សហមេធាវី​ការពារសិទ្ធិ​ឱ្យ​លោក កឹម សុខា អះអាងថា រឿងក្ដីនេះ​មិនមាន​ភាពជឿនលឿន​ទៅមុខ

តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ១១ ឧសភា ២០២២ | ម៉ោង ១៧:៤៦
VOD

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


សហមេធាវីការពារសិទ្ធិឱ្យប្រធានគណបក្សប្រឆាំង​ដែលត្រូវបានតុលាការរំលាយ បញ្ជាក់​​ថា សវ​​នា​​​​​ការ​ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» មិន​មាន​ភាព​ជឿន​លឿន​ទៅ​មុ​ខ​ទេ ខណៈស​​វនា​​​​​ការ​នេះបានបន្តអូសបន្លាយប្រមាណ២ឆ្នាំមក​ហើយ គិត​មក​ដល់​ពេល​នេះ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ លោក​​ស្រី ម៉េង សុភារី ថ្លែង​​​ថា ការជំនុំជម្រះបន្ត​​លើសំ​ណុំ​រឿង​​លោក កឹម សុខា មិន​មាន​ភាព​ជឿន​លឿន​​​​ទេ ដោយ​សារតែ​​​​តំណាង​​អយ្យ​ការ និង​​មេធាវី​ដើម​ចោទ នៅ​តែ​​​​បន្តសួរសំណួរ​ដែលតុលាការបានសួររួចហើយ។

លោកស្រីបន្តថា៖ «មានសំណួរខ្លះហ្នឹង គឺតំណាង​អយ្យការ​បាន​សួរ​ជាន់​ទៅ​នឹង​សំណួរ​របស់​លោក​ចៅក្រម​ស៊ើប​សួរ។ ហើយចុងក្រោយនេះ មេធាវីតំណាងឱ្យដើមបណ្ដឹង​រដ្ឋប្បវេណី ក៏បានសួរ​​​​ទៅលើ​​ឯក​ឧត្ដម កឹម សុខា ហើយសំណួរនោះ​ក៏បានសួរ​ជាន់​ទៅលើសំណួរលោក​​ចៅក្រម ដែលបាន​​សាក​សួរ​ទៅ​លើឯកឧត្ដម កឹម សុខា ដែរ។ ហើយមិនមែនម្ចាស់​​សំណួរអត់ដឹងថា​សំ​​ណួរជាន់ទេ ប៉ុន្តែ​គាត់​​​នៅ​​តែ​​​​ចង់ព្យាយាមសួរទាញយកអ្វីដែលគាត់ចង់បាន»។

បើតាម​លោកស្រី ម៉េង សុភារី សវនាការលើកនេះ តុលាការ​នៅ​បន្តផ្ដោតលើអង្គហេតុ​នៃ​ការ​បោះ​​ឆ្នោត និងបណ្ដឹងតវ៉ាអំពីនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ២០១២។

​​ប៉ុន្តែ​លោក ប្លង់ សុផល តំណាងអយ្យការ ធ្លាប់បានថ្លែងការពារចំពោះការតាំង​​សំណួរ​ជាញឹក​​ញាប់ ថា​​អ្វីដែលតំណាងអយ្យការ​បន្តសួរ​ជាថ្មីទៀតនេះ​ ដោយសារជនជាប់ចោទឆ្លើយមិនចំអ្វីដែល​​អយ្យ​​ការ​​​​​​ចង់​​​បាន តែជនជាប់ចោទអាចមានសិទ្ធិមិនឆ្លើយបាន​​​។

លោកស្រី ម៉េង សុភារី បានគូសបញ្ជាក់​ដែរ​ថា ក្រុមមេ​ធាវី​ការពារសិទ្ធិរបស់​លោក កឹម សុខា បាន​ត្រៀម​លិខិត​រួច​រាល់​ហើយ ដើម្បី​​ដាក់​​ទៅតុលាការ ស្នើសុំឱ្យកោះហៅតំណាងប្រទេសដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​បទ​ចោទ​នេះ មកសួរ​​ឆ្លើយ​​​​​តទល់មុខគ្នា។ ប៉ុន្តែ​កាលបរិច្ឆេទពិតប្រាកដដែល​នឹង​ត្រូវ​បញ្ជូន​លិខិ​ត​​នេះ​នៅ​​​ពេលណា​នោះ គឺក្រុមមេធាវីនៅ​មិន​​​ទាន់​​​​បានកំណត់ថ្ងៃនៅឡើយ។

នេះជាសវនា​ការលើក​ទី៣៩​ហើយ គិតត្រឹមថ្ងៃទី​១១ ខែឧសភានេះ។ គេសង្កេតឃើញថា នៅ​ខាង​មុខ​​​​បរិ​​វេណតុលាការលើកនេះ អ្នកគាំទ្រលោក កឹម សុខា ហាក់មានចំនួនច្រើន​​ជាងសវនាការ​​ក្នុង​​ពេល​​​កន្លង​ទៅ។ ចំណែកកម្លាំងសមត្ថកិច្ច គឺហាក់មិនមានការប្រែប្រួល​​ទេ ពោលគឺមានស​​ភាព​​ធម្ម​​តា រួមទាំងការពង្រឹង​​សន្តិ​​សុខនៅខាង​មុខតុលាការផង។

លោក កឹម សុខា បាន​រង​ការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ចង់ផ្ដួលរំលំ​​រដ្ឋាភិ​​បា​ល​​។ អ្នកនយោបាយចាស់វស្សារូបនេះ ត្រូវបានកម្លាំងចម្រុះ​ចូលចាប់ខ្លួនទាំង​​​ពាក់កណ្ដាល​​អធ្រា​​ត្រ កាលពីដើមខែ​កញ្ញា ឆ្នាំ២០១៧ ក្នុងពេលដែលលោក​នៅមានអភ័យឯក​​សិទ្ធិ​​​សភា​​​នៅ​ឡើយ។ គិតមកដល់ពេលនេះ មេបក្សជំទាស់រូប​នេះ​ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយ​ប្រមា​​ណ៤ឆ្នាំមក​​ហើយ​​​។

អ្នកសម្របសម្រួល​គម្រោង​បង្កើន​ការ​គោរពសិទ្ធិមនុស្សនៅកម្ពុជា ​នៃមជ្ឈមណ្ឌល​​សិទ្ធិ​​​មនុស្ស​​កម្ពុ​​ជា ​​​(CCHR) លោក រស់ សារ៉ាត់ ក៏ឯកភាពដែរ ថាតុលាការគួរ​​រំលងចោល​​សំណួរ​ខ្លះ ដើម្បីកុំឱ្យ​សវនាការ​នេះចេះតែអូសបន្លាយពេលវេលា។​ ប៉ុន្តែតាមការអង្កេតដោយផ្ទាល់​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ អ្នក​ជំ​​នា​​​ញ​ផ្នែក​​សិទ្ធិ​​មនុ​ស្ស​​​រូបនេះយល់ឃើញថា សវនាការ​លើក​នេះហាក់មានភាពវិជ្ជមានច្រើន បើ​​​ធៀប​​​នឹងសវនា​ការ​​មុន​ៗ​​។

លោកបន្តថា៖ «ខ្ញុំយល់ថា ដើម្បីឱ្យនីតិវិធីកាន់តែលឿន គួរតែរំលងសំណួរដដែលៗ​ ដែលលោក កឹម សុ​​​ខា គាត់បានឆ្លើយមកតាំងពីសវនាការមុនៗ​នោះហើយ។ ប៉ុន្តែតា​ម​ការ​អង្កេត​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ​វា​ជា​​​​សញ្ញាល្អមួយ​ដែលឃើញនីតិវិធីនៃការ​សួរដេញដោល​លើ​អង្គហេតុ ជុំវិញការ​បោះ​ឆ្នោត​ហ្នឹង​​គឺ​បាន​​​​​បញ្ចប់»។

តុលាការរាជធានីភ្នំពេញ​ បាន​បន្តបើកសវនាការរឿងក្ដីលោក កឹម សុខា ​ចាប់ពីថ្ងៃទី១៩ ខែមករា​ ឡើង​វិញ​ បន្ទាប់​ពី​ខកខានសវនាការនេះអស់រយៈពេលប្រមាណ២ឆ្នាំកន្លងទៅ ក្រោមហេតុផលវិបត្តិ​នៃជំងឺកូវីដ-១៩។ ក្រោយចាប់ខ្លួន មេបក្សជំទាស់រូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួន​នៅពន្ធនា​​គារ​​​​​ត្រពាំងផ្លុង ជាប់ព្រំដែនកម្ពុជា-វៀតណាម។

មុន​នឹងបិទបញ្ចប់ការសួរដេញដោល​នៅព្រឹកនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បាន​​ប្រកាស​បន្តសវនា​ការលើសំណុំរឿង​នេះ​ជាថ្មីទៀត នៅ​ថ្ងៃទី​១៨ ខែឧសភា សប្តាហ៍ក្រោយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles