ដោយ សេក បណ្ឌិត
2022.06.17
RFA

ជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Chantha Muth
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ទោះលោក កឹម សុខា មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយឡើងវិញ ក្រោយប្រកាសផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ក្ដី ក៏មិនបានធ្វើឱ្យលោក កឹម សុខា ទទួលការគាំទ្រច្រើនដូចលោកដឹកនាំគណបក្សសង្គ្រោះជាតិនោះដែរ។ ការលើកឡើងបែបនេះ ខណៈលោក កឹម សុខា កូនស្រីលោក កឹម សុខា និងមនុស្សជុំវិញលោក កឹម សុខា ប្រកាសចាកចេញពីលោក សម រង្ស៊ី។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយសង្កេតឃើញថា ការប្រកាសរបស់លោក កឹម សុខា ពីការផ្ដាច់សម្ព័ន្ធភាពចេញពី លោក សម រង្ស៊ី គឺជាការបែកបាក់មែនទែន ច្រើនជាងការបែកបាក់បែបយុទ្ធសាស្ត្រ។ ពួកគេបារម្ភថា លោក កឹម សុខា អាចធ្លាក់ក្នុងអន្ទាក់បក្សកាន់អំណាច ក្លាយទៅជាអ្នកបំបែកកម្លាំងអ្នកប្រជាធិបតេយ្យ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា ទោះលោក លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយគ្រប់គ្រាន់ ប៉ុន្តែ បក្សកាន់អំណាចទំនងមិនប្រគល់គណបក្សសង្គ្រោះជាតិ ឲ្យលោក កឹម សុខា វិញនោះទេ។ លោកយល់ថា លោក កឹម សុខា អាចត្រឹមទៅដឹកនាំគណបក្សសិទ្ធិមនុស្សដែលជាគណបក្សចាស់របស់លោក ឬទៅដឹកនាំគណបក្សនយោបាយថ្មីណាមួយដែលបានបង្កើតដោយក្រុមការងាររបស់លោក។ លោកបន្ថែម ថា លោក កឹម សុខា អាចទទួលបានការគាំទ្រតិចជាងគណបក្សភ្លើងទៀនទៅទៀតផង៖ «លោក កឹម សុខា បានឈ្មោះសង្គ្រោះជាតិ គាត់មានភាពចំណេញជាងឈ្មោះបក្សសិទ្ធិមនុស្ស ព្រោះគាត់អាចទទួលបានការផ្សព្វផ្សាយ ឬគណបក្សគណបក្សសង្គ្រោះជាតិមានមនុស្សស្គាល់ច្រើនជាង៣លាននាក់ ប៉ុន្តែបើគាត់ទទួលយកការបង្កើតបក្សថ្មី ឬវិលមកបក្សសិទ្ធិមនុស្សវិញ ខ្ញុំគិតថា មានការលំបាកក្នុងការទាញយកប្រជាប្រិយភាពព្រោះតម្លៃនយោបាយរបស់លោក កឹម សុខា មានតិចជាង ឬទំងន់តម្លៃនយោបាយហ្នឹងស្រាលជាងតម្លៃនយោបាយលោក សម រង្ស៊ី»។
ទាក់ទងសញ្ញាបែកគ្នារបស់ក្រុមអ្នកប្រជាធិបតេយ្យនេះដែរ អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសអូស្ត្រាលី (Australia) លោក សេង សារី លើកឡើង ប្រសិនបើលោក កឹម សុខា ចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ មែននោះ ជាការបង្ហាញថា លោក កឹម សុខា និងក្រុមខ្លួនជាអ្នកនយោបាយអាត្មានិយម ព្រោះក្រុមនេះតែងរិះគន់ គណបក្សភ្លើងទៀន ដែលបានចូលរួមការបោះឆ្នោតថ្នាក់ក្រោមជាតិកាលពីថ្មីៗនេះ។ លោកបារម្ភថា ក្រោយការបែកបាក់នេះ ក្រុមអ្នកប្រជាធិបតេយ្យនឹងត្រូវចំណាយពេលច្រើនឆ្នាំទៀតដើម្បីអាចរកសំឡេងគាំទ្រដូចទៅនឹងកម្លាំងរបស់គណបក្សសង្គ្រោះជាតិ៖ «ក្រុមលោក កឹម សុខា តែងរិះគន់ចំពោះគណបក្សទាំងឡាយដែលចូលរួមការបោះឆ្នោតឆ្នាំ២០២២ អ្វីដែលចាំសង្កេតទាំងអស់គ្នាថា តើឆ្នាំ២០២៣នេះ ពួកគាត់នឹងចូលរួមការបោះឆ្នោតដែរឬទេ បើសិនករណីគាត់ចូលរួមការបោះឆ្នោតមានន័យថា ការធ្វើនយោបាយនេះបែបនេះជាការធ្វើនយោបាយបែបអាត្មានិយមបំផុតហើយ អ៊ីចឹងជាការធ្វើនយោបាយ ដែលក្រៅពីក្រុមអញ ដែលក្រៅពីគ្នាអញ ឬក៏យើងនិយាយឲ្យស្រួលស្ដាប់ថា នំហ្នឹង បើអញមិនបានស៊ីទេ អញជាន់ចោលតែម្ដង»។
ការវិវឌ្ឍន៍នយោបាយចុងក្រោយនេះ លោក កឹម សុខា កូនស្រីរបស់លោក និងមនុស្សស្និទ្ធនឹងលោក កឹម សុខា បានប្រកាសផ្ដាច់សម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី។ ទោះបែបក្ដី លោក សម រង្ស៊ី លើកឡើងថា ការថ្លែងរបស់លោក កឹម សុខា ស្ថិតក្នុងការរៀបចំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ថា បក្សកាន់អំណាចមិនងាយឲ្យ លោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយដោយស្រួលនោះទេ។ លោកយល់ថា នៅកៀកថ្ងៃបោះឆ្នោត ទើបអាចទទួលបានសិទ្ធិធ្វើនយោបាយ ដែលលោក កឹម សុខា គ្មានពេលគ្រប់គ្រាន់ក្នុងការរៀបចំគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតឡើយ៖ «មិនអាចរៀបចំខ្លួនទាន់ទេ ដូចគណបក្សភ្លើងទៀនដំណើរការបានប៉ុន្មានខែ រៀបចំខ្លួនសឹងមិនទាន់ដូចគ្នាអ៊ីចឹង របៀបលោក ហ៊ុន សែន ធ្វើតែក្បួនហ្នឹង ដូចគ្នាទេ តាមបំណងលោក ហ៊ុន សែន គឺមិនចង់ហ្មង គឺបំបិទលោក កឹម សុខា ចោល បំបិទក្នុងឆាកនយោបាយគាត់ព្យាយាមបំបិទ លោក សម រង្ស៊ី និងលោក កឹម សុខា»។
កាលពីថ្ងៃទី១៥ ខែមិថុនា លោក កឹម សុខា បានប្រាប់តុលាការថា អត់មាន សម រង្ស៊ី កឹម សុខា តែមួយទៀតទេ ។ លោកថា លោក សម រង្ស៊ី បានយកបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ហើយថែមទាំងវាយប្រហារលោកថែមទៀត។ មួយថ្ងៃក្រោយមកកូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចោទប្រកាន់លោក សម រង្ស៊ី ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន និងជាដើរចេញពីលោក កឹម សុខា មុន ដោយភាពឈ្នានីស និងគិតខ្លី។ ចំណែកមនុស្សស្និទ្ធនឹងលោក កឹម សុខា អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក សួន រីដា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានបង្ហោះសារលើកហ្វេសប៊ុករបស់ថ្ងៃទី១៧ ខែមិថុនា ថាលោកគាំទ្រការប្រកាសរបស់លោក ពីការផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី។ លោកថា លោកឈឺចាប់ណាស់ ដោយលោកអះអាងថា លោក សម រង្ស៊ី បានយកសេរីភាពលោក កឹម សុខា ភ្នាល់ជាល្បែងជាមួយលោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី អះអាងថា សម្ព័ន្ធភាពរបស់លោក និងលោក កឹម សុខា មិនទាន់បែកបាក់ផ្លូវការនោះទេ។ លោកថា ការថ្លែងរបស់លោក កឹម សុខា ស្ថានភាពដូចសព្វថ្ងៃនេះ គឺស្ថិតក្នុងការដាក់សម្ពាធ និងការរៀបចំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។
ក្រុមអ្នកវិភាគលើកឡើងថា លោក កឹម សុខា អាចទទួលសិទ្ធិធ្វើនយោបាយឡើងវិញ គឺកៀកការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ ទោះយ៉ាងណាសំណុំរឿង ក្បត់ជាតិ របស់លោក កឹម សុខា មិនទាន់មានភាពវិវឌ្ឍទៅមុខនោះទេ ទោះលោក កឹម សុខា បានបាត់បង់សិទ្ធិជិត៥ឆ្នាំមកហើយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
please wait soon you will see some thing will coming down