មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍៖ ការ​តវ៉ា​របស់​បុគ្គលិក​ គឺ​ដើម្បី​ធានា​ការ​​គោរព​សេរីភាព​សហជីព

17 មិថុនា 2022
លាស់ លីបលីប
វីអូអេខ្មែរ

កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)
កញ្ញា​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចូល​រួម​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​ ២៤​ ខែធ្នូ ឆ្នាំ​២០២១។ ​​(ហ៊ុល រស្មី/វីអូអេ)


ភ្នំពេញ —  មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នៅ​ថ្ងៃ​សុក្រ​នេះ ថ្លែង​ថា​ ការ​តវ៉ា​របស់​កម្មករ​និយោជិត​ គឺ​ដើម្បី​ធានា​ការ​គោរព​សេរីភាពរបស់សហជីព ហើយ​សេរីភាព​នេះមិន​អាច​ទូទាត់​នឹង​សំណង​បាន​ឡើយ។ នេះ​ជា​ការ​ថ្លែង​របស់​កញ្ញា​ ឈឹម ស៊ីថរ មេដឹកនាំសហជីព ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​ការ​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​មេដឹកនាំ​សហជីព។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ល្បី​ឈ្មោះ​ម្នាក់ បាន​ថ្លែង​ថា សេរីភាពនៃ​ការ​បង្កើត​សហជីព និង​សិទ្ធិ​ការងារ មាន​ចែង​នៅ​ក្នុង​ច្បាប់​ការងារ។ ​កញ្ញា​បន្ត​ថា​ ការ​តវ៉ា​របស់​កម្មករ គឺ​ដើម្បី​ធានា​ថា​ក្រុមហ៊ុន​គោរព​តាម​ច្បាប់​ការងារ និង​សេរីភាព​របស់​សហជីព​នៅ​កន្លែង​ធ្វើ​ការ។

កញ្ញា ឈឹម ស៊ីថរ ​បញ្ជាក់​ថា៖ «អ៊ីចឹង​ថា ​តើ​ការ​ទាមទារ​របស់​កម្មករ​និយោជិត​ វា​សម​ហេតុ​ផល ឬ​ក៏​មិន​សម​ហេតុ​ផល​ សូម​ពិចារណា​ទាំង​អស់​គ្នា ជា​ជាង​ការ​ដែល​លើក​ឡើង​ថា​កម្មករ​និយោជិត​ដែល​ទាមទារ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ​ហេតុ​អី​មិន​ព្រម​ទទួល​យក​ប្រាក់​សំណង? ខ្ញុំ​បញ្ជាក់​ហើយ​ថា​ នេះ​ពាក់ព័ន្ធនឹង​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ។ ប្រសិន​បើ​និយោជក​ចេះ​តែ​អាច​បញ្ឈប់​កម្មករ​និយោជិត ហើយ​អាច​បង់​សំណង​តាម​អំពើ​ចិត្ត​បែប​នេះ ថា​តើ​កម្មករ​និយោជិត គាត់​អាច​បង្កើត​សហជីព​បាន​ទេ?»

កញ្ញា​ ឈឹម ស៊ីថរ ឱ្យ​ដឹង​ទៀត​ថាការ​បន្ត​ធ្វើ​កូដកម្ម ឬ​តស៊ូ​មតិ ​អាស្រ័យ​លើ​ការ​សម្រេច​របស់​កម្មករ​នៅ​ពេល​ខាង​មុខ​ទៀត ខណៈ​ការ​ចរចា​មិន​ទាន់​សម្រេច​បាន​ជោគ​ជ័យ។​

កញ្ញា​បញ្ជាក់​បន្ថែម​ថា៖ «អ៊ីចឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ ទាល់​តែ​បោះ​បង់​ចោល​គំនិត​មួយ​ចង់​រំលាយ​សហជីព​ចេញ ទើប​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន។ បើ​សិន​ជាភាគី​ក្រុមហ៊ុន​នៅ​តែ​មាន​ចេតនា​នៅ​ក្នុង​ការ​រំលាយ​សហជីព​ បញ្ហា​ហ្នឹង ​គឺ​អត់​អាច​ដោះ​ស្រាយ​បាន​ទេ»

បើ​តាម​កញ្ញា ឈឹម ស៊ីថរ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ក៏​បាន​ជ្រើសរើស​បុគ្គលិក​បន្ថែម ជា​រៀងរាល់​ថ្ងៃ ហើយ​បុគ្គលិក​កំពុង​ធ្វើការ បច្ចុប្បន្ន​នេះ ទទួល​បន្ទុក​ការងារ​ច្រើន​បន្ថែម​ទៀត។ កញ្ញា​បន្ត​ចោទ​ជា​សំណួរ​ ថា​តើហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​មិន​ដោះដូរ​បុគ្គលិក​ដែល​ត្រូវ​កាត់ ដើម្បី​ឱ្យ​ក្រុមហ៊ុន​បន្ត​មាន​សហជីព​តំណាង​កម្មករ។

បើ​តាម​ឯកសារ​របស់​សហជីព​ណាហ្គាវើលដ៍ មក​ដល់​ថ្ងៃ​នេះ​ ក្នុង​ចំណោមបុគ្គលិក​ដែល​ត្រូវកាត់​ឈ្មោះចេញ ​មាន​ប្រមាណ១៧៥​នាក់​ចង់​ចូល​ធ្វើ​ការ​វិញ ខណៈ​បុគ្គលិក​ជា​សមាជិក​សហជីព​ដែល​កំពុង​ធ្វើ​ការ​ និងស្ម័គ្រ​ចិត្ត​ឱ្យ​ក្រុមហ៊ុន​កាត់ ​ឬ​ប្តូរ​គ្នា​ជា​មួយ​អ្នក​ចង់​ចូល​ធ្វើ​ការ​វិញ មាន​ជាង​៣០០​នាក់។

កាល​ពី​កន្លង​ទៅ តំណាង​កម្មករ​និយោជិត​ និង​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ចូលរួម​ក្នុង​ការ​ជជែក​ពិភាក្សា​ដោះ​ស្រាយ​វិវាទ​ការងារ​ចំនួន​១១​លើក ប៉ុន្តែ​ការចរចា​មិន​ទាន់​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង សួរ បាន​ការ​ពារការ​បញ្ឈប់​បុគ្គលិក ​ថ្នាក់ដឹក​នាំ​សហជីព ឬ​សកម្មជន​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ថាធ្វើ​ឡើង​ដោយស្រប​តាម​ច្បាប់ ​ឬ​ស្រប​នីតិ​វិធី។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ការ​ដែល​គិត​ថា​ ការ​បញ្ឈប់​បុគ្គលិក​ណា​មួយ​ជា​ការ​រំលាយ​សហជីព ​គឺ​ជា​ការ​គិត​ខុស។ ​ការ​ទូទាត់​សំណង​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តាច់​កិច្ច​សន្យា​ គឺជា​រឿង​ដោយឡែក​នៃ​បុគ្គលិក​ម្នាក់ៗ មិន​ពាក់​ព័ន្ធ​នឹង​ការ រំលាយ​សហជីព​នោះ​ឡើយ»។

លោក​បន្ត​ថា​ បើ​ភាគី​ណាមួយ​យល់​ថា​មិន​ទាន់​អស់​ចិត្ត គឺ​ត្រូវ​ឡើង​ទៅ​នីតិ​វិធី​បន្ទាប់ ដែល​មាន​ចែង​ក្នុងច្បាប់ មិន​អាច​បន្ត​បក​ស្រាយ​ដោយ​ខ្លួន​ឯង​ទៀត​នោះ​ទេ។

​វីអូអេ​មិន​ទាន់សុំ​ការ​បញ្ជាក់​ពី​លោក Hein Dames នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​នៅ​ឡើយ​ទេ។

កាល​ពី​កន្លង​ទៅ ​តំណាង​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​នៅ​តែ​រក្សា​កញ្ចប់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ចំពោះ​អតីត​កម្មករ​និយោជិត ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ហើយ​បញ្ជាក់​ថា​អ្នក​មិន​ទាន់​ទទួល​ប្រាក់​បំណាច់​នេះ​នៅ​សល់​តែ​ជាង​១៩០​នាក់​ប៉ុណ្ណោះ។ ហើយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ដែល​អវត្តមាន ​ដោយ​គ្មាន​ច្បាប់​ វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។

លោក ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងាររបស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា​សង់ត្រាល់​ ថ្លែង​ថា​ការ​ធានាការ​គោរព​សេរីភាព​របស់​សហជីព គឺ​ជា​តួនាទី​របស់​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​សិន​ជា​ក្រុមហ៊ុន​ណាហ្គា​ ដែល​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​បំផ្លាញ​ ក្នុង​ការ​ជីក​ឫស​គល់​ រំលាយ​សហជីព​ឯករាជ្យ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ គឺ​វា​ជា​ចំណុច​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​តួនាទី​របស់​រដ្ឋ​នៅ​ក្នុង​ការ​ធានា​នូវ​ការ​លើក​កម្ពស់​នូវ​គោលការណ៍​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ អង្គការ​វិជ្ជាជីវៈ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ផ្តល់​សច្ចាប័ន ហើយ​វា​គឺ​ជា​គំរូ​អាក្រក់​បំផុត​សម្រាប់​និយោជក​ផ្សេងៗ​ទៀត»

​លោក ​ឃុន ថារ៉ូ កត់​សម្គាល់​ឃើញ​ថា​សហជីព​ឯក​រាជ្យ​ តែង​តែ​ប្រឈម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​បន្ត​បន្ទាប់​ ដែល​បញ្ហា​នេះ គឺជា​ការ​បង្អាក់​ និងជា​ឧបសគ្គ​រារាំង​ការ​យល់​ដឹង​ពី​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​

គួរ​រំឭក​ផង​ដែរ​ថា បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ១.៣២៩​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ២០២១។

​កូដកម្ម​របស់​កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​កូដករ​ជា​កម្មករ​និយោជិត ​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​បន្ត​តវ៉ា ​ទោះ​បី​មាន​ការ​ដោះ​លែង​តំណាង​សហជីព​យ៉ាង​ហោច​ណាស់​៨​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន កាល​ពី​កន្លង​ទៅ​ក៏​ដោយ៕

What Next?

Recent Articles

Leave a Reply

Submit Comment