ករណី សេង ធារី ៖ ស្ថានទូតអាមេរិកថានឹងបន្តទាក់ទងជាមួយនាង និងតំណាងរបស់នាង ដើម្បីពិភាក្សាផ្នែកច្បាប់

កម្ពុជា-នយោបាយ
17/06/2022 – 08:46
ដោយ៖ ជួប នរក្សា
RFI

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា © Internet


ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ នៅថ្ងៃសុក្រនេះ បញ្ជាក់ថា អាមេរិកនឹងបន្តទំនាក់ទំនងជាមួយកញ្ញា សេង ធារី និងតំណាងរបស់នាង ដើម្បីពិភាក្សាផ្នែកច្បាប់ ជុំវិញការប្រកាសសាលក្រមកញ្ញា សេង ធារី ឲ្យជាប់ពន្ធនាគារ៦ឆ្នាំ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានកាត់ទោសកញ្ញា សេង ធារី និងសកម្មជននយោបាយនៃអតីតគណបក្សសង្រ្គោះជាតិ ជាង៦០នាក់ លើសំណុំរឿងមាតុភូមិនិវត្តន៍៩វិច្ឆិការបស់លោក សម រង្ស៊ី។ 

«យើងនៅតែមានការព្រួយបារម្ភជាខ្លាំងចំពោះសាលក្រមដ៏អយុត្តិធម៌ទាំងនេះ»។ នេះគឺជាប្រតិកម្មជាបន្តរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលវិទ្យុបារាំងអន្តរជាតិ ទទួលបានពីអ្នកពាក្យស្ថានទូត ពាក់ព័ន្ធទៅនឹងការប្រកាសទោសលើកញ្ញា សេង ធារី និងសកម្មជននយោបាយមួយចំនួន។

តាមរយៈសារអេឡិចត្រូនិក លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​កាត់​ទោស​ដែល​មាន​ហេតុផល​នយោបាយ ដែលជាមានជាអាទិ៍ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស សមាជិក​គណបក្ស​ប្រឆាំង​ អ្នក​សារព័ត៌មាន និង​សកម្មជន​​បរិស្ថាន ហើយជាពិសេសគឺករណីពលរដ្ឋសញ្ជាតិអាមេរិកកាំង កញ្ញា សេង ធារី។ ចំពោះករណី សេង ធារី សហរដ្ឋអាមេរិកនឹងបន្តរក្សាទំនាក់ទំនងជាមួយនាង និងមេធាវីតំណាង។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកបែបនេះ លោក ជូង ជូងី មេធាវីតំណាងកញ្ញា សេង ធារី បានសម្តែងក្តីរីករាយ នៅពេលដែលមានការឃ្លាំមើល និងអន្តរាគមន៍ពីអន្តរជាតិ ដើម្បីការពារសិទ្ធិកញ្ញា សេង ធារី។ លោក ជូង ជូងី លើកឡើងថា នេះគឺជាកម្លាំង សម្រាប់លោកដើម្បីតស៊ូផ្នែកច្បាប់ ជួយពលរដ្ឋខ្មែរសញ្ជាតិអាមេរិក អាចរកយុត្តិធម៌បាន។

គួររំលឹកថា កញ្ញា សេង ធារី ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ប្រកាសកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍៩វិច្ឆិកា របស់លោក សម រង្ស៊ី។ ភ្លាមៗកញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារ។ លោក ជូង ជូងី មេធាវីតំណាង បានអះអាងថា លោកមិនទាន់បានជួប កញ្ញា សេង ធារី នៅឡើយនោះទេ គិតមកដល់ពេលនេះ។ តាមលោកមេធាវី សមត្ថកិច្ចបានរារាំងលោក ដោយស្នើឲ្យលោកទៅសុំការអនុញ្ញាតពីតុលាការ។ លោក ជូង ជូងី បានចាត់ទុកការរារាំងនេះ ជាករណីខុសច្បាប់ដែលប៉ះពាល់សិទ្ធិកញ្ញា សេង ធារី។ ទោះយ៉ាងណា លោក ជូង ជូងី បញ្ជាក់ថា លោកនឹងស្នើសុំជួបកញ្ញា សេង ធារី ឲ្យខានតែបាន ដើម្បីពិភាក្សាពីការប្តឹងផ្តល់នៅឧទ្ធរណ៍។

ការប្រកាសសាលក្រម កញ្ញា សេង ធារី និងបណ្តាមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិនាពេលនេះ គឺជាការប្រកាសសាលក្រមដ៏ធំមួយ ដែលរងការរិះគន់និងប្រតិកម្មពីបណ្តាប្រទេសធំៗ។ សហរដ្ឋអាមរិកបានស្នើឲ្យកម្ពុជា មានការគោរពសិទ្ធិបញ្ចេញមតិ ដែលជាធាតុផ្សំដ៏សំខាន់នៃប្រទេសដើរគន្លងបែបប្រជាធិបតេយ្យ៕

What Next?

Recent Articles

One Response to "ករណី សេង ធារី ៖ ស្ថានទូតអាមេរិកថានឹងបន្តទាក់ទងជាមួយនាង និងតំណាងរបស់នាង ដើម្បីពិភាក្សាផ្នែកច្បាប់"

  1. Anonymous says:

    the shake is swallowing a wrong animal I know it will stuck in his through. sorry HUN NAL your time is over

Leave a Reply

Submit Comment