តំណាង​ជាន់​ខ្ពស់​សហ​ភាព​អឺរ៉ុប​​ជំរុញ​​ឱ្យ​កម្ពុជា​រក​ដំណោះ​ស្រាយ​​​ករណី​​​លោក​ កឹម​ សុខា​

នយោបាយ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ១២ ឧសភា ២០២២ | ម៉ោង ០០:០៣
VOD

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)


តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ជំរុញ​រដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងផ្តល់ដំណោះស្រាយលើ​សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ​លោក កឹម សុខា ខណៈការបោះឆ្នោតជិតចូលមកដល់ ដោយថាខ្លួននឹង​ពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឱ្យកម្ពុជាវិញ ប្រសិនស្ថានភាពនយោបាយ និង​ប្រជាធិបតេយ្យ​ប្រសើរឡើងវិញ។ ​

ការជំរុញនេះ ធ្វើឡើងតាមរយៈសុន្ទរកថារបស់តំណាងជាន់ខ្ពស់ និងជាអនុប្រធានសហភាពអឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) ក្នុងកិច្ចពិភាក្សាដេញដោយរបស់សភាអឺរ៉ុប (E Parliament) កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។

លោក ចូសឹប បូរ៉ែល (Josep Borrell) លើកឡើងថា សហភាពអឺរ៉ុបតែងតែតាមដានការបង្រ្កាបលើក្រុមប្រឆាំងពីសំណាក់រដ្ឋាភិបាលនៅកម្ពុជា។ ក្នុងនោះ លោកថា ចាប់តាំងពីការរំលាយ​គណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុបបានធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកនយោបាយ សង្គមស៊ីវិល និងអាជ្ញាធរ ដើម្បីជំរុញឱ្យ​បើក​លំហនយោបាយ និងស៊ីវិលនៅកម្ពុជាឡើងវិញ។

ដោយពុំឃើញការប្រែប្រួលជាវិជ្ជមាន ទោះបីមានការចូលរួមពីអឺរ៉ុបក៏ដោយនោះ លោកថា គណៈកម្មការអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធមួយចំនួនដែលផ្តល់ឱ្យកម្ពុជា ក្រោមភាពអនុគ្រោះពន្ធ EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) កាលពីឆ្នាំ ២០២០។

លោក ចូសឹប បូរ៉ែល បន្តថា សហភាពអឺរ៉ុបបានបញ្ជាក់ជំហរយ៉ាងច្បាស់ជាថ្មីទៀតថា អាជ្ញាធរកម្ពុជាត្រូវតែគោរពនីតិរដ្ឋ និងដំណើរការដោយត្រឹមត្រូវ។ ជាការកត់សម្គាល់ នៅចុងឆ្នាំ ២០២១ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនមួយចំនួនត្រូវបានដោះលែងពីពន្ធនាគារក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយគណបក្សប្រឆាំងថ្មីមួយចំនួនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែក្រោយ។

លោកថា៖ «ដោយមើលឃើញពីការបោះឆ្នោតជិតចូលមកដល់ កម្ពុជាគួរតែចាត់វិធានការជាបន្ទាន់ ដើម្បីបើកលំហនយោបាយក្នុងប្រទេសឡើងវិញ និងអនុញ្ញាតឱ្យមានការចូលរួមពីគណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន។ ជាពិសេស កម្ពុជា​គួរតែ​ផ្តល់​ដំណោះស្រាយ​លើ​សំណុំរឿង ​លោក កឹម សុខា ដែលមិនទាន់ទទួលបានយុត្តិធម៌ និងពុំទាន់ទទួលបានសិទ្ធិនយោបាយ»។

បើតាម លោក ចូសឹប បូរ៉ែល សហភាពអឺរ៉ុបមិនដែលខកខានពិភាក្សាអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៃទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយ​កម្ពុជា អាស៊ាន និងបញ្ហាក្នុងតំបន់នោះឡើយ។ ជាក់ស្តែង នៅក្នុងខែមីនា អឺរ៉ុបបានរៀបចំគណៈកម្មាធិការចម្រុះជាលើកដំបូង បន្ទាប់ពីការដក EBA។

អនុប្រធានសហភាពអឺរ៉ុបរូបនេះ បង្ហាញសុទិដ្ឋិនិយមចំពោះការពិចារណាផ្ដល់ EBA ឱ្យកម្ពុជាវិញ ប្រសិនបើស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យមានភាពប្រសើរឡើងវិញ។

លោកថា៖ «សហភាពអឺរ៉ុបបានបញ្ជាក់ពីការបើកចំហក្នុងការភ្ជាប់ឱ្យប្រទេសកម្ពុជាទទួលបាន និងពិភាក្សាអំពី EBA វិញ ប្រសិនបើមានការកែលម្អច្រើនលើបញ្ហាដែលគួរឱ្យព្រួយបារម្ភ»។

ទោះជាយ៉ាងនេះក្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ពាក់ព័ន្ធករណីលោក កឹម សុខា កម្ពុជាយកការសម្រេចរបស់តុលាការជាមូលដ្ឋាន ដោយអនុវត្តតាមនីតិរដ្ឋ។

លោកបន្តថា ការជំរុញរបស់សហភាពអឺរ៉ុបឱ្យបើកលំហនយោបាយ និងផ្តល់ដំណោះស្រាយលើ​សំណុំរឿង​លោក កឹម សុខា រដ្ឋាភិបាលក៏មិនបដិសេធដែរ តែត្រូវ​រង់ចាំការ​សម្រេចរបស់​តុលាការសិន។

​​

​លោក ផៃ ស៊ីផាន ថា៖ «មិនមែនបានសេចក្តីថា ទាល់តែមានឯកឧត្ដម កឹម សុខា ចូលរួម បានក្លាយទៅជាការកសាងលទ្ធិប្រជាធិបតេយ្យនោះទេ អាហ្នឹងគឺមិនមែនអញ្ចឹងទេ។ គឺបុគ្គលណា ដែលស្ថិតនៅក្រោមអ្វីទៅបន្ទុកតុលាការ បុគ្គលនោះត្រូវតែឆ្លើយតប និងដោះស្រាយអំពីបន្ទុកតុលាការចេញ។ ដូច្នេះអ្នកដទៃទៀត គឺគេអនុវត្តប្រជាធិបតេយ្យបានដែរ»។

លោក ផៃ ស៊ីផាន យល់ថា សហភាពអឺរ៉ុបមិនគួរមើលតាមតែរបាយការណ៍ទេ តែគួរមើលតាមភាពជាក់ស្តែងដូចជាសេដ្ឋកិច្ច និងភាពជោគជ័យលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ លំហនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានកម្ពុជា ប្រកបដោយឯកភាព និងសន្តិភាព ពុំមានការខ្វែងគំនិតគ្នាទេ។

កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា បានបង្ហោះសារមួយ​លើកឡើងថា នៅថ្ងៃទី៩ និងទី១០ ខែឧសភា លោកបានទទួលជួបមន្ត្រីជាន់ខ្ពស់​នៃប្រទេស និងសហគមន៍លោកសេរីជាបន្តបន្ទាប់។

លោកបញ្ជាក់ថា ជំនួបទាំងនោះ រួមមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ​និងជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ​លោកស្រី Carmen Moreno ព្រមទាំងជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger ផងដែរ។

លោក កឹម សុខា អះអាងថា ក្នុងជំនួបទាំងនោះ ​លោកនិងពួកគេបានពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា ដោយធ្វើបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាន នៅសហភាពអឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅកម្ពុជាថ្មីៗនេះ។ ជាពិសេសអំពីទំនាក់ទំនងនានា ដូចជា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាតំបន់ ព្រមទាំងបញ្ហាសេរីភាពរបស់លោកទៀតផង។

លោក កឹម សុខា បន្តថា៖ «ទន្ទឹមនេះដែរ តំណាងប្រទេសជាមិត្តក៏លើកពីបញ្ហាលំហប្រជាធិបតេយ្យនៅកម្ពុជាក៏ដូចជាការទាមទាររកយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការចូលរួមសកម្មភាពនយោបាយផងដែរ»។

មេបក្សប្រឆាំងរូបនេះ លើកឡើងថា ទោះបីជំនួបជាមួយលោក​ក្នុងនាមជាខ្មែរនិងខ្មែរ ឬក៏​​ជំនួបជាមួយតំណាងរដ្ឋបរទេសជាមិត្តកន្លងមក មិនទាន់បានបង្ហាញនូវលទ្ធផល​ជាដុំកំភួនក្តី ប៉ុន្តែ ​ជំនួបទាំងនោះនឹងបង្ហាញថា លោក  គឺជាតួអង្គតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាចចូលរួមស្វែងរកដំណោះស្រាយបញ្ហាជាតិ រវាងខ្មែរ និងខ្មែរ។

លើសពីនេះ ជាការផ្តល់តម្លៃដល់លោក ដែលប្តេជ្ញាចិត្តមិនរត់ចោលមាតុភូមិកម្ពុជា និងមិនបោះបង់ចោលឆន្ទៈ​ពលរដ្ឋខ្មែរ ដោយមានការអត់ធ្មត់ដើម្បី​រកដំណោះស្រាយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យជាធំ មិនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ​ដោយប្រកាន់យកនូវគោលការណ៍អហិង្សា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles