គណបក្ស​ភ្លើងទៀន​គ្រោង​ធ្វើ​សមាជ​​ដើម្បី​សម្រេច​ថា ចូលរួម​ឬ​មិន​ចូលរួម​ការបោះឆ្នោត

ដោយ ជាតិ ចំណាន
2022.05.14
RFA

គណបក្ស​ភ្លើងទៀន​គ្រោង​ធ្វើ​សមាជ​​ដើម្បី​សម្រេច​ថា ចូលរួម​ឬ​មិន​ចូលរួម​ការបោះឆ្នោត

កិច្ចប្រជុំ​គណបក្ស​ភ្លើងទៀន។ រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន


គណបក្ស​ភ្លើង​នៅ នឹង​រៀបចំ​ធ្វើ​សមាជ​ថ្ងៃ​ទី១៥ ឧសភា នេះ ដោយ​មាន​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ជាង​ពីរ​ពាន់​នាក់​ចូលរួម ដើម្បី​សម្រេច​ថា ចូលរួម​ឬ​មិន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ឆ្នាំ​២០២៣ ខាងមុខ​។ អ្នកឃ្លាំមើល​ការ​យល់​ថា គណបក្ស​នេះ​នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ថា មិន​បារម្ភ​ពី​វត្តមាន​គណបក្ស​ភ្លើងទៀន​ឡើយ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ ព្យាករណ៍​ថា នឹង​មាន​ភាគរយ​ខ្ពស់​ដែល​គណបក្ស​ភ្លើងទៀន សម្រេច​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ខាងមុខ​។ ទោះយ៉ាង​ណា​លទ្ធផល​នឹង​ត្រូវ​បង្ហាញ​ក្នុង​អង្គ​សមាជ​គណបក្ស​នេះ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃអាទិត្យ​ទី​១៥ ខែ​ឧសភា។

លិខិត​អញ្ជើញ​របស់​គណបក្ស​ភ្លើងទៀន​ឲ្យ​ដឹង​ថា សមាជ​វិសាមញ្ញ​នេះ​ចូលរួម​ពី​ប្រធាន​អនុប្រធាន សមាជិក​ក្រុមការងារ​បណ្ដោះអាសន្ន រាជធានី ខេត្ត និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ចូលរួម​។ សមាជ​នេះ​មាន​របៀបវារៈ​អនុវត្ត​គោលនយោបាយ​ឃុំ​សង្កាត់​ឆ្នាំ​២០២២។

អនុប្រធាន​គណបក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា តាម​គម្រោង​នឹង​មាន​អ្នកចូលរួម​ជាង​២.០០០​នាក់ ។ លោក​បន្ត​ថា គណបក្ស​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ពី​ការ​ជួបជុំ​នេះ​រួចហើយ​។ លោក​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​នឹង​សួរ​យោបល់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​នៅក្នុង​អង្គ​សមាជ​នោះ​ដើម្បី​សម្រេច​ថា​ចូលរួម​ការបោះឆ្នោត​ឬ​មិន​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ៖ «ពួក​យើង​ជា​អ្នក​ប្រជាធិបតេយ្យ​យើង​ត្រូវការ​សំឡេង​ពួកគាត់​អ្នក​ប្រកួត​ដូច្នេះ​បើ​គាត់​ថា យល់ស្រប​យល់ព្រម​ថា ការ​ខិតខំ​ហ្នឹង​គួរតែ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​សំណូម​របស់​ប្រជាពលរដ្ឋ​គឺ​យើង​នឹង​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ពួកគាត់​ទាំងអស់​ហ្នឹង​បាទ»។

គណបក្ស​ភ្លើងទៀន​បង្ហាញ​ជំហរ​បែប​នេះ ក្រោយ​គណបក្ស​នេះ បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស​ជាង​១៦០០​ឃុំ​សង្កាត់ ដែល​ចំនួន​នេះ​ប្រហាក់ប្រហែល​នឹង​ការ​ដាក់​បេក្ខជន​របស់​គណបក្សកាន់អំណាច​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា គណបក្ស​ភ្លើងទៀន មាន​បំណង​ចង់​ដណ្ដើមយក​អាសន​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ទោះ​យ៉ាងណា លោក​ថា គណបក្ស​នេះ​មិន​បាន​គំរាមកំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ព្រោះ​គណបក្ស​ភ្លើងទៀន គឺ​គ្រាន់​ជា​ចំណែក​តូច​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ៖ «ដោយសារ​សង្គ្រោះ​ជាតិ​ចាញ់​ទៅ​ហើយ នៅ​ទាំងមូល​ចាញ់​ទៅ​ហើយ​ជាមួយ​ហ្នឹងហើយ​ឥឡូវ​នៅតែ​ម្ខាង​មិន​ដល់​ម្ខាង​ផង​រឿង​អី​ទៅ​ឈ្នះ អេ ចាំ​ដល់​បោះឆ្នោត​ហើយ ខ្ញុំ​មិនមែន​អ្នក​ទាយ​ទៅ​គេ​ទាយ»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​កាន់អំណាច អតីត​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហង្ស ស៊ីសុវត្ថ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ រំពឹង​ថា គណបក្ស​ភ្លើងទៀន នឹង​ផ្ដល់​ជម្រក​ស្របច្បាប់​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្មាន​កន្លែង​ឈរ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​បន្ត​ទៀត​ថា គណបក្ស​នេះ ក៏​នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​ផង​ដែរ​។ ទោះ​យ៉ាងណា លោក​ព្រួយបារម្ភ​ថា ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ដូច​សព្វថ្ងៃ នឹង​ធ្វើ​ឲ្យ​គណបក្ស​នេះ ជួប​ការប្រកួតប្រជែង​មួយ​ដែល​គ្មាន​យុត្តិធម៌ និង​តម្លាភាព៖ «អ្វី​ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ និង​ខ្ញុំ​ដែល​ជា​សកម្មជន​ភ្លើងទៀន​ដែល​មិន​ពេញចិត្ត​គឺ​លទ្ធផល​ឆ្នោត​រៀងរាល់​អាណត្តិ​រៀងរាល់​ការបោះឆ្នោត​ម្ដងៗ គ..ប មិន​ឯករាជ្យ មិន​យុត្តិធម៌ និង​អាច​ទទួល​យក​បាន តែងតែ​លួច​កែ​តែងតែ​លួច​សន្លឹកឆ្នោត​លួច​គ្រប់​ដំណាក់កាល​ទាំងអស់»។

មន្ត្រី​សម្របសម្រួល​គម្រោង អ្នកតស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក ម៉ើ ចាន់ដារ៉ា យល់​ថា គណបក្ស​ភ្លើងទៀន​នឹង​អាច​ចូលរួម​ការបោះឆ្នោត​ខាងមុខ និង​ក្លាយជា​គូប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល់​ជាមួយ​គណបក្ស​កាន់​អំណាច​។ ការ​លើក​ឡើង​បែបនេះ ព្រោះ​លោក ម៉ើ ចាន់ដារ៉ា សង្កេត​ឃើញ​ថា អ្នកគាំទ្រ និង​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន ភាគច្រើន​ជា​អតីត​មន្ត្រី និង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «​សង្ឃឹម​ថា នឹង​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន ឬក៏​គណបក្សប្រឆាំង​ផ្សេងទៀត បាន​ចូលរួម​ផង​ដែរ ដើម្បី​ឲ្យ​ពួកគាត់​អាច​មាន​សំឡេង​ជួយ​ប៉ះប៉ូវ​នូវ​ចំណុច​ខ្វះខាត​របស់​គណបក្សកាន់អំណាច​នៅ​មូលដ្ឋាន និង​ជា​ទី​ពឹង​ប្រជាពលរដ្ឋ​ផង​ដែរ»។

គណបក្ស​ភ្លើងទៀន​ដំបូង​ឡើយ​ឈ្មោះ​គណបក្ស​ជាតិខ្មែរ ក្រោយ​មក​ឈ្មោះ គណបក្ស សម រង្ស៊ី និង​ចុង​ក្រោយនេះ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​កែប្រែ​ច្បាប់​មិន​ឱ្យ​ប្រើ​ឈ្មោះ​បុគ្គល​ជា​ឈ្មោះ​បក្ស ទើប​គណបក្ស​នេះ​មាន​ឈ្មោះថា ភ្លើងទៀន ដូច​សព្វថ្ងៃ។ គណបក្ស​នេះ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ជិត​៥​ឆ្នាំ​មកនេះ​មិនទាន់​អាច​ដំណើរការ​ឡើងវិញ​។ ទន្ទឹមគ្នា​នេះ​ដែរ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខ សកម្មជន​គណបក្ស​នេះ​រង​ការ​ការ​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព​ដោយ​ការ​ប្ដឹង​ទៅ​តុលាការ ការ​ចាប់​ឃុំខ្លួន ការ​គម្រាម​នានា និង​វាយ​ធ្វើបាប​ពី​ជន​មិន​ស្គាល់​មុខ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles