សមាជិក​​​​ខ្មែរ​ថាវរៈ ៣​នាក់ កោរ​សក់​​​បន់ស្រន់​ឲ្យ​មាន​ការ​​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ ណាហ្គា វើលដ៏

ដោយ មួង ណារ៉េត
2022-01-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​​​​ខ្មែរ​ថាវរៈ ៣​នាក់ កោរ​សក់​​​បន់ស្រន់​ឲ្យ​មាន​ការ​​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ ណាហ្គា វើលដ៏

លោក ហ៊ុន វណ្ណៈ យុវជន​ខ្មែរថាវរៈម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​បាន​កោរសក់​នៅមុខ​ប្រាសាទ​អង្គរវត្ត​ខេត្តសៀមរាប​កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីបួងសួង​សុំឱ្យ​មានការ​ដោះលែងថ្នាក់​ដឹកនាំ​សហជីពណាហ្គាវើលដ៍ ៨ នាក់។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


សមាជិកខ្មែរថាវរៈ ៣នាក់ កោរសក់បន់ស្រន់ឲ្យមានការដោះលែងបុគ្គលិកណាហ្គាវើលដ៍


សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ចំនួន​ ៣​នាក់ បាន​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​​​​រក្សា​​សីល ​​៥ ​តាំង​ចិត្ត​បួង​សួង​ឲ្យ​​អាជ្ញាធរ​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏​ (Naga World)​ ​ចំនួន ​៨ ​នាក់ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រីសង្គម​ស៊ីវិលយល់ថា យុវជន​​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​​​​សម្ដែង​មតិ និង​ការ​តវ៉ា​ តាម​បែប​សាសនា​​។

សមាជិក​ខ្មែរ​ថាវរៈទាំង​៣នាក់ គឺ​កញ្ញា អេង ម៉ាឡៃ ហៅ​ សូ មេត្តា យុវជន​ ហ៊ុន វណ្ណៈ និង​យុវជន ស្វាយ​ សំណាង។ ពួកគេ​ទាំង​៣​នាក់​រំពឹង​ថា ការ​​កោរ​សក់​បួងសួង​នេះ នឹង​​អាច​អន្ទង​​ដល់​បុព្វបុរស​ខ្មែរ​​គ្រប់​ជំនាន់​ ឲ្យ​ជួយ​បន្ទន់​ចិត្ត​​​​សមត្ថកិច្ច និង​តុលា​ការ​​ឱ្យបញ្ឈប់​ការ​​ចាប់​ខ្លួន​ ​ហើយ​​ដោះលែង​​សហជីព និង​​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើសដ៏ រួម​ទាំង​រក​ដំណោះស្រាយ​​ការងារ​សម្រាប់​បុគ្គលិក​ផ្សេង​ទៀត។

កញ្ញា សូ មេត្តា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៨ ខែមករាថា ក្រោយ​ពី​នាំ​គ្នា​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​រួច ក្រុម​យុវជន​ទាំង​៣ បាន​​ដើរ​​ដោះ​ស្បែង​ជើង​ និង​​កាន់​ផ្កា​ឈូក​​ស្មឹងស្មាត​ទៅ​បែរ​បន់​នៅ​ទីសក្ការៈ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម។ ក្នុង​ការ​ដើរ​នេះ មាន​អាជ្ញា​ធរ​ក្រុង​សៀមរាប​ច្រើន​ក្រុម​ បាន​មក​ស្ទាក់សួរ​​ពី​ដំណើរ​របស់​យុវជន​ទាំង​៣នាក់​ ដោយ​សារ​ឃើញ​សកម្មភាព​កោរ​សក់ និង​មាន​ពាក់​អាវ​រូប​បណ្ឌិត​កែម ឡី។

ប៉ុន្តែអាជ្ញាធរ​មិន​បាន​ប្រើ​ហិង្សា​លើ​ពួកគាត់​​នោះទេ ដោយគ្រាន់តែ​​បាន​ស្រែក​​សម្លុត​​ និង​​ចោទ​សួរ​​ថា តើ​ពួកគាត់​ចង់​​​ញុះញង់​អ្វី​ទៀត​ហើយ? បន្ថែមពេីនេះអាជ្ញាធរ​​ក៏​​បាន​​​សួរ​រក​​ព្រះ​ភ័ក្រ​ព្រះ​សង្ឃ​​អង្គ​ណា ដែល​​បាន​កោរ​សក់​ឲ្យ​យុវជន​ទាំង​៣​នាក់​នេះ​ដែរ​។​ យុវជន​ទាំង​៣​នាក់ បាន​ព្យាយាម​ពន្យល់​ប្រាប់​អាជ្ញាធរ​​​វិញ​ថា ពួកគេ​​ធ្វើ​សកម្ម​ភាព​តាម​ជំនឿ​សាសនា ដើម្បី​​តាំង​ចិត្ត​រក្សា​សីល​៥ និង​បែរ​បន់​​​​តែ​ប៉ុណ្ណោះ។ យុវជន​ខ្មែរ​ថាវរៈ​ទាំង​៣នាក់ បាន​បន្ត​ដំណើរ​រហូត​ដល់​ទី​សក្ការៈ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​។​​

កញ្ញា សូ មេត្តា បញ្ជាក់​ថា ការ​ដែល​ពួកគាត់​​នាំ​គ្នា​​កោរ​សក់ និង​ធ្វើ​ពិធី​សាសនា​​​នេះ ​ព្រោះ​តែ​ចង់​​ប្រាប់​ថា​ ការ​ចាប់ថ្នាក់ដឹកនាំ​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ ​​ដាក់​​ពន្ធនាគារ​​ទាំង​គ្មាន​កំហុស គឺជា​ការ​បង្កើត​ភាព​ឈឺ​ចាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ក្រៅពី​នេះ យុវជន​ទាំង​៣​នាក់ ក៏​​បាន​បួងសួង​​សុំ​សេចក្ដី​សុខ​ជូនដល់​ពលរដ្ឋ​​ស្លូត​ត្រង់​ដែរ៖ «ដោយសារ​ពួក​ខ្ញុំ​ធ្លាប់​ជាប់​ពន្ធនាគារ។ នៅ​ពន្ធនាគារ​គឺ​វា​វេទនា​ណាស់។ វេទនា​មែនទែន។ ពួក​ខ្ញុំ​ឃើញ​អ៊ីចឹង!​​ បាន​ពួក​ខ្ញុំ​ជ្រើស​រើស​យក​កម្មវិធី​​បួង​សួង​ឧទ្ទិស​ និង​បង្ហាញ​សារ​មួយ​ទៀត​​ គឺ​ចង់​ដាស់​សតិ​ប្រជា​ពលរដ្ឋ​ឲ្យ​​ចេះ​ស្រលាញ់​គ្នា សាមគ្គី​គ្នា ​ចេះ​ជួយ​គ្នា ​រក​ដំណោះស្រាយ​ជូន​បុគ្គលិក​ណាហ្គា​វើលដ៏ និង​សហជីព​ ដែល​ជាប់​ពន្ធនាគារ​»។

ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​​នេះ​ យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ​​​នឹង​មិន​ធ្វើ​សកម្មភាព​អ្វី​ទៀត​ទេ ដោយ​ពួកគេនឹង​​តាំង​ចិត្ត​​ស្មឹងស្មាត​​​រក្សា​សីល​៥​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ប៉ុន្តែ​នៅ​ពេលផុត​​១​សប្ដាហ៍​​​ អាជ្ញាធរ និង​តុលាការ​ នៅ​តែ​មិន​ព្រម​ដោះលែង​សហជីព​ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​​ទៀត ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នឹង​បន្ត​សកម្មភាព​​ទាមទារ​រកយុត្តិធម៌ជូនដល់សហជីពទាំងនោះបន្ត​ទៀត។

ជុំវិញ​ករណី​​​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អភិបាល​រង​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាបលោក​ លី សំរិទ្ធិ និង​​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែមករា។

ពាក់ព័ន្ធ​​ករណី​នេះ​​ដែរ​ ​​​​​​​​​​​​​​​​​​​​​សង្គម​ស៊ីវិលបញ្ជាក់​ថា ពលរដ្ឋ​មាន​សិទ្ធិ​​ក្នុង​ការ​ជឿ​ជំនឿ​សាសនា​នានា ដើម្បី​បែរ​បន់​សុំ​​សេចក្ដី​សុខ​ ហើយ​សកម្មភាព​​ជំនឿ​ទាំង​នេះ មិន​គួរ​ក្លាយ​ជា​រឿង​​​ដែល​ត្រូវ​យក​មក​លាប​ពណ៏​ចោទ​ប្រកាន់​ឡើយ។

​​​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូលោក អំ សំអាត សង្កេត​ឃើញ​ថា ទាំង​សង្គម​ស៊ីវិល សហជីព និង​ក្រុម​យុវជន សុទ្ធ​តែ​​កំពុង​ធ្វើ​សកម្ម​ភាព​​រួម និង​ផ្សេង​គ្នា ក្នុង​ទិសដៅ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​​​ណាហ្គា​វើលដ៏​ ដោយសារ​ពួកគេ​យល់​ថា ​​ការ​ចាប់​​នេះ​​​​​គឺ​អយុត្តិ​ធម៌​។ លោក​បន្ត​ថា សកម្មភាព​​សម្ដែង​មតិ និង​តវ៉ា​ តាម​បែប​សាសនា​នេះ ជា​សេរីភាព​របស់​យុវជន៖ «ការ​ជឿជាក់​បែរ​បន់​ជំនឿ​បែប​សាសនា​ផ្សេងៗ។ អ៊ីចឹង​!​អ្វី​ដែល​គាត់​កោរ​សក់ បួងសួង​​នេះ គឺ​គាត់​រំពឹង​ថា អាច​​ជួយ​ឲ្យ​អ្នក​ទាំង​៨​នាក់​ហ្នឹង ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព ហើយ​​នឹង​ចូលរួម​នៅ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​(បញ្ហា)​​ណាហ្គាវើលដ៏ ដើម្បី​បញ្ចប់​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ជាមួយ​បុគ្គលិក​ណាហ្គាវើលដ៏​ហ្នឹង»។

គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមករា តុលាការ​បាន​ឃុំ​ខ្លួន​មេដឹក​នាំ​សហជីព​ និង​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​​ណាហ្គាវើលដ៍​ ចំនួន​៨​នាក់​ ​​ឃុំ​បណ្ដោះ​អាសន្ន​​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ រយៈ​ពេល​​ ១៨ ​ថ្ងៃ​ហើយ។ តុលាការ​​បាន​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារ​​សកម្មភាព​ទាមទារ​​ឲ្យ​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៏ ទទួល​យក​បុគ្គលិក​​ជាង​បី​រយ​ (៣០០) ​នាក់​ចូល​ធ្វើ​ការ និង​ត្រូវ​​គោរព​តាម​ច្បាប់​ការងារ​។ មក​ដល់​ពេល​នេះ បុគ្គលិក​​ជា​ច្រើន​នៃ​ក្រុមហ៊ុន​នេះ កំពុង​បន្ត​សកម្ម​ភាព​តវ៉ា​ដដែល៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles