អ្នកជំនាញ​ជំរុញ​កម្ពុជា​កុំឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​ដើម្បី​បញ្ចៀស​ការលើកពេល​កិច្ចប្រជុំ​អាស៊ាន​ទៀត

ដោយ មាន ឫទ្ធិ
2022-01-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកជំនាញ​ជំរុញ​កម្ពុជា​កុំឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​ដើម្បី​បញ្ចៀស​ការលើកពេល​កិច្ចប្រជុំ​អាស៊ាន​ទៀត

លោក ហ៊ុន សែន និងលោក ចូកូ វីដូដូ​ (Joko Widodo) ​ប្រធានាធិបតី​​​ឥណ្ឌូនេស៊ី ​(Indonesia)​ ដែល​បាន​ជួបគ្នា​តាម​ទូរស័ព្ទមុន​ពេលោក​ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​នៅថ្ងៃទី​០៧ ខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក និងTwitter លោកទាំងពីរ


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ជំរុញ​កម្ពុជា​កុំឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ដើម្បី​ជៀសវាង​ការលើកពេល​កិច្ចប្រជុំ​តទៅទៀត។ កម្ពុជា​​បាន​​សម្រេច​​លើកពេល​កិច្ចប្រជុំ​អាស៊ាន​ដំបូង​ដោយ​គ្មានកាលកំណត់ ភ្លាមៗ​ក្រោយ​ក្លាយជា​ប្រធានប្តូរវេន​អាស៊ាន ក្រោម​ហេតុផល​ថា ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិនអាច​ចូលរួម​កិច្ចប្រជុំ​ផ្ទាល់បាន​ដោយសារ «លំបាក​ធ្វើដំណើរ»។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើល​ថា នេះគឺជា​សញ្ញាណ​នៃ​ការបែកបាក់ និង​ការមិនពេញ​ចិត្ត​ក្នុងចំណោម​សមាជិក​អាស៊ាន​ទៅនឹង​ជំហរ​របស់​កម្ពុជា​ក្នុង​រឿងភូមា ដែល​កម្ពុជា​បាន​ព្យាយាម​ទទួលស្គាល់​របបសឹក​នៃ​ប្រទេសនេះ។

គ្រាន់តែ​បើកឆាក​ឆ្នាំ២០២២​ ឡើង​គ្រង​តំណែងជា​ប្រធានប្តូរវេន​អាស៊ាន​ជាលើកទីបី​មិនទាន់​ស្រួលបួល​ផង កម្ពុជា​ទំនងជា​កំពុង​ដើរ​នៅលើ​កំណាត់​ផ្លូវ​ដ៏រលាក់​បាត់ទៅហើយ​ដោយសារតែ​មិនអាច​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ដំបូងបាន​ដូចតាម​ការគ្រោងទុក។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ​ហេតុផល​នៅពីក្រោយ​ការពន្យាពេល​នេះ​ទំនងជា​អាចដោយសារតែ​កម្ពុជា​ព្យាយាម​ចង់ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​នៃ​របបសឹក​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​នេះ ហើយ​ត្រូវ​រដ្ឋសមាជិក​អាស៊ាន​ដទៃទៀត​ជំទាស់៖ «ទស្សនៈ​ខ្ញុំផ្ទាល់ ខ្ញុំថា​ប្រហែលជាមាន​នៅពីក្រោយ​នៃការប្រកាស​ជាសាធារណៈ​តាមបែប​ការទូតនេះ ប្រហែលជាមាន​ការមិនទទួលយក​នូវការរៀបចំ​របស់​កម្ពុជា​នៅក្នុងការទទួល​យក​វត្តមាន​របស់​​រដ្ឋមន្ត្រី​ការបរទេស​ភូមា​មកប្រជុំ»។

នៅមុន​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ខែមករា នៅ​ឯខេត្តសៀមរាប និង​នៅមុន​ដំណើរ​​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅជួប​មេដឹកនាំ​របបសឹក​យោធា​ភូមា​កាលពី​ថ្ងៃទី៧ និងទី៨ ខែមករា ប្រធានាធិបតី​ឥណ្ឌូនេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) បាន​រំឮក​លោក ហ៊ុន សែន ពី​ជំហរ​មិនឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ព្រមាន​ថា ប្រសិន​បើ​​គ្មាន​ការវិវត្តន៍​ជាដុំ​កំភួន​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀងរួម ៥ ចំណុច​របស់​អាស៊ាន​ស្តីពី​បញ្ហា​វិបត្តិ​ភូមា​នេះទេ នោះបុគ្គល​ដែល​អាច​ធ្វើ​ជា​អ្នកតំណាង​របស់​ប្រទេសភូមា​មកចូលរួម​កិច្ចប្រជុំ​អាស៊ាន​បាន ត្រូវតែ​មិនមែន​ជា​អ្នកនយោបាយ។ ចំណុច​សំខាន់​នៅក្នុង​កិច្ចព្រមព្រៀង​រួម ៥ ចំណុច​នេះ តម្រូវ​ឱ្យ​របបសឹក​បញ្ឈប់​អំពើហិង្សា និង​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​អាស៊ាន​អាច​ជួបចរចា​ជាមួយ​គ្រប់ភាគីពាក់ព័ន្ធ​ក្នុង​ជម្លោះភូមា រួមទាំង​មេដឹកនាំ​ស្របច្បាប់​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ផង ដែល​ត្រូវ​របបសឹក​ធ្វើរដ្ឋប្រហារ​ទម្លាក់​ពី​តំណែង និង​កាត់ទោស។ ក៏ប៉ុន្តែ របបសឹក​ភូមា​មិនបាន​អនុវត្តតាម​នោះទេ។

សមាគម​អាស៊ាន​បាន​សម្រេច​មិនឱ្យ​មេដឹកនាំរបប​សឹកយោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​បន្តបន្ទាប់​ចាប់តាំងពី​ខែតុលា ឆ្នាំ២០២១​មក។ ក៏ប៉ុន្តែ កម្ពុជា​ចង់ផ្លាស់ប្តូរ​ជំហរ​នេះ​ដោយ​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របបសឹក​អាច​វិលមក​ចូលរួម​កិច្ចប្រជុំ​កំពូលបាន ដូចតាម​ការចង់បាន​របស់​ប្រទេសចិន។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ក្រោយ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅជួប​មេដឹកនាំ​របបសឹក​ភូមា លោក មីន អ៊ុងល្លាំង​ (Min Aung Hlaing)​ កម្ពុជា​​បាន​​ហៅ​​មេដឹក​នាំ​​របប​សឹក​ថា ជា «នាយករដ្ឋមន្ត្រី» នៃ​ប្រទេសមីយ៉ាន់ ឬ​ភូមា។

លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ការពន្យាពេលនេះ​អាចនឹង​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​សំខាន់ៗ​ផ្សេងៗទៀត​ដែល​កម្ពុជា​ក្នុងនាមជា​ប្រធាន​ប្តូរ​វេន​​អាស៊ាន​​ត្រូវរៀបចំ​ធ្វើ​ជា​បន្តបន្ទាប់៖ «ដំណើរការ​នៃ​ការបើក​ប្រជុំ​ដំបូង​នេះ វាត្រូវការ​ឱ្យមាន​ភាពរលូន​ដើម្បី​យើង​ដំណើរការ​នៅលើ​វិស័យផ្សេងៗ។ ក៏ប៉ុន្តែ យើង​អាច​​ដំណើរការ​លើ​វិស័យផ្សេង​ដូចជា​សង្គម និង​វប្បធម៌​អីបាន តែបើសិនជា​អាស៊ាន​មាន​ភាពរអាក់រអួល មាន​ភាពរកាំរកូស​ដូច្នេះ យើង​ត្រូវការ​ពេលវេលា​ច្រើន​ ហើយ​កម្ពុជា​​មាន​ពេល ១ឆ្នាំ។ កាលណា​យើងមាន​បញ្ហា វា​ជា​ឧបសគ្គ​ទៅលើ​កិច្ចប្រជុំ​ផ្សេងៗទៀត វិស័យ​ផ្សេងៗ និង​ពេលវេលា​ផ្សេងៗទៀត»

លោក​ជំរុញ​ឱ្យ​កម្ពុជា​មានភាពបត់បែន​នៅក្នុង​ការដោះស្រាយ​បញ្ហាភូមា​នេះ ដោយ​បន្ទន់​ឥរិយាបថ​ធ្វើតាម​ប្រធានអាស៊ាន​ចាស់ គឺប្រទេស​ប្រ៊ុយណេ ​(Brunei)​ ដែល​​សម្រេច​​មិនឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន៖ «ប្រសិនបើ​យើង​មិនអាច​ដោះស្រាយ​បញ្ហា​អីបាន​ផ្សេង យើង​អាច​យក​តាម​គន្លង​នយោបាយ​​ចាស់​ដែល​ប៊្រុយណេ​ដែលជាប្រធាន​អាស៊ាន​ហ្នុង គាត់បាន​ព្យួរចោល​នូវ​ភាពស្របច្បាប់​របស់​ភូមា គឺទុកចោល​ដោយ​មិនមាន​វត្តមាន​ភូមា​ជាអ្នក​ចូលប្រជុំ​ពេញផ្លូវការ»

វិទ្យុអាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក កុយ គួង តាម​បណ្តាញ​សង្គម​តេឡេក្រាម​ (Telegram) ​ដើម្បី​​សុំ​ការពន្យល់​​បន្ថែម​ពី​ជំហរ​ចុងក្រោយ​របស់​កម្ពុជា​ចំពោះ​បញ្ហា​តំណាង​ស្របច្បាប់​របស់​ភូមា និង​ការសម្រេច​លើកពេល​កិច្ចប្រជុំនេះ ថាតើ​អាច​នឹង​មាន​ការកំណត់​ពេលវេលា​ថ្មី​នៅ​ពេល​​ណា។ ក៏​ប៉ុន្តែ នៅ​មិនទាន់ទទួល​បាន​ការឆ្លើយតប​នៅឡើយ​ទេ គិតត្រឹម​យប់ថ្ងៃទី១៣ ខែមករា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធ វិញ លោក​ពន្យល់ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នេះ ដើរតួនាទី​សំខាន់​ដើម្បី​ពិនិត្យមើលឡើងវិញ​នូវ​អ្វីដែល​អាស៊ាន​សម្រេចបាន​កាលពី​ឆ្នាំចាស់ និង​កំណត់​អាទិភាព​សម្រាប់​កិច្ចប្រជុំកំពូល​របស់​អាស៊ាន​នាពេល​ខាងមុខ។ លោកថា ជាទូទៅ​អាស៊ាន​តែងតែ​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​រៀងរាល់​ដើម​ឆ្នាំ​ក្នុង​ខែមករា។ បណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញថា ប្រសិន​បើ​របប​សឹក​​នៅ​តែ​​មិនព្រម​​អនុវត្តតាម​កិច្ចព្រមព្រៀង ៥ ចំណុច​របស់​អាស៊ាន កម្ពុជា​គួរ​គិតគូរ​ឡើងវិញ​ពី​ជំហរ​របស់​ខ្លួន​ដើម្បី​ដាក់សម្ពាធ​លើ​របបនេះ៖ «កម្ពុជា​ក៏​មិនអាច​ទទួលយក​បាន​ដែរ ខំទៅ​ចំណាយ​ពេលវេលា ចំណាយ​កម្លាំងកាយ ហានិភ័យ​អូមីក្រុងផង ទៅជួប​ហើយ​អត់បាន​លទ្ធផល អត់បាន​អនុវត្ត​តាម វា​ពិបាក​ដែរ។ វា​អាស្រ័យ​ទៅលើ​ទង្វើ​ជាក់ស្តែង​របស់​របបភូមា»

ភ្លាមៗ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា ប្រទេសចិន​ដែលជា​សម្ព័ន្ធ​មិត្តជិតស្និទ្ធ​ជាមួយនឹង​របបសឹក​យោធាភូមា បាន​ចេញ​មុខ​គាំទ្រ​កម្ពុជា​។ ប្រទេសចិន​ថា ខ្លួន​គាំទ្រ​កម្ពុជា «ពេញទំហឹង» ក្នុងនាមជា​ប្រធាន​ប្តូរវេន​អាស៊ាន​ដែល​​ដើរតួនាទី​យ៉ាងសកម្ម​ចូលរួម​ចំណែក​ដល់​​ការដោះស្រាយ​ជម្លោះ​នៅភូមា។ ទន្ទឹមនឹង​នោះ ប្រទេសជប៉ុន ក៏បាន​ស្វាគមន៍​កម្ពុជា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសម្របសម្រួល​របស់​កម្ពុជា​ក្នុងការ​បង្កើត​នូវ​បរិយាកាស​អំណោយផល​សម្រាប់ការ​ចរចា​លើ​បញ្ហា​ភូមានេះ។

ក៏ប៉ុន្តែ ទន្ទឹមនឹង​ការគាំទ្រ​នេះ ទង្វើ​របស់​កម្ពុជា​ទៅជួប​ជាមួយ​របបសឹក​យោធាភូមា​ជាឯកតោភាគី​នេះ ក៏រងនូវ​ការថ្កោលទោស​យ៉ាងខ្លាំង​ពីសំណាក់​ពលរដ្ឋភូមា​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ។ ពួកគេ​ចោទថា លោក ហ៊ុន សែន គាំទ្រ​អំពើ​ហិង្សា​កាប់សម្លាប់​មនុស្ស​ប្រព្រឹត្ត​ដោយ​របបសឹកភូមា ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ថា​ ទង្វើ​របស់​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​សមាគម​អាស៊ាន​បែកបាក់​គ្នា។

ថ្មីៗនេះទៀត ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា ឬភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ក៏បាន​ក្រើន​រំឮក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឱ្យ​ដោះស្រាយ​វិបត្តិ​ភូមា​ស្របតាម​ឆន្ទៈ និង​ការចង់បាន​របស់​ពលរដ្ឋ​នៃ​ប្រទេសនេះ។ អ្នកស្រី​ប្រាប់​លោក ហ៊ុន សែន ថា ដំណើរការ​ដោះស្រាយ​បញ្ហាភូមា​ដែល​ធ្វើឡើង​ស្របតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ភូមា​ដើម្បី​ទទួលបាន​នូវ​សន្តិភាព ប្រជាធិបតេយ្យ និង​អនាគត​ដែល​មាន​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម ចាំបាច់​ត្រូវតែ​មាន​ការគាំទ្រ​ដោយ​វិធីសាស្ត្រ​ដោះស្រាយ​ជាអន្តរជាតិ​ផ្អែកតាម​ស្មារតី​នៃ​ការឯកភាពគ្នា​ក្នុងតំបន់។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ហៅការ​លើកពេល​កិច្ចប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ទើបនឹង​ចាប់ផ្តើម​ធ្វើនេះ ថា​ជារឿង «គួរឱ្យ​អស់​សំណើច»។ លោកថា បើទោះបីជា​នេះ​មិនមែនជា​ការធ្វើ​ពហិការ​ផ្លូវការ​ក៏ដោយ ក៏​កម្ពុជា​បាន​ចាប់ផ្តើម​ដឹកនាំ​អាស៊ាន​នៅលើ​វិថី​ដ៏រលាក់​រួចបាត់​ទៅហើយដែរ ដែល​​សូម្បីតែ​រៀបចំ​កិច្ចប្រជុំ​ក៏មិន​អាច​ធ្វើបាន។ បណ្ឌិត អៀ សុផល ថា នេះគឺ​ជា «កម្មផល» នៃ​នយោបាយ​ការទូត​បែប​ប្រថុយប្រថាន​ប្រកបដោយ​គ្រោះថ្នាក់​របស់​កម្ពុជា។ លោក​ព្រមានថា ជាមួយ​នឹង​នយោបាយ​ការទូត​របៀបនេះ កម្ពុជា​ត្រូវ​ត្រៀមខ្លួន​រង់​ចាំស្តាប់​លេស​នៃ​ការមិនអាច​ចូលរួម​កិច្ចប្រជុំ​ពី​ប្រទេសសមាជិក​អាស៊ាន​ដទៃទៀត ដែល​អាចនឹងមាន​ច្រើន​តទៅទៀត​នាពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នកជំនាញ​ជំរុញ​កម្ពុជា​កុំឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​ចូលរួម​ដើម្បី​បញ្ចៀស​ការលើកពេល​កិច្ចប្រជុំ​អាស៊ាន​ទៀត"

  1. so socheath says:

    អាអ្នកជំនាញឆ្កួតជ្រូកអៀ សុផលហ្នឹងវាចេះស្អីវា ?
    មួយជិវិតវា ធ្វើវិភាគមិនដែលត្រូវសូម្បីមួយជ្រុង អាហ្នឹងអ្នកជំនាញដែរ ?
    ចេះត្រឹមព្រុដូច ឆ្កែ ដូចអាមាសនី ប្ហែលត្រូវជាង ។

  2. Anonymous says:

    as I say the ugly evil monster dictator will be over soon >>CHHEAM SREK SBEKHOV