ពលករ​ខ្មែរ​​មួយ​ចំនួន​នៅ​​ថៃ​​មាន​ជីវភាព​លំបាក​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​អូស​ពេល​យូរ

ដោយ ជីវិតា
2022.05.09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​​មួយ​ចំនួន​នៅ​​ថៃ​​មាន​ជីវភាព​លំបាក​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​អូស​ពេល​យូរ

ពលករខ្មែរ​នៅ​ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា នាពេល​កន្លង​ទៅ។ Photo Courtesy



ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជីវភាព​ខ្វះ​មុខ​ខ្វះក្រោយ ក្នុង​អំឡុង​ពេល​ជាប់​គាំង​ដោយសារ​ការ​រីក​រាលដាល​មេរោគ​កូវីដ-១៩ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ។ ពលករ​ខ្មែរ និងអង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ខ្មែរ និង​អាជ្ញាធរ​ថៃ ជួយ​ផ្ដល់​ស្បៀងអាហារ​និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​នៅក្នុង​គ្រាអាសន្ន​នេះ។

ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​កាន់តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​។ ពួកគាត់​តែង​ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ មាន​ការងារ​តិចតួច​ហើយ​ពិបាក​ខ្លាំង​ពេល​ចង់​ប្ដូរ​ទៅ​ធ្វើ​ការងារ​កន្លែង​ថ្មី ហើយ​ប្រាក់​ចំណូល​សព្វថ្ងៃ​ក៏​បាន​តែ​បន្តិចបន្តួច​ដែល​មិន​គ្រប់​ចំណាយ​ជីវភាព​ប្រចាំថ្ងៃ ស្រប​ពេល​ដែល​ទំនិញ​គ្រប់មុខ​ឡើងថ្លៃ។

ពលករ​ធ្វើការ​ផ្នែក​អេឡិចត្រូនិច និង​សំណង់ លោក សយ ប៊ុនដេត អាយុ​ ៥០​ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបង ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ថា លោក​មក​ប្រទេស​ថៃ​ ១២​ឆ្នាំ​ហើយ មិនដែល​បាន​ត្រឡប់​ទៅ​សួរសុខទុក្ខ​ឪពុកម្ដាយ​និង​កូនៗ​ នៅ​ស្រុកកំណើត​នោះ​ឡើយ។ លោក​ថា លោក​ចង់ទៅ​ស្រុក​ណាស់ ប៉ុន្តែ​គ្មាន​ប្រាក់ ព្រោះ​ចាប់​តាំង​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩​មក ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​លំបាកលំបិន​ទៅ​។ លោក​បន្តថា រាល់ថ្ងៃ​លោក​មាន​ជីវភាព​ខ្វះខាត​ហើយ​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​គ្រួសារ​នៅ​កម្ពុជា​នោះ​ទេ៖ «ខ្ញុំ​មាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ខ្មែរ​យើង​ធ្វើ​ម៉េច​ទប់ស្កាត់​ពួក​មេខ្យល់​ ដែល​ឆបោក​ពលករ​ឲ្យ​មក​តាមផ្លូវ​កាត់​ហ្នឹង សូម​ឲ្យ​ទប់ស្កាត់​ឲ្យ​បាន​បាទ ទីមួយ​គឺ​បញ្ចុះតម្លៃ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លងដែន ​(Passport) មក​ប្រទេស​ថៃ​បាទ ហើយក៏​សូម​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​ក៏​ដូចគ្នា​ដែរ​ធ្វើ​ម៉េច​ទប់ស្កាត់​ពួក​មេខ្យល់​ហ្នឹង​បាទ ព្រោះ​អី​ខ្ញុំ​ជា​អ្នក​នៅក្នុង ​(​ឬ​)​ ជា​ជន​បង្គោល​នៃ​ឥស្សរា​អង្គការ​ខ្មែរ​យើង​នៅ​ប្រទេស​ថៃ​ហ្នឹង គឺ​ខ្ញុំ​តែងតែ​ស្នើ​សូម​ដល់​បងប្អូន​ទាំងអស់​នៅក្នុង​សង្គម​ហ្វេសប៊ុក​បាទ​ឲ្យ​ប្រុង​ប្រយ័ត្ន»។

ដូចគ្នា​នេះ​ដែរ ពលការិនី​ធ្វើការ​ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​ហួម៉ាក (Hua Mak) ទីក្រុង​បាងកក គឺ​អ្នកស្រី វ៉ិត វ៉ាលាភ អាយុ​ ៣០​ឆ្នាំ មកពី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រាប់​ថា ពេល​ដែល​លោកស្រី​ជួប​ទុក្ខ​លំបាក​ខ្លាំង​គ្មាន​អាជ្ញាធរ​ណា​ជួយ​ដល់​អ្នកស្រី​នោះ​ទេ ពោល​គឺ​លោកស្រី​ប្រឹង​ជម្នះ​ឧបសគ្គ​ទាំងនោះ​ដោយ​ខ្លួនឯង ដូចជា​ពេល​កើត​ជំងឺ​កូវីដ និង​អត់​ការងារ​ធ្វើជា​ដើម​។ អ្នកស្រី​បន្ត​ថា សព្វថ្ងៃ​លោកស្រី​ធ្វើការ​ពី​ម៉ោង​ពីរ​រសៀល​ដល់​ម៉ោង​ដប់​យប់ បាន​លុយ​បួន​រយ​បាត ឬ​ស្មើ​ប្រមាណ ១២ដុល្លារ ហើយ​ប្រាប់​ទាំងនេះ​ចំណាយ​ទៅលើ​ការ​ធ្វើ​ទិដ្ឋាការ​ការងារ​ (Work Permit) អស់​ជាង​មួយ​ម៉ឺន​បាត ឬ ប្រមាណ​ ៣០០​ដុល្លារ​ទៅ​ហើយ នៅ​ការចាយវាយ​ប្រចាំថ្ងៃ​ទៀត​ គឺ​វា​មិន​គ្រប់គ្រាន់​ទេ​៖ «ឥឡូវ​ខ្ញុំ​ប្រើ​អឹមអូយូ ​(MOU) ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​ទៅ​ធ្វើ​អឹមអូយូ​មក​ថ្មី ក៏ប៉ុន្តែ​ធ្វើ​អឹមអូយូ​មក​ថ្មី​វា​អស់​លុយ​ច្រើន ចង់​ត​អា​វគ្គ​ប័ត្រ​ស៊ី​ជម្ពូ ប៉ុន្តែ​ប័ត្រ​ស៊ី​ជម្ពូ​នេះ​គេ​ថា ត​ធ្វើ​បានតែ​ប្រាំបី​ខែ ប៉ុន្តែ​តម្លៃ​វា​ថ្លៃ គេ​ឲ្យ​ពួក​មាន​ប័ត្រ​ដាច់​ចាស់ៗ​ទៅ​ធ្វើ ប៉ុន្តែ​វា​ថ្លៃ​ជាង​តិច គេ​ទារ​ដល់​មួយ​ម៉ឺន​(​បាត​។ ហ្នឹងហើយ​បញ្ហា​រាល់ថ្ងៃ​គឺ​បញ្ហា​ប័ត្រ​ហ្នឹងឯង​។ បើសិនជា​អាច​ស្នើ​បាន​ឲ្យ​គេ​ជួយ​រឿង គេ​ជួយ​បាន​ជួយ​រឿង​កុំ​ឲ្យ​ធ្វើ​ប័ត្រ​យក​តម្លៃ​អី​ថ្លៃ​ពេក ព្រោះ​អី​ធ្វើ​ (​ប្រើ​)​ បានតែ​ប៉ុន្មាន​ខែ​អ៊ីចឹង​យក​តម្លៃ​ដល់​មួយ​ម៉ឺន ធ្វើ​បានតែ​ប្រាំពីរ ប្រាំបី​ខែ​អ៊ីចឹង​វា​អត់​សូវ​ឃុំ​ (សម) ​នឹង​តម្លៃ​ហ្នឹង​ណា​បង អស់​ថ្លៃ​ពេក​ព្រោះ​ធ្វើ​មិន​បាន​ប៉ុន្មាន​ក៏​ដាច់ (​រួច​ហើយ​ទៅ​) ​ត​ទៀត​អ៊ីចឹង​ណា»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ​នេះ​បានទេ​នៅ​ថ្ងៃទី​៨ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាងណា​សេចក្តី​ជូនដំណឹង​ដែល​ស្ថានទូត​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត នៅ​ថ្ងៃទី​៧ ឧសភា ឲ្យ​ដឹង​ថា របៀប​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ និង​ទទួល​ឯកសារ​បន្ត​សុពលភាព មាន​ដូចជា​៖ ទី​១ ពលករ ឬ​និយោជក អាច​ដាក់​ពាក្យ​ស្នើសុំ​បន្ត​សុពលភាព​ប័ណ្ណ​ពលករ និង​លិខិត​ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​នាយកដ្ឋាន​មុខរបរ នៃ​ក្រសួង​ការងារ​ថៃ តាម​គេហ​ទំព័រ (https://cambodia-doe.com/) ដោយ​ភ្ជាប់​រូបថត ៤​គុណ ​៦ និង​ស្កែន ឬ​ថតចម្លង ឯកសារ​ដែល​ផុត​សុពលភាព ឬ​សុពលភាព​នៅសល់​ក្រោម​រយៈពេល​ ៦​ខែ​។ ជម្រើស​ផ្សេងទៀត ពលករ​ឬ​និយោជក អាច​ផ្ដល់​ឯកសារ​សំណៅ​ដើម ដល់​មន្ត្រី​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​ថៃ​តែមួយគត់ ដែល​មាន​អាសយដ្ឋាន ផ្លូវ​មីតម៉ៃទ្រី (Mit Maitri Road ) ខណ្ឌ​ឌីនដែង (Din Daeng ) ក្រុង​បាងកក ​(Bangkok)​។ សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា ដំណើរការ​ឯកសារ​នេះ មាន​រយៈពេល​ ៥ថ្ងៃ ហើយ​រង់ចាំ​ទទួលយក​ឯកសារ​វិញ​នៅ​ទីតាំង​ដែល​បាន​ដាក់​ពាក្យ​នោះ​។​ ចំពោះ​តម្លៃ​សេវា​ផ្លូវការ ​គឺ​ចំនួន ​១.៤០០បាត ឬ​ស្មើនឹង​តម្លៃ​ជាង ​៤០​ដុល្លារ​អាមេរិក។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គ​ការ​សង់ត្រាល់​ (Central) លោក ឌី ថេហូយ៉ា លើកឡើង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ គួរតែ​យកចិត្តទុកដាក់​ទៅលើ​ប្រជា​ពលករ​ខ្មែរ​នៅ​ថៃ​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ផ្សេងៗ​។ បន្ថែម​ពី​នេះ លោក​ថា អាជ្ញាធរ​ថៃ​នៅ​មូលដ្ឋាន​ក៏​គួរតែ​ឈប់​ទាមទារ​រកលុយ​ពី​ពលករ​ខ្មែរ​តាម​អំពើ​ចិត្ត​ទៀត។

លោក​បន្ថែម​ថា សព្វថ្ងៃ​នេះ អាជ្ញាធរ​ថៃ​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលករ​ខ្មែរ​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​ពួកគាត់​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ ​ក្នុង​ពេល​ធ្វើ​ការ​នោះ៖ «នៅក្នុង​និយមន័យ​នៃ​ទាសករ​សម័យ​ទំនើប​គេ​ថា វា​ឋិត​នៅក្នុង​ការងារ​ដែល​មិន​មាន​សេរីភាព គឺជា​ប្រភេទ​នៃ​ទាសករ​នៅក្នុង​សម័យ​ទំនើប​ហើយ​។ អ៊ីចឹង​ហើយ​បើសិនជា​គាត់​មាន​ឯកសារ​ស្របច្បាប់ មាន​ការ​ការពារ​ពី​ប្រព័ន្ធ​រដ្ឋ​បាន​ល្អ គាត់​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹមត្រូវ​សមរម្យ​គាត់​រស់នៅ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ អាហ្នឹង​ជា​អ្វី​ដែល​រដ្ឋាភិបាល​គួរ​គិតពិចារណា  ហើយ​មួយទៀត នៅ​ពេល​ដែល​គាត់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ប្រទេស​ថៃ ឬ​ពី​ប្រទេស​ណាក៏ដោយ​ហ្នឹង ក៏​ត្រូវ​គិតគូរ​អំពី​គោលនយោបាយ គាំពារ​ក្នុង​ការ​ផ្ដល់​ការងារ​នៅក្នុង​ស្រុក​ដើម្បី​ឲ្យ​គាត់​មានឱកាស​នៅក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ ប្រាក់​ចំណូល​អី​ជាដើម​ហ្នឹង​បាទ»។

របាយ​ការ​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់​ និង​មិន​ស្រប​ច្បាប់​ជិត ​២​លាន​នាក់​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles