មេធាវី​លោក កឹម សុខា រំពឹង​ថា យុត្តិធម៌​នឹង​កើត​មាន​ដល់​កូនក្ដី

ដោយ មួង ណារ៉េត
2022-01-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​លោក កឹម សុខា រំពឹង​ថា យុត្តិធម៌​នឹង​កើត​មាន​ដល់​កូនក្ដី

 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សហ​មេធាវី​ការពារ​ក្ដី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា សវនាការ​នៅ​ថ្ងៃ​ទី១៩ ខែមករា​ នឹង​នាំ​មក​នូវ​យុត្តិធម៌​ជូន​កូន​ក្ដី​របស់​ពួក​គាត់។ ថ្លែង​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សវនាការ លោក​មេធាវី ចាន់ ចេន ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា បាន​មក​ដល់​ហើយ។

លោក ចាន់ ចេន មិន​បាន​បញ្ជាក់​ថា តើ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា ដែល​មក​ដល់​ហើយ​នោះ មក​ដល់​យ៉ាង​ដូច​ម្តេច​នោះ​ទេ។ ប៉ុន្តែ​លោក​ថា សហ​មេធាវី និង​កូន​ក្តី បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ នឹង​ចូលរួម​សវនាការ​នៅ​ថ្ងៃទី១៩ ខែមករា នៅ​វេលា​ម៉ោង ៨ និង ៣០ព្រឹក បន្ទាប់​ពី​បាន​ស្នើសុំ​ជា​ច្រើន​លើក​ច្រើន​សា និង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ។

សវនាការ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​បាន​ផ្អាក​ដំណើរ​ការ​ជិត​ពីរ​ឆ្នាំ​មក​ហើយ ដោយសារ​តុលាការ​យក​លេស​ថា ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩។ សវនាការ​ចុង​ក្រោយ ធ្វើ​ឡើង​កាល​ពី​ខែមេសា ឆ្នាំ ២០២០។ ទោះ​បី​ជា​សវនាការ​ក្ដី​ទូទៅ បាន​បើក​ឡើង​វិញ​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​សំណុំរឿង​លោក កឹម សុខា នៅ​គាំង​ទ្រឹង​មួយ​កន្លែង។ សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ដាក់​ពាក្យ​សុំ​ឲ្យ​បើក​សវនាការ​ឆាប់ៗ ឡើង​វិញ​ច្រើន​ដង ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​ពន្យារ​ពេល​សវនាការ​នោះ។

ទោះ​ជា​យ៉ាង​ណា ក្រោយ​លោក កឹម សុខា និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក ចេញ​សារ​កាល​ពី​ចុង​ខែវិច្ឆិកា ឆ្នាំ ២០២១ រិះគន់​លោក សម រង្ស៊ី រួចមក ស្រាប់​តែ​តុលាការ កាល​ពី​មុន​ដាច់​ឆ្នាំ ប្រញាប់ប្រញាល់​កំណត់​ថ្ងៃ​សវនាការ​ឡើង​វិញ ដោយ​ប្រកាស​យក​ថ្ងៃ​ទី២២ ខែមករា ជា​ថ្ងៃ​ធ្វើ​បើក​សវនាការ​ឡើង​វិញ​នេះ។ ប៉ុន្តែ​ដោយ​ថ្ងៃ​នោះ​ប៉ះ​ចំ​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​អត់​ធ្វើការ ទើប​តុលាការ​បាន​ដូរ​មក​ថ្ងៃ​ទី១៩ ខែមករា​វិញ។

លោក កឹម សុខា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​កម្រោល នៅ​រំលង​អាធ្រាត្រ ចូល​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ ២០១៧ តែ​ប៉ុន្មាន​ខែ​មុន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ត្រូវ​តុលាការ​ចោទ​ពី​បទ​ក្បត់ជាតិ ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ តុលាការ​បាន​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​គុក​ត្រពាំង​ផ្លុង ជាប់​ព្រំដែន​វៀតណាម ជាង​មួយ​ឆ្នាំ។ ក្រោយ​មក តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន អាជ្ញាធរ​បាន​យក​លោក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជាង​មួយ​ឆ្នាំ​ទៀត ទើប​តុលាការ​ដក​បម្រាម​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ចេញ​ខ្លះ ប៉ុន្តែ ហាម​ធ្វើ​សកម្មភាព​នយោបាយ និង​ចេញ​ទៅ​ក្រៅ​ប្រទេស។

អ្វីដែល​តុលាការ​យក​ជា​សម្អាង ក្នុង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា គឺ​សម្ដី​លោក កឹម សុខា ដែល​ថ្លែង​ក្នុង​វេទិកា​សាធារណៈ នៅ​ប្រទេស​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ២០១៣។ កាល​ណោះ​លោក កឹម សុខា មាន​ឋានៈ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ជា​ប្រធាន​បក្ស​នេះ។

ទោះជាយ៉ាងនេះក្ដី តុលាការ​មិន​បាន​កោះហៅ​លោក សម រង្ស៊ី ដើម្បី​ចូល​បំភ្លឺ​រឿង​នេះ​ដែរ​នោះ​ឡើយ។ លោក សម រង្ស៊ី ចាត់​ទុក​ការ​មិន​កោះ​ហៅ​លោក​ឲ្យ​ចូល​បំភ្លឺ​នេះ​ថា ជា​រឿង​មិន​ប្រក្រតី​មួយ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៧ ខែមករា​ថា លោក​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ទៅ​បំភ្លឺ​រឿង​នេះ និង​ថា បើ​អាជ្ញាធរ​ពិត​ជា​ចង់​ចោទ​ប្រកាន់​ក្នុង​រឿង​នេះ គួរ​ចោទ​ប្រកាន់​រូប​លោក​វិញ​ទើប​ត្រូវ ព្រោះ​លោក​ថា លោក​ដឹង​រឿង និង​ធ្វើ​លើស​លោក កឹម សុខា រាប់​រយ​ដង​ឯ​ណោះ ហេតុ​អ្វី​មិន​កាត់​ទោស​លោក ជំនួស​លោក កឹម សុខា វិញ៖ «អ្វី​ដែល​លោក កឹម សុខា និយាយ​នោះ ខ្ញុំ​បាន​ដឹង​ទាំង​អស់ និង​ធ្វើ​លើស​ពី​លោក កឹម សុខា ១០០ ដង។ រឿង​ទាក់ទង​ជា​មួយ​បរទេស NDI, IRI រដ្ឋាភិបាល រដ្ឋសភា​ ប្រទេស​ទាំង​ប៉ុន្មាន​សភា​អឺរ៉ុប លោក កឹម សុខា ដឹង​រឿង​តិច​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់។ លោក កឹម សុខា មិន​បាន​ចេញ​ក្រៅ ទំនាក់ទំនង​អន្តរជាតិ​ច្រើន​ដូច​ខ្ញុំ​ទេ។ ខ្ញុំ​ជា​ប្រធាន។ តុលាការ​ហ្នឹង​បើ​និយាយ​មើល​ទៅ គឺ​ចម្លែក​មែនទែនបើ​លោក កឹម សុខា ប្រព្រឹត្ត​បទ​ល្មើស​មែនទែន។ ឧបមា​សម្លាប់​គេ​ ធ្វើ​អ្វី​ឆ្គង​មែនទែន​ អ្នក​ដែល​គេ​ត្រូវ​សួរ​ ច្បាស់​ណាស់​គេ​ត្រូវ​ចាប់​លោក កឹម សុខា ប៉ុន្តែ​គេ​ត្រូវ​សួរ​ប្រមូល​ភស្តុតាង​ ប្រមូល​សាក្សី​គឺ​សួរ​ខ្ញុំ ព្រោះ​លោក​ កឹម សុខា ជា​អនុ​ប្រធាន ខ្ញុំ​ជា​ប្រធាន។ បើ​អនុប្រធាន​ធ្វើអ្វី​ខុស គេ​ត្រូវ​ហៅ​ប្រធាន​មក​សួរ ថា​អនុប្រធាន​អ្នក​ឯង​ហ្នឹង​បាន​ធ្វើ​នេះ​ធ្វើ​នោះ តើ​អ្នក​ឯង​ដឹង​រឿង​ហ្នឹង​ទេអ្នកឯង​មាន​ចូល​ដៃ​ជាមួយ​អនុប្រធាន​ឬ​ទេ? ដូច​ថា​នៅ​ក្នុង​គ្រួសារ​អី​ណា​មួយ បើ​អ្នក​ណា​ធ្វើ​អ្វី​ខុស​មួយ គេ​សួរ​ក្នុង​ចំណោម​គ្រួសារ​ ជាពិសេស​គេ​សួរ​ម៉ែឪ ថា​តើ​ម៉េច​កូន​អ្នក​ឯង​ទៅ​វាយ​ដំ​អ្នក​ណា កូន​អ្នក​ឯង​ទៅ​លួច ទៅ​សម្លាប់​អី​អ្នក​ណា គេ​សួរ​ម៉ែឪ និង​ក្រុម​គ្រួសារ។ ចុះ​នេះ​ខ្ញុំ​ជា​ប្រធាន កឹម សុខា អនុប្រធាន ម៉េច​ក៏​មិន​សួរ​ខ្ញុំ​ផង បើ​អនុប្រធាន​បាន​ធ្វើ​រឿង​អ្វី ហើយ​រឿង​ហ្នឹង គឺ​ជា​រឿង​នយោបាយ​ រឿង​គណបក្ស បើ​អ្នក​ទទួល​ខុស​ត្រូវ​ហ្នឹង គឺ​គណបក្ស​ទាំង​មូល ហើយ​អ្នកទទួលខុសត្រូវ​មុន​គេ​ហ្នឹង គឺ​ប្រធាន មិនមែន​អនុប្រធាន​ទេ។ ដូច្នេះ​ស្ងាត់​មិន​មក​សួរ​ខ្ញុំ តើ​កាត់​ទោស​លោក កឹម សុខា តែឯង​បែប​នេះ​វា​ឆ្គង ឆ្គង​មែនទែន ដោយសារ​មាន​ចន្លោះ​ធំ​ណាស់ មិន​ហៅ​ខ្ញុំ​ទៅ​សួរ​នាំ។ ដូច្នេះ​បាន​ខ្ញុំ​ប្រាប់​ថា ឥឡូវ​ខ្ញុំ​ស្ម័គ្រ​ចិត្ត ខ្ញុំ​ទៅ​ឆ្លើយ​ចំពោះ​លោក កឹម សុខា។ លោក កឹម សុខា ដឹង​រឿង​តិច​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់។ ខ្ញុំ​ចាំ​តែ​លាតត្រដាង​ ចាំ​ឲ្យ​គេ​សួរ

