រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​១០០​ហិកតា​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក​ ហ៊ុន​ សែន

បញ្ហា​វិវាទដីធ្លីបរិស្ថានព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២០ មករា ២០២២ | ម៉ោង ២១:៤០
VOD

ទិដ្ឋភាពបឹងតាមោក ឬ បឹងទំនប់កប់ស្រូវ ដែលស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ​ពី​ចំណុច​កណ្ដាល​នៃ​រាជ​ធានី​ភ្នំពេញ រូបភាព៖ ណាត សុភាព

ទិដ្ឋភាពបឹងតាមោក ឬ បឹងទំនប់កប់ស្រូវ ដែលស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៥​គីឡូម៉ែត្រ​ពី​ចំណុច​កណ្ដាល​នៃ​រាជ​ធានី​ភ្នំពេញ រូបភាព៖ ណាត សុភាព


រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងទំនប់កប់ស្រូវ ឬបឹងតាមោកទំហំជាង ១០០ហិកតាបន្ថែមទៀត ប្រគល់ឱ្យសមាជិកគ្រួសារនៃសមាជិកក្រុមលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ ដើម្បីធ្វើជាកម្មសិទ្ធិ ខណៈផ្ទៃបឹងតាមោកមកទល់ពេលបច្ចុប្បន្ន​​ត្រូវបានកាត់ចេញសរុបជាង ១ ៦០០ហិកតាហើយ។

អនុក្រឹត្យចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវីអូឌីទើបទទួលបាន ដែលសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួន ៥ទីតាំង​មានទំហំជាង១២១ហិកតា ឬជាង១លានម៉ែត្រក្រឡា(១ ២១៨ ០៣៩ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពន្សាំង និងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យលោកស្រី សោម សុខដារ៉ា មនុអេរីកា, លោកស្រី សោម សូមាលីកា និងលោក សោម សុខដារ៉ារីគីអូ ដែលជាកូនៗ លោកស្រី ជូ ដារ៉ារ៉េត សមាជិកក្រុមលេខានាយករដ្ឋមន្រ្តី ដើម្បីធ្វើជាកម្មសិទ្ធិ​។

សមាជិកក្រុមលេខានាយករដ្ឋមន្រ្តីលោកស្រី ជូ ដារ៉ារ៉េត កាលពីខែធ្នូ ឆ្នាំ២០២០ បានចូលរួមបរិច្ចាកថវិកាចំនួន១ ០០០ដុល្លារ ជូនរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ចំណែកអនុក្រឹត្យមួយទៀតចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ផ្ទៃដីបឹងតាមោកចំនួន ២ទីតាំងដែលមានទំហំជាង ៦​ហិកតា (៦៣ ២២១ ម៉ែត្រក្រឡា) ប្រគល់ឱ្យលោក ជឹម ពិសី ដើម្បីធ្វើជាកម្មសិទ្ធិ ដោយពន្ធអាករផ្សេងៗ រដ្ឋជាអ្នកទទួលបន្ទុក។

វីអូឌីមិនអាចរកការឆ្លើយបតពីសមាជិកគ្រួសារលោកស្រី ជូ ដារ៉ារ៉េត និង លោក ជឹម ពិសី បានទេនៅថ្ងៃទី២០ខែមករានេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលកំណត់រក្សាផ្ទៃបឹងរួចហើយ ប៉ុន្តែចំនួនប៉ុន្មាននោះ លោកសួរទៅរាជធានីភ្នំពេញ។

លោកថា៖«វាមានគេបែងចែកព្រំដែនរួចស្រេចទៅហើយ ។ តាមខ្ញុំដឹងមានពីរប្រភេទអាំងទឹក ​ ដោយអាំងទឹកទី​១ បើសិនជាប្រភេទទឹកភ្លៀង មកពីខាងលិចខេត្តកំពង់ស្ពឺ ​វាត្រូវបញ្ជៀសចែកជាពីរ បែកទៅខាងតាខ្មៅ បញ្ជៀសមួយទៀតបែកទៅបឹងតាមោក នឹងមុនទម្លាក់ទៅទន្លេសាប តាមរយៈអូរព្រែកព្នៅតាមខ្ញុំដឹង។ មួយទៀត តាមរយៈទឹកស្អុយដែលគេទៅសម្អាត ដើម្បីចូលទៅ​ប្លុកមួយទៀត ។ ដូច្នេះ​ប្លុកទាំងពីរនេះ ​​មាន មានរួចស្រេចគេព្រំដែនរបស់គេត្រឹមត្រូវហើយ​ លើកលែងផ្ទៃក្រឡាដីសាធារណៈរបស់ក្រសួង»។

ប្រធានគម្រោងសិទ្ធិលំនៅស្ថាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក សៀង មួយឡៃ​ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការកែច្នែបឹងធម្មជាតិទៅជាសួរច្បារបៃតង  ដើម្បីឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តល្អជាងកាត់ប្រគល់ឱ្យអ្នកមានប្រាក់ធ្វើជាកម្មសិទ្ធិឯកជន។ លោកបន្តថា  ​បឹងតាមោកមិនត្រឹមតែជួយដល់បរិស្ថាន និងសុខភាពសាធារណៈទេ ប៉ុន្តែបឹងនេះក៏មានតួនាទីសំខាន់ក្នុងការរំដោះទឹក ជាពិសេសនៅក្នុងទីក្រុងផងដែរ។

បន្ថែមពីនេះ លោកថា ការកាត់ផ្ទៃបឹងប្រគល់ឱ្យឧកញ៉ា អ្នកមានប្រាក់ ​​អ្នកមានអំណាច ដោយមិនមានតម្លាភាព និងមិនមានការផ្សព្វផ្សាយឱ្យទូលំទូលាយ ពិសេសមិនមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះ នឹងធ្វើឱ្យ​ពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋបន្ថែមទៀត។

លោកថា៖«ជាទូទៅតែងតែមានការរិះគន់ហើយ ​កាលណារិះគន់ពីខាងរដ្ឋាភិបាលវិញ ​ចោទប្រកាន់ថាយើងអ្នករិះគន់ ប្រឆាំងជាមួយ​ការអភិវឌ្ឍជាដើម។ អាហ្នឹង ​យើងចោទប្រកាន់គ្នាទៅវិញទៅមក បង្កើតបានទៅជាបែកបាក់ក្នុងសង្គម។ បើយើងនិយាយមួយផ្នែកទៀតកាលណាយើងឱ្យដី​អត់មានតម្លាភាពឬ​ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ​​តម្លៃដីអាហ្នឹង ​ ធ្វើឱ្យបាត់បង់ថវិកាជាតិ ​តាមរយៈការឱ្យទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ​ដល់ឯកជនជាដើម ហើយបើចំណេញទៅបុគ្គលមួយក្ដាប់តូចអ៊ីចឹង។ មួយទៀតវាជះឥទ្ធិពល និងគំរូរដ្ឋអាក្រក់សម្រាប់ទីតាំងកន្លែងហ្នឹង ក៏ដូចជាកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការគ្រប់គ្រងដីរដ្ឋជាពិសេសអំពើពុករលួយ»។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់​ខែចុង​ខែ​កញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង១ ៦០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាល​កាត់​និង​ដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ទៅឱ្យបុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់ និងមានអំណាច សម្រាប់សាងសង់អគារ​ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​។

​លោក សៀង មួយឡៃ បន្តថា បើសិនជាបឹងធម្មជាតិត្រូវបានកាត់ និងលុបជាបន្តបន្ទាប់ទៀតនោះ រាជធានីភ្នំពេញប្រឈមនឹងជំនន់ទឹកភ្លៀង ដោយថា ការសាងសង់ប្រឡាយ ធ្វើប្រព័ន្ធលូមិនអាចដោះស្រាយបញ្ហាទឹកជំនន់ឡើយ កាលណាបើមានភ្លៀងធ្លាក់ច្រើន ឬទឹកធំនៅរដូវវស្សា។

បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាល​ចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់បឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

ដោយសារសកម្មភាពការពារបឹងតាមោក យុវជនបរិស្ថាន៣នាក់ រួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួនពួកគេកាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងសំណុំរឿង ញុះញង់  ក្រោយពួកគេប្រកាសពីគម្រោងយុទ្ធនាការ​ដើរដោយថ្មើជើងពីវត្តភ្នំទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំអន្តរាគមន៍ឱ្យបញ្ឈប់ការលុបបឹងធម្មជាតិមួយនេះបន្តទៀត។ ​

​សកម្មជនបរិស្ថានទាំង៣រូប ត្រូវបាន​សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាត់តម្រឹម​ទោស​ឱ្យជាប់​ពន្ធនាគារ១ ឆ្នាំ២ខែ និងបង្គាប់ឱ្យដោះលែង ​កាលពី​ថ្ងៃ​ទី៥ ខេវិច្ឆិកា ឆ្នាំ២០២១ ដោយទោស​នៅសល់​ត្រូវ​ព្យួរ។ ក៏ប៉ុន្តែ​ពួកគេ​នៅជាប់​ចោទក្នុង​សំណុំរឿង​​មួយ​ករណី​ទៀត​ពីបទ «រួមគំនិត​ក្បត់​»។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក​ជំនន់ ដែល​បង្កឱ្យលិច​រាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ ដោយថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែល​​ករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។

ផ្ទុយពីអ្វីដែលលោកហ៊ុន សែន អះអាង កាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គាន​ហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថាមាន​ការ​​ចាក់​ដី​លុប និង​​ការ​​សាង​សង់សំណង់ផ្សេងៗ ​​បិទ​​ផ្លូវ​ទឹ​ក​​ កន្លែងស្តុកទឹកនានា​ជា​បន្តបន្ទាប់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​១០០​ហិកតា​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក​ ហ៊ុន​ សែន"

  1. Anonymous says:

    PHNOM PHEN will become the capital of NAMYANG people should live in boat if Cambodian can not live the Vietnamese can . it all up to every one now stay or go or do whatever you want every thing is free for HUN family . this country right now is fully belonging to HUN family they can do what they always want .