យុទ្ធនាការ​ជិះកង់​ជុំវិញ​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ របស់​ក្រុម​យុវជនចូលដល់​ថ្ងៃ​ទី២

2022.05.11
RFA

​យុទ្ធនាការ​ជិះកង់​ជុំវិញ​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ របស់​ក្រុម​យុវជនចូលដល់​ថ្ងៃ​ទី២

​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ធ្វើ​យុទ្ធនាការ​ជិះកង់ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា ពេល​ធ្វើ​ដំណើរ​មកដល់​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ នៅ​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


យុទ្ធនាការ​ជិះកង់​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ធ្វើ​ដំណើរ​ដល់ ស្រុក​សង្គមថ្មី ខេត្តព្រះវិហារ​ហើយ នៅរសៀល​ថ្ងៃ​ទី១១ ឧសភា។ ក្រុម​យុវជន ២៥នាក់ បាន​ចាប់​ផ្ដើម​ជិះកង់ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ម្សិលមិញ​រហូត មក​ទល់​ពេល​នេះ ធ្វើដំណើរ​បាន​ប្រវែង​ជាង ១១៣គីឡូ​ម៉ែត្រ​ហើយ។

ក្រុម​យុវជន​ចូលរួម​ជិះ​កង់ គឺ លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្នុង​ពេល​ដែល​ពួក​លោក កំពុង​ជិះកង់​តាម​ផ្លូវ ដល់​ចំណុច​ឃុំរមណី ស្រុករវៀង ប្រទះ​ឃើញ​សមត្ថកិច្ច និង​អាជ្ញាធរ បាន​ថត​រូប និង​សួរ​នាំ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នេះ ពុំ​បាន​រារាំង​យុទ្ធនាការ​នេះ​ទេ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ មាន​ការ​ស្វាគមន៍ អបអរ​សាទរ​ពី​សិស្សានុសិស្ស ព្រះសង្ឃ និង ប្រជាពលរដ្ឋ​លក់​ដូរ​តាម​ដង​ផ្លូវ​ដោយ​ពួក​គាត់​បាន​ទះ​ដៃ​គាំទ្រ​ជា​ហូរហែ។

លោក​បញ្ជាក់​ថា ក្រុម​អ្នក​ជិះកង់ បាន​កំណត់​រយៈ​ចម្ងាយ ចន្លោះ​ពី ៦០គីឡូ​ម៉ែត្រ ដល់ ៧០គីឡូ​ម៉ែត្រ ក្នុងមួយថ្ងៃ ទើប​ឈប់​សម្រាក​នៅ​ពេល​យប់ ដោយ​ពុំ​បាន​កំណត់​ទីកន្លែង​ស្នាក់នៅ​នោះ​ទេ ពោល​ប្រសិន​បើ​ធ្វើ​ដំណើរ​ដល់​កន្លែង​ណា មាន​វត្តអារាម ឬ​ផ្ទះ​អ្នក​ស្រុក ពួក​លោក​នឹង​សុំ​ផ្ទះ​អ្នក​ភូមិ​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន៖ «យើង​សប្បាយ​ចិត្ត​ឃើញ​មាន​ការ​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពេល​យើង​ជិះកង់ គាត់​ហោ គាត់​លើក​ដៃ ហើយ​គាត់​បង្ហាញ​ស្នាម​ញញឹម​ឱ្យ​យើង​សប្បាយ​ចិត្ត ហើយ​យើង​ក៏ មាន​ការ​សប្បាយ​ចិត្ត​ដែរ នៅ​ពេល​យើង​ធ្វើ​ដំណើរ​បាន​ដោយ​រលូន ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ គ្រាន់​មាន​ការ​សួរ​នាំ​តិចតួច។ យើង​សង្ឃឹម​ថា នឹង​ធ្វើ​ដំណើរ​បាន​ចប់​ចុង ចប់​ដើម តាម​អ្វី​ដែល​យើង​គិត​ទុក​ជា​មុន»។

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ទាំង​នោះ​មក​ពី​សមាគម អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​មូលដ្ឋាន​ចំនួន ១៥ស្ថាប័ន បាន​ចាប់​ផ្ដើម​ជិះ​កង់​រយៈ​ពេល ១០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា ក្រោម​ប្រធាន​បទ “លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ​ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ​ និង​សុខុមាលភាព​មនុស្សជាតិ”។

ក្រុម​អ្នក​ជិះ​កង់ ២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៧នាក់ បាន​ពាក់​ឯកសណ្ឋាន​អាវ​យឺត​ពណ៌​ផ្ទៃមេឃ​ភ្ជាប់​ពាក្យ​ស្លោក​ថា លើក​កម្ពស់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចិរភាព​ធនធាន​ធម្មជាតិ ​អម​ដោយ​ទង់​ជាតិ​ខ្មែរ​ ដោត​ជាប់​នឹង​កង់។ យុទ្ធនាការ​នេះ ផ្ដោត​សំខាន់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​សិទ្ធិ​សេរីភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ល្បាត​ព្រៃ​ឡើង​វិញ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ម្សិលមិញ​ថា យុទ្ធនា​ការ​ជិះកង់​របស់​ក្រុម​យុវជន គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ តែ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

ព្រឹត្តិការណ៍​នេះ ក្រុម​យុវជន បាន​បែង​ចែក​យុទ្ធនាការ ​ជា ៣សកម្មភាព ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ២០២២ នេះ គឺ​ទី១ នឹង​ជិះកង់​ចម្ងាយ ៦០០គីឡូ​ម៉ែត្រ រយៈ​ពេល ១០ថ្ងៃ ទី២ យុទ្ធនា​ការ​តាម​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ព្រៃឈើ ​និង​ការ​បម្រែបម្រួល​អាកាសធាតុ និង​សកម្មភាព​ទី៣ រៀប​ចំ​សិក្ខាសាលា​ធំ​មួយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៕

What Next?

Recent Articles