ពលរដ្ឋ​នៅ​ឧត្ដរមានជ័យ​ចោទ​អាជ្ញាធរ​និង​ទាហាន​ថា​រំលោភ​យក​ដី​ពួកគេ

បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២០ មករា ២០២២ | ម៉ោង ១៦:១៩
VOD

សកម្មភាពប្រជាពលរដ្ឋតវ៉ាការឈូសឆាយដីចម្ការនិងដីលំនៅឋានដោយក្រុមយោធា ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

សកម្មភាពប្រជាពលរដ្ឋតវ៉ាការឈូសឆាយដីចម្ការនិងដីលំនៅឋានដោយក្រុមយោធា ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)


ពលរដ្ឋជាង២០០គ្រួសារ រស់​​នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ចោទអាជ្ញាធរនិងទាហាននៅខេត្តនេះ​ថា បាន​រំលោភយក​ដីធ្លី​របស់​ពួកគេដែលបាន​កាន់​កាប់និង​អាស្រ័យផលជិត៣០ឆ្នាំ ប៉ុន្តែអាជ្ញាធរបានច្រានកាលការចោទប្រកាន់នេះ។

លោក ផៃ ស្វែ ជាប្រជា​ពលរដ្ឋ​​រស់នៅឃុំចុងកាល់ ស្រុកចុងកាល់ ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ពលរ​ដ្ឋជាង២០០គ្រួសារ ក្នុងភូមិចំនួន៤ នៃឃុំចុងកាល់ ដែលមានដីប្រហែល៥០០ហិកតា ត្រូវបានអាជ្ញាធរស្រុក និងទាហានប្រតិបត្តិការ​សឹក​រង​ស្រុក​ចុង​កាល់ ដាក់គ្រឿងចក្រឈូសយកជាបន្តបន្ទាប់ ខណៈដីនោះពួកគាត់បានចូលអាស្រ័យផលនិងកាន់កាប់តាំងពីឆ្នាំ១៩៩៣។ លោកថា កាលពីថ្ងៃម្សិលមិញ ​ក្រុម​ទាហានទាំងនោះ​​បានដាក់គ្រឿងចក្រឈូសឆាយ​ដីធ្លី​ពួក​គាត់​ម្ដងទៀត ប៉ុន្តែត្រូវប្រជាពលរដ្ឋរារាំង។

បុរសវ័យ៥៥ឆ្នាំរូបនេះបន្តថា ជម្លោះដីធ្លីបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានស្ងាត់ទៅវិញមួយ​រយៈ ហើយ​​ទើបផ្ទុះ​ឡើង​វិញ​​នៅដើមឆ្នាំ២០២២នេះ។

លោកបន្ថែមថា៖ «គេអះអាងថា ដីដែលយើងអាស្រ័យផលនោះជាដីរដ្ឋ ប៉ុន្តែដីនេះជាដីធ្លីប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីឆ្នាំ១៩៩៣មក។ ដំណោះស្រាយ គឺយើងចង់ឱ្យគេចេញជាប្លង់កម្មសិទ្ធិច្បាស់លាស់ឱ្យយើង បញ្ឈប់ការធ្វើទុក្ខបុកម្នេញ​យើង ទុកឱ្យយើងរស់នៅបានសុខសាន្តបានតទៅមុខទៀត។ រាល់ថ្ងៃនេះ វាយកអាអិចមកកាយកន្លែងនេះកន្លែងនោះ ធ្វើឱ្យយើងលំបាកដោយសារតែវារហូត»

លោក ថុង សាលី អាយុ៧២ឆ្នាំ ជាពលរដ្ឋម្នាក់ទៀត និយាយថា គ្រួសារលោកមានដីទំហំ៥ហិកតាប៉ុណ្ណោះសម្រាប់ធ្វើស្រែនិងដាំដំឡូងចិញ្ចឹមសមាជិកគ្រួសារ៧នាក់។ លោកថា ប្រសិនបើអាជ្ញាធរនិងក្រុមទាហានយកអស់ នោះគ្រួសារគាត់គ្មានដីសម្រាប់​បង្ក​បង្កើនផលទៀតទេ ហើយវានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

លោក​​បន្តថា ដំណោះស្រាយដែលអ្នកភូមិចង់បាន គឺសុំឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិជូនពួកគេ និងបញ្ឈប់សកម្មភាពឈូស​ឆាយ​រំលោភយកដីអ្នកភូមិបន្តទៀត។

លោកបន្ថែមថា៖ «បើគេយកអស់ទៅ ខ្ញុំមិនដឹងជាបានអ្វីសម្រាប់បង្កបង្កើនផលទៀត។ យើងខ្ញុំខំកាប់​គាស់ជាយូរឆ្នាំបានដីវាលអ​ស់ គឺមកយកអ៊ីចឹង​ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ជាមួយអាជ្ញាធរ»

វីអូឌី មិនអាចស្វែងរកការឆ្លើយពីតបពីតំណាងទាហានប្រតិបត្តិការសឹករងស្រុកចុងកាល់បានទេ នៅថ្ងៃទី២០ ខែមករា​នេះ។

អភិបាលស្រុកចុងកាល់ លោក រិទ្ធី ប៉ាក់ បានច្រានចោលការលើកឡើងរបស់ពលរដ្ឋនេះ ដោយ​ថា ដីដែល​ពលរដ្ឋកំពុងអាស្រ័យផលនិងកាន់កាប់នោះបានចុះបញ្ជីជាប្លង់រឹងរបស់រដ្ឋរួចទៅហើយ ខណៈ​ដីមួយចំនួនជាដីដែលបានកាត់ទៅឱ្យគ្រួសារកងទ័ព និងមួយចំនួនទៀតទុកសម្រាប់បែងចែកជាដីសង្គមកិច្ចសម្រាប់គ្រួសារក្រីក្រ។

អភិបាលស្រុករូបនេះបន្តថា ប្រសិនបើពលរដ្ឋកំពុងតវ៉ាជា​ពលរដ្ឋក្រីក្រ ពួកគេអាចដាក់ពាក្យសុំដីសង្គមកិច្ចពីអាជ្ញាធរបាន ដោយមិនត្រូវរុករានយកដីរដ្ឋយក​មកធ្វើកម្មសិទ្ធិទាំងខុសច្បាប់បែបនេះឡើយ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋទាំងអស់នោះ គឺគាត់បានចូលទៅអាស្រ័យផល​លើដីហ្នឹង [ដីរដ្ឋ] អាជ្ញាធរកំពុងរៀបចំបែងចែកដីសង្គមកិច្ចជូនពលរដ្ឋក្រីក្រដែរ។ អ៊ីចឹង​បើពួកគាត់ក្រីក្រ គាត់អាចដាក់ពាក្យសុំដីសង្គមកិច្ចបាន ប៉ុន្តែពួកគាត់ចំនួនដែលភាគតិច១ទៅ២គ្រួសារទេដែលគាត់បង្កបញ្ហាហ្នឹង ហើយមិនជាអ្នកអត់ទេ គាត់មានដីដែរ តែគាត់លក់អស់ទៅ គាត់ដើរចាប់អ៊ីចឹង»

ពាក់ព័ន្ធករណីនេះ មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា សមាគមរបស់លោកនឹងស្រាវជ្រាវរកឯកសារនិងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យមានដំណោះស្រាយនិងបញ្ចប់វិវាទមួយនេះ។ ទោះយ៉ាងណា លោក​​បានទទូចដល់អាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋត្រូវសម្របសម្រួលគ្នាដោះស្រាយដោយសន្តិវិធី មានតម្លាភាព និងយុត្តិធម៌។

លោកបន្ថែមថា៖ «អាជ្ញាធរនិងពលរដ្ឋត្រូវធ្វើការសម្របសម្រួលគ្នាដោះស្រាយ កុំឱ្យប្រើអំពើហិង្សាណាមួយ។ មួយទៀត ការដោះស្រាយហ្នឹងឱ្យវាមានតម្លាភាព កុំឱ្យដោះស្រាយទៅចុងក្រោយបានទៅលើឯកជននេះឯកជននោះ ដោយយកដីប្រជាពលរដ្ឋឱ្យទៅក្រុមហ៊ុនេះក្រុមហ៊ុននោះ ធ្វើឱ្យប្រជាពលរដ្ឋឈឺចាប់។ អ៊ីចឹង​យើងចង់បានថា អ្នកដោះស្រាយហ្នឹងសូមកុំឱ្យមានផលប្រយោជន៍ក្នុងរឿងក្ដីនីមួយៗហ្នឹង ព្រោះកន្លងមកមានកន្លែង អ្នកទៅដោះស្រាយមានផលប្រយោជន៍ ដល់អ៊ីចឹងហើយធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់»

ខេត្តឧត្ដរមានជ័យបទល្មើសទន្ទ្រានដីខុសច្បាប់


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles