កម្ពុជា-សង្គម
20/06/2022 – 08:28
ដោយ៖ អេង គីមហុង
RFI

វិវាទកម្មករណាហ្គាវើលដ៍ © FB
បុគ្គលិកណាហ្គាវើលដ៍ដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនបានឈានមួយជំហ៊ានទៀត ក្នុងការដាក់លិខិតអន្តរាគមន៍ទៅកាន់រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០មិថុនានេះដើម្បីឲ្យស្ថាប័នទាំងពីរ ជាពិសេសប្រមុខរដ្ឋាភិបាលដោះស្រាយបញ្ហាដែលកំពុងជាប់គាំងរយៈពេល៦ខែមកនេះ។ ថ្លែងពីខាងក្រៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ម្ដុំវត្តបទុមវត្តី តំណាងបុគ្គលិកណាហ្គាវើលដ៍បង្ហាញក្ដីសង្ឃឹមថា មានតែប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ទេ ដោះស្រាយបញ្ហារបសពួកគេបាបន្ទាប់ពីការចរចាចំនួន១១លើកគ្មានផ្លែផ្កា។
បន្ទាប់ពីញត្តិបានទៅដល់ដៃមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី កញ្ញា ឈឹម ស៊ីថរ ដែលនាំដឹកនាំការដាក់ញត្តិនៅថ្ងៃទី២០មិថុនានិយាយថា ប្រមុខរដ្ឋាភិបាលជាក្ដីសង្ឃឹមតែមួយគត់ដែលអាចដោះស្រាយវិវាទរវាងកម្មករណាហ្គាវើលដ៍ប្រមាណ២០០នាក់ជាមួយក្រុមហ៊ុនល្បែងដ៏ធំនេះបាន។ បើតាមប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករប្រចាំនៅក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ អន្តរាគមន៍ដល់ថ្នាក់ដឹកនាំកំពូលធ្វើឡើងបន្ទាប់ពីការចរចាចំនួន១១លើកជាលក្ខណៈត្រីភាគី ភាគីអាជ្ញាកណ្ដាលលំអៀងទៅរកនយោជកដែលជាក្រុមហ៊ុន។
តាមរយៈខ្លឹមសារញត្តិដាក់ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីក្រុមកម្មករ រក្សាគោលបំណងចាស់ឲ្យនៅដដែលគឺចង់បានដំណោះស្រាយបីចំណុចរួមមាន៖ក្រុមហ៊ុនទទួលយកបុគ្គលិកដែលនៅសេសសល់ជិត២០០នាក់ចូលធ្វើការវិញ ហើយអ្នកដែលយល់ព្រមទទួលយកសំណង់សុំក្រុមហ៊ុនទូទាត់ឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំសហជីពនិងសកម្មជន១៥នាក់ដែលចោទប្រកាន់ និងឃុំខ្លួននាពេលកន្លងមក។
បន្ទាប់ពីដាក់ញត្តិនៅខុទ្ទកាល័យរួចរាល់ក្រុមកម្មករដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ ដដែលបានបន្តដាក់ញត្តិនៅរដ្ឋសភា តែដំណើរឆ្ពោះទៅកាន់ស្ថាប័នជាតិមួយនេះ ជួបភាពរអាក់រអួលព្រោះអាជ្ញាធរតម្រូវឲ្យក្រុមកម្មករចាត់តំណាង១០នាក់យកញត្តិទៅដាក់ តែក្រុមកម្មករមិនយល់ស្របដោយចង់ដង្ហែជាក្រុមឈរចាំនៅមុខរដ្ឋសភាហើយឲ្យតំណាងពួកគេចូលទៅ។
សូមជម្រាបជូនថា រាប់ចាប់តាំងពីការកកើតឡើងដំបូងវិវាទរវាងបុគ្គលិកណាហ្គាវើលដ៍ និងក្រុមហ៊ុននៅចុងឆ្នាំ២០២១មកដល់ពាក់កណ្ដាលឆ្នាំ២០២២ ក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញមុខដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ហើយជាលទ្ធផលមានបុគ្គលិក១៩៦នាក់ ក្នុងចំណោមអ្នកតវ៉ាសរុប៣៧៣យល់ព្រមទូទាត់សំណងដើម្បីបញ្ចប់រឿងគិតត្រឹមថ្ងៃទី២មិថុនា។
សម្រាប់ក្រសួងការងារនៅសល់តែកម្មករប្រមាណ១៧៧នាក់ទៀតទេដែលនៅតវ៉ា ខណៈភាគីសហជីពដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ ថា នៅសល់កម្មករប្រមាណ២០០នាក់ទៀតកំពុងតវ៉ា។
ពