ដោយ ម៉ៅ សុធានី
2022.05.11
RFA

ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រូប៖ ក្រសួងធម្មការ និងសាសនា
ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅពេលខាងមុខនេះឱ្យបានគ្រប់ៗ គ្នា។ ព្រះរាជសារចុះថ្ងៃទី៣០ មីនា ហើយទើបតែចុះផ្សាយជាសាធារណៈនៅថ្ងៃទី១០ ឧសភាថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ មិថុនា ខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះព្រះមហាក្សត្របានណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ។ បន្ថែមពីនេះព្រះអង្គ ក៏អំពាវនាវដល់ពលរដ្ឋឱ្យ ប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ដែលពួកគេពេញចិត្ត។
ជុំវិញនឹងសារអំពាវនាវរបស់ព្រះមហាក្សត្រនេះ ប្រជាពលរដ្ឋម្នាក់នៅខេត្តប៉ៃលិន លោកស្រី មឿត ថ្លែងថា លោកស្រីនឹងទៅចូលរួមបោះឆ្នោត ដើម្បីរើសមេដឹកនាំភូមិឃុំរបស់ពួកគាត់ ដែលមានឆន្ទៈស្មោះស្ម័គ្រ និងបំរើពលរដ្ឋពិតប្រាកដ៖ «ចាស់អត់មានអី អត់មានអីត្រូវខ្លាចផង ខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបអ៊ីចឹង ខ្ញុំមានអីដែលត្រូវខ្លាច ខ្ញុំត្រូវទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំអ៊ីចឹងឯង»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ និងប្រព្រឹត្តទៅថ្ងៃអាទិត្យ ទី៥ ខែ មិថុនា ដែលមានគណបក្សនយោបាយចូលរួមការបោះឆ្នោតចំនួន ១៧ គណបក្សនយោបាយ ក្នុងចំណោមគណបក្សទាំងអស់នោះមានគណបក្សធំៗ ចំនួន ៤ ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ គ្រប់ចំនួន ២៥ខេត្តក្រុង រួមមាន គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បាន ១០០ភាគរយលើឃុំសង្កាត់ទូទាំងប្រទេស និងគណបក្សភ្លើងដាក់បេក្ខជន ១ពាន់ ៦០០ឃុំសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។