អាជ្ញាធរ​ដោះលែង​សមាជិក​បក្ស​ប្រឆាំង​ពីរ​នាក់​នៅ​ត្បូងឃ្មុំ ក្រោយ​ឃុំ​ពួកគាត់​គ្រប់​ ១ឆ្នាំ

ដោយ ម៉ៅ សុធានី
2022-01-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ដោះលែង​សមាជិក​បក្ស​ប្រឆាំង​ពីរ​នាក់​នៅ​ត្បូងឃ្មុំ ក្រោយ​ឃុំ​ពួកគាត់​គ្រប់​ ១ឆ្នាំ

 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អាជ្ញាធរ​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី១៤ មករា​នេះ ក្រោយ​ពី​ឃុំ​ខ្លួន​ពួកគាត់​គ្រប់​ចំនួន​កំណត់​រយៈពេល ១ឆ្នាំ។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​នាក់​ចាត់​ទុក​ការ​ចាប់​ឃុំខ្លួន និង​ការ​ផ្ដន្ទាទោស​ពួកគាត់​កន្លងមក​នោះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​ដោះលែង​នៅពេល​នេះ រួមមាន លោក ម៉ក់ សំអាន សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​ជាំក្រវៀន និង​លោក ព្រៅ ចាន់ធឿន សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​មេមត់ ស្រុក​មេមត់។

លោក ម៉ក់ សំអាន ថ្លែង​ប្រាប់​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា លោក​សោក​ស្ដាយ​ដែល​តុលាការ​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ទាំង​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ទោះបី​ជា​លោក​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​ក៏ដោយ ក៏​លោក​នៅតែ​មាន​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​ករណី​អយុត្តិធម៌​ដែល​បាន​កើត​ឡើង​លើ​រូប​លោក​នេះ​ដែរ៖ «គោល​បំណង​ដែល​ខ្ញុំ​ទៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២១ គឺ​ខ្ញុំ​ទៅ​ចាំ​ស្ដាប់​អង្គ​សវនាការ​ទេ មាន​តែ​ប៉ុណ្ណឹង។ យើង​អត់​មាន​ទៅ​ធ្វើ​សកម្មភាព​អ្វី​សោះ គ្រាន់តែ​យើង​មាន​បំណង​ទៅ​ស្ដាប់​អង្គ​សវនាការ បែរ​ជា​គេ​ទៅ​ចាប់​យើង។ អា​ហ្នឹង​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ខ្ញុំ​ថា ជា​រឿង​មួយ​អយុត្តិធម៌ ជា​រឿង​មួយ​ដែល​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​ខ្ញុំ​ទៅ​វិញ​ទេ»

ស្រដៀង​គ្នា​នេះ លោក ព្រៅ ចាន់ធឿន បាន​ថ្កោលទោស​អាជ្ញាធរ និង​តុលាការ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក​រយៈ​ពេល ១ឆ្នាំ​មក​នេះ។ លោក​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជា​រឿង​អយុត្តិធម៌ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ក្នុង​នាម​ជា​ពលរដ្ឋ គ្រាន់​តែ​ខ្ញុំ​ទៅ​តាម​ដាន​សវនាការ​លើក​ទឹក​ចិត្ត​បងប្អូន​អតីត ដែល​ធ្លាប់​រួមសុខ​រួម​ទុក្ខ​ជាមួយ​គ្នា ចាប់​ខ្ញុំ​មក​ដាក់​គុក​មួយ​ឆ្នាំ​មក​នេះ ចោទ​ខ្ញុំ​ពី​បទ (សម​គំនិតញុះញង់។ នេះ​ជា​ទង្វើ​អយុត្តិធម៌​សម្រាប់​ខ្ញុំ​មែនទែន»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក ម៉ក់ សំអាន និង​លោក ព្រៅ ចាន់ធឿន កាល​ពី​ថ្ងៃ​ទី១៤ មករា ឆ្នាំ២០២១ អំឡុង​ពេល​ពួក​គាត់​ទៅ​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​ក្ដី​ទ្រង់ទ្រាយ​ធំ​លើ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ផ្ដន្ទាទោស​សមាជិក​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ២លាន​រៀល ពី​បទ «សម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ។

សកម្មជន​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​បញ្ជាក់​ថា ទោះបីជា​ជាប់​ឃុំ​គ្រប់​ចំនួន​ហើយ​ក៏ដោយ ក៏​ពួក​គាត់​នៅ​តែ​តតាំង​ក្ដី​នេះ​ដល់​ដំណាក់​កាល​ចុងក្រោយ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។ បច្ចុប្បន្ន សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល ក្រោយ​ពី​ពួកគាត់​បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលដីកា​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ដោះលែង​សកម្មជន​នយោបាយ​ទាំង​ពីរ​រូប ព្រោះ​ពួកគាត់​អាច​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ឡើង​វិញ។ ប៉ុន្តែ​លោក​គូស​បញ្ជាក់​ថា ចំណុច​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ គឺ​ពួកគាត់​ទាំងពីរ​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន បែរ​ជា​រង​ការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទៅវិញ៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស​ហ្នឹង សូម​ឱ្យ​តុលាការ ហើយ​និង​អាជ្ញាធរ​ពិនិត្យ​ពិចារណា​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​និង​ការ​អនុវត្ត​ច្បាប់ ជាជាង​ការ​ចោទ​ប្រកាន់​គាត់ ហើយ​ធ្វើ​ឱ្យ​គេ​រិះគន់​ទាក់ទង​ថា រឿង​ទាំង​អស់​ហ្នឹង​ជា​រឿង​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់»

គិត​ត្រឹម​ពាក់កណ្ដាល​ខែមករា ឆ្នាំ២០២២ នេះ សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សមាជិក​សង្គម​ស៊ីវិល និង​អ្នក​រិះគន់​រដ្ឋាភិបាល ជាង ៥០នាក់​ទៀត នៅ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ ភាគ​ច្រើន​នៃ​អ្នក​ជាប់​ឃុំ​ទាំងនោះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់» និង «រួមគំនិតក្បត់» ដែល​ជា​បទ​ចោទ​មាន​ចរិត​នយោបាយ។

ក្រោយ​ចេញ​ពី​ពន្ធនាគារ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ក់ សំអាន និង​លោក ព្រៅ ចាន់ធឿន អះអាង​ដូច​គ្នា​ថា ពួក​លោក​នឹង​បន្ត​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ត​ទៅ​មុខ​ទៀត ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ។ គណបក្ស​ដែល​អ្នក​ទាំង​ពីរ​គ្រោង​ទៅ​ចូលរួម​ជាមួយ​នោះ គឺ​គណបក្ស​ភ្លើង​ទៀន ព្រោះ​ពួក​លោក​ធ្លាប់​គាំទ្រ និង​រួមរស់​ជាមួយ​គណបក្ស​នេះ​អស់​រយៈ​ពេល​ជិត ២០ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment