យុវជន​៣នាក់​កោរសក់​ដើម្បី​ជំរុញ​ឱ្យ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​៨នាក់

ការងារតុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ឃុត សុគន្ធ | ១៨ មករា ២០២២ | ម៉ោង ១៨:២៩
VOD

សមាជិកខ្មែរថាវរៈ ចំនួន៣នាក់ បានកោរសក់រក្សាសីលប្រាំចំនួន១សប្ដាហ៍ ដើម្បីបួងសួងសុំសេចក្ដីសុខជូនពលរដ្ឋខ្មែរគ្រប់រូប ពិសេសសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

សមាជិកខ្មែរថាវរៈ ចំនួន៣នាក់ បានកោរសក់រក្សាសីលប្រាំចំនួន១សប្ដាហ៍ ដើម្បីបួងសួងសុំសេចក្ដីសុខជូនពលរដ្ឋខ្មែរគ្រប់រូប ពិសេសសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ (ខ្មែរថាវរៈ)


“យុវជន៣នាក់កោសក់ដើម្បីជំរុញឱ្យដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ៨នាក់​”


យុវជន៣នាក់ដែលជា​សមាជិកខ្មែរថាវ​រៈបា​ន​នាំគ្នាកោរសក់និងធ្វើពិធីបែបសាសនា នៅ​ថ្ងៃអង្គារនេះ ដើម្បីជំរុញឱ្យមានការដោះលែងតំណាងសហជីព៨នាក់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងទាមទារដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ។

សមាជិកខ្មែរថាវរៈទាំង៣នាក់នោះ រួមមាន កញ្ញា អេង ម៉ាឡៃ លោក ហ៊ុន វណ្ណៈ និងលោក ស្វ័យ សំណាង បានកោរសក់នៅមុខប្រាសាទ​អង្គរវត្ត និងធ្វើដំណើរដោយថ្មើរជើង​ប្រហែល៦គីឡូម៉ែត្រ​ទៅបួងសួង​បែបសាសនា​នៅមុខព្រះអង្គចេកព្រះអង្គចម​ ខេត្តសៀម​រាប។

កញ្ញា អេង ម៉ាឡៃ ដែលទើបចេញពីពន្ធនាគារ និងកំពុងស្ថិតក្រោមការត្រួតពិនិត្យ​តាមផ្លូវតុលាការដោយសារសកម្ម​ការ​ពារ​សិទ្ធិ​មនុស្សផងនោះ បានប្រាប់ វីអូឌី ថាពួកគាត់កោរសក់រក្សាសីល៥ រយៈពេល១សប្ដាហ៍ និងធ្វើពិធីបួងសួង​បែបសាសនានេះ ដើម្បីជំរុញឱ្យមានការដោះលែងតំណាងសហជីពណាហ្គាវើលដ៍៨នាក់ និងចង់ផ្សព្វផ្សាយទៅសាធារណៈថា បញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាវិវាទការងារ​សុទ្ធ​សាធ មិនមែនបដិវត្តពណ៌​ដូចការចោទប្រកាន់របស់អាជ្ញាធរនោះឡើយ។

មួយទៀតនោះ កញ្ញា អេង ម៉ាឡៃ បន្តថា ការកោរសក់និងធ្វើពិធីបែបសាសនានេះ ជាសារមួយដាស់តឿនដល់​ពលរដ្ឋកម្ពុជា​ឱ្យហ៊ា​ន​ចេញ​ជួយ​គ្នា និងក្រោកឈរតវ៉ាប្រឆាំងការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និង​ភាពអយុត្តិធម៌​ផ្សេងៗ​នៅក្នុង​សង្គម។

កញ្ញាបន្ថែមថា៖ «យើងមើលទៅ វាអត់មានអ្វីដែលត្រូវចាប់ខ្លួនពួកគាត់ទេ ពួកគាត់ជាសហជីពការពារសិទ្ធិកម្មករដែលក្រុមហ៊ុនបានរំលោភ​លើសិទ្ធិពួកគាត់ វាអត់មានអីខុសច្បាប់ទេ។ ដោយមើលឃើញពីភាពអយុត្តិធម៌នេះ ពួកខ្ញុំចាប់ផ្ដើមធ្វើយុទ្ធនាការនេះ ដើម្បីបង្ហាញទៅដល់យុវជនហ៊ានលះបង់ដូចយើងហ៊ានក្រោកឈរ ហ៊ាន​តវ៉ាតស៊ូ​មតិ​ដូចយើង។ បើយើងក្រោកឈរទាំ​ងគ្នានឹងមានយុត្តិធម៌ឆាប់សម្រាប់សហជីពទាំង៨នាក់ហ្នឹង»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ វីអូឌី កាលពីថ្ងៃទី១០ ខែមករានេះថា ​សកម្មភាពណាមួយដើម្បីទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព៨នាក់នោះ គឺ​មិនមានប្រយោជន៍ឡើយ ពីព្រោះវាមិនមែន​ជា​ផ្លូវ​ច្បាប់។ លោកបានចាត់ទុកការធ្វើសកម្មភាពតវ៉ាណាមួយនោះថា ជាសកម្មភាពដើម្បីកេងចំណេញ​ផ្នែកនយោបាយតែប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះបន្តថា ជនជាប់ចោទត្រូវការពារខ្លួនតាមផ្លូវច្បាប់ ដោយបង្ហាញនូវភស្តុតាងឬសក្ខីកម្ម ដើម្បីដោះបន្ទុកទៅនឹងបទចោទនោះវិញ។

លោកបន្ថែមថា៖ «ប្រសិនយើងមិនមានមូលដ្ឋាន[ភស្តុតាង]ហ្នឹងរឹងមាំទេ មិនអាចធ្វើការការពារខ្លួនបានទេ។ ការធ្វើបាតុកម្ម ការធ្វើសន្និសីទកាសែត រិះគន់ទិតៀន​នេះ ជា​រូបភាពសកម្មភាពនយោបាយទេ។ ជាទិដ្ឋភាពផ្លូវច្បាប់ វាអត់មានឥទ្ធិពលផ្នែកច្បាប់ណាមួយក្នុងការការពារខ្លួនបានទេ»

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​​​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ទាំងអង្គការសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ជ្រើសរើសការធ្វើយុទ្ធនា​ការ​នានា ដើម្បីទាមទារដោះលែងថ្នាក់ដឹកនាំសហជីពទាំងនោះ​ ​ដោយសារពួកគេអស់ជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា។

លោក​បន្ត​ថា ប្រព័ន្ធ​តុលាការនៅកម្ពុជា គឺមិនទាន់មានការធានាទៅដល់ការផ្ដល់នូវសេវាយុត្តិធម៌សង្គមក្នុងការ​ដោះស្រាយវិវាទការងារនៅ​ឡើយ។ លោកថា កន្លងមក និយោជក​តែងប្រើប្រាស់ប្រព័ន្ធតុលាការនេះ​ ដើម្បី​ប្រឆាំង​សហជីព​ដែល​បាន​ការ​ពារ​សិទ្ធិ​កម្មករ។

លោកបន្ថែមថា៖ «យើងមើលឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ វាជាឧបករណ៍មួយកន្លងមកក្នុងការគំរាមកំហែងប្រឆាំងថ្នាក់ដឹកនាំសហជីពឯករាជ្យ ដែលគាត់បានប្រើប្រាស់សិទ្ធិជាតំណាងក្នុងការការពារសិទ្ធិស្របច្បាប់ទៅដល់បងប្អូនកម្មករក្នុងវិស័យការងារ។ ហើយករណីនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ វាមិនមែនជាករណីទីមួយទេ វាមានករណីជាច្រើនផ្សេងៗទៀតដែលតុលាការបានប្រើប្រាស់នូវ​ដីការក្សាការពារផ្អែក​ទៅតាមការស្នើសុំរបស់និយោជក»

គិតមកដល់ថ្ងៃទី១៨​ ខែមករា​នេះ ថ្នាក់ដឹកនាំនិងសមាជិកសហជីព៨នាក់ត្រូវបានឃុំខ្លួនរយៈពេល១៩ថ្ងៃហើយ ខណៈ​ក្រុមកូដករប្រមាណ១ ០០០នាក់បានបន្តធ្វើកូដកម្មដដែល បើទោះបីជាចំណុចដែល​ពួក​គេទាម​ទារ​នៅ​មិន​ទាន់​មាន​ការដោះស្រាយចំណុច​ណា​មួយ​ក៏ដោយ។

​កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិង​សកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវ​បាន​​តុលាការសម្រេច​​ឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា​​​៤៩៤ និង​៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេធ្វើកូដកម្មអហិង្សាទាម​ទារសិទ្ធិនិងលក្ខខណ្ឌការ​ងារ​​​​ប្រសើរនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ៕


ក្រសួងការងារណាហ្គាវើលដ៍សិទ្ធិការងារ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles