ទំនាក់ទំនងអន្តរជាតិ, នយោបាយ, ព័ត៌មានជាតិ
លោក ញឹម សុខន | ១៧ មករា ២០២២ | ម៉ោង ១៧:១៨
VOD

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយសារតែអតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់បក្ស និងបានសាងកំហុសជាច្រើនទៀត រួមទាំងការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈសារជាសំឡេង កាលពីថ្ងៃម្សិលមិញថា អ្វីដែលលោក ប៉ែន សុវណ្ណ បាននិយាយនិងសរសេរក្នុងសៀវភៅពាក់ព័ន្ធនឹងការចាប់ខ្លួនគាត់កាលពីអំឡុងឆ្នាំ១៩៨១នោះ ជារឿងខុសស្ទើរទាំងអស់។ លោកបន្តថា លោក ប៉ែន សុវណ្ណ និយាយត្រូវតែមួយចំណុចប៉ុណ្ណោះ នៅត្រង់ថាលោក ហ៊ុន សែន ជាអ្នកចុះចាប់ខ្លួនគាត់ដល់លើផ្ទះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា លោក ប៉ែន សុវណ្ណ បានសាងកំហុសជាច្រើន ទាំងក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាល ចាប់តាំងពីលោក ប៉ែន សុវណ្ណ ចូលមកដល់ទីក្រុងភ្នំពេញ ក្រោយរបបខ្មែរក្រហមបានដួលរលំ។
បើតាមលោក ហ៊ុន សែន នៅក្នុងជួរបក្ស លោក ប៉ែន សុវណ្ណ បានទាមទារកាន់តំណែងជាប្រធានបក្ស ជាអគ្គលេខាបក្ស និងតំណែងនាយករដ្ឋមន្ត្រី។ ប៉ុន្តែថា ក្រោយពីលោកសម្របសម្រួល លោក ប៉ែន សុវណ្ណ ទទួលបានតំណែងជានាយករដ្ឋមន្ត្រី និងអគ្គលេខាបក្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា ក្នុងតំណែងនេះ លោក ប៉ែន សុវណ្ណ បានបញ្ជាកម្លាំងឱ្យទៅឆែកឆេរផ្ទះមេដឹកនាំសំខាន់ៗ ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និងប៉ុនប៉ងមកឆែកផ្ទះរបស់លោក ជាដើម។
លោក ហ៊ុន សែន ទម្លាយទៀតថា ជាកំហុសរបស់លោក ប៉ែន សុវណ្ណ មួយទៀត គឺអំឡុងកិច្ចប្រជុំមេដឹកនាំកំពូលនៅក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ គឺលោក ប៉ែន សុវណ្ណ មានផែនការក្បត់ និងចង់ក្រសោបការគ្រប់គ្រងក្រសួងការពារជាតិមួយទៀត។
លោកថា៖ «ឯរដ្ឋមន្ត្រីក្រសួងការពារជាតិដែលបង ចាន់ ស៊ី កំពុងតែកាន់នេះ គាត់ [ប៉ែន សុវណ្ណ] កាន់ជានាយករដ្ឋមន្ត្រីផង និងកាន់ជារដ្ឋមន្ត្រីការពារជាតិផង។ នេះជាផែនការដែល ប៉ែន សុវណ្ណ បានត្រៀមរៀបចំដើម្បីដណ្ដើមយកការកាន់កាប់កម្លាំងយោធាបន្ថែម»។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនោះហើយដែលជំរុញឱ្យការផ្ដួចផ្ដើមគម្រោងចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដែលថាចេញពីរូបលោក និងមន្ត្រីជាន់ខ្ពស់បក្សមួយរូបទៀត គឺលោក សាយ ប៊ូថង។
លោកថា៖ «បង សាយ ប៊ូថង ប្រាប់ខ្ញុំថា ប៉ែន សុវណ្ណ ក្បត់ហើយ ដូច្នេះយើងមិនអាចទុកបានទេ។ ដូច្នេះ ខ្ញុំក៏បានបញ្ជាក់ថា ពិតប្រាកដណាស់បង មិនអាចទុកទៅទៀតបានទេ យើងត្រូវតែដោះស្រាយបញ្ហារបស់យើងហើយ។ ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចបើ ប៉ែន សុវណ្ណ ជាមនុស្សមកពីវៀតណាម អ៊ីចឹងតើយើងយកទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយវៀតណាម ដើម្បីប្រគល់ទៅឱ្យវៀតណាមជួយ»។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក ប៉ែន សុវណ្ណ ជាមនុស្សស្អប់វៀតណាម បើទោះបីគាត់បានរត់ទៅនៅវៀតណាមតាំងពីអាយុ១៥ឆ្នាំ និងយកប្រពន្ធវៀតណាមក៏ដោយ។
អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ មានស្រុកកំណើតនៅខេត្តតាកែវ តែលោកបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ ហើយបើគិតមកដល់ពេលនេះ មានរយៈពេលជាង៥ឆ្នាំមកហើយ។
ប៉ុន្តែមុនទទួលមរណភាព លោក ប៉ែន សុវណ្ណ បានត្រលប់មកប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាវិញ ជាមួយអតីតគណបក្សសង្គ្រោះជាតិ ដោយឈរឈ្មោះជាតំណាងរាស្ត្រនៅមណ្ឌលកំពង់ស្ពឺ ក្រោយពីលោកត្រូវបានគេចាប់ឃុំខ្លួនដាក់ពន្ធនាគារនៅប្រទេសវៀតណាមជិត១០ឆ្នាំ។
យ៉ាងណា អំឡុងពេលចូលប្រឡូកក្នុងជីវភាពនយោបាយវិញនាពេលនោះ លោក ប៉ែន សុវណ្ណ បានអះអាងជារឿយៗថា ការចាប់ខ្លួនលោកបណ្ដាលមកពីលោកប្រឆាំងនឹងសមាជិកបក្សពីការទាមទារឱ្យបង្កើតក្រុមការងារពិសេសទប់ស្កាត់បញ្ហាអន្តោប្រវេសន៍ប្រទេសវៀតណាម និងបញ្ហាព្រំដែន រួមទាំងផែនការក៥ ដែលលោកគិតថា នោះជាគ្រោះថ្នាក់របស់ជាតិ។
លោកថា៖ «អ្នកប្រឆាំងនឹងខ្ញុំស្រួចស្រាវបំផុតគឺលោក ហ៊ុន សែន ហ្នឹងឯង! គេថាកុំបង្កើតគណៈកម្មការបណ្ដោះអាសន្នព្រំដែន និងអន្តោប្រវេសន៍ហ្នឹងធ្វើអី! ធ្វើអ៊ីចឹងហាក់ដូចយើងជាតិនិយមហួសហេតុ […] គេសំណូមពរមកខ្ញុំថា បងកុំមានគំនិតជាតិនិយមចង្អៀតចង្អល់ពេក ព្រោះវៀតណាមនិងយើងហ្នឹង បើយើងនិយាយគ្នា និយាយផ្ទៃក្នុងទៅ កុំបាច់មានគណៈកម្មការហ្នឹង ពីព្រោះយើងនិងវៀតណាមតែមួយ»។
អ្នកតាមដានសង្គម លោក គឹម សុខ ចាត់ទុកសាររបស់មេដឹកនាំនៅពេលនេះថា មិនមានទម្ងន់សម្រាប់ពិចារណាបែបប្រវត្តិសាស្ត្រទេ ដោយថា អ្នកពាក់ព័ន្ធមួយចំនួន រួមទាំងលោក ជា ស៊ីម ផង បានស្លាប់ទៅហើយនោះ។
ប៉ុន្តែលោក គឹម សុខ ចាត់ទុកថា សារនេះហាក់បង្ហាញពីគំនុំទៅនឹងលោក ប៉ែន សុវណ្ណ ដែលប្រឆាំងនឹងការដាក់អាណានិគមរបស់បរទេសមកលើកម្ពុជា តាមរយៈថ្ងៃ «៧មករា» ទៅវិញទេ។
លោកថា៖ «សារខុសរដូវរបស់លោក ហ៊ុន សែន នេះ គឺគាត់ព្យាយាមបង្កើតព្រឹត្តិការណ៍លេង ដើម្បីបិទបាំងនូវការបរាជ័យរបស់គាត់ ឧទាហរណ៍ បរាជ័យក្នុងដំណើរទស្សនកិច្ចទៅភូមា បរាជ័យនៃការដែលមិនអាចកោះប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយក៏ជាការព្យាយាមបិទបាំងការព្រួយបារម្ភជាខ្លាំងបំផុតរបស់លោក ហ៊ុន សែន អំពីលទ្ធភាពពិបាកទៅចាប់ដៃលោក ចូ បៃដិន ក្នុងកិច្ចប្រជុំអាស៊ាននិងសហរដ្ឋអាមេរិកនៅពេលខាងមុខ»។
យ៉ាងណា នៅក្នុងសារជាសំឡេងជិត១ម៉ោងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានៅតែដឹងគុណវៀតណាមពីការលះបង់រហូតពលីជីវិត ដើម្បីរំដោះពលរដ្ឋកម្ពុជាឱ្យផុតពីរបបខ្មែរក្រហម ហើយថា វៀតណាមក៏នៅតែអរគុណកម្ពុជាដែលបានជួយវៀតណាមឱ្យមានលទ្ធភាពបញ្ចប់ជម្លោះជាតិសាសន៍រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងផងដែរ៕
៧មករា, កម្ពុជា-វៀតណាម, ប៉ែន សុវណ្ណ, វៀតណាម, ហ៊ុន សែន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
HAS………. why ,,HUN SEN can not forget what was happen in the past ?? CHHEAM SREK SBEKHOV every thing from the past is hunting him right now. YES.. just like the English word said some thing going up one day it will coming down I must say it sour is coming down every one is starting to know about HUN SEN. I knew HUN SEN is sick he want to give this job to his Vietnamese son sorry HUN SEN Cambodian asking for DNA first be for MANETH can be candidate