តុលាការ​ទម្លាក់​បទចោទ​លើ​លោក យឹម ស៊ីណន និង​មនុស្ស​៩នាក់​ផ្សេង​ទៀត

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិ
លោក ណាត សុភាព | ១៨ មករា ២០២២ | ម៉ោង ១៧:៥២
VOD

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn)


តុលាការរាជធានីភ្នំពេញ បានសម្រេចទម្លាក់បទចោទលើអតីត​​ប្រធានចលនាយុវជនរបស់​​គណបក្ស​​សង្រ្គោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បក្ខពួក​​ចំនួន៩នាក់ផ្សេងទៀតឱ្យមានសេរីភាពវិញ ពាក់ព័ន្ធសំណុំរឿងព្រឹត្តិការណ៍​៩វិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី។

លោក យឹម ស៊ីណន ​ប្រធានចលនាយុវជនរបស់អតីត​គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលា​ការ​រំលាយ មាន​ប្រសាសន៍នៅថ្ងៃទី១៨ ខែមករានេះថា ដើមចមដែលនាំឱ្យគាត់ត្រលប់មក​កម្ពុជា កាល​ពីថ្ងៃទី​១៥ ខែមករា​​ ឆ្នាំ២០២២នេះ ដោយ​​សារ​តែលោកត្រូវមករួមរស់ជាមួយក្រុមគ្រួសារវិញ ហើយលោកមិនចង់ទៅរស់នៅប្រទេស​ផ្សេងទៀត​ក្រៅពីប្រទេសកំណើតរបស់ខ្លួននោះដែរ។

លោក​បញ្ជាក់​ថា ក្រោយ​មកដល់កម្ពុជា គឺ​​នៅថ្ងៃទី​១៧ ខែមករា​ ម្សិលមិញ ​​តុលាការ​បាន​សម្រេចទម្លាក់​បទ​ចោទ​ទៅ​លើរូបគាត់ និងមនុស្ស៩នាក់ផ្សេងទៀត។

លោក ស៊ីណន និយាយ​ថា៖ «​តាមរយៈមេធាវីរបស់ខ្ញុំ គាត់បានបញ្ជាក់ហើយ ស្ថាប័នតុលាការបានសម្រេចទម្លាក់បទចោទ​ប្រកាន់មកលើរូបខ្ញុំ និងអតីសហការីខ្ញុំ៩នាក់ទៀត។ អ៊ីចឹង​ខ្ញុំមានការសប្បាយរីករាយ និងបាត់បង់ការភ័យខ្លាច បានជួបជុំគ្រួសារនិងសាច់ញាតិវិញ»។   

ទាក់ទិននឹង​​វិស័យនយោបាយវិញ លោក​ថា ​បើសិន​ជាស្ថានការណ៍​ធូរ​ស្រាល លោក​នឹងពិចារណាចូលប្រឡូកក្នុងវិស័យនយោបាយឡើងវិញ ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់ថានឹងចូលរួមជាមួយបក្ស​ណា​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន សុំមិន​បកស្រាយ​ចំពោះការសម្រេចទម្លាក់ចោលការចោទ​ប្រកាន់លើ​​លោក យឹម ស៊ីណន និងបក្ខពួកនោះ​ឡើយ​ ដោយថាជាសិទ្ធិសម្រេច​​របស់តុលាការ​។

លោកមានប្រសាសន៍ថា៖ «ជាការសម្រេចរបស់តុលាការ ដំណើរការនីតិវិធីរបស់តុលាការ ដោយផ្អែកលើមូលដ្ឋានអ្វីខ្លះដែលគាត់សម្រេច ហើយ​ខ្ញុំសុំមិនមាន​យោបល់​ទេ ដោយ​សារនេះ​ជា​ការ​សម្រេច​របស់​តុលាការ»។

វីអូឌី​ មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃអង្គារនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា តុលាការសម្រចទម្លាក់បទចោទលើលោក យឹម ស៊ីណន និងបក្ខពួក៩នាក់ ជាសញ្ញាល្អ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោកជំរុញទៅតុលាការគួរតែទម្លាក់បទចោទលើ​មន្ត្រី ឬអ្នកដែលគាំទ្រអតីត​​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ​ ជុំវិញការរឹតត្បិត​សេរីភាព ដែលផ្ទុយពីច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

លោក អំ សំអាត ថ្លែង​ថា៖ «យើងឃើញហើយថា ការចោទប្រកាន់លើក្រុមយុវជនដែលនៅកូរ៉េក្ដី នៅក្នុងប្រទេសក្ដី យើងឃើញសហគមន៍ជាតិនិងអន្តរជាតិនៅតែលើកឡើងថា វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។

លោកមានប្រសាសន៍បន្ថែម៖ «ដើម្បីកុំឱ្យមានការរិះគន់រឿងនេះបន្តទៀត ហើយដើម្បីកុំឱ្យមានការរំលោភបំពានសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញក្នុងមាត្រា៣៥ ដែលនិយាយថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយនិងបទដ្ឋានអន្តរជាតិដទៃទៀត ដែលកម្ពុជាយើងបានផ្ដល់សច្ចាប័ន ហើយទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ គួរតែពិចារណាទម្លាក់បទចោទប្រកាន់ពួកគេដូចយុវជននៅកូរ៉េនេះ»។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក យឹម ស៊ីណន ​និងមនុស្ស​៩នាក់ផ្សេងទៀត ដែលជាសកម្មជននិងអ្នកគាំទ្រអតីត​គណបក្សសង្រ្គោះជាតិ បាន​ផ្ញើលិខិតមួយស្នើសុំកិច្ចអន្តរាគមន៍ទៅលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ឱ្យដកការចោទប្រកាន់ទាំងឡាយ​ទៅលើពួកគេដែលជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លិខិតរបស់លោក យឹម ស៊ីណន ពេលនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រគល់​ទៅ​ឱ្យ​ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលនិងដោះស្រាយ​៕


សកម្មជននយោបាយសកម្មជនបក្សប្រឆាំងសាលាដំបូងរាជធានីភ្នំពេញ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​ទម្លាក់​បទចោទ​លើ​លោក យឹម ស៊ីណន និង​មនុស្ស​៩នាក់​ផ្សេង​ទៀត"

  1. Anonymous says:

    that is OK you can go and joint the killing field regime . I knew when the dark cloud is over than every one can see who really is genocide leader . waiting forward to that day >>>CHHEAM SREK SBEKHOV is coming soon