បទយកការណ៍៖ យុវតី​ការពារ​សិទ្ធិមនុស្ស​២រូប​ប្ដេជ្ញា​មិន​បោះបង់​ឆន្ទៈ ទោះ​ត្រូវ​លក់​អីវ៉ាន់​តាម​អនឡាញ​ដើម្បី​ជីវភាព

បទយកការណ៍
លោក សុត បាន and លោក ពក ខឺយ | ១៩ មករា ២០២២ | ម៉ោង ០៩:០៩
VOD

អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមមួយរូប ក្រោយចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមមួយរូប ក្រោយចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)


«ជំ​ហរខ្ញុំគឺនៅតែបន្តឈឺឆ្អាលបញ្ហាសង្គមជាតិ​ដដែល ព្រោះខ្ញុំឃើញថា បើយើង​មិន​ខ្វល់​ពី​បញ្ហាជាតិ​ខ្លួន​ទេ​នោះ គឺ​មាន​តែ​ទុក​ជាតិឱ្យសាសន៍​គេ​ខ្វល់ជំនួសយើងហើយ»

​នេះជាសម្ដីរបស់យុវតី ឈឿន ដារ៉ាវី ទោះជាខ្លួន​នៅមាន​រឿងក្ដីជាប់​នឹង​តុលាការ ហើយ​រវល់​នឹងអាជីព​លក់​អីវ៉ាន់​​តាម​អនឡាញក៏ដោយ ក៏គាត់​ថាមិនដែលគិតបោះបង់ជំហរ​ដើម្បីស្វែងរកយុត្តិធម៌សង្គមដែលស្របទៅតាមច្បាប់ជាតិ​និងអន្តរជាតិនោះទេ។

ក្រោយចេញពីពន្ធនាគារ​ក្នុងរយៈ​ពេល​២ខែមក​នេះ កញ្ញា ឈឿន ដារ៉ាវី មិន​សូវ​មានពេល​វេលាច្រើន​ក្នុង​ការ​តាម​ដាន​ព្រឹត្តិការណ៍សង្គមប៉ុន្មាននោះទេ ព្រោះរវល់លក់អីវ៉ាន់​តាម​អនឡាញ ​​ដើម្បីរកចំណូលមកផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ខ្លះ និងមួយចំណែកដើម្បី​ជួយ​សង្គម​តាម​លទ្ធភាពដែលអាចជួយបាន។

យុវតី ឈឿន ដារ៉ាវី និយាយ​ថា៖ «ខ្ញុំត្រូវខំប្រឹងរកស៊ីដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ អត់សូវមានពេលវេលាគ្រប់​គ្រាន់​ក្នុងការតាម​ដាន​មើល​ព្រឹត្តិការណ៍​អី​ដែលកើតឡើងក្នុងស្រុក ថាវាកើតឡើងនិងវិវត្ត​អីយ៉ាង​ម៉េច​ទេ! ប៉ុន្តែថ្ងៃខ្លះ​អី​ទៅ មាន​ពេល​អាច​ចូល​ឆែក​មើល​ព្រឹត្តិការណ៍​សង្គ​មអីខ្លះដែរ មិនអត់ពេកនោះទេ»។

មានស្រុក​កំណើតរស់នៅក្នុងភូមិព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កញ្ញា ឈឿន ដារ៉ាវី រៀបរាប់ថា ការ​ងារលក់​តាមអនឡាញនេះមិន​មែន​​ទើប​តែ​លក់នោះ​ទេ ដោយ​គាត់​ចាប់ផ្ដើមលក់តាំងពីមុនចូលប្រឡូកការងារសង្គមមកម្ល៉េះ។

ជាអតីត​គ្រូបង្រៀនផ្នែកគំនូរនៅសាកលវិទ្យាល័យមួយ​ក្នុងខេត្តបាត់ដំបង និងធ្លាប់ធ្វើការនៅគ្លីនិក​មួយ​​អស់រយៈពេលជិត៦ឆ្នាំ កញ្ញា​ ឈឿន ដារ៉ាវី មើលឃើញថា ការ​បម្រើ​ការ​ងារ​​​ទាំង​ពីរ​នោះធ្វើ​ឱ្យកញ្ញា​​អត់មានឱកាសជួយការងារសង្គមតាមដែលខ្លួនស្រឡាញ់​នោះ​ទេ ទើប​កញ្ញា​សម្រេច​ចិត្តឈប់ពីការងារទាំងនោះ ហើយ​​ងាក​មកលក់អនឡាញវិញ ដោយសង្ឃឹមថា មានពេលវេលាជួយសង្គម។

កញ្ញា ឈឿន ដារ៉ាវី មានអាយុ៣២ឆ្នាំ រៀនចប់ផ្នែកគំនូរនៅសាលាហ្វារពន្លឺសិល្បៈ និងមានជំនាញផ្នែកពេទ្យ​ដែលបានរៀនពីអ្នកម្ដាយរបស់ខ្លួនដែលជាពេទ្យទាហាន ខណៈ​ឪពុករបស់កញ្ញា​ជាប៉ូលិស។ យុវតីមានសម្បុរស និយាយស្ដីសំឡេងលះច្បាស់ៗរូបនេះ ធ្លាប់​ចូលរួមនៅក្នុងការងារមនុស្សធម៌ជាច្រើន​នៅតាមបណ្ដាខេត្តនានា ចូលរួមការការ​ពារ​ព្រៃឈើ ការពារ​បឹង​ធម្ម​ជាតិ រហូតទៅដល់ការចូលរួមនៅក្នុងការទាម​ទារ​ឱ្យមានការ​គោរព​សិទ្ធិ​មនុស្ស​ដែលប្រឈមមុខជាមួយអាជ្ញាធរញឹកញាប់ថែម​ទៀត។

បច្ចុប្បន្ន កញ្ញា ដារ៉ា​វី លក់ត្រីងៀតនៅតាម​អនឡាញ​ទទួលបានការគាំទ្រមួយចំនួន​ពីអតិថិជនដែលតែងតែគោរពស្រឡាញ់កន្លងមក។

កញ្ញាបន្ថែម​ថា៖ «ចំណូលខ្ញុំក្នុងមួយថ្ងៃអាចទទួលបានបួនដប់ម៉ឺនអីដែរ ប៉ុន្តែវាមិនជាប់លាប់អីទេ ថ្ងៃណាទៅ​មាន​ការកម្ម៉ង់ច្រើន ពេលខ្លះក៏តិចតួច តែមិនអត់ពេកនោះទេ ព្រោះអតិថិជនភាគច្រើនស្រឡាញ់និងគាំទ្រខ្ញុំដែរ»។

យុវតីរូបនេះឱ្យដឹងថា ស្របពេល​ដែលគា​ត់​ទទួល​បាន​កា​រ​គាំទ្រនិង​ជួយ​ទិញ​អីវ៉ាន់​ក៏ដោយ ក៏ពេលខ្លះមានការប៉ះពាល់ដល់អារម្មណ៍របស់គាត់ដែរ ដោយសារតែមានអ្នកប្រើ​ប្រាស់បណ្ដាញ​សង្គ​ម​ខ្លះរិះគន់ថា រូបគាត់យកកេរ្តិ៍ឈ្មោះល្អពីការធ្វើសកម្មជនការពារ​បរិ​ស្ថាននិង​ការពារសិទ្ធិមនុស្សមកប្រកប​របរ​លក់​ដូរ​តាម​អ​ន​ឡាញ។

និយាយដល់ចំណុចនេះ ដារ៉ាវី ហាក់មានភាពស្ទាក់ស្ទើរក្នុងការនិយាយបន្តិច ប៉ុន្តែកញ្ញា​និយា​យ​​ដោយ​​​ភាព​ជឿជាក់​ប្រាប់ទៅអ្នករិះគន់វិញ​ថា របរ​គាត់​ជារបរ​សុចរិត ហើយ​រូបគាត់​ក៏មិន​បោះបង់ការងារដើម្បីយុត្តិធម៌សង្គមដែរ។​

​ចំណែកយុវតីម្នាក់ទៀតដែលជាក្រុមការងារជាមួយកញ្ញា ឈឿន ដារ៉ាវី គឺកញ្ញា អេង ម៉ា​ឡៃ ហៅ សូ មេត្តា ដែលពួកគេទាំងពីរបំពេញការងារសង្គមប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាប់ខ្លួននិងដោះលែងវិញក្នុងពេលជាមួយគ្នាដែរនោះ​ បាន​​បញ្ជាក់​ថា ដោយសា​រ​តែ​បញ្ហាជី​វភាព រូប​គាត់ត្រូវប្រឹងប្រែងលក់អីវ៉ាន់ និងនៅតែឆ្លៀតចូលរួមសកម្ម​​​​ភាពផ្សេងៗដើម្បីប​រិស្ថាននិង​យុត្តិធម៌​សង្គម​ដដែល។​

កញ្ញា សូ មេត្តា មិន​បាន​លក់​ម្ហូបអាហារដូចកញ្ញា ឈឿន ដារ៉ាវី ទេ គឺគាត់ជ្រើសរើសលក់វត្ថុអនុស្សាវរីយ៍វិញ។​

កញ្ញា សូ មេត្តា ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
កញ្ញា សូ មេត្តា ក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

កញ្ញានិយាយថា​៖ «ចាប់តាំង​ពីចេញពីពន្ធនាគារមក ខ្ញុំក៏ដូចជាក្រុមការងារបាននាំគ្នា​ប្រកាស​លក់​អនឡាញ​ជា​របស់​អនុស្សាវរីយ៍​លោក​បណ្ឌិត [កែម ឡី] មានដូចជា បន្តោងខ្សែកលោកបណ្ឌិត [មួយតម្លៃ២៦ ០០០រៀល] អាវលោកបណ្ឌិត [អាវមួយ៣០ ០០០រៀល] ជាដើម ដើម្បីសម្រួលជីវភាព ក៏ដូចជាទុកសម្រាប់បន្តការងារសង្គមយើងផងដែរ»។

យុវតីវ័យ៣៣ឆ្នាំរូបនេះឱ្យដឹងទៀតថា រូបគាត់និងក្រុមការងារផ្សេងទៀតរងការរើសអើងពីមហាជនមួយចំនួនទាំងការទំនាក់ទំនងការងារ​និងលក់ដូរ ដោយ​សារ​តែ​ពួកគាត់​ធ្លាប់​ជាប់​ពន្ធនាគារ។​ ប៉ុន្តែកញ្ញាថា ការរើសអើងទាំងនេះមិនប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ទេ។​

កញ្ញា សូ មេត្តា បន្តថា៖ «ក្នុងនាមយើងជាអតីតអ្នកជាប់ឃុំអ៊ីចឹង ចៀសមិនផុតពីការរើសអើង និងការមិនពេញចិត្តពីសំណាក់មហាជនមួយចំនួននោះទេ​ ប៉ុន្តែយើងត្រូវតែតស៊ូ ហើយការងារដែលយើងធ្វើសព្វថ្ងៃនេះអត់មាន​អីខុសច្បាប់ផង»។

មិន​ត្រឹមតែមិនបោះបង់ការតស៊ូបន្តដោយសារតែមានការរើសអើងនោះទេ កញ្ញា សូ មេត្តា ថែមទាំងជំរុញឱ្យមហាជនចូលរួមថែមទៀត ដើម្បីយុត្តិធម៌សង្គមសម្រាប់បច្ចុប្បន្ននិងសម្រាប់មនុស្សជំនាន់ក្រោយ។​

កញ្ញាថា៖ «សង្គមដែល​អយុត្តិធម៌ គឺមិនអាចខ្វះបានទេនូ​វ​ការ​តស៊ូនិ​ង​ការលះបង់ ពិសេស​គឺ​ការរួបរួម​សាមគ្គីជាកម្លាំងក្នុងការជំរុញឱ្យមានភាពយុត្តិធម៌ទៅបាន។ យុត្តិធម៌​ក្នុង​សង្គម​នេះមិនអាចនៅស្ងៀមៗគេផ្ដល់ឱ្យយើងនោះទេ គឺមានតែការទាមទារទើបបានវាមក»។​

ខុសពីអ្នកលក់ផលិតនៅលើបណ្ដាញសង្គមផ្សេងទៀត ដែលពួកគេផ្ដោតតែលើ​ការផ្សព្វ​ផ្សាយ​ផលិតផល​របស់​ពួកគេ​តាមរូបភាពផ្សេងៗ ប៉ុន្តែ កញ្ញា ដារ៉ាវី និងកញ្ញា​ មេត្តា តែងតែចែករំលែកព័ត៌មានជាព្រឹត្តិការណ៍ផ្សេងៗនៅក្នុងសង្គមលើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​របស់ពួកគេ។

លើសពីនេះ ពួកគេក៏តែងតែប្រើប្រាស់ហ្វេសប៊ុកពួកគេក្នុងការធ្វើ​យុទ្ធនាការ​ផ្សេងៗដែរ ​ដូច​​ជា ទាមទា​រ​រកយុត្តិធម៌ដល់ករណីឃាតកម្ម​លើ​អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន និង​ការទាមទារឱ្យមានការគោរពសិទ្ធិ​តាមផ្លូវច្បាប់​ដល់អ្នក​ធ្វើការ​ងារ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍​ ជាដើម។​

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កោតសរសើរពី​សកម្មភាព​យុវតីទាំងនេះ​ ដែល​លះបង់ពេលវេលា​​ដើម្បីផលប្រយោជន៍រួម​ បើទោះជាការងារ​ទាំង​នេះ​ប្រឈម​ដល់​សុវត្ថិភាព​ពួក​គេ​ក៏​ដោយ។​

លោកស្រីថា៖ «បើយើងមើលទៅសកម្មភាព [ដែលសកម្មជនធ្វើ] មិនមែនផលប្រយោជន៍សម្រាប់តែគាត់ទេ គឺជាញឹកញយគឺដើម្បីប្រយោជន៍សហគមន៍ ដើម្បីប្រយោជន៍សង្គមជាតិទាំងមូល។ តួយ៉ាង បើយើងនិយាយពីសកម្មជនបរិស្ថាន គឺគាត់ធ្វើលើការការពារទឹកលូស្អុយ បញ្ហាចាក់ខ្យាច់ បញ្ហាលុបបឹង អីជាដើម។ សួរថាប្រយោជន៍​ហ្នឹងទៅអ្នកណា? គឺយើងទាំងគ្នាហ្នឹងហើយ! […] ក្នុងតួនាទីរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្កឱ្យមានភាពសុខដុមរមនាកម្មក្នុងសង្គម ធានាឱ្យបានការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស»។

ចំពោះការប្រឹងប្រែងលក់ដូរដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពនេះ លោកស្រី ចក់ សុភាព កត់សម្គាល់ថា ជារឿងធម្មតាដែលក្រុមយុវតីទាំងនេះ មិនធ្វើការងារពេញ​ម៉ោងឱ្យ​ស្ថាប័ន​ណាមួ​យ​ ដូច្នេះ ​ពួកគេអាចលក់ដូរឬធ្វើកិច្ចការងារផ្សេងដែលពួកគេចូលចិត្តហើយបានចំណូល។​

​កញ្ញា ស៊ឹម សុភា ជាអ្នកដែលតែងតែចូលរួមសកម្មភាពការពារបរិស្ថាន និង​សកម្មភាពលើកកម្ពស់ការគោរពសិទ្ធិមនុស្សដែរនោះ ថ្លែង​ថា រូបគាត់​បានដឹងពីសកម្មភាពរបស់កញ្ញា ដារ៉ាវី និងកញ្ញា មេត្តា ក៏ដូចជាសកម្មភាពយុវជនមួយចំនួនទៀតដែរ។ កញ្ញា សុភា បន្តថា ត្បិតគាត់មិនមែន​ជាមិត្តស្និទ្ធស្នាលជាមួយយុវតីទាំង២រូបនេះក៏ដោយ ក៏កញ្ញា​កោតសរសើរ​លើ​សកម្មភាពរ​បស់​អ្នកទាំង​នេះដែរ។​

កញ្ញានិយាយថា៖ «អ្វីដែលគាត់ធ្វើ គឺដើម្បីប្រយោជន៍រួម​ វាមិនខុសនោះទេ​! ហើយថែមទាំងជាគំរូល្អដល់ពលរដ្ឋដទៃទៀត​ ឱ្យហ៊ានចូលរួមបញ្ចេញមតិ​ តវ៉ាតាមរូបភាពផ្សេងៗ [ដោយផ្ទាល់​ឬប្រយោល)] ខ្ញុំគាំទ្រអ្វីដែលពួកគាត់បានធ្វើកន្លងមក និងកំពុងធ្វើពេលបច្ចុប្បន្ននេះ»។​

កញ្ញា សូ មេត្តា និងកញ្ញា ឈឿន ដារ៉ាវី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធការធ្វើបាតុកម្មទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។ ក្រោយមក តុលាការចោទប្រកាន់ពួកគេពីបទ «ញុះញ៉ងបង្កឱ្យមានភាពអសន្តិសុខដល់សង្គម» ដោយសម្រេច​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់មួយចំនួនទៀត។ ប៉ុន្តែអ្នក​ទាំង​២ត្រូវបានដោះលែងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​ទោស​នៅស​ល់​ត្រូវ​ព្យួរ ហើយ​ដាក់​ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

នៅក្នុងពន្ធនាគារ កញ្ញា ឈឿន ដារ៉ាវី ធ្លាប់កោរសក់ដើម្បីតវ៉ាឱ្យមានការគោរពសិទ្ធិអ្នកជាប់​ឃុំ។​ ចំណែកកញ្ញា សូ មេត្តា ធ្លាប់ដួលបាក់ជើងនៅក្នុងពន្ធនាគារ ដែលរបួសនៅតែ​បន្ត​ឈឺដល់​បច្ចុប្បន្ន ដោយកញ្ញាបញ្ជាក់ថា ពេលនោះមិនមានការព្យាបាលដិតដល់នោះទេ។​

បើទោះជាពួកគេលើកឡើងពីស្ថានភាពលំបាកសព្វបែបយ៉ាង និង​មិនមានការគោរពសិទ្ធិ​មនុស្ស​នៅក្នុងពន្ធនាគារក៏ដោយ ក៏យុវតីទាំងនេះបញ្ជាក់ថា ពួកគេមិនភ័យខ្លាចក្នុងការបន្តធ្វើកិច្ចការ​លើកកម្ពស់សិទ្ធិមនុស្ស ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម៕


សកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្ស


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles