ដោយ យ៉ង ច័ន្ទតារា
2022.05.11
RFA

កិច្ចប្រជុំរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Nagaworld) ដែលត្រូវបានរៀបចំដោយក្រសួងការងារនៅរសៀលថ្ងៃទី១១ ឧសភានេះ បានបញ្ចប់ទៅដោយមិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីនោះឡើយ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ប្រាប់វិទ្យុអាស៊ីសេរីថា ភាគីក្រុមហ៊ុននៅតែបដិសេធមិនព្រមទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញនោះទេ ក្រោមហេតុផលថា ក្រុមហ៊ុនមានបុគ្គលិកច្រើនលើសតម្រូវការទៅហើយ។ កញ្ញាបន្តថា ក្នុងកិច្ចប្រជុំនោះ តំណាងក្រសួងការងារនៅតែមានជំហរលម្អៀងទៅរកក្រុមហ៊ុន ដោយបានប្រាប់សហជីពវិញថា ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់បុគ្គលិក៖«ខាងក្រសួងការងារតាំងពីដើមដល់ចប់ គាត់ប្រាប់ថា ខ្លួនគាត់ហ្នឹងជាអ្នកសម្របសម្រួល។ ប៉ុន្តែជាក់ស្ដែងមើលទៅដូចមិនមែនក្នុងតួនាទីសម្របសម្រួលទេ ព្រោះគាត់អត់មានបានជួយនិយាយ ជួយលើកហេតុផលច្បាប់អ្វីទេ។ គាត់មានតែលើកទឹកចិត្តក្រុមហ៊ុនវិញ។ គាត់មានតែនៅខាងភាគីក្រុមហ៊ុន ហើយប្រាប់ថា ពួកយើងបើថៅកែគេមិនចង់ជួល តើនៅធ្វើអ្វី ហើយគ្មានថៅកែលើលោកនេះមិនអាចបញ្ឈប់បុគ្គលិកបាន។ អ៊ីចឹងវាអត់មានដំណោះស្រាយទេ យើងមើលឃើញអ៊ីចឹង»។
កញ្ញា ឈឹម សុខន ឱ្យដឹងថា តួលេខបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ និងទាមទារចូលធ្វើការវិញនោះ មានចំនួន ២០០នាក់ ពីខាងសហជីព ខណៈតួលេខរបស់ក្រុមហ៊ុនវិញ មានចំនួន ១៩០នាក់។ កញ្ញាបញ្ជាក់ថា តំណាងក្រសួងការងារនឹងរៀបចំកិច្ចប្រជុំសាជាថ្មីម្ដងទៀត នៅថ្ងៃទី១៨ ឧសភា សប្ដាហ៍ក្រោយនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីក្រសួងការងារលោក ទេស រុក្ខាផល ដែលទទួលបន្ទុកដឹកនាំកិច្ចប្រជុំរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះបាននៅឡើយទេ នៅថ្ងៃទី១១ ឧសភា។
ស្របពេលភាគីពាក់ព័ន្ធកំពុងជួបប្រជុំរកដំណោះស្រាយនៅក្រសួងការងារនោះ អាជ្ញាធររាជធានីភ្នំពេញបានបន្តរារាំង រុញច្រាន និងប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) មិនឱ្យឈរតវ៉ា និងលើកបដានៅក្បែរអាគារក្រុមហ៊ុនឡើយ។ ការបង្ក្រាបរបស់អាជ្ញាធរនេះបានបណ្ដាលឱ្យកូដករមួយចំនួនរងរបួស។
ដូចសព្វដងដែរ អាជ្ញាធរបានបង្ខំក្រុមកូដករឱ្យឡើងឡានក្រុងដឹកយកទៅទុកចោលនៅកន្លែងស្ងាត់ក្នុងខណ្ឌព្រែកព្នៅ រហូតដល់ម៉ោងជាង ៤ រសៀលទើបដឹកពួកគាត់មកចំណតឡានក្រុងក្បែរទីលានប្រជាធិបតេយ្យនៅខណ្ឌឫស្សីកែវវិញ។
ក្រុមកូដករថ្កោលទោស និងទាមទារឱ្យអាជ្ញាធរបញ្ឈប់ទង្វើរំលោភបំពានបែបនេះតទៅទៀត ព្រោះនេះជាវិវាទការងាររវាងបុគ្គលិកជាមួយនឹងក្រុមហ៊ុន មិនមែនវិវាទជាមួយអាជ្ញាធរឡើយ។ ជំនួសឱ្យការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តនេះ ក្រុមកូដករណាហ្គាវើលដ៍ទទូចដល់អាជ្ញាធរឱ្យជួយរកដំណោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃមួយនេះវិញ ដោយត្រូវប្រកាន់ជំហរកណ្ដាល និងអនុលោមតាមច្បាប់ស្ដីពីការងារ៕