បរិស្ថាន ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៤ ឧសភា ២០២២ | ម៉ោង ១៥:១១
VOD

សកម្មជនអារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាលនៅប្រទេសកម្ពុជា (រូបពីហ្វេសប៊ុកលោក អាឡិច)
តុលាការកំពូលបានតម្កល់សាលដីកាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដោយសម្រេចឱ្យស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាប់ពន្ធនាគារ២០ខែ ដដែល ក្រោមការចោទប្រកាន់ពីបទ «សមគំនិត ក្នុងអំពើញុះញង់»។
ការសម្រេចនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលលោក ឃឹម ប៉ុណ្ណ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្តីឱ្យស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ឃឹម ប៉ុណ្ណ បានចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបានផ្ដន្ទាទោសលោក អាឡិចថា ជារឿងត្រឹមត្រូវ។
មេធាវីការពារក្ដីឱ្យស្ថាបនិកចលនាមាតាធម្មជាតិគឺលោក សំ ចំរើន បង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ដោយថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។
លោកថា៖ «យើងមានការខកចិត្ត [ចំពោះតុលាការ] ដែរ។ ខ្ញុំយល់ថា កូនក្ដីសុច្ចរិត និងស្អាតស្អំ។ ចំពោះថា ធ្វើយ៉ាងម៉េចទៀតនោះ ចាំមើលខ្ញុំពិភាក្សាជាមួយកូនក្ដីខ្ញុំសិន»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូល ដោយថា សកម្មភាពរបស់លោក អាឡិច មិនបានបង្កជាបទល្មើស និងបំផ្លាញប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ លោកមើលឃើញថា លោក អាឡិច បានខិតខំការពារព្រៃឈើ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលកំពុងរងការកាប់បំផ្លាញនាពេលកន្លងមក និងបច្ចុប្បន្ននេះ។
លោកចាត់ទុកការតម្កល់សាលដីកាផ្ដន្ទាទោសលោក អាឡិច ជារឿងអយុត្តិធម៌ សម្រាប់អ្នកថែរក្សាធនធានធម្មជាតិ ខណៈជនដែលបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយបែរជារួចផុសពីការចោទប្រកាន់ និងទោសទណ្ឌទៅវិញ។
លោកថា៖ «អ្នកខ្លះទៀត ក្លាយជាឧកញ៉ា មហាសេដ្ឋី ដោយឡែកមកចាប់សកម្មជនការពារព្រៃឈើ ការពារបរិស្ថានទៅវិញ។ យើងគិតទៅហួសចិត្តមែនទែន ចំពោះបញ្ហាដែលមានការដាក់ទោសទណ្ឌសកម្មជនព្រៃឈើ ពិសេសដូចពួកអាឡិច និងសកម្មជនផ្សេងៗទៀតហ្នឹង»។
លោកថា៖ «ដូច្នេះ សកម្មភាពរបស់លោក អាឡិច និងសកម្មភាពយុវជនផ្សេងៗទៀត ក្នុងការការពារធនធានធម្មជាតិមិនមែនជាសកម្មភាពផ្ទុយនឹងច្បាប់ ហើយក៏មិនមែនជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលដែរ ផ្ទុយទៅវិញ វាជាសកម្មភាពស្របច្បាប់ហើយស្របតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការពារព្រៃឈើ និងធនធានធម្មជាតិ»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសកំបាំងមុខលោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដោយដាក់ពន្ធនាគារចំនួន ២០ ខែ និងពិន័យប្រាក់ ៤ លានរៀល រួមទាំង ចេញដីកាឱ្យចាប់ខ្លួនក្រោមបទចោទប្រកាន់ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
sorry ELEC, this monster killer leadership is so dump they do not like some one come to help his nation . I knew they did not like you because they can not destroy his own nation for the dollar $$$$. this is what we Cambodian already knew