ដោយ សេក បណ្ឌិត
2022.06.17
RFA

លោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀន។ រូប៖ ហ្វេសប៊ុក
គ្រួសាររបស់សកម្មជនបក្សភ្លើងទៀន ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង អះអាងថា ពួកគាត់ បានទទួលរងការគំរាមកំហែងពីសំណាក់ជនមិនស្គាល់មុខ ព្រមទាំងទទួលបានការរើសអើងនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅដែលបណ្ដាលមកពីមន្ត្រីបក្សកាន់អំណាចដើរញុះញង់។អ្នកវិភាគនយោបាយថា ទង្វើរបស់មន្ត្រីបក្សកាន់អំណាចធ្វើបែបនេះមិនបានជួយអ្វីដល់បក្សខ្លួននោះទេ ប៉ុន្តែនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែមិនពេញចិត្ត។
ក្រុមគ្រួសាររបស់សកម្មជនគណបក្សភ្លើងទៀនលោក ឡី សុខុន ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង អះអាងថា ពួកគាត់ បានទទួលការគំរាមកំហែងនៅទីសាធារណៈ និងនៅជុំវិញលំនៅឋានដោយជនមិនស្គាល់មុខ។ ក្រៅពីនោះពួកគាត់ ក៏ទទួលបានការរើសអើងនៅក្នុងមូលដ្ឋាន ដែលខ្លួនកំពុងរស់នៅដែរ ព្រោះលែងមានញាតិមិត្តហ៊ានមកទំនាក់ទំនងជាមួយគ្រួសារតទៅទៀត ដោយសារបារម្ភខ្លាចមានរឿងដល់ខ្លួន។
ភរិយារបស់សកម្មជនគណបក្សភ្លើងទៀនលោក ឡី សុខុន គឺលោកស្រី លីន លីដា ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី១៧ មិថុនាថា ក្រុមគ្រួសាររបស់លោកស្រី ដែលមានទាំងម្ដាយបង្កើត និងម្ដាយក្មេកបានទទួលការគំរាមកំហែង និងការបំពានសិទ្ធិនៅទីសាធារណៈផងដែរ។ លោកស្រីឱ្យដឹងថា មានជនមិនស្គាល់មុខបានតាមដាន ព្យាយាមលួចថតរូប និងតែងតែមកក្បែរផ្ទះលោកស្រីហាក់បីដូចជាមានបំណងអ្វីមួយ។
លោកស្រីបញ្ជាក់ថា សកម្មភាពទាំងនោះបង្កការរំខាន និងប៉ះពាល់ជីវិតរបស់ប្រចាំថ្ងៃ ព្រមទាំងធ្វើឱ្យមានភាពភ័យខ្លាចទៅដល់ក្រុមគ្រួសារលោកស្រី។ ទោះយ៉ាងណាក្ដី លោកស្រីមិនមានបំណងដាក់ពាក្យបណ្ដឹងពីករណីទាំងនេះទេ ដោយហេតុថា អាជ្ញាធរ នឹងមិនអើពើជាមួយពាក្យបណ្ដឹងរបស់លោកស្រី ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងនោះឡើយ៖ «មានមនុស្សប្រុសបីនាក់គាត់មកឆ្វែលឡានខ្ញុំ ហើយមួយសន្ទុះស្រាប់តែមានឡានមួយគ្រឿងទៀតឈប់មកអែបឡានខ្ញុំ ហើយគាត់ធ្វើជាថតរូបនេះរូបនោះ។ ដូចនៅហាង ដែលខ្ញុំលក់ឥវ៉ាន់អីក៏មានប៉ូលិសនៅយាមជិតហ្នឹង ដូចថា មកស៊ើប។ […] សូម្បីតែមេភូមិ ដែលខ្ញុំនៅរាល់ថ្ងៃហ្នឹងគេដើរប្រកាសនៅតាមភូមិថា បើអ្នកណាពាក់ព័ន្ធនឹងភ្លើងទៀនគេចាប់យកទៅទាំងអស់ ដល់ពេលអ៊ីចឹងអ្នក ដែលគេស្គាល់ខ្ញុំគេខ្លាច។ ពេលម៉ាក់ខ្ញុំ បងប្អូនខ្ញុំគាត់ឃើញអ៊ីចឹងគាត់មានការព្រួយបារម្ភពីសុវត្ថិភាពមែនទែន។ ខាងយាយតា ម្ដាយក្មេកខ្ញុំគាត់បារម្ភ ឥឡូវម្ដាយក្មេកខ្ញុំគាត់ធ្លាក់ខ្លួនឈឺ គាត់ពិបាកចិត្ត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលស្រុកឯកភ្នំលោក ឡុង យោធាវីរៈ បានទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក លោក ហម ប៊ុនសន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបានទទួលពាក្យបណ្ដឹងណាមួយនោះទេ ដោយអះអាងនៅក្នុងមូលដ្ឋានរបស់លោកមានសណ្ដាប់ធ្នាប់ជាធម្មតា។ លោកបន្ថែមថា ប្រសិនបើលោកបានទទួលពាក្យបណ្ដឹងលោកនឹងធ្វើការដោះស្រាយឱ្យ៖ «នៅក្នុងករណីហ្នឹងដូចអត់មានអ្នកណាប្ដឹងនៅប៉ុស្តិ៍ខ្ញុំផង។ ខ្ញុំមិនថាអីទេ ក្នុងនាមខ្ញុំជាសមត្ថកិច្ចមូលដ្ឋានចេះតែដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ហ្នឹង ប៉ុន្តែរឿងនេះជារបស់ថ្នាក់លើ»។
ជុំវិញករណីនេះ អ្នកវិភាគនិងជាអ្នកស្រាវជ្រាវ ផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា រាល់សកម្មភាពគំរាមកំហែងនៅតាមមូលដ្ឋានពីមន្ត្រីបក្សកាន់អំណាច ទៅកាន់បក្សប្រឆាំង គឺមិនមែនមកពីមានការបង្គាប់បញ្ជាពីរដ្ឋាភិបាលឱ្យធ្វើទង្វើបែបនោះទេ។ ផ្ទុយទៅវិញទង្វើទាំងនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកនយោបាយផ្សេងទៀតកាន់តែស្អប់ខ្ពើម និងកាន់តែមិនពេញចិត្ត។ លោកថា អ្នកនយោបាយ និងមន្ត្រីនៅតាមមូលដ្ឋានគួរបញ្ឈប់នូវសកម្មភាពគំរាមកំហែង ញុះញង់ឲ្យមានការរើសអើងនិន្នាការនយោបាយតទៅទៀត និងត្រូវងាកទៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋវិញ៖ «ជនទាំងហ្នឹងចេះតែបង្កើតបញ្ហាឲ្យស្មុគស្មាញទៅ ហើយគេរិះគន់ គឺរិះគន់រដ្ឋាភិបាលទេ ហើយក្រុមមនុស្សជំពូកហ្នឹងមិនបានជួយលើកកេរ្តិ៍ឈ្មោះគណបក្សរបស់ខ្លួនទេ គឺមានតែបំផ្លាញ។ រឿងទាំងអស់នេះមែនទែនទៅមិនគួរឱ្យមានទាល់តែសោះ។ អ្នកនយោបាយត្រូវតែជួយការពារកុំឱ្យមានរឿងបែបហ្នឹងកើតឡើង ព្រោះអាហ្នឹងវាកើតទៅជាការសងសឹកតត្រកូលគ្នា អាហ្នឹងវាជាវប្បធម៌អាក្រក់មួយ ដែលធ្វើឱ្យខ្មែរយើងចងអាឃាតគ្នា បែកបាក់គ្នាមកដល់សព្វថ្ងៃ ក៏ដោយសារតែហេតុផលមួយហ្នឹងដែរ»។
សកម្មជនគណបក្សភ្លើងទៀនលោក ឡី សុខុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៨ មិថុនា តាមបណ្ដឹងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលចោទគាត់ពីបទរំលោភលើលំនៅឋាន ដោយសារតែលោកថតវីដេអូសកម្មភាពអាជ្ញាធរ និងមន្ត្រីបក្សកាន់អំណាចមួយក្រុម កត់ឈ្មោះប្រជាពលរដ្ឋនៅថ្ងៃបោះឆ្នោត។ តុលាការសម្រេចឃុំខ្លួនលោកនៅពន្ធនាគារបណ្ដោះអាសន្ន ទោះបីជាដើមបណ្ដឹង បានដកពាក្យបណ្ដឹងវិញក៏ដោយ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកថា ករណីឃុំខ្លួនសកម្មជនបក្សភ្លើងទៀននេះ មិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែជារឿងនយោបាយ ព្រោះលោក ឡី សុខុន មិនបានប្រព្រឹត្តកំហុសផ្នែកច្បាប់ឡើយ ពោល គឺលោកបានចូលបង្ហាញភស្តុតាង និងភាពមិនប្រក្រតីនៃការបោះឆ្នោត។
មកដល់ពេលនេះ លោកស្រី លីន លីដា ដែលជាភរិយា ឱ្យដឹងដែរថា លោកស្រីមិនទាន់បានជួបមុខស្វាមីនៅឡើយនោះទេ ចាប់តាំងពីតុលាការសម្រេចឃុំខ្លួនលោកនៅពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែមិថុនា ទោះបីជាសមត្ថកិច្ចថា នឹងឱ្យលោកស្រីជួបស្វាមីបន្ទាប់ពីឃុំខ្លួនបានមួយសប្ដាហ៍ក៏ដោយ។ ទន្ទឹមគ្នានេះ លោកស្រីថា តុលាការហាក់មិនមានដំណោះស្រាយណាមួយក្នុងរឿងក្ដីស្វាមីលោកស្រីនោះទេ។ លោកស្រី និ ងមេធាវី មានគម្រោងដាក់លិខិតស្នើសុំទៅតុលាការឲ្យស្វាមីរបស់អ្នកស្រីនៅក្រៅឃុំនៅពេលឆាប់ៗ ខាងមុខនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។