ដោយ យ៉ង ចាន់តារា
2022.05.14
RFA

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ថតរូបជាមួយមេដឹកនាំអាស៊ាននៅមុខសេតវិមានកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ រូប៖ White House
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន រយៈពេល ២ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) សហរដ្ឋអាមេរិក បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៣ ឧសភា។ សហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួម ដែលត្រូវបានផ្សព្វផ្សាយដោយការិយាល័យប្រធានាធិបតីអាមេរិក ឬសេតវិមាន (The White House) កាលពីថ្ងៃទី១៣ ឧសភា។
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន រយៈពេល ២ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) សហរដ្ឋអាមេរិក បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៣ ឧសភា។ សហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួម ដែលត្រូវបានផ្សព្វផ្សាយដោយការិយាល័យប្រធានាធិបតីអាមេរិក ឬសេតវិមាន (The White House) កាលពីថ្ងៃទី១៣ ឧសភា។
សេចក្ដីថ្លែងការណ៍ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន បានបញ្ជាក់សាជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងកសាងទំនាក់ទំនងស្ដីពីកិច្ចសន្ទនាអាស៊ាន-អាមេរិកឱ្យកាន់តែទូលំទូលាយ។ ជាយូរមកហើយ កិច្ចសន្ទនានេះមិនអាចខ្វះបានឡើយ សម្រាប់អាស៊ាន និងសហរដ្ឋអាមេរិក ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីបន្តលើកស្ទួយ និងថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ហើយក៏ដើម្បីធានាថា ទំនាក់ទំនងទាំងឡាយនៅតែអាចសម្របបានដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗ និងដើម្បីធ្វើកិច្ចសហការឱ្យបានសមស្របក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលសហរដ្ឋអាមេរិក និងអាស៊ានជាសមាជិក។
មេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន ក៏បានបញ្ជាក់តទៅថ្ងៃមុខទៀត អំពីការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងការប្ដេជ្ញាចិត្តរួមគ្នាចំពោះដំណោះស្រាយដោយសន្តិវិធីលើជម្លោះទាំងឡាយ ក្នុងនោះមានដូចជា ការគោរពឱ្យបានពេញលេញនូវនីតិវិធីតាមផ្លូវទូត និងផ្លូវច្បាប់ ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬកងកម្លាំង អនុលោមតាមច្បាប់អន្តរជាតិ។
សំខាន់ជាងនេះទៅទៀតនោះ ប្រធានាធិបតីអាមេរិក និងមេដឹកនាំប្រទេសសមាជិកអាស៊ាន បានប្រកាសអំពីការប្ដេជ្ញាចិត្តបង្កើតឱ្យបាននូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក» ដែលនឹងមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ភាគីទាំងពីរទន្ទឹងរង់ចាំការបញ្ចប់ដំណើរការចាំបាច់ទាំងឡាយ ដើម្បីឈានទៅសម្រេចបានគោលដៅនេះ ហើយអ្វីដែលសហរដ្ឋអាមេរិក និងអាស៊ានត្រូវធ្វើចំពោះមុខនោះ មានចំនួន ៩ចំណុចធំៗ។ ចំណុចទាំងនោះ រួមមាន (១) ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការកសាងសន្តិសុខផ្នែកសុខាភិបាលឱ្យបានប្រសើរ និងការស្ដារឡើងវិញជាមួយគ្នា (២) ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនាវាចរណ៍ (៤) លើកស្ទួយទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ (៥) ការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ក្នុងអនុតំបន់ (៧) ការប្រើប្រាស់បច្ចេកវិទ្យា និងលើកកម្ពស់ការបង្កើតថ្មី (៨) ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយចំណុចធំចុងក្រោយ (៩) គឺការថែរក្សាសន្តិភាព និងកសាងទំនុកចិត្តទៅវិញទៅមក។ ចំណុចធំៗទាំង ៩នេះ ត្រូវបានបែងចែកជាចំណុចតូចៗចំនួនជិត ៣០ផ្សេងទៀត ក្នុងនោះរួមមានទាំងបញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅប្រទេសភូមា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េ ជាដើម។
មេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ានបានគូសបញ្ជាក់ជាចុងក្រោយថា ពួកគេទន្ទឹងរង់ចាំការឈានដល់កម្រិតថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ព្រមទាំងភារកិច្ចរបស់រដ្ឋមន្ត្រីនៃភាគីទាំងពីរ ដើម្បីសម្របសម្រួលការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមនេះ ក្រោយពីចាប់ផ្ដើមអនុវត្តរបៀបវារៈប្រកបដោយមហិច្ឆតានេះនៅក្នុងពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។