រដ្ឋាភិបាល​ស្នើ​ប្រទេស​ផ្ដល់​ជំនួយ​ពន្យារពេល​បញ្ជូន​វ៉ាក់សាំង​មក​កម្ពុជា ព្រោះ​សល់​ច្រើន​ក្នុង​ឃ្លាំង

កូវីដ-១៩ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ១២ ឧសភា ២០២២ | ម៉ោង ១៥:០៥
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានស្នើប្រទេសផ្ដល់ជំនួយពន្យារពេលបញ្ជូនវ៉ាក់សាំងមកកម្ពុជា ដោយថាវ៉ាក់សាំងនៅសល់ច្រើនក្នុងឃ្លាំង និងមិនគួរប្រើប្រាស់ខ្ជះខ្ជាយឡើយ។

ការស្នើនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រី ជាមួយ សហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នាឱកាសដែលលោកទៅចូលរួមធ្វើជាសហប្រធានសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា កម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ឱ្យពលរដ្ឋហើយ ប៉ុន្តែកង្វល់របស់កម្ពុជានៅពេលនេះ គឺប្រើវ៉ាក់សាំងមិនទាន់អស់ពីឃ្លាំងនៅឡើយ។

លោកថា ចិនបានសន្យាផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាចំនួន២០លានដូស ក្នុងនោះ ចំនួន៥លានដូសបានបញ្ជូនដល់កម្ពុជា។ ចំណែកអាមេរិកក៏បានសន្យាផ្ដល់ជាង៧លាន​ដូស ក្នុងនោះ ២លានដូសបានបញ្ជូនដល់ទឹកដីកម្ពុជាហើយ។ ​

បើតាមលោក ហ៊ុន សែន វ៉ាក់សាំងដែលជាជំនួយពីអ៊ីតាលី ហុងគ្រី អូស្ត្រាលី រួមនឹងវ៉ាក់សាំងដែលកម្ពុជាចំណាយលុយទិញ សរុបនៅសល់ជាង១២លានដូសក្នុងឃ្លាំងទៀត។

លោកថា៖ «យើងចង់ឱ្យរំកិល! ដូចជា [ជំនួយវ៉ាក់សាំង] ពីអាមេរិក យើងអាចរំកិលខែបន្តិច ទាញពេលទៅក្រោយបន្តិច ព្រោះត្រូវប្រើឱ្យអស់អា១២លាន[ដូស]សិន។ បើមិនទាន់អស់ យកទៅ បំផ្លាញចោលវ៉ាក់សាំង គឺជារឿងអកុសល។ អ៊ីចឹងយើងក៏ត្រូវគិតដែរ កុំឱ្យថាគេឱ្យមកចេះតែទទួលៗ។ ខ្មែរយើងចូលដល់ដំណាក់កាលគេហៅថា “អ្នកសុំទានមានលុយអាប់”»។ 

លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនគួរទទួលយកជំនួយវ៉ាក់សាំងទៅប្រើមិនអស់ឡើយ ស្របពេលប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង ដូចជាបណ្ដាប្រទេសអាហ្វ្រិក ជាមធ្យមចាក់វ៉ាក់សាំងដល់ពលរដ្ឋមិនដល់ ៥០% ផង រីឯកម្ពុជាចាក់បានពេញលេញដល់ទៅជាង ៩៣% ហើយតម្រូវការបច្ចុប្បន្នសម្រាប់តែដូសជំរុញប៉ុណ្ណោះ។

លោកបន្តថា៖ «យើងយកទៅ គ្រាន់តែជាដូសជំរុញទេ! ប៉ុន្តែយើងអត់ដឹងថាកូវីដចប់នៅពេលណាទេ ហើយចេះតែយក។ ប៉ុន្តែគ្រាន់តែថាសុំពន្យារពេល ហើយបើសិនគេមិនឱ្យ យើងក៏ត្រៀមលុយដើម្បីទិញដែរ»។

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានទេ នៅថ្ងៃទី១២ ខែឧសភានេះ។​

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ថ្លែងថា វ៉ាក់សាំងមិនមែនជាថ្នាំទេ ប៉ុន្តែវាជាសំបកមេរោគដែលគេកែច្នៃឱ្យទៅជាមេរោគល្អ មេរោគស្លូត ដើម្បីការពារអាយុជីវិតមនុស្ស។

យ៉ាងណា លោកថា បើមិនមានការទុកដាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ វ៉ាក់សាំងនឹងក្លាយទៅជាមេរោគកាចសាហាវដែលបំផ្លាញជីវិតមនុស្សផងដែរ។  ​

លោកថា៖ «បើសិនជាវ៉ាក់សាំងហ្នឹងមិនរក្សានៅក្នុងសីតុណ្ហភាពឱ្យបានល្អ ដើម្បីចិញ្ចឹមជីវិតវាឱ្យវារស់ឡើងដោយស្លូត វ៉ាក់សាំងហ្នឹងអាចនឹងចាក់ទៅមានហានិភ័យ ទៅជាមេរោគកាចវិញ។ គេហៅថាឆ្កែស្លូតទៅជាឆ្កែកាច ឆ្កែឆ្កួតវិញ។ ទី២ បើសិនជាវាហួសកំណត់កាល ក៏យើងមិនអាចយកមកប្រើបានដែរ។ យើងត្រូវយកទៅបោះចោល រកកន្លែងកាយដីកប់ក៏អត់បានដែរ ដុតទាល់តែរកឡជិត ឡបិទជិតហ្មង អត់ឱ្យផ្សែងហុយចេញទៀតណោះ»។

លោកថា បែបនេះ ទាមទារឱ្យក្រសួងសុខាភិបាលមានការយកចិត្តទុកដាក់ខ្ពស់លើការទុកដាក់វ៉ាក់សាំង ដើម្បីធានាថាគ្មានហានិភ័យដល់ជីវិតពលរដ្ឋ។

បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងដំណាក់កាលកូវីដ-១៩ រដ្ឋាភិបាលបានប្រឹងប្រែងស្រោចស្រង់ជីវិតពលរដ្ឋ ដោយ​មិនបានទុកឱ្យពលរដ្ឋស្លាប់ឡើយ។ បើទោះជាបែបនេះក្តី លោកថាក៏មានករណីស្លាប់ដែរ តែតិចតួច បើ​ធៀបជាមួយប្រទេសជឿនលឿន។ លោកបន្ថែមថា បច្ចុប្បន្នកម្ពុជាមានអ្នកដែលឆ្លងជំងឺនេះតិចជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០។

គិតត្រឹម​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៣ ១៨៦នាក់ និងស្លាប់សរុបចំនួន៣ ០៥៦នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles