យានុរក្សអីទៅអ៊ីចឹង។ ទី៣ គាត់មានមេភូមិដែលនៅពីក្រោយ មេភូមិដែលនៅពីក្រោយគាត់ហ្នឹង គឺមេភូមិអាចថាជាអ្នកបំបះបំបោរពួកគាត់»

អតីតព្រះមេគណខេត្តឧត្ដរមានជ័យដែលការពារព្រៃឈើជាង២០ឆ្នាំ និងបច្ចុប្បន្នជាអ្នកជួយការពារព្រៃឈើរុក្ខាវ័ន លោក ប៊ុន សាលួត មានប្រសាសន៍ថា បច្ចុប្បន្នមានបទល្មើសកាប់ឈើដែលភាគច្រើនជាប្រភេទឈើធ្នង់ និងការប្រមាញ់សត្វព្រៃ រួមមាន ទន្សោង ប្រើស នៅតែបន្តកើតឡើង។ លោកសម្ដែងក្ដីព្រួយបារម្ភអំពីកង្វះធនធានថវិកា ព្រមទាំងកម្លាំងចុះល្បាត ព្រោះទំហំការពារព្រៃធំរហូតដល់៣០ ២៥៤ហិកតា គ្របដណ្ដប់លើឃុំ-សង្កាត់ចំនួន៥ និង២៤ភូមិ។

លោកថា៖ «មិនទៀងទេ ជួនកាលខ្វះស្បៀង ខ្វះអីក៏អត់ទៅ! ខាងទាហាន ខាងឧទ្យានុរក្ស ហ្នឹងទីមួយ។ បើលោកចុះនាំកម្លាំងទាហាន នាំមន្រ្តីដែនអនុរក្ស ជួនកាលមន្រ្តីដែនអនុរក្សកម្លាំងតិចទៅក៏បានទៅ តែយើងនិងទាហាន ជួនកាលមន្រ្តីគេដើរគ្នាគេទៅ»

លោកបន្ថែមថា ចំពោះកម្លាំងចុះល្បាតបច្ចុប្បន្នមានបីក្រុមធំ រួមមាន ព្រះសង្ឃ និងគណៈកម្មាធិការវត្តប្រមាណ៤០នាក់ ទាហានដែលបានស្នើសុំមាន២០នាក់ ព្រមទាំងមន្រ្តីឧទ្យានុរក្ស៦នាក់ និងមន្រ្តីកិច្ចសន្យា១០នាក់។ លោកថា ការចំណាយជាមធ្យមប្រមាណ២លានទៅ៣លានរៀលក្នុងមួយខែ សម្រាប់ការឧបត្ថម្ភ ដែលក្នុងនោះរួមទាំងទាហានផងដែរ ដែលជាហេតុធ្វើឱ្យខ្វះខាតធនធានថវិកា ក៏ដូចជាកម្លាំងផងដែរ ហើយមន្រ្តីឧទ្យានុរក្សក៏មិនសូវសកម្មនោះទេ។

លោកថា៖ «អត់អាចឱ្យទាហានដើរចល័តបានរាល់ម៉ោងរាល់ថ្ងៃនោះទេ អត់មានថវិកាទិញសាំង ទិញអីឱ្យគាត់។ ពីរទៅបីថ្ងៃ យើងដើរល្បាតម្ដង ដោយទៅដេកមួយយប់ឬពីរយប់ទៅ។ ការចុះល្បាត មានទាំងជើងទឹក ជើងគោក។ ហើយបើចុះជើងទឹក ឱ្យ៦លីត្រទៅ១០លីត្រសម្រាប់កាណូតមួយ ជួនកាលទៅកាណូតពីរ។ សម្រាប់ម៉ូតូមួយ ខ្ញុំឱ្យសាំងតែពីរលីត្រ»

សកម្មជន​ការពារ​បរិ​ស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ លោក សាន ម៉ាឡា យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ព្រៃ​សហ​គមន៍​រុក្ខាវ័ន​ ដោយសារ​តែជាទូទៅ​​មាន​តែ​ការសហការ​ពី​ព្រះ​សង្ឃ​និង​ប្រជា​ជន​តែ​ប៉ុណ្ណោះ។ បន្ថែមពីនេះ លោក​ចង់​ឃើញ​ខាង​ក្រសួង​បរិស្ថាន​យក​ចិត្ត​ទុក​ដាក់​និង​សកម្ម​នៅ​ក្នុង​ការ​ចូល​រួម​ការ​ការ​ពារ​ព្រៃ​ឈើ​ ជា​ពិសេសក្រសួង​គួរ​តែមានជា​កញ្ចប់​ថវិកាសម្រាប់​​ចូល​រួម​ផ្ដល់​ជា​ជំនួយដល់​ព្រៃ​​សហ​គមន៍​រុក្ខាវ័ន និង​មាន​ការ​ផ្ដល់ឱ​កាសស​ម្រាប់​យុវជន​ក្នុង​ការ​ចូល​រួម​ការពារ។

លោក​ថា​៖ «ក្រសួង​គួរតែ​ធ្វើ​ការ​សម្រប​សម្រួល​និង​ពិ​ចារណា​ឡើង​វិញ​នៅ​ក្នុង​ការ​បើក​ទូ​លាយ​​​ឱ្យ​មហាជន​ អង្គការ​សង្គម​ស៊ី​វិល ឬ​ក៏​ក្រុម​យុវជន​ហ្នឹង មាន​លទ្ធភាព​ចូល​រួម​ក្នុង​ការ​ងារ​ដើរ​ល្បាត​ ទាំង​ការ​ការពារ​ព្រៃ​ឈើ​ ត្បិត​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ យុវជន ​អាច​មាន​ទស្សនៈឬ​របៀប​ធ្វើ​ការ​ខុស​ពី​មន្រ្តី​រដ្ឋាភិបាល​ក៏​ដោយ»​។

លោកបន្តថា​៖ «ប៉ុន្តែ​យ៉ាង​ណា​ ក៏​ទាំង​អស់​គ្នា​មាន​គោល​ដៅ​តែ​មួយគត់​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​មរតកធន​ធាន​របស់​យើង។ ដូច្នោះ​ បើ​សិន​ក្រសួង​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ដែល​នៅ​​ពី​ក្រោយ​ខ្នងនៃ​ការ​កាប់​បំ​ផ្លាញព្រៃ​ឈើ ​ឬ​មិនមែនជា​អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការ​កាប់​បំផ្លាញព្រៃឈើទេ ​ក្រសួង​មិនគួរ​មាន​ហេតុ​ផល​អី​មក​រារាំង​ដល់​ការ​ចូលរួម​របស់​យើង​ទេ»។

អភិ​បាល​រង​ខេត្ត​ឧត្ដរមាន​ជ័យ លោក ឌី រ៉ា​ជូ បាន​លើក​ឡើង​ថា ការការ​ពារ​ព្រៃ​សហគមន៍​រុក្ខាវ័ន​ត្រូវ​តែ​មាន​ការ​ចូល​រួមពី​មន្រ្តី​បរិស្ថាន​ឧទ្យានុរក្ស ហើយ​ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​គឺ​មាន​តែ​ការ​ចូល​រួម​ទាំង​អស់​គ្នា​គ្រប់​លំ​ដាប់​ថ្នាក់។ ​លោកថា ​បើ​មាន​ការ​សហការគ្នា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ការបញ្ជ្រាបនូវ​ការ​យល់ដឹងទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យរៀនស្រឡាញ់​ ការពារព្រៃ​ឈើ នោះបទល្មើសនឹង​ត្រូវ​បាន​កាត់​បន្ថយ​ និងអាច​ឈានដល់​ការ​បញ្ចប់​ទាំង​ស្រុង។

លោកថា៖ «​យើង​នឹង​រៀប​ចំ​​ ការពិត!​ ការផ្សព្វផ្សាយ​ធ្វើជារៀង​រាល់​ឆ្នាំ​​ហើយ​ យើងជំរុញការផ្សព្វ​ផ្សាយ​​ឱ្យបាន​ខ្លាំង​ក្លា​បន្ថែម​ទៀត។ ទី២ ខាងអាជ្ញា​ធរ​ខេត្ត ​រួម​ទាំង​មន្ទីរ​ជំ​នាញ​ [មន្ទីរ​បរិស្ថាន]​ វា​មាន​ឧទ្យានុរក្ស រួម​ទាំង​សហគមន៍ គឺ​ថាយើង​នឹង​ខិតខំ​រៀប​ចំ​ផែន​ការ​ធ្វើ​យ៉ាងណា ​គឺ​ថាយើងល្បាត​​ផ្សំ​នឹង​ការ​បញ្ជ្រាបការ​យល់ដឹង​ដល់​ប្រជា​ពលរដ្ឋ​ គឺថា​យើង​ធ្វើការល្បាត ​យើង​មាន​ជា​ផែនការ​ជាមួយគ្នា ជាមួយ​សហគមន៍មន្រ្តីឧទ្យា​នុរក្ស​ធ្វើការទប់​ស្កាត់​បទ​ល្មើស​នៅទីនោះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិ​ស្ថាន​ លោក​ នេត ភក្រ្តា បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ លោក​មិនទាន់​បានទទួល​​របាយការណ៍​ទាក់​ទងនឹង​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​ក្នុង​ព្រៃ​សហគមន៍រុក្ខាវ័នជា​បទ​ល្មើស​ទ្រង់​ទ្រាយ​ធំនោះនៅឡើយទេ។ លោក​ថា ​មានត្រឹម​តែ​ទ្រង់​ទ្រាយ​តូច​ៗ​​​ប៉ុណ្ណោះ ​ហើយលោក​ក៏បាន​បន្តថា ការ​បង្រ្កាប​និង​​ទប់​ស្កាត់​បន្ថែមទៀត​ ដោយ​លោក​បាន​សហការជា​មួយកម្លាំង​មន្រ្តី​ឧទ្យានុរក្ស​និង​សហគមន៍​ ដើម្បី​ធ្វើកិច្ចការការពារ​នៅ​ទី​នោះ​បន្ថែម។ លោកបាន​បន្ថែម​ថា​ សម្រាប់​កង្វះ​ឧទ្យានុរក្សនៅតាមតំបន់​ការពារ ​អ្វីដែលជា​មធ្យោបាយ​ក្នុង​ការ​​ដោះស្រាយនោះ​ គឺត្រូវ​មា​ន​ការសហការ​ជាមួយសហគមន៍​ទៅតាម​លទ្ធភាព​។

លោក​មាន​ប្រសាសន៍ថា៖ «​ខាង​ក្រសួង​បាន​ដាក់ចុះ​នូវ​យន្តការ​មួយចំនួន​ ដើម្បី​​ពង្រឹង​សេដ្ឋ​កិច្ច​នៅមូល​ដ្ឋាន​ មាន​ន័យថា ​ប្រជា​ពលរដ្ឋ​ដែល​រស់​​នៅ​ជុំ​វិញ​តំបន់​ទាំង​អស់​ហ្នឹង ​គឺ​យើង​បង្កើតជា​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ​ ផ្ដល់​នូវ​ប្រភេទពូជសត្វ​ ពូជឈើ​ហូប​ផ្លែ​ រួមទាំង​ការ​រៀប​ចំ​ឱ្យទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ បង្កើតចំណូល​ និង​បង្កើតការ​ងារ​ដល់​ប្រជាពល​រដ្ឋ ដែលជា​យន្តការ​ដោះ​ស្រាយទៅលើ​បញ្ហា​ទាំង​អស់​ហ្នឹង។ ការ​អនុវត្ត​ច្បាប់​តែ​មួយមុខ ​មិនទទួល​ជោគជ័យ​ អ៊ីចឹងត្រូវ​រកដំណោះស្រាយ​បន្ថែម​ទៀត»។

គួរបញ្ជាក់ផងដែរថា​ ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំសរុប៣០ ២៥៦ហិកតា លាតសន្ធឹងក្នុងស្រុកចំនួន៣ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ព្រៃនេះត្រូវបានចាត់ចូលជាព្រៃដែលទទួលបានការការពារតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ក្រសួងបរិស្ថានខេត្តឧត្ដរមានជ័យបទល្មើសព្រៃឈើសង្ឃរុក្ខាវ័ន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles