មន្ត្រី​សិទ្ធិមនុស្ស​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​ច្រើន​ឥត​គណនា

ដោយ មួង ណារ៉េត
2022.06.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សិទ្ធិមនុស្ស​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​ច្រើន​ឥត​គណនា

អតីត​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ប្រ៊ែដ អាដាម​ស៍ (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។ RFA/Debbie Snguon


អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី​១៣ ខែ មិថុនា ដោយ​អះអាង​ថា រដ្ឋាភិបាល​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ប៉ុន្តែ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ច្រានចោល​ការ​លើកឡើង​នេះ ហើយ​ថា​រដ្ឋាភិបាល​បាន​បំពាន​គោលការណ៍​សំខាន់ៗ និង​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ជាច្រើន​ជា​មក​ដល់​ពេល​នេះ។

តើ​ប្រការ​ណាខ្លះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​បាន​រំលោភបំពាន?

អតីតមន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ ដែល​ជា​ឆ្នាំ​កម្ពុជា​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ខ្លួន​នោះ​មក ការ​រំលោភបំពាន​រដ្ឋ​ធម្មនុញ្ញ​នេះ ក៏​ចាប់ផ្តើម​កើតមាន​ឡើងជា​ហូរហែ​មក​ដែរ។

អតីត​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ប្រ៊ែដ អាដាម​ស៍ (Brad Adams) លើកឡើង​ថា រដ្ឋាភិបាលចម្រុះ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាប់ផ្តើម​ទាត់ចោល​ច្បាប់​កំពូល​នេះ និង​ក្រោយ​មក​ទៀត​ក្រោយ​មាន​រដ្ឋប្រហារ​បណ្ដេញ​ទ្រង់​រណឫទ្ធិ រដ្ឋាភិបាល​ត្រូវ​បាន​ដឹកនាំ​ផ្ដាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨។

លោក ប្រ៊ែដ អាដាម​ស៍ (Brad Adams) បន្ថែម​ថា ឧទាហរណ៍​មួយទៀត​នៃ​ការ​បំពាន​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ដែរ​នោះ គឺ​កា​រំលោភ​មាត្រា ៩៧ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​កំណត់​ឲ្យ​គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា អាច​អញ្ជើញ​រដ្ឋមន្ត្រី​ឬ​នាយករដ្ឋមន្ត្រី មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​ខ្លួន​។​

ប៉ុន្តែ ពេល​ដែល​សមាជិកសភា​បក្ស​ប្រឆាំង កាលណោះ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ដើម​ឆ្នាំ ២០១៧ កោះហៅ​រដ្ឋមន្ត្រី​បី​រូប គឺ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​រដ្ឋសភា ស្រាប់តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ដាច់ខាត មិន​ឲ្យ​រដ្ឋមន្ត្រី​ទាំងនោះ​ទៅ​បំភ្លឺ​ទេ​។ លោក ប្រ៊ែដ អាដាម​ស៍ ថា​នេះ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ ព្រោះ​គោលការណ៍​សំខាន់​មួយ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​សង្គម​ប្រជាធិបតេយ្យ គឺ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​នីតិវិធី​ឃ្លាំមើល​ការប្រព្រឹត្តិ​របស់​រដ្ឋាភិបាល​នេះ។

ក្រៅពី​ករណី​ទាំងនេះ អតីតមន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​គោលការណ៍​អំពី​របប​នយោបាយ​នៃ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា ៥១ ដែល​ចែងថា​អំណាច​បែងចែក​ដាច់​ពី​គ្នា រវាង​អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ លោក​ថា រដ្ឋធម្មនុញ្ញ​ចែង ថា​តុលាការ​ត្រូវតែ​ឯករាជ្យ​។ ប៉ុន្តែ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​តុលាការ​ទាំងស្រុង ទាំង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​មើល​ការខុសត្រូវ​លើ​ការប្រព្រឹត្តិ​របស់​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន​ថែម​ទៀត​ផង​។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​ដាក់​មនុស្ស​របស់​ខ្លួន ឲ្យ​គ្រប់គ្រង​ស្ថាប័ន​ទាំងនេះ តាំងពី​សម័យ​លោក អង្គ វង្សវឌ្ឍនា ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មក​ម្ល៉េះ។

និយាយ​អំពី​រឿង​សេរីភាព​សារព័ត៌មាន​ឯណោះ​វិញ រដ្ឋធម្មនុញ្ញ​មាត្រា ៤១ ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ​។ ប៉ុន្តែ​លោក ប្រ៊ែដ អាដាមស៍ ថា​សេរីភាព​ផ្នែក​នេះ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដែរ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដែល​ប្រការ​នេះ លោ​កថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ខ្វះ​សេរីភាព និង​ខ្វះ​ភាព​ឯករាជ្យ ក្នុង​ការ​បំពេញ​កិច្ចការ​ឲ្យ​ស្រប​តាម​វិជ្ជាជីវៈ​របស់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត លោក​ថា គោលការណ៍​នៃ​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ចែង​ក្នុង​មាត្រា ១៥០​ថ្មី​(​ពីរ​) នៃ​រដ្ឋ​ធម្មនុញ្ញ ក៏​ត្រូវ​បាន​រំលោភបំពាន​យ៉ាងដំណំ​នោះ​ដែរ ព្រោះ​គណបក្ស​កាន់អំណាច​បង្កើត​គ.ជ.ប ដើម្បី​គ្រប់គ្រង​អំណាច​៖ «គជប ជា​ស្ថាប័ន​នយោបាយ គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច ដើម្បី​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​។ ឆ្នាំ ១៩៩៨ ២០០៣ ២០១៣ បើ​កុំ​តែ​គណបក្ស​ប្រជាជន​គ្រប់គ្រង គជប ម្ល៉េះ​សម​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទាំងនោះ​គ្រប់​អាណត្តិ។ មិនតែប៉ុណ្ណោះ ស្ថាប័ន​ចំណុះ គជប មាន​និន្នាការ​លម្អៀង​ទៅ​ខាង​គណបក្សកាន់អំណាច នាំគ្នា​ប្រកាស​លទ្ធផល​ដោយ​ចិត្ត​ឯង ថា គណបក្ស​ប្រជាជន​ឈ្នះ»។

មួយយទៀត លោក​ថា ច្បាប់​និង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន ដែល​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បាន​ទទួល​ស្គាល់​ដែរ ដូច​មាន​ចែង​ក្នុង​មាត្រា ៣១ ក៏​ត្រូវ​រង​ការ​រំលោភបំពាន ព្រោះ​លោក​ថា កម្ពុជា​រំលោភ​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ការពារ​សិទ្ធិមនុស្ស។

លោក ប្រ៊ែដ អាដាមស៍ បង្រៀន​និស្សិត​ផ្នែក​ច្បាប់​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ប៊ើ​ឃ្លី (BERKELEY) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)​។ លោក​ថា បើ​និយាយ​អំពី​ការណ៍​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ​នេះ ទោះ​លោក​ធ្វើជា​មេរៀន​បង្រៀន​និស្សិត​ទាំងនោះ​ពេញ​មួយ​ឆមាស ក៏​លើក​ឧទាហរណ៍​អំពី​ករណី​រំលោភ​នេះ​មិន​អស់​ដែរ។

បន្ថែម​ទៅលើ​អ្វី​ដែល​លោក ប្រ៊ែដ អាដាមស៍ បាន​លើក​ឡើង មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​ឯណោះ​ទៅវិញ ពួកគាត់​ក៏​មើលឃើញ​អំពី​ការ​រំលោភបំពាន​ជាច្រើន​ទៀត​ដែរ ដូចជា​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស រួច​យក​អាសនៈ​តំណាង​របស់​ពួកគាត់ ទៅ​ចែក​គ្នា​តាមតែ​អំពើ​ចិត្ត​ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស (​ឬ ហៅ​កាត់​ថា CHRAC) លោក រស់ សុដ្ឋា ថា​បញ្ហា​អយុត្តិធម៌​សង្គម និង​នយោបាយ​បែបនេះ គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​សង្គម​ទូទៅ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ខ្វះ​ភាព​កក់ក្តៅ និង​សុខុដុមរមនា។ លោក​ថា លោក​បាន​ជួប​ពលរដ្ឋ ដែល​មិន​ពេញចិត្ត​ទៅ​នឹង​ការ​គ្រប់គ្រង​ប្រទេស បែប​ខ្វះ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ​នេះ​៖ «ឥឡូវ​ហ្នឹង​មាន​ប្រជាពលរដ្ឋ​គេ​មាន​រអ៊ូ​ហើយ​។ គេ​ថា​ការដឹកនាំ​សព្វថ្ងៃ​នេះ វា​មិនដឹង​ជា​ស្អី បាយបិណ្ឌ​ទៅជា​បាយ​បាត​។ គ្មាន​គោលការណ៍​ច្បាស់លាស់​។ យើង​មានច្បាប់​រដ្ឋធម្មនុញ្ញ​ហើយ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ តែ​យើង​អត់​អនុវត្ត​។ យើង​អនុវត្ត​អ្វី​ផ្សឹ​ង​! វា​ទៅជា​ការ​គ្រវីក្បាល​របស់​ប្រជាពលរដ្ឋ»។

រដ្ឋធម្មនុញ្ញ ត្រង់​ជំពូក​៣ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​រង​ការ​រំលោភបំពាន​យ៉ាងដំណំ​ដែរ។ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ថា​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ ផ្នែក​ធ្វើ​នយោបាយ កូដកម្ម បង្កើត​សហជីព និង​សិទ្ធិ​ឯកជន​ភាពជា​ដើម រង​ការ​រឹតត្បិត និង​រំលោភបំពាន​ឥត​ស្រាកស្រាន្ត​៖ «ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហ្នឹង​នៅតែ​បន្ត​មាន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ បាន​ធ្លាក់​ទៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ជាងគេ»។

អ្នកសង្កេតការណ៍​មើល​ឃើញ​ថា រឿង​រដ្ឋាភិបាល​រំលោភ​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​មាន​ច្រើន​ករណី ដូច​ជា​ការ​ចាប់ខ្លួន​លោក នី ណាក់ ដាក់​ពន្ធនាគារ​១៨​ខែក្រោយ​ពី​អ្នក​ចិញ្ចឹម​មាន់​រូប​នេះ​បង្ហោះ​សារ​ថា លោក​នឹង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​អាសន្ន​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ជាដើម។

នេះ​នៅ​មិនទាន់​និយាយ​ដល់​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី ជាពិសេស​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្រ​រាម​ផង​ទេ ដែល​សហរដ្ឋអាមេរិក​កំពុង​សង្ស័យ​ថា កម្ពុជា​បាន​ធ្វើ​កិច្ចសន្យា​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​មាន​មូលដ្ឋានទ័ព​នៅ​រាម ដែល​ជា​ការបំពាន​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

ជុំវិញ​រឿង​កម្ពុជា​មិនបាន​គោរព​រដ្ឋធម្មនុញ្ញ​នេះ បញ្ញវន្ត​ខ្មែរ​សង្កេតឃើញ​អំពី​ការបំពាន​អង្គ​ព្រះមហាក្សត្រ ដោយ​ការ​ខកខាន​របស់​រដ្ឋាភិបាល ដែល​មិនបាន​អនុវត្ត​តាម​មាត្រា ១៤៧ និង ១៤៨ ថ្មី ស្តីអំពី​សមាជជាតិ ដែល​ត្រូវ​ប្រជុំ​មួយដង​ក្នុង​មួយឆ្នាំ គឺ​នៅ​ដើមខែ ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ថា សមាជជាតិ​ដែល​ព្រះមហាក្សត្រ​ត្រូវ​ធ្វើជា​ព្រះ​អធិបតី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​កោះហៅ​ឲ្យ​មាន​ឡើង​ម្តង​ណា​ឡើយ​៖ «សមាជ​គឺជា​វេទិកា​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រជាធិបតេយ្យ ដែល​ក្នុង​នោះ គឺ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អាច​ចូលរួម​នៅក្នុង​ការ​បញ្ចេញ​អំពី​ទស្សនៈ ឬ​មតិ​របស់​ខ្លួន ទាក់ទង​ទៅ​នឹង​ការដឹកនាំ​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត»។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​ទាំងនេះ មន្ត្រី​រដ្ឋាភិបាល​នៅតែ​អះអាង​ថា កម្ពុជា​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន តាម​បែប​ផែន និង​នីតិវិធី​របស់​កម្ពុជា​។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​បែបបទ​ដោយឡែក​របស់​ខ្លួន ក្នុង​ការ​រក្សា​រដ្ឋធម្មនុញ្ញ។ លោក​ថា​អ្វី​ដែល​របស់​រដ្ឋាភិបាល​បាន​ធ្វើ អាច​មិន​ត្រូវ​ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​នោះ​ទេ​។ ប៉ុន្តែ អ្វី​ដែល​សំខាន់​លោក​ថា រដ្ឋាភិបាល​ធ្វើ​នេះ គឺ​ដើម្បី​រក្សាសុខ​សន្តិភាព​៖ «ចំពោះ​បញ្ហា​រឿង​រដ្ឋធម្មនុញ្ញ គឺ​ផលប្រយោជន៍​ខុសគ្នា ផលប្រយោជន៍​របស់​រាជរដ្ឋាភិបាល ផលប្រយោជន៍​របស់​កម្ពុជា គឺ​ស្ថិរភាព​នយោបាយ»។

​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល​មិន​បាន​ប្រព្រឹត្ត​បំពាន​រដ្ឋធម្មនុញ្ញ​។ រីឯ​មជ្ឈដ្ឋាន​ទូទៅ ពួកគេ​រក​ឃើញ​អំពី​ករណី​ជាច្រើន ដែល​រដ្ឋាភិបាល មិន​គោរព​តាមច្បាប់​កំពូល​របស់​ជាតិ​នេះ​។ ក្នុង​ស្ថានភាព​បែបនេះ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​ហ៊ាន​ទទួលយក​ការពិត និង​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំងនេះ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​។ បើ​មិន​ដូច្នេះ​ទេ ពួកគាត់​ព្រមាន​ថា សង្គម​កម្ពុជា​នឹង​បន្ត​ខ្វះ​ភាព​សុខដុមរមនា និង​រង​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សិទ្ធិមនុស្ស​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​ច្រើន​ឥត​គណនា"

  1. Anonymous says:

    HUN SEN is over

Leave a Reply

Submit Comment