លោក កឹម សុខា សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ប្រកាន់​​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ

នយោបាយព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ១៩ មករា ២០២២ | ម៉ោង ០៨:៤៥
VOD

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)


ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយលោក កឹម សុខា បានបង្ហាញសុទិដ្ឋិនិយម​នៅមុន​ពេល​សវនាការ​ចូលមក​ដល់ ដោយ​សង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើរូបលោក ដើម្បីជាជំហានមួយទៅរក​ការផ្សះផ្សាជាតិពិតប្រាកដ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក មុនចេញទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ​​ពុធ ទី​១៩ ខែមករានេះ លោក កឹម សុខា បានថ្លែងដោយ​ទឹកមុខញញឹម និងក្តីរំពឹង​​​​​ថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់លើរូបគាត់ នៅ​ក្នុង​សំណុំរឿង​​ដែល​តុលាការ​​លើក​​យក​មក​ជំនុំជម្រះបន្ត​ទៀត​នេះ។ លោកបន្ត​ថា សំណុំរឿងរបស់លោកល្មម​ដល់​ពេលបញ្ចប់ ដោយ​​​ការបញ្ចប់រឿងក្តី​នេះ ក៏ជាជំហានមួយទៅកាន់​ការ​ផ្សះផ្សា​ជាតិ និងឯកភាពជាតិពិតប្រាកដផងដែរ។

លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែដើមខែ​កញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។  ប្រមាណមួយឆ្នាំក្រោយមក លោកត្រូវបានប្តូរមកឃុំខ្លួននៅគេហដ្ឋានរបស់លោកវិញ ក្នុង​រាជធានីភ្នំពេញ ក្រោមហេតុផលសុខភាពរបស់លោកផ្ទាល់។  

លោកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬ​ត្រូវរ៉ូវជាមួយបរទេស ចង់​ផ្តួល​រំលំរដ្ឋាភិបាល ដែលភស្តុតាងនោះយកពីការថ្លែងរបស់លោកក្នុងវេទិកាមួយនៅក្រៅប្រទេស ជុំវិញការកសាងសមត្ថភាពរបស់ពលរដ្ឋនៅមូលដ្ឋានអំពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ​​។

មកដល់ពេលបច្ចុប្បន្ន ​លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង ៤ឆ្នាំមក​ហើយ ​ទោះ​បីជា​នៅ​ចុង​ឆ្នាំ២០១៩ តុលាការបានផ្តល់សេរីភាពឱ្យលោកច្រើនបន្តិចក្តី ប៉ុន្តែមេបក្សប្រឆាំងដែលតុលាការរំលាយរូប​នេះ ត្រូវ​ដាក់ស្ថិតក្រោមការឃ្លាំមើល ដោយសិទ្ធិធ្វើនយោបាយ និងសិទ្ធិចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់​ទាំងស្រុង។ ​

តុលាការរាជធានីភ្នំពេញ​ បានបន្តបើកសវនាការរឿងក្តីលោក កឹម សុខា ​នៅថ្ងៃទី១៩ ខែមករានេះឡើងវិញ បន្ទាប់ពីខកខានសវនាការអស់រយៈពេលជិត ២ឆ្នាំ ក្រោមហេតុផលវិបត្តិនៃជំងឺកូវីដ-១៩៕


កឹម សុខាសាលាដំបូងរាជធានីភ្នំពេញ


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក កឹម សុខា សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ប្រកាន់​​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ"

  1. Anonymous says:

    WELL … that good are you sour ?? my question to you is will HUN SEN be that good for any one .remembers that ugly evil monster wanted to threaten CPP members his bad word toward SAM RANSY but the meaning was threatening to every one in his party . I knew this is the ugly evil monster dictator of Cambodia this day. I also knew his time is running out this evil will going hell soon .