ឯកអគ្គ​រដ្ឋទូត​អាមេរិក​​សម្ដែង​​សុទិដ្ឋិនិយម​​ចំពោះ​​ទំនាក់ទំនង​ជាមួយ​កម្ពុជា

ដោយ ម៉ៅ សុធានី
2022.05.11
RFA

ឯកអគ្គ​រដ្ឋទូត​អាមេរិក​​សម្ដែង​​សុទិដ្ឋិនិយម​​ចំពោះ​​ទំនាក់ទំនង​ជាមួយ​កម្ពុជា

លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ រូប៖ U.S. Embassy Phnom Penh, Cambodia


ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក ផាទ្រីក ម័រហ្វី មាន​ប្រសាសន៍​ក្នុង​វីដេអូឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃទី១១ ខែឧសភា​ថា ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​មក​នេះ សហរដ្ឋអាមេរិក​បាន​វិនិយោគ​ទឹកប្រាក់​លើស​ពី៣ពាន់​លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តភាព​របស់​កម្ពុជា ហើយ​កម្ពុជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​កសាង​វិបុលភាព។ លោក​បន្ត​ថា កាន់តែ​ពិសេស​ទៀត​នោះ គឺ​ឆ្នាំនេះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ហើយ​សហរដ្ឋអាមេរិក និង​អាស៊ាន​មាន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែលគ្រោង​នឹងឈាន​ឡើង​មួយ​កម្រិត​ទៀត។ លោក ផាទ្រីក ម័តហ្វី សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​កម្ពុជា​ជោគជ័យ ព្រោះ​ជោគជ័យ​របស់​កម្ពុជា គឺ​ជា​ជោគជ័យ​របស់​អាស៊ាន និង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក។

លោក ផាទ្រីក ម័រហ្វី បញ្ចេញ​សារ​បែបនេះ ស្របពេល​ក្រុម​មេដឹកនាំ​អាស៊ាន ក្នុង​នោះ​រួម​ទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាលោក ហ៊ុន សែន ផង កំពុង​មាន​វត្តមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington D.C)​​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក។ កិច្ចប្រជុំ​នេះ​មាន​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃ១២ និង១៣ ខែ​ឧសភា ដោយ​នឹង​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​មួយចំនួន​មាន​ជាអាទិ៍ កិច្ច​សហប្រតិបត្តិការ​ផ្នែក​នាវាចរណ៍ ការ​ស្ដារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធប្រកប​ដោយ​និរន្តភាព ព្រមទាំង​បញ្ហា​តំបន់ និង​សាកល​លោក​ដទៃទៀត៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles