មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ថា នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាមទារ​ឱ្យ​ដោះលែង​កូន​ក្តី

ដោយ មាន ​ឫទ្ធិ
2022.06.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ថា នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាមទារ​ឱ្យ​ដោះលែង​កូន​ក្តី

លោក ចារិត ហ្គិនស័រ (Jared Genser) មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី។ RFA


មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កូន​ក្តី​របស់​លោក​ជា​បន្ទាន់។ មេធាវី​អន្តរជាតិ​រូប​នេះ ដែល​រង​នូវ​បម្រាម​មិន​ឱ្យ​ជាន់​ទឹកដី​កម្ពុជា​ជា​រៀង​រហូត​ដោយសារតែ​លោក​រិះគន់​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​នោះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សំណាក់​រដ្ឋបាល​អាមេរិក ដែល​នឹង​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​កូន​ក្តី​របស់​លោក។

សូម​​ស្តាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​លោក ចារិត ហ្គិនស័រ (Jared Genser) ជា​មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ជុំវិញ​ការ​ទាមទារ​ឱ្យ​ដោះលែង​កូន​ក្តី​របស់​លោក។

មាន ឫទ្ធិ៖ ក្នុងនាម​ជា​មេធាវី​មិន​គិត​កម្រៃ​ឱ្យ​កញ្ញា សេង ធារី លោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ លោក​ប្រាកដជា​បានឃើញ​វីដេអូ​នៃ​ការ​ចាប់ខ្លួន​នោះ​។ តើ​លោក​យល់​ឃើញ​យ៉ាងម៉េច​ដែរ​ជុំវិញ​ការ​ចាប់ខ្លួន​កូន​ក្តី​របស់​លោក​នេះ?

ចារិត ហ្គិនស័រ បាទ​! ខ្ញុំ​ពិតជា​រង្កៀស​ចិត្ត ហើយក៏​មិន​ភ្ញាក់ផ្អើល​ទេពី​លទ្ធផល​នៃ​ការ​ចាប់ខ្លួន​នេះ​ទេ​។ អ្នកដឹង​ទេ ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ពិតជា​ខ្លាច​កញ្ញា សេង ធារី ខ្លាំង​មែនទែន និង​សកម្មជន​នយោបាយ​ដទៃទៀត ដែល​ត្រូវ​បាន​ផ្ដន្ទាទោស និង​កាត់ទោស​ជាច្រើន​ឆ្នាំ​ក្នុង​ពន្ធនាគារ​។ ដូច្នេះ ក្នុង​ន័យ​នេះ ទាំងអស់​នេះ​គ្មានអ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះ​ទេ​…​។ ការពិត​នោះ​គឺ​ថា ច្បាស់​ណាស់​ថា កញ្ញា​ត្រូវ​បាន​គេ​ឃុំខ្លួន​ដោយ​ខុសច្បាប់ និង​ដោយ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ រួមទាំង​កាតព្វកិច្ច​នានា​ក្រោម​ច្បាប់​អន្តរជាតិ​។ កញ្ញា​ត្រូវ​បាន​ឃុំខ្លួន​ដោយ​រំលោភ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី សិទ្ធិ​ចូលរួម​ក្នុង​ឆាកនយោបាយ ជាដើម​។ ដំណើរការ​កាត់ក្តី​ទៀតសោត​គឺ​បំពាន​លើ​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​ជាច្រើន​ករណី​នៅក្នុង​ដំណើរការ​ក្តី​ក្តាំ​ជា​រួម​នេះ។ មនុស្ស​គ្រប់គ្នា​ដឹង​ថា នេះ​គឺជា​ដំណើរការ​កាត់ក្តី​បែប​ឆាកល្ខោន ជា​ការ​កាត់ក្តី​បែប​នយោបាយ ដែល​ត្រូវ​បាន​គេ​ធ្វើឡើង​ឱ្យ​មើល​ពី​ខាងក្រៅ​ទៅ​ថា ជា​ការ​កាត់ក្តី​របស់​តុលាការ​។ ក៏ប៉ុន្តែ តាម​ពិត វា​មិន​ដូច្នោះ​ឡើយ​។ កញ្ញា សេង ធារី ចាត់ទុក​ដំណើរការ​កាត់ក្តី​នេះ​ថា ពុំ​មាន​ភាព​ស្របច្បាប់​ឡើយ ប៉ុន្តែ វា​ជា​ល្ខោន​នយោបាយ​។ ដូច្នេះ កញ្ញា​មាន​តួនាទី​ត្រូវ​សម្ដែង ដែល​ខុសស្រឡះ​ពី​អ្វី​ដែល​ជា​តុលាការ​ពិតប្រាកដ។

មាន ឫទ្ធិ តើ​លោក​ធ្វើជា​តំណាង​ឱ្យ​កញ្ញា សេង ធារី ដោយ​របៀប​ណា ខណៈ​រូបលោក​មិន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​កម្ពុជា​ជា​រៀង​រហូត​នោះ?

ចារិត ហ្គិនស័រ​៖ បាទ ខ្ញុំ​គួរ​កត់សម្គាល់​ថា យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ធ្វើ​សំណើ​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ទៀត បើ​ទោះបី​ជា​មាន​ការ​លើក​ឡើង​ពី​បម្រាម​នេះ​ជា​សាធារណៈ​ក៏ដោយ​។ ដោយសារតែ​កញ្ញា សេង ធារី មាន​សិទ្ធិ​ជ្រើសរើស​មេធាវី​ដោយ​ខ្លួនឯង ដែល​ក្នុង​ចំណោម​ជម្រើស​នោះ​ក៏​រួមមាន​ទាំង​រូប​ខ្ញុំ។ យើង​នឹង​លើក​សំណុំរឿង​របស់​កញ្ញា​ទៅ​ប្រាប់​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត ដែល​កន្លងទៅ​ធ្លាប់​បាន​រក​ឃើញ​ថា មាន​អ្នក​ទោស​នយោបាយ​កម្ពុជា​មួយចំនួន​ត្រូវ​បាន​ឃុំខ្លួន​នៅ​កម្ពុជា​តាម​ទំនើងចិត្ត។ ខ្ញុំ​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​កូន​ក្តី​របស់​ខ្ញុំ​នៅក្នុង​ពន្ធនាគារ​ដើម្បី​រៀបចំ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ។ ដូច្នេះ វា​នឹង​ក្លាយ​ជា​ការចាប់អារម្មណ៍​ថា តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច​ទៅ​នឹង​សំណើ​របស់ខ្ញុំ​នេះ​។ ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ទៅ​កម្ពុជា ដើម្បី​ឱ្យ​ខ្ញុំ​អាច​បំពេញ​ការងារ​របស់​ខ្ញុំ​បាន។ ប្រសិនបើ​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​កម្ពុជា​ទេ នោះ​វា​នឹង​ក្លាយជា​ឧទាហរណ៍​មួយទៀត​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​រំលោភ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ។

ជា​ការ​ពិត យើង​បាន​ជួប​ពិគ្រោះ​យោបល់​តាម​វិធី​ផ្សេងៗ​ជាមួយ​មន្ត្រី​អាមេរិកាំង​ជាន់ខ្ពស់​នៅ​សេត​វិមាន និង​នៅ​ក្រសួងការបរទេស​អាមេរិក រួម​ទាំង​សមាជិកសភា​នៅ​វិមាន​កា​ពី​តូ​ល​។ យើង​ដឹងឮ​ទាំងអស់គ្នា​ហើយ​ថា កញ្ញា សេង ធា​រី មាន​សញ្ជាតិ​ពីរ គឺ​កម្ពុជា និង​អាមេរិក​។ ដូច្នេះ ខ្ញុំ​ជឿជាក់​ថា ករណី​នេះ នឹង​ក្លាយជា​ការ​ព្រួយបារម្ភ​ពិសេស​មួយ​របស់​សហរដ្ឋ​អាមេរិក​។ តាមរយៈ​កិច្ច​សន្ទនា​ដំបូងៗ ខ្ញុំ​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​ឆ្លើយតប​ទោ​នឹង​ការ​ស្មើ​សុំ​របស់ខ្ញុំ​ឱ្យ​ជួយ​អន្តរាគមន៍​។ អ្នកដឹង​ហើយ​ថា លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) បាន​ជួប​ជាមួយ​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ហើយ​លោក​ប្រធានាធិបតី បៃឌិន ត្រូវ​បាន​គេ​រំពឹង​ថា មានបំណង​ធ្វើដំណើរ​ទៅ​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ យើង​នឹង​ផ្ញើ​សារ​យ៉ាង​ច្បាស់​ប្រាប់​ទៅ​កាន់​រដ្ឋបាល​នេះ​ថា លោក​ប្រធានាធិបតី​មិន​គួរ​យល់ព្រម​ជួប​ជាមួយ​លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​ឡើយ លុះត្រា​ណា​តែ​លោក ហ៊ុន សែន ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត។

មាន ឫទ្ធិ ប្រសិនបើ​កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃុំខ្លួន​ពេញ​រយៈពេល​កាត់ទោស​របស់​កញ្ញា​រហូត​ដល់​ទៅ ៦​ឆ្នាំនេះ តើ​អ្វី​ទៅជា​ផលវិបាក​សម្រាប់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន?

ចារិត ហ្គិនស័រ ខ្ញុំ​គិតថា ការណ៍​ដែល​កញ្ញា​ជាប់ឃុំ​កាន់តែ​យូរ នោះ​នឹង​មាន​ការ​ផ្តោត​កាន់តែ​ខ្លាំង​ទៅលើ​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​។ វិធី​ដ៏​ឆ្លាត​វៃ​បំផុត​ដែល​គាត់​អាច​ធ្វើ​បាន គឺ​ដោះលែង​កញ្ញា​ឱ្យ​បាន​ឆាប់​បំផុត សម្រាលទោស​របស់​កញ្ញា​ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ និង​ប្រើប្រាស់​អំណាច​តាម​រដ្ឋធម្មនុញ្ញ​របស់​គាត់​ដើម្បី​លើកលែងទោស​ដល់ក​ញ្ញា​។ ពីព្រោះ​ថា​យើង​នឹង​ទទួល​បាន​នូវ​លទ្ធផល​មួយចំនួន ដែល​ថា កញ្ញា​នឹង​មិន​ត្រូវ​ជាប់​ពន្ធនាគារ​ពេញ ៦​ឆ្នាំ នោះ​ឡើយ​។ វា​នឹង​មិន​កើត​មាន​ឡើង​នោះ​ទេ។ យើង​នឹង​មិន​ឱ្យ​វា​កើតឡើង​ឡើយ ហើយ​យើង​មិន​បោះបង់​ការ​ទាមទារ​របស់​យើង​ឡើយ។

មាន ឫទ្ធិ ដោយសារតែ​កញ្ញា​មាន​សញ្ជាតិ​អាមេរិកាំង ហើយ​កញ្ញា​ក៏​ជា​មេធាវី​នៅ​រដ្ឋ​ញូវយ៉ក តើ​មាន​លទ្ធភាព​ផ្លូវច្បាប់​ដែរឬទេ ដែល​ថា​លោក​អាច​ដាក់​បណ្តឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​តុលាការ​នៅ​រដ្ឋ​ញូវយ៉ក?

ចារិត ហ្គិនស័រ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នា​ពេល​នេះ​គឺថា យើង​នឹង​ពិនិត្យមើល​គ្រប់​លទ្ធភាព​ផ្លូវច្បាប់​ទាំងអស់ ដើម្បី​ធានា​បាន​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា សេង ធារី។ ដូច្នេះ អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដោយ​ស្របច្បាប់ យើង​នឹង​ពិចារណា​ធ្វើ​ផ្អែក​តាម​ការវាយតម្លៃ​របស់​យើង​ថា​តើ​វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាងណា​ខ្លះ​ដើម្បី​សម្រេច​បាន​គោលដៅ​ចុងក្រោយ​របស់​យើង ដែល​នោះ​គឺ​ការ​ទទួល​បាន​ការ​ដោះលែង​កញ្ញា​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

មាន ឫទ្ធិ សំណួរ​ចុងក្រោយ​របស់ខ្ញុំ ប្រសិនបើ​លោក​មានឱកាស​ជួប​ផ្ទាល់​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តើ​លោក​មាន​សារ​អ្វី​ចង់​និយាយប្រាប់​ទៅកាន់​លោក ហ៊ុន សែន?

ចារិត ហ្គិនស័រ ខ្ញុំ​នឹង​និយាយ​ទៅកាន់​គាត់​ថា ប្រសិនបើ​គាត់​គិតថា​គាត់​ពិតជា​បុរស​ខ្លាំង​មែន ហើយ​ប្រសិនបើ​ពលរដ្ឋ​ពិតជា​ស្រលាញ់​គាត់​ខ្លាំង​ដូចដែល​គាត់​អះអាង​មែន ហេតុអ្វី​បានជា​កម្ពុជា​មាន​អ្នក​ទោស​នយោបាយ​? នេះ​គឺជា​សំណួរ​ដែល​ខ្ញុំ​នឹង​សួរ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ដោយសារតែ​ពុំ​មាន​ចម្លើយ​ផ្សេង​ទៅ​នឹង​សំណួរ​នេះ​ទេ លើកលែងតែ​ថា​ការពិត គាត់​ពុំ​ទុកចិត្ត​ខ្លួនឯង និង​ទន់ខ្សោយ​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ គាត់​ចង់​សំញែង​អំណាច​របស់​គាត់​។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ទៅ​គាត់​ថា បើ​គាត់​ចង់​ឱ្យ​គេ​ស្ញប់ស្ញែង​ពី​អំណាច​របស់​គាត់​មែន នោះ​គាត់​គួរតែ​មាន​ភាព​ថ្លៃថ្នូរ និង​សប្បុរស។ គាត់​ទទួល​បាន​អ្វីមួយ​ដែល​គាត់​ហៅ​ថា ជា​ការ​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួច​ហើយ។ ដូច្នេះ គាត់​គួរតែ​អនុញ្ញាត​ឱ្យ​អ្នក​ទោស​នយោបាយ​ទាំងអស់​បាន​ចេញ​ពី​គុក។ គួរតែ​អនុញ្ញាត​ឱ្យ​មាន​ការ​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ ព្រោះថា ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ។ ប្រសិនបើ​គាត់​ហ៊ាន​ធ្វើ​ដូច្នេះ​មែន ខ្ញុំ​គិត​ថា គាត់​នឹង​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ទៅ​គាត់​ក្នុង​ក្រសែភ្នែក​បែប​វិជ្ជមាន​ច្រើន​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ថា នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាមទារ​ឱ្យ​ដោះលែង​កូន​ក្តី"

  1. Anonymous says:

    too bad so sad HUN SEN got the wrong person . as I said HUN SEN time is coming I know he can not getting away from it.

Leave a Reply

Submit Comment