នាយឧត្ដមសេនីយ៍​ម្នាក់រងការ​រិះគន់​រឿង​ស្នើសុំ​តែង​តាំង​កូន និង​ក្មួយ​ជា​មន្ត្រី​ជាន់​ខ្ពស់

2022.06.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយឧត្ដមសេនីយ៍​ម្នាក់រងការ​រិះគន់​រឿង​ស្នើសុំ​តែង​តាំង​កូន និង​ក្មួយ​ជា​មន្ត្រី​ជាន់​ខ្ពស់

លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រ​ង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។  រូប៖ ហ្វេសប៊ុក​អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ


មន្ត្រីសង្គមស៊ីវិល​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​មួយ​រួប ដែល​ប្រើ​ឥទ្ធិពល​ស្នើសុំ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគម​តែងតាំង​កូន និង ក្មួយ​របស់​ខ្លួន ធ្វើ​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប។ ពួកគាត់ ចាត់ទុកថា ទង្វើ​នេះ​ធ្វើ​ឱ្យ​មន្ត្រី​រាជការ​ផ្សេង​ទៀត​បាត់បង់​ឱកាស​ការងារ ហើយ​ការ​តែងតាំង​សែ​ស្រឡាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​សម្រាប់​តំណែង​ធំៗ បង្ហាញ​ឱ្យ​ឃើញ​ពី​ទិដ្ឋភាព​សង្គម ដែល​ពោរពេញ​ដោយ​សែស្រឡាយ​បក្ស​ពួក​ក្នុង​ស្ថាប័ន​ជាតិ។

មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ចំពោះ​នាយ​ឧត្តមសេនីយ៍ និង​ជា​អគ្គ​មេបញ្ជាការ​រង​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ដែល​ដាក់​លិខិត​ស្នើសុំ​ទៅ​លោក ស ខេង ជួយ​តែងតាំង​កូន​របស់​លោក​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ ហើយ​ក្មួយ​ប្រុស​របស់​លោក​ម្នាក់​ទៀត​ជា​អភិបាល​រង​ខេត្តសៀមរាប​ដោយ​គ្មាន​ការ​ប្រគួតប្រជែង​សមត្ថភាព និង​នីតិវិធី​ត្រឹមត្រូវ។ លិខិត​របស់​លោក លោក ឥត សារ៉ាត់ ក៏​កំពុង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសបុក (Facebook) ចែកចាយ និង​រិះគន់​ព្រោងព្រាត។

នាយកប្រតិបត្តិ នៃ​អង្គការ​សម្ពន្ធ​គណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ករណី​លោក ឥត សារ៉ាត់ ស្នើសុំ​តែងតាំង​កូន និង​ក្មួយ​របស់​ខ្លួន ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​ស៊ីវិល​នេះ គឺ​ជា​រឿង​ដែល​គ្មាន​តម្លាភាព និង​នាំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍។ លោក យល់ឃើញថា ការ​តែងតាំង​អ្នក​ណា​ម្នាក់​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្ត គួរ​តែ​មាន​ការ​ស្នើសុំ​តាម​បែបបទ​របស់​មន្ត្រី​រាជស៊ីវិល នៃ​ក្រសួង​សាមី តាម​រយៈ​ការ​វាយ​តម្លៃ ដើម្បី​ឱ្យ​ការ​បំពេញ​ការងារ​មាន​ភាព​ស៊ី​សង្វាក់​គ្នា ពី​ថ្នាក់​ក្រោម​មក​លើ ហើយ​យល់​ច្បាស់​ពី​តួនាទី និង​ភារកិច្ច​ក្នុង​តំបន់​គ្រប់គ្រង៖ «គួរ​ធ្វើ​តាម​រយៈ​ការ​សិក្សា​របស់​ក្រសួង​សាមី ឬ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ទៅ​លើ​លទ្ធភាព ហើយ​នឹង​សមត្ថភាព នៃ​មន្ត្រី​របស់​ខ្លួន ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល ដើម្បី​មាន​តួនាទី​ជា​អភិបាល នៃ​គណៈអភិបាល នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ អ៊ីចឹង​ការ​ស្នើសុំ​ទាំង​ឡាយ​ណា ជា​មាន​លក្ខណៈ​ជា​បុគ្គល ហើយ​បុគ្គលដែល​ស្នើសុំ​នោះ ត្រូវ​ជា​សាច់ញាតិ​របស់​អ្នក​ស្នើសុំ។ ខ្ញុំ​យល់​ថា វា​គឺ​ជា​ប្រភេទ នៃ​ការ​អនុវត្ត​មួយ ដែល​មាន​ការ​ជំពាក់ជំពិន ជាមួយ​ទំនាស់​ផល​ប្រយោជន៍ ហើយ​ទំនាស់​ផល​ប្រយោជន៍​នេះ គឺ​វា​បាន​បង្ក​ឱ្យ​មាន​ការ​ចោទ​សួរ​ទៅ​វិញ ទៅ​មក»

ការ​រិះគន់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ បន្ទាប់​ពី​អគ្គ​មេបញ្ជាការ​រង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ លោក ឥត សារ៉ាត់ បាន​ដាក់​លិខិត​មួយ​ចុះ​ថ្ងៃ​ទី១ ខែមេសា ដោយ​ស្នើសុំ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ឲ្យ​ផ្លាស់​ប្តូរ និង​តែង​តាំង​កូន​ប្រុស​របស់​លោក​ឈ្មោះ ឈ្មោះ រ៉ាត់ ដារ៉ារ័ត្ន កំពុង​មាន​តួនាទី​ជា​ឧត្តមសេនីយ៍ត្រី និង​ជា​នាយ​រង​លេខា​ធិការ​ដ្ឋាន​សេនា​ធិការ​ចម្រុះ​អគ្គ​បញ្ជាការ​ដ្ឋាន ទៅ​កាន់​តួនាទី​ជា​អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ លោក​ស្នើសុំ​ឲ្យ​លោក ស ខេង  តែងតាំង​ក្មួយ​ប្រុស​របស់​លោក ឈ្មោះ ណុប ឡងឌី ដែល​កំពុង​កាន់​តួនាទី​ជា​ឧត្តម​សេនីយ៍​ត្រី និង​ជា​នាយក​រង​សាលា​ទាហាន​សកម្ម​អគ្គ​បញ្ជាការ​ដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ទៅ​ជា​អភិបាល​រង​ខេត្តសៀមរាប។ លោក ឥត សារ៉ាត់ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ការ​ស្នើសុំ​នេះ ព្រោះ​លោក ផ្អែក​តាម​ការ​សិក្សា និង​សមត្ថភាព​របស់​កូន និង​ក្មួយ​របស់​លោក ដែល​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច អនុបណ្ឌិត​រដ្ឋបាល​សាធា​រណៈ​ ហើយ​បាន​បំពេញ​ការ​ងារ​បាន​ជោគ​ជ័យ​តាម​ភារ​កិច្ច​នា​ពេល​កន្លង​មក។ ក្នុង​លិខិត​នោះ លោក ស ខេង មិន​ទាន់​សម្រេច​បែប​ណា​នោះ​ទេ ដោយ​ចាត់តាំង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ពិនិត្យ​មើល​លើ​សំណើ​នេះ។ 

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​លោក សក់ សេដ្ឋា និង​នាយ​ឧត្តមសេនីយ៍ គឺ លោក ឥត សារ៉ាត់ ដើម្បី​ធ្វើការ​អធិប្បាយ​បាន​ទេ ជុំវិញ​រឿង​នេះ។ ប៉ុន្តែ​លោក ឥត សារ៉ាត់ ថ្លែង​ប្រាប់​វិទ្យុ​វីអូអេ (VOA) ថា វា​ជា​រឿង​ហួស​ហើយ។ លោក​ក៏​បាន​សួរ​ទៅ​អ្នក​សារព័ត៌មាន​វិញថា ហេតុអ្វី​ខ្វល់​រឿង​តែងតាំង​កូន និង​ក្មួយ​របស់​លោក​បែប​នេះ ហើយ​លោកអះអាង​ថា នេះ​ជា​ការងារ​មន្ត្រី​រាជការ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១៦ មិថុនា​ថា ការ​ជ្រើសរើស ឬ​ការ​តែងតាំង តម្លើង​តំណែង​មន្ត្រីរាជការ គួរ​ជ្រើសរើស​តាម​នីតិវិធី ដែល​មាន​ជា​ធរមាន ដោយ​ផ្អែក​ទៅ​លើ​គោលការ​តម្លាភាព គណនេយ្យភាព សមត្ថភាព និង​ភាពស្មើ​គ្នា​ស្រប​តាម​បទ​ពិសោធន៍ រួមទាំង​អតីតភាព​ការងារ។ លោកបន្តថា ការ​ជ្រើសរើស ឬ​ការ​តែងតាំង​មន្ត្រី​រាជការ​បែប​នេះ មិន​គួរ​គិត​រឿង​បក្ស​ពួក និង​សែស្រឡាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ​ទេ៖ «នៅ​ក្នុង​ក្របខ័ណ្ឌ​សាធារណៈ ជា​ការ​ចាំបាច់​ណាស់ ដែល​យើង​រើស​មន្ត្រី ដែល​មាន​សមត្ថភាព​បំពេញ​កិច្ចការ​ជាតិ កិច្ចការ​ដែល​បំរើ​ប្រយោជន៍​សាធារណៈ។ អ៊ីចឹង​ជា​ការ​ប្រសើរ ដែល​យើង​ត្រូវ​តែ​ជ្រើសរើស​ហ្នឹង ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​ជាក់ស្តែង​របស់​មន្ត្រី​ហ្នឹង ហើយ​ផ្តល់​ឱកាស​ស្មើ​គ្នា​ចំពោះ​ទាំង​អស់ នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ហ្នឹង ដើម្បី​ឱ្យ​អ្នក​ដទៃ ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ហ្នឹង អាច​មាន​ឱកាសក្នុង​ការ​កាន់កាប់​តំណែង​សំខាន់ៗ របស់​ជាតិ ជាពិសេស គឺ​យុវជន ឬ​ក៏​មន្ត្រី​ក្មេងៗ ហើយ​ជា​ស្ត្រី​ទៅ​ទៀត​បាទ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផ្តល់​ឱ្យ​ស្មើ​គ្នា ឬ​ក៏​ផ្តល់​ឱកាស​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ទៅ​ដល់​ស្ត្រី ហើយ​និង​យុវជន ក៏​ដូច​ជា​មន្ត្រី ដែល​មាន​សមត្ថភាព​ក្មេងៗ ដែល​គាត់​អាច​កាន់កាប់​កិច្ចការ​ធំៗ បាន»

នៅក្នុង​ស្ថាប័នរដ្ឋ​សព្វថ្ងៃ​នេះ វាសឹងតែ​ជារឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មន្ត្រី​កំពូលៗរបស់ គណបក្ស កាន់អំណាច បើ​មាន​ឪពុក ឬក៏​ម្ដាយ​ជា​តំណាងរាស្ត្រ ជាប្រធាន​ស្ថាប័ន ឬក៏​មន្ត្រី​ជាន់ខ្ពស់​នៅ​កន្លែង​ណាមួយ​គឺ​តែងតែ យក​ប្រពន្ធ ប្តី កូន ឬក៏សាច់ញាតិ​មក​ដាក់​ឲ្យ​កាន់​តំណែង​ក្រោម​ឱវាទ​របស់​ខ្លួន ឬក៏​កន្លែង​​ខ្លាញ់​ណាមួយ​ដែរ។ពួកគេអាច​ធ្វើ​បែបនេះ​ជាធម្មតា ​ប្រសិនបើ​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ នឹងបក្ស​ឬមេដឹកនាំ​កំពូល​របស់​ពួកគេ។

កន្លង​មក មាន​ករណី​ជា​ច្រើន ដែល​មន្ត្រី​រាជការ​មួយ​ចំនួន មិនសប្បាយចិត្ត ហើយ​បាន​ទម្លាយ​ជា​សាធារណៈ ចំពោះ​ភាព​អយុត្តិធម៌​នៃ​ការ​លួច​លាក់​តែងតាំង​កូនចៅ​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ស្ថាប័នរដ្ឋ។ ករណី​ទាំង​នោះ មាន​ដូចជា ករណី​គ្រួសារ​និយម​នៅ​ក្នុង​ក្រសួង​ព័ត៌មាន​របស់​រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន​លោក ឈុំ សុជាតិ ករណី​គ្រួសារនិយម​ក្នុង​តុលាការ​យោធា គ្រប់គ្រង​ ដោយ​ឧត្តមសេនីយ៍ឯក ផ្កាយ៣ លោក ន័យ ថុល ករណី​គ្រួសារនិយម​ក្នុង​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ ដឹកនាំដោយលោក​ឧត្ដមសេនីយ៍ ផ្កាយ​៤ ធឹម សុផា និង​ករណី គ្រួសារ​និយម​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដឹក​នាំ​ដោយ​លោក ឱម យិនទៀង ជា​ដើម។

អង្គការសង្គមស៊ីវិល សង្កេតឃើញថា ការតែងតាំង​តែ​បក្សពួក និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ក្នុងស្ថាប័នរដ្ឋនេះ ក៏​បានទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាចដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "នាយឧត្ដមសេនីយ៍​ម្នាក់រងការ​រិះគន់​រឿង​ស្នើសុំ​តែង​តាំង​កូន និង​ក្មួយ​ជា​មន្ត្រី​ជាន់​ខ្ពស់"

  1. Anonymous says:

    please believing me soon internal problem will come

Leave a Reply

Submit Comment