អ្នក​ជំនាញ​សិទ្ធិមនុស្ស UN ចាត់​ទុក​សកម្មភាព​ប្រើប្រាស់​សិទ្ធិ​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ឃុត សុគន្ធ | ១៤ មករា ២០២២ | ម៉ោង ០៩:៥១
VOD

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)


អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN លើកទឹកចិត្តសកម្មជនសង្គមដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានតាមផ្លូវតុលាការ បន្តប្រើប្រាស់សិទ្ធិធ្វើកិច្ចការសង្គមដូចមានចែងនៅក្នុងច្បាប់ ដោយសម្អាងថា សកម្មភាពសិទ្ធិមនុស្សមិនមែនជាបទល្មើសព្រហ្មទណ្ឌឡើយ។

ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សនេះធ្វើឡើងក្នុងជំនួបជាមួយលោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងសកម្មជនបរិស្ថាន ជុំវិញបញ្ហាប្រឈមពេលដែលពួកគេជួបប្រទះនៅក្នុងពន្ធនាគារ និងក្រោយដាក់ឱ្យស្ថិតក្រោមការតាមដានតាមផ្លូវតុលាការ។

តាមការចុះផ្សាយក្នុងគេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករានេះ បានឱ្យដឹងថា អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) និងតំណាង​​ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា លោក ប្រាដិប វ៉ាហ្គល (Pradeep Wagle) បានជួបជាមួយលោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀតកាលពីចុងឆ្នាំ២០២១។


ក្នុងជំនួបនេះ ​លោក ប្រាដិប វ៉ាហ្គល បានលើកទឹកចិត្តដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស​ទាំងនោះបន្តធ្វើសកម្មភាពសង្គមនិងសកម្មភាពសិទ្ធិមនុស្សបន្តទៀត ដោយថា សកម្មភាពប្រើប្រាស់សិទ្ធិសេរីភាពមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។

អ្នកជំនាញសិទ្ធិមនុស្សរូបនេះបន្តថា ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បាននិងកំពុងតាមដានការអភិវឌ្ឍលើលំហពលរដ្ឋ និងផ្ដល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាល ដើម្បីជួយដល់ការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

លោកបន្ថែមថា៖ «សកម្មភាពសិទ្ធិមនុស្សមិនគួរត្រូវបានចាត់ទុកជាប្រធានបទនៃច្បាប់ព្រហ្មទណ្ឌទេ យើងត្រូវបន្តធ្វើការងាររបស់យើង និងសកម្មភាពសិទ្ធិមនុស្ស។ បើយើងមិនបន្តធ្វើវា នោះនឹងមិនមានការផ្លាស់ប្ដូរឡើយ។ ពួកយើងចាំបាច់ត្រូវធ្វើការរួមគ្នា។ យើងត្រូវកសាងភាពជាដៃគូ ចាំមើលថាតើយើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដោយរបៀបណា»។

ចំណែកអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ លោក វីទីត ម៉ុនតាប៊ន បានប្រាប់ទៅកាន់ក្រុមអ្នកការពារសិទ្ធិមនុស្សថា លោកបានខិតខំធ្វើការតស៊ូមតិយ៉ាងមុតមាំជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីជំរុញឱ្យមានលំហពលរដ្ឋនយោបាយល្អប្រសើរជាងមុន និងនាំយកក្ដីកង្វល់របស់សកម្មជនសង្គមសម្រាប់ការពិភាក្សានាពេលខាងមុខទៀតជាមួយរដ្ឋាភិបាលផងដែរ។

លោកបន្ថែមថា៖ «សង្ឃឹមថានឹងមានការបើកទ្វារទៅកាន់ការមានសេរីភាពកាន់តែច្រើន ហើយនៅទីបំផុត សង្ឃឹមថាវានឹងនាំទៅរកការទម្លាក់ចោលការចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតផងដែរ។ យើងក៏បានធ្វើការតស៊ូមតិយ៉ាងខ្លាំងក្លាសម្រាប់ការធ្វើកំណែទម្រង់យុត្តិធម៌ ក៏ដូចជាកំណែទម្រង់ការបោះឆ្នោត ដើម្បីឈានទៅរកការការពារដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយនានា។ ការការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សផ្សេងៗក៏គួរត្រូវបានទម្លាក់ចោលផងដែរ»។

វីអូឌី នៅមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី១៣ ខែមករានេះ។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងមនុស្សមួយចំនួនទៀតដែលត្រូវបានការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្រង់សម្ដីយកមកចុះផ្សាយក្រោយជំនួប បានលើកឡើងថា ថ្វីថ្បិតតែពួកគេត្រូវបានដោះលែងក៏ពិតមែន ប៉ុន្តែការរឹតបន្តឹងសេរីភាពនៅតែមានសម្រាប់ពួកគេ ដោយប្រឈមជាមួយលក្ខខណ្ឌត្រួតពិនិត្យរបស់តុលាការជាច្រើនឆ្នាំទៅមុខទៀត។

លោក រ៉ុង ឈុន បានលើកឡើងថា៖ «មូលដ្ឋាននៃសិទ្ធិមនុស្សនិងសេរីភាពនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង។ មនុស្សដូចជាពួកយើងពិតជាមានការលំបាកណាស់ក្នុងការប្រើប្រាស់សេរីភាពជាមូលដ្ឋានរបស់យើង។ ពួកយើងត្រូវបានដោះលែងក៏ពិតមែន ប៉ុន្តែពួកយើងក៏មិនបានរស់នៅដោយមានសេរីភាពពេញលេញដែរ។ វាប្រៀបបាននឹងការរាយសំណាញ់ដើម្បីចាប់ពួកយើង ប្រសិនបើពួកយើងធ្វើអ្វីមួយលើសពីលក្ខខណ្ឌដែលតុលាការបានដាក់ចេញ នោះពួកយើងនឹងត្រូវចាប់ខ្លួនសារជាថ្មី»។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ វីអូឌី បន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងជំនួបនោះ ​រូបលោកនិងសកម្មជនសង្គមផ្សេងទៀតបានស្នើដល់អ្នកជំនាញសិទ្ធិមនុស្ស UN ឱ្យជួយអន្តរាគមន៍​ទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ និងកុំឱ្យមានការដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបន្តទៀត។ លើសពីនេះ ​លោកស្នើអន្តរាគមន៍ដោះលែងសកម្មជននយោបាយនិងសកម្មជនសង្គមផ្សេងទៀតដែលមិនទាន់បានដោះលែង រួមទាំងទម្លាក់ចោលការចោទប្រកាន់លើពួកគេផងដែរ។

យ៉ាងណា លោក រ៉ុង ឈុន នៅតែរក្សាជំហរបន្តសកម្មភាព ដើម្បីការពារការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិការងារ និងបញ្ហាសង្គមផ្សេងៗទៀត បើទោះលោកស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការ និងកំពុងរងការរឹតត្បិតសិទ្ធិសេរីភាពរបស់លោកក៏ដោយ។

លោកបន្ថែមថា៖ «ខ្ញុំអត់មានការរុញរាឬក៏កាត់បន្ថយដែរពេលដែលឃើញរឿងអយុត្តិធម៌នៅក្នុងសង្គម ខ្ញុំត្រូវតែចេញមុខការពារ ចេញមុខទាមទារដើម្បីយកយុត្តិធម៌ជូនសង្គម។ បើយើងឃើញជនរងគ្រោះណាដែលទទួលរងគ្រោះដោយអំពើអយុត្តិធម៌ ដូចជាករណីប្អូនបុគ្គលិកណាហ្គាវើលដ៍កំពុងធ្វើការទាមទារសព្វថ្ងៃ យើងនៅតែធ្វើសកម្មភាពអន្តរាគមន៍ ដើម្បីឱ្យពួកគាត់ទទួលបានដំណោះស្រាយទទួលបានយុត្តិធម៌ យើងមិនអាចឈរឱបដៃមើលទេ»។

សកម្មជនសង្គមម្នាក់ កញ្ញា អេង ម៉ាឡៃ ដែលបានជួបជាមួយអ្នកជំនាញសិទ្ធិ UN និងកំពុងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដែរនោះ បាននិយាយថា កញ្ញានិងសកម្មជនផ្សេងទៀតនៅតែបន្តធ្វើសកម្មភាព ដើម្បីយុត្តិធម៌សង្គម ការពារសិទ្ធិមនុស្ស និងបុព្វហេតុផ្សេងទៀតដោយមិនរាថយឡើយ។

កញ្ញាបន្ថែមថា៖ «ពួកខ្ញុំអត់បារម្ភអីទេ! ជាប់គុកទៀតក៏ជាប់ទៅ! ត្រូវគេបាញ់ស្លាប់ក៏បាញ់ទៅ! ដើម្បីការពារប្រជាពលរដ្ឋ ខ្ញុំមិនចង់ឃើញប្រជាពលរដ្ឋយំស្រែកទេ។ ហើយមិនចង់មានការចាប់ចងសកម្មជនដែលលះបង់ដើម្បីការពារសិទ្ធិពលរដ្ឋទេ។ ហើយពួកខ្ញុំគ្រោងនឹងរៀបចំធ្វើយុទ្ធនាការឱ្យមានការបញ្ឈប់ការចាប់ចងអ្នកការពារសិទ្ធិបន្តទៀត»។

យ៉ាងណានេះក្ដី អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា «តុលាការនៅកម្ពុជាត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀតក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់»។

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះក៏បាននិយាយផងដែរថា ការធ្លាក់ចុះលំហពលរដ្ឋនិងនយោបាយនៅកម្ពុជា មានការរៀបចំច្បាស់លាស់និងមានលក្ខណៈជាប្រព័ន្ធ ដែលការណ៍នេះ ត្រូវបានឆ្លុះបញ្ចាំងជាថ្មីតាមរយៈការផ្ដន្ទាទោសលើអ្នកការពារសិទ្ធិមនុស្សនិងសកម្មជនសរុប១៥នាក់នៅក្នុងសំណុំរឿងផ្សេងៗគ្នា៕


UNណាហ្គាវើលដ៍រ៉ុង ឈុនសកម្មជននយោបាយសកម្មជនបក្សប្រឆាំងសកម្មជនបរិស្ថានសកម្មជនសង្គមសកម្មជនសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

Leave a Reply

Submit Comment