វិទ្យុអាស៊ីសេរី បានព្យាយាមសុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ក្រុងភ្នំពេញ លោក អ៊ី រិន្ទ អំពី​សារ​របស់​លោក សម រង្ស៊ី ដែល​សុំ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើន​លើក លោក​មិន​ទទួល នៅ​ថ្ងៃ​ទី១៨ ខែមករា។

ស្រប​ពេល​ដែល​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មាន​សង្ឃឹម​ថា នឹង​មាន​យុត្តិធម៌​សម្រាប់​លោក កឹម សុខា នៅ​ក្នុង​សវនាការ​ព្រឹក​ស្អែក​នេះ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ឯ​ណោះ​វិញ លោក​ថា សវនាការ​ថ្ងៃ​ទី១៩ ខែមករា ពុំ​មាន​សេចក្ដី​សម្រេច​អ្វី​ធំ​ដុំ​នោះ​ឡើយ។ លោក​ថា វិធានការ​ច្បាប់​នេះ គឺ​គ្រាន់​តែ​ជា​លេស​ដែល​ក្រុម​លោក ហ៊ុន សែន នៅ​តែ​ប្រើ ដើម្បី​អូស​ស្ថានការណ៍ ឲ្យ​វិវត្ត​តាម​ល្បែង​បន្លាយ​ពេល បន្តខ្ទប់​សិទ្ធិ​នយោបាយ​លោក កឹម សុខា តែ​ប៉ុណ្ណោះ។ លោក​ថា នឹង​អាច​មាន​ការ​បន្ធូរ​ជើង​បន្ថែម​ទៀត​ដល់​លោក កឹម សុខា លុះត្រាតែ​លោក កឹម សុខា បង្ហាញ​សញ្ញា​ផ្ទេរ​ការងារ​ដល់​អ្នក​ជំនាន់​ថ្មី៕

What Next?

Recent Articles

One Response to "មេធាវី​លោក កឹម សុខា រំពឹង​ថា យុត្តិធម៌​នឹង​កើត​មាន​ដល់​កូនក្ដី"

  1. Anonymous says:

    OK…….. dream on Cambodian over sea will not care about you any more . I remembers what you said Mr HUN SEN can not buy you never scare and HUN SEN can not breaking a pert but right now HUN SEN break all you guy one million parts . please do not worry we can do it without you