អាជ្ញាធរ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ​វិញ

ដោយ ទីន ហ្សាការីយ៉ា
2022.06.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ​វិញ

កញ្ញា សេង ធា​រី អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ នៅ​មុខសាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ រូប​៖ ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​ពន្ធ​គារ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធា​រី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ដោយ​អះអាង​ថា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ គឺ​ហាក់​ដាក់​បន្ទុក និង​ប៉ះពាល់​សិទ្ធិ​របស់​ជន​ជាប់ឃុំ។

អាជ្ញាធរ​ពន្ធនាគារ​បាន​បញ្ជូន​កញ្ញា សេង ធារី ចេញ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដោយ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​វិញ ដោយ​អះអាង​ថា ដើម្បី​ធានា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា​ថា ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​នោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ទេ ពីព្រោះ​មន្ត្រី​រ​ស់​លោក​ពិនិត្យ​ឃើញ​ថា ការ​ឃុំខ្លួន​កញ្ញា​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ គឺ​មាន​ហានិភ័យ​ខ្ពស់ និង​គំរាមកំហែង​ផ្នែក​សន្តិសុខ​នៅ​ពន្ធនាគារ ជាពិសេស​លោក​បារម្ភ​ពី​ការ​ចេញ​តវ៉ា​ពី​សំណាក់​អ្នកគាំទ្រ​ជាដើម៖ «កន្លងមក​យើង​ពិនិត្យ​ឃើញ​ថា​មាន​ហានិភ័យ​ក្នុង​ការ​ទុក​គាត់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង តាម​បច្ចេកទេស​យើង​ធ្វើ​ចំណាក់​ថ្នាក់​ទៅ​តម្រូវ​ឱ្យ​យើង​ផ្ទេរ​គាត់​ទៅ​កន្លែង​សុវត្ថិភាព​ជាង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេធាវី​ការ​ក្តី​ឱ្យ​កញ្ញា សេង ធារី គឺ​លោក ជូង ជូងី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មិថុនា​។ ប៉ុន្តែ​លោក ជូង ជូងី ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​បានដឹង​ត្រឹម​អាជ្ញាធរ​បញ្ជូន​កូន​ក្តី​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ប៉ុន្តែ​លោក​មិន​ដឹង​មូលហេតុ​នោះ​ទេ។

សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កញ្ញា​ឱ្យ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ ពី​បទ «​ញុះញង់ និង​រួមគំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​រឿង​ផែនការ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។ ក្រៅ​ពី​នេះ​តុលាការ​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ ៥០​នាក់​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធ​គារ​ចន្លោះ​ពី​៥ ទៅ ៨​ឆ្នាំ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​បែបនេះ​កន្លងទៅ​តែងតែ​លើកឡើង​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព និង​អ្នក​នយោបាយ​ដែល​ធ្វើ​ពួកគាត់​រង​នូវ​ភាព​ឯកោ ហើយ​គ្រួសារ និង​មិត្តភ័ក្ដិ​ពិបាកទៅ​ជួប​សួរសុខទុក្ខ​ជាដើម​។ លោក​ថា​កញ្ញា សេង ធារី គឺជា​សកម្មជន​សិទ្ធិមនុស្ស​ដែល​ចេញ​ហ៊ាន​មុខ​តស៊ូ​មតិ​ក្រោម​រូបភាព​ផ្សេងៗ ដើម្បី​លើកកម្ពស់​សេរី​ភាពជា​មូលដ្ឋាន និង​យុត្តិធម៌​សង្គម​។ ម្យ៉ាងទៀត​លោក​មើល​ឃើញ​ថា សកម្មភាព​កន្លង​មក​មិន​ប៉ះពាល់​សន្តិសុខ​សង្គម​នោះ​ទេ​។ លោក អំ សំអាត ចាត់ទុក​ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជួប​ជាមួយ​គ្រួសារ និង​ហាក់​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នោះ៖ «ខ្ញុំ​យល់ថា​វា​ជា​រឿង​មួយ​ហាក់បីដូចជា​ការ​ដាក់បន្ទុក​គាត់​បន្ថែម​ទៀត​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស ដូច្នេះ​បើ​ទៅ​ឆ្ងាយ​ពី​គ្រួសារ​កម្រ​ទៅ​សួរសុខទុក្ខ ឬក៏​មិត្តភ័ក្ដិ​ផ្សេងៗ ទី​ពីរ​បង្កើត​ភាព​ឯកោ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គាត់​បន្ត​ទៀត»។

ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ចាត់ទុកថា ការ​ចាប់ខ្លួន​ទាំងនេះ គឺជា​រឿង​នយោបាយ គ្មាន​មូលដ្ឋាន​ច្បាប់ និង​បន្ត​ទាមទារ​ឲ្យ​ដោះលែង​កញ្ញា សេង ធារី សមាជិក​បក្ស​ប្រឆាំង និង​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ​វិញ"

  1. Anonymous says:

    they are so scare of her nationalist . I must say you got a wrong pray HUN SEN

Leave a Reply

Submit Comment