លោក ហ៊ុន សែន ទៅ​ប្រជុំ​នៅ​អាមេរិក ខណៈ​ពលរដ្ឋ​នៅ​ទីនោះ​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍

ដោយ មាន ឫទ្ធិ
2022.05.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ទៅ​ប្រជុំ​នៅ​អាមេរិក ខណៈ​ពលរដ្ឋ​នៅ​ទីនោះ​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍

 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​ចូល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ខណៈ​ពលរដ្ឋ​នៅ​ទីនោះ​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍។ ពួក​គេ​អះអាង​ថា បាតុកម្ម​នេះ គឺ​ធ្វើ​ឡើង ដើម្បី​ប្រឆាំង​វត្តមាន​មេ​ដឹកនាំ​ផ្ដាច់ការ និង​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ឯក​បក្ស ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា បាតុកម្ម​នោះ​មិន​ប៉ះពាល់​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែឧសភា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក និង​រំឭក​ខួប​លើក​ទី៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) នៅ​ពី​ថ្ងៃ​ទី១២-១៣ ខែឧសភា។ ក្រសួង​ការ​បទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី៩ ខែឧសភា​ថា លោក ហ៊ុន សែន និង​មេ​ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​ទទួលទាន​អាហារ​ជាមួយ​សមាជិក​សភា និង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន ។ បន្ទាប់​មក​មេ​ដឹកនាំ​អាស៊ាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​ធុរកិច្ច​អាមេរិក​ទាក់ទង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទទួល​ស្វាគមន៍​អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី កាម៉ាឡា ហារីស ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​អាមេរិក​ស្ដីពី​វិធានការ​អាកាសធាតុ បរិវត្ត​ថាមពល​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​ចិរភាព ព្រមទាំង​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​អាស៊ាន-អាមេរិក ទៅ​កាន់​កម្រិត​មួយ​ទៀត។ ក្រៅ​ពី​នេះ​លោក ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​មេ​ដឹកនាំ​អាស៊ាន នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ស្របពេលលោក ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតចូលរួមកិច្ចប្រជុំកំពួលអាស៊ាន-អាមេរិកនេះ ពលរដ្ឋខ្មែរ និងថៃ ភូមា ឡាវ និងវៀតណាម បានរួមគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី១២ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតុនដែរ ក្រោមប្រធានបទប្រទេសប្រជាធិបតេយ្យមិនត្រូវការជនផ្តាច់ការ។

ប្រធាន​កិច្ចការស្រ្តីនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងក្រៅប្រទេសអ្នកស្រី ធិត គឹមហ៊ុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែឧសភាថា ពលរដ្ឋខ្មែរជាច្រើននាក់មកពីបណ្តារដ្ឋនានានៃសហរដ្ឋមេរិក និងប្រទេសកាណាដាបានស្ម័គ្រចិត្ត លះបង់ថវិកា និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីត្រៀមចូលរួមបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន រួចរាល់ហើយ។ អ្នកស្រីបន្តថាបាតុកម្មខាងមុខនេះ គឺចង់បង្ហាញទៅសហគមន៍អន្តរជាតិ ជាពិសេសអាហរដ្ឋមេរិកឱ្យដឹងកាន់តែច្បាស់ថាពលរដ្ឋខ្មែរភាគច្រើនមិនគាំទ្រលោក ហ៊ុន សែន នោះទេ។ អ្នកស្រីឱ្យដឹងថា តំណាងរបស់ពលរដ្ឋនឹងធ្វើសេចក្តីថ្លែងការណ៍ដែលនឹងចូលរួមពីសមាជិកសភាអាមេរិក ក៏នឹងមានវត្តមាននៅទៅដែរ ដើម្បីទាមទារឱ្យរដ្ឋាភិបាលឯកបក្សគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា វត្តមានថ្នាក់ដឹកនាំរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកនេះ គឺដើម្បីលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ ប៉ុន្តែលោកយល់ថា ការធ្វើបាតុកម្មរបស់​ប្រជាពលរដ្ឋនៅទីនោះ នឹងមិនធ្វើឱ្យពាល់ដល់មុខមាត់កម្ពុជានោះទេ ដោយសារពួកគេយល់ខុសពីស្ថានភាពជាក់ស្តែងស្របពេលពលរដ្ឋរស់នៅប្រកបដោយសន្តិភាពពេញលេញ។

ទោះយ៉ាងណា អ្នកជំនាញច្បាប់ និងវិទ្យាសាស្រ្តនយោបាយអន្តរជាតិកញ្ញា សេង ធារី មើលឃើញថា ការដែលអាមេរិកអញ្ជើញលោក ហ៊ុន សែន ឱ្យចូលរួមកិច្ចប្រជុំពេលនេះមិនមែនបញ្ជាក់ថា អាមេរិកទទួលស្គាល់រដ្ឋាភិបាលឯកបក្សនោះទេ ប៉ុន្តែអាមេរិកត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន។ ម្យ៉ាងវិញកញ្ញាយល់ថា ការរួមគ្នាងើបតវ៉ាប្រឆាំងមេដឹកនាំផ្តាច់ការ គឺជារឿងត្រឹមត្រូវ ដើម្បីកុំឱ្យលោក ហ៊ុន សែន យករូបភាពនៃកិច្ចប្រជុំជាមួយមេដឹកនាំអាមេរិកទៅឃាសនាបំប៉ោងដែលផ្ទុយពីការពិត ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋ។

ស្រដៀង​គ្នា​នេះ អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ លើក​ឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ទទួល​រង​ភាព​អាម៉ាស់​ខ្លាំង ដោយ​សារ​ការ​ដឹក​នាំ​ផ្តាច់ការ និង​ធ្វើ​បាតុកម្ម​លាត​ត្រដាង​ទង្វើ​អាក្រក់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដូច្នេះ​លោក ហ៊ុន សែន ត្រូវ​តែ​ព្យាយាម​ប្រមូល​មនុស្ស​ឱ្យ​ទៅ​ជួប និង​ថត​រូប​បង្អួត ដើម្បី​បិទបាំង​ភាព​អាម៉ាស់​របស់​ខ្លួន។ លោក​លោក គឹម សុខ មើល​ឃើញ​ថា តាម​រយៈ​កម្មវិធី​កិច្ចប្រជុំ​នេះ អាមេរិក​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ទម្លាក់​តម្លៃ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​តាម​រយៈ​រៀបចំ​ទីកន្លែង​ប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​ការ​បទេស​អាមេរិក ហើយ​លោក​ថា ឋានៈ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​ក៏​ពិត​មែន ប៉ុន្តែ​អាមេរិក​មិន​រៀបចំ​ឱ្យ​មាន​ជំនួប​ទ្វេ​ភាគី ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង។

បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ ផ្សាយ​កាលពី​ថ្ងៃ​ទី៦ ខែឧសភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក កៅ គឹមហ៊ួន បញ្ជាក់​ថា ពុំ​មាន​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ណា​មួយ​ត្រូវ​បាន​គ្រោង​នឹង​ធ្វើឡើង​រវាង​ក្រុម​មេ​ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ឡើយ ក្រៅពី​ការរៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃ​ទី១២ និង​១៣ ខែឧសភា នោះ។ លោក កៅ គឹមហ៊ួន ចង់​ឃើញ​សហរដ្ឋ​អាមេរិក​រៀបចំ​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ជាមួយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន គឺ​លោក ហ៊ុន សែន។ ក៏ប៉ុន្តែ លោក​ថា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រាប់​លោក​ថា នឹង​មិន​មាន​ការ​រៀបចំ​ដូច្នេះ​ឡើយ ដោយសារ​តែ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​មាន​រយៈពេល​យូរ និង​ថា លោក​ប្រធានាធិបតី ចូ បៃឌិន មាន​ភាព​មមាញឹក​ក្នុង​ការងារ​របស់​លោក។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល​បញ្ហា​សង្គម តែង​លើក​ឡើង​ថា កន្លង​មក​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា ការរំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើ​ពុករលួយ ការ​រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម។ ម្យ៉ាង​ទៀត​ស្នាដៃ​លេចធ្លោ និង​កក្រើក​ពេញ​ពិភពលោក​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ការ​បើក​យុទ្ធនា​ការ​កម្ទេច​បក្ស​ប្រឆាំង ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​តែមួយគត់​នៅ​កម្ពុជា និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ឈប់ឈរ​រហូត​មក​ទល់​ពេលនេះ ។ ទង្វើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ទើប​សហគមន៍​ជាតិ និង​អន្តរជាតិ ​ព្រមទាំង​ប្រទេស​ប្រជាធិបតេយ្យ មិន​ឱ្យ​តម្លៃ និង​ជាប់​ឈ្មោះ​អាក្រក់​លើ​ឆាក​អន្តរជាតិ​ខាង​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ៕

What Next?

Recent Articles