តុលាការ និងច្បាប់, នយោបាយ, ព័ត៌មានជាតិ
លោក សេង ថៃ | ១៩ មករា ២០២២ | ម៉ោង ១៨:២១
VOD

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទាំងឡាយទៅលើរូបលោក ដើម្បីជាជំហានមួយទៅរកការផ្សះផ្សាជាតិពិតប្រាកដ ខណៈអ្នកវិភាគថា តុលាការនឹងកាត់ក្ដីឱ្យលោក កឹម សុខា មានទោសជាមុនសិន មុនមានការលើកលែងទោស។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក មុនចេញទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមករានេះ លោក កឹម សុខា បានថ្លែងដោយទឹកមុខញញឹមនិងក្ដីរំពឹងថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់លើរូបលោក នៅក្នុងសំណុំរឿងដែលតុលាការលើកយកមកជំនុំជម្រះបន្តទៀតនេះ។ លោកបន្តថា សំណុំរឿងរបស់លោកល្មមដល់ពេលបញ្ចប់ហើយ ហើយការបញ្ចប់រឿងក្ដីនេះ គឺជាជំហានមួយឆ្ពោះទៅកាន់ការផ្សះផ្សាជាតិ និងឯកភាពជាតិពិតប្រាកដមួយ។
លោក កឹម សុខា ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះតុលាការនឹងសម្រេចទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីកម្ពុជាយើងបោះជំហានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើងមានសាមគ្គីជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាតទៅទៀត»។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ថាតើលោកមានគម្រោងទៅចូលរួមជាមួយគណបក្សនយោបាយណាមួយ ប្រសិនបើទទួលបានការលើកលែងការចោទប្រកាន់តាមផ្លូវតុលាការនោះ? លោក កឹម សុខា នៅមិនទាន់មានចម្លើយយ៉ាងណានៅឡើយទេ ត្បិតអ្វីដែលលោកចង់បាន គឺលោកមិនទាន់ទទួលបាននៅឡើយ។
លោកថា៖ «ដូចខ្ញុំបានជម្រាបអ៊ីចឹង ខ្ញុំទន្ទឹងរង់ចាំយូរហើយ [សវនាការ] ប៉ុន្តែដោយសារខ្ញុំគោរពនូវវិធានការសុខាភិបាល អ៊ីចឹងហើយខ្ញុំទ្រាំ! ហើយឥលូវនេះដល់ពេលវេលាល្មមសមរម្យ ឬវាហួសហើយ ក៏ប៉ុន្តែការមកដល់នៃសវនាការនេះជាការប្រាថ្នាចង់បានរបស់ខ្ញុំ ដើម្បីបញ្ចប់កិច្ចការទាំងអស់នេះ»។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬត្រូវរ៉ូវជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលភស្តុតាងនោះយកចេញពីការថ្លែងរបស់លោកក្នុងវេទិកាមួយនៅក្រៅប្រទេស ជុំវិញការកសាងសមត្ថភាពរបស់ពលរដ្ឋនៅមូលដ្ឋានអំពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានថ្លែងថា ការអំពាវនាវរបស់លោក កឹម សុខា នេះ គឺគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់គាត់ ដើម្បីចង់ទទួលបានការរួចផុតពីការចោទប្រកាន់របស់តុលាការតែប៉ុណ្ណោះ។ លោកបន្តថា ការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើឆន្ទានុសិទ្ធរបស់តុលាការ។
លោកថា៖ «និយាយរួម ជាគំនិត ជាឆន្ទៈដូចគ្នាទេ ក៏ប៉ុន្តែវានៅត្រង់ថាការធ្វើវាដូចឆន្ទៈដូចគំនិតដែរឬអត់! អាហ្នឹងរឿងតែប៉ុណ្ណឹង! ហើយខ្ញុំយល់ថា បើប្រសិនណាជាមានគំនិតហ្នឹងតាំងពីដើមមក អាហ្នឹងវាអត់មានបញ្ហាអីពាក់ព័ន្ធផ្លូវតុលាការទេ ទោះបីថាគាត់ជាអ្នកនយោបាយក៏ពិតមែន តែអ្នកនយោបាយមិនអាចរំលងបាននូវការអនុវត្តគោលការណ៍ច្បាប់ទេ កាលណាតែធ្វើនយោបាយរំលោភច្បាប់ វាចូលទៅក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែដើមខែកញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។ ប្រមាណមួយឆ្នាំក្រោយមក លោកត្រូវបានប្ដូរមកឃុំខ្លួននៅគេហដ្ឋានរបស់លោកវិញ ក្នុងរាជធានីភ្នំពេញ ក្រោមហេតុផលសុខភាពរបស់លោកផ្ទាល់។
មកដល់ពេលបច្ចុប្បន្ន លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ ទោះបីជានៅចុងឆ្នាំ២០១៩ តុលាការបានផ្ដល់សេរីភាពឱ្យលោកច្រើនបន្តិចក្ដី ប៉ុន្តែមេបក្សប្រឆាំងដែលតុលាការរំលាយរូបនេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ដោយសិទ្ធិធ្វើនយោបាយនិងសិទ្ធិចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់ទាំងស្រុង។
អ្នកវិភាគនយោបាយ បណ្ឌិត សេង សារី បានលើកឡើងពីសេណារីយ៉ូមួយដែលផ្ដល់លទ្ធភាពឱ្យលោក កឹម សុខា អាចវិលមកធ្វើនយោបាយឡើងវិញបាន នោះគឺតុលាការនឹងកាត់ទោសលោក កឹម សុខា ឱ្យមានទោស បន្ទាប់មកនាយករដ្ឋមន្ត្រីនឹងស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោស។
លោកថា៖ «ខ្ញុំមានសុទិដ្ឋិនិយមចំពោះដំណើរការកាត់ទោសរបស់លោក កឹម សុខា ហើយខ្ញុំសង្ឃឹមថា គាត់នឹងមានសេរីភាពពេញលេញតាមមធ្យោបាយបែបណាក៏ដោយ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា ប្រហែលជាគាត់ត្រូវមានទោសសិន ហើយនឹងអាចមានការលើកលែងទោសពីព្រះមហាក្សត្រ ជាជាងការលើកលែងទោសឬទម្លាក់បទចោទដោយផ្ទាល់ពីតុលាការ ដែលវាអាចធ្វើឱ្យមានភាពរសេមរសាមជាមួយរឿងគណបក្សសង្គ្រោះជាតិ និងការយកតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រ»។
តុលាការរាជធានីភ្នំពេញ បានបន្តបើកសវនាការរឿងក្ដីលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករានេះឡើងវិញ បន្ទាប់ពីខកខានសវនាការអស់រយៈពេលជិត២ឆ្នាំ ក្រោមហេតុផលវិបត្តិនៃជំងឺកូវីដ-១៩៕
កឹម សុខា, សាលាដំបូងរាជធានីភ្នំពេញ, អតីតគណបក្សសង្គ្រោះជាតិ, អតីតបក្សប្រឆាំង
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ឆ្កែគឺឆ្កែ កឹមសុខា កុំយល់បែប
ច្រឡំបល់ឲ្យសោះ !
***
បេីខ្លួនជាខ្មែរ កុំធ្វេីជាឆ្កែ
បំរេីបរទេស យកអំណាចគេ
សំញ៉ែងឫកខ្ពស់ ធ្វេីដូចអែងណាស់
គ្មានអ្នកណាដល់ ។
បរទេសៗគឺជាគេ
មិនមែនខ្មែរទេស្តាប់ឲ្យច្បាស់
ខ្មែរមានច្បាប់ខ្មែរកុំគឹតហួស
បរទេសចូលទាស់មិនបានទេ។
ខ្មែរមានអធិបតេយ្យ មានរាស្ត្រទឹកដី
ដូចជាតិគេដែរ គេមានច្បាប់គេ
ខ្មែរមានច្បាប់ខ្មែរ កុំគឹតតាប៉ែ
នាំហែររឿងធំ ។
កុំយកទ្រឺស្តីឆ្កែមានម្ចាស់
យកមកប្រេីប្រាស់សំញ៉ែងគេ
ឆ្កែគឺជាឆ្កែមិនម្ចាស់ទេ
ឆ្កែម្ចាស់ខុសគ្នាកុំភ្លេីហួស ។
យល់ទេលោកខា ឈប់រៀនភ្លីភ្លេី
ដេីរខុសមាគា៌ យកទូតបរទេស
មកបន្លាចខ្មែរ អាងហ្នឹងខុសទេ
ឆ្កែខុសគឺឆ្កែ ៕