ដោយ ម៉ៅ សុធានី
2022.06.17
RFA

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ រូបភាពពីពលរដ្ឋ
ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) នៅតែបន្តជំរុញឱ្យក្រសួងការងារ និងភាគីក្រុមហ៊ុនឱ្យគោរពច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃ។ សហជីព និងក្រុមកូដករអំពាវនាវដល់ក្រសួងការងារ និងរដ្ឋាភិបាលឱ្យឈរលើភាពឯករាជ្យ ព្រមទាំងត្រូវបញ្ចប់ការខ្ជះខ្ជាយថវិកាជាតិ និងការប្រើកម្លាំងអាជ្ញាធរបង្ក្រាបដោយហិង្សាលើក្រុមស្ត្រីជាកូដករ។
ប្រធានសហជីព និងក្រុមសមាជិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) បានធ្វើសន្និសីទសារព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយ និងការធ្វើទុក្ខបុកម្នេញក្នុងទម្រង់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីព្រឹកថ្ងៃទី១៧ មិថុនា។ ពួកគេ ក៏បានលើកឡើង អំពីក្ដីកង្វល់ជាច្រើនទាក់ទងនឹងការរំលោភបំពានសិទ្ធិជាមូលដ្ឋាន និងការបង្ក្រាបដោយឥតអៀនខ្មាសពីកម្លាំងសមត្ថកិច្ចកន្លងមកនេះ មកលើកូដករដែលតវ៉ាស្របតាមច្បាប់។
ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៧ ខែមិថុនាថា ការចរចាជាមួយភាគីក្រុមហ៊ុនដើម្បីដោះស្រាយបញ្ចប់វិវាទការងារជាង៣ខែកន្លងមកនេះ នៅតែគ្មានផលជាវិជ្ជមាននៅឡើយ។ កញ្ញា ឈឹម ស៊ីថរ ថា ការបន្តអូសបន្លាយវិវាទការងារ ដោយសារខាងក្រសួងការងារគ្មានឆន្ទៈ ក្នុងការដាក់សម្ពាធទៅភាគីក្រុមហ៊ុន។
លើសពីនេះ កញ្ញាថា ច្បាប់ដែលមានចែងនៃការធានាអំពីសិទ្ធិសេរីការងារ និងសិទ្ធសហជីព ក៏ក្រសួងការងារមិនបានលើកយកមកអនុវត្ត ខណៈក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ កំពុងព្យាយាមរំលាយសំឡេងសហជីព និងបានបញ្ឈប់កម្មករចេញពីកន្លែងការងារដោយមិនត្រឹមត្រូវតាមច្បាប់៖ «យើងមិនអាចចាត់ទុកថា អ្នកសម្របសម្រួល នៅក្រសួងការងារ ជាអាជ្ញាកណ្ដាលបានទេ។ ប៉ុន្តែអ្វីដែលយើងមើលឃើញ គឺថា គាត់ព្យាយាមសម្របសម្រួលឲ្យក្រុមហ៊ុនបានជោគជ័យ ជាពិសេស គឺការលែងឲ្យមានវត្តមានសហជីព ដែលកម្មករជ្រើសរើសខ្លួនគាត់។ តំណាងកម្មករនិយោជិត បើសិនយើងបណ្ដោយឲ្យនិយោជក បញ្ឈប់ស្រេចតាមចិត្ត ហើយត្រឹមបង់សំណងតាមច្បាប់ ជាក់ស្តែងណាហ្គាវើល គុណអត់ត្រូវទេ លុយឲ្យកម្មករ។ ការអនុញ្ញាតឲ្យនិយោជក ធ្វើតាមចិត្តអ៊ីចឹង គឺសេរីភាពសហជីព និងសិទ្ធិកម្មករនៅកន្លែងធ្វើការ មិនអាចអនុវត្តបានទេ»។
កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា ការទាមទារឱ្យបុគ្គលិកដែលនៅសល់ចំនួនជាង ២០០នាក់ឱ្យចូលធ្វើការវិញមានសារៈសំខាន់ក្នុងការស្ដារសិទ្ធសេរីការងារ។ កញ្ញា ឈឹម ស៊ីថរ សង្កត់ធ្ងន់ថា វត្តមានសហជីពក្នុងកន្លែងការងារ គឺមានការធានាដោយច្បាប់ ក្នុងការជួយទំនុកបម្រុងកម្មករដែលមានតម្លៃដូចមនុស្សជាតិទូទៅ ដើម្បីការពារពីការបន្ទាបតម្លៃពីសំណាក់ភ្លៀវ និងការរំលោភបំពានសិទ្ធផ្សេងៗពីសំណាក់ថៅកែ៖ «ជាការសោកស្តាយណាស់ យើងឃើញថា ក្រសួងការងារ និងក្រុមហ៊ុន ហាក់គាត់ធ្វើមិនយល់ ឬក៏ចេតនា មិនចង់យល់ អំពីសំណើផ្សេងៗ របស់សហជីព និងកម្មករ ដើម្បីដោះស្រាយបញ្ហា។ យើងស្នើឲ្យមានការដោះដូរ រវាងបុគ្គលិក ជាង២០០នាក់ ជាមួយបុគ្គលិកកំពុងធ្វើការ ដែលស្ម័គ្រចិត្ត ក្នុងការចូលរួមកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន។ សំណើបែបសម្រុះសម្រួល និងស្ថាបនា ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី និងបន្តការងារទៅមុខទៀត ហេតុអ្វីបានជាពួកគាត់ធ្វើមិនយល់»។
សន្និសីទកាសែតរបស់ប្រធានសហជីពរូបនេះ ក៏មានការចូលរួមពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ២០នាក់ និងការចូលឃ្លាំមើលពីតំណាងអង្គការសង្គមស៊ីវិលជិត១០ស្ថាប័នដែលមានជាអាទិ៍សមាគមអាដហុក (ADHOC) អង្គការលីកាដូ (LICADO) ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ គឺអ្នកស្រី អ៊ូ ទេពផល្លីន និងអង្គការសង់ត្រាល់ (Central) ផងដែរ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា ភាគីក្រុមហ៊ុនអាចបញ្ឈប់កម្មករ និងជ្រើសរើសបុគ្គលិកថ្មីតាមសិទ្ធិនៃក្រុមហ៊ុន។ ទោះយ៉ាងណាក្ដី លោកបញ្ជាក់ថា បើភាគីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកដោយមិនត្រឹមត្រូវតាមច្បាប់ ភាគីកម្មករ និងថៅកែត្រូវតែមានការចរចាគ្នា ដោយយកច្បាប់ស្ដីពីការងារមកអនុវត្ត៖ «ត្រង់ហ្នឹងហើយដែល យើងត្រូវយកច្បាប់ការងារច្បាប់ការងារមកដោះស្រាយបញ្ហា។ ច្បាប់ការងារ បានចែងវិវាទការងារ ក្នុងការដោះស្រាយតាមរយៈ ការសម្របសម្រួល ក្រសួងការងារ តាមរយៈមជ្ឈន្តិកការងារ និងចុងក្រោយតាមរយៈតុលាការ។ រឿងណាហ្គាវើលដ៍នេះ ត្រូវបានដោះស្រាយរបស់ក្រុមអាជ្ញាធរកណ្ដាលរួចហើយ ដូច្នេះមានជម្រើសមួយទេ បងប្អូន មិនពេញចិត្ត ជម្រើសតុលាការនេះឯង ជារឿងចុងក្រោយ។ វិវាទការងារ ដោយយកច្បាប់ ការងារមកដោះស្រាយ បើយើងដោះស្រាយវិវាទការងារ យើងយកចិត្តយើងមកដោះស្រាយ អាហ្នឹងអត់មានដំណោះស្រាយអីទេ។ មានតែការបន្ត តវ៉ាគ្នាគ្មានដែនកំណត់»។
ទោះជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លើកឡើងបែបនេះក្ដី ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យដឹងថា ការចរចាជាច្រើនលើកច្រើនសារកន្លងមកនេះ ក្រសួងការងារមិនបានលើកអង្គច្បាប់ពាក់ព័ន្ធសូម្បីតែមួយចំណុចយកដោះស្រាយវិវាទនេះឡើយ។ កញ្ញា បញ្ជាក់ថា ក្រសួងការងារ បែរជាលម្អៀងទៅខាងក្រុមហ៊ុនដោយតែងតែជំរុញឱ្យកម្មករ និងសហជីពព្រមទទួលសំណងតាមដែលក្រុមហ៊ុនចង់បានតែប៉ុណ្ណោះ។ កញ្ញាសង្កត់ធ្ងន់ថា តម្លៃសហជីព និងកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារទាំងខុសច្បាប់ ដោយបង្ខំឱ្យទទួលយកប្រាក់ទូទាត់សំណងដើម្បីឱ្យដើរចេញពីការងារបែបនេះ អំពើអយុត្តិធម៌ ការរំលោភសិទ្ធិកម្មករ និងការរំលាយសហជីពឯករាជ្យនឹងនៅតែបន្តកើតមានបន្តទៀត។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់ និងជំនួយការមេធាវីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត សង្កេតឃើញថា ការចរចាក្នុងដោះស្រាយបញ្ចប់វិវាទការងារនេះ រដ្ឋាភិបាល ជាពិសេសក្រសួងការងារហាក់លម្អៀងទៅខាងភាគីក្រុមហ៊ុន។ លោកយល់ថា បើក្រសួងការងារគ្មានឆន្ទៈក្នុងការជំរុញឱ្យភាគីក្រុមហ៊ុន ទោះក្រុមកូដករប្រឹងតវ៉ា ក៏គ្មានលទ្ធផលអ្វីដែរ គឺមានតែការឈឺចាប់ពីការបង្ក្រាបពីកម្លាំងសមត្ថកិច្ច និងការទទួលរងនូវភាពអយុត្តិធម៌បន្តទៀតតែប៉ុណ្ណោះ៖ «ខ្ញុំយល់ថា អ្វីដែរ កូដករទាមទារយុត្តិធម៌ពីក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ ត្រូវតែមានជំហរឯករាជ្យ យកច្បាប់មកដោះស្រាយជូនគាត់ ខ្ញុំគាត់ថាជាការបញ្ចប់បាន»។
ក្រុមកម្មករណាហ្គាវើលដ៍បានចេញធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារសិទ្ធិសេរីភាពការងារអស់រយៈពេលជាង៦ខែមក។ ក៏ប៉ុន្តែពួកគាត់ មិនត្រឹមតែគ្មានដំណោះស្រាយសមរម្យ បែរជាទទួលនូវការប្រើអំពើហិង្សាពីក្រុមសមត្ថកិច្ចស្ទើរជារៀងរាល់ថ្ងៃ។ សមត្ថកិច្ចតែងដាក់កម្លាំងយាមកាមនៅខាងមុខអគារក្រុមហ៊ុន និងរារាំង តាមយាយី មិនក្រុមកូដករឈរតវ៉ា និងលើកបដានៅក្បែរអគារក្រុមហ៊ុនឡើយ។ អាជ្ញាធរ ក៏តែងតែរុញច្រានកូដករដោយបង្ខំឱ្យឡើងរថយន្តក្រុងដឹកទម្លាក់នៅតំបន់ជាយក្រុងភ្នំពេញ។ ការបង្ក្រាបរបស់សមត្ថកិច្ចនេះ កាលពីពេលថ្មីៗ នេះបណ្ដាលឱ្យកូដករជាស្រ្តីម្នាក់បានស្លាប់កូននៅក្នុងផ្ទៃដោយសារតែការរុញខ្ទប់នឹងឡាន។ ទោះយ៉ាងណា ក្រុមកូដករថា ពួកគាត់នឹង មិនបោះបង់ការទាមទារសិទ្ធិសេរីភាពការងារ និងការទាមទារយុត្តិធម៌ពីសំណាក់ក្រុមហ៊ុនឡើយ។ សហជីព និងក្រុមកូដករ ក៏គ្រោងនឹងរៀបចំលិខិតជួយអន្តរាគមន៍ដាក់ទៅកាន់ខុទ្ទកាល័យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យជួយរកយុត្តិធម៌ និងដោះស្រាយវិវាទការងារនេះ ដោយឈរលើភាពត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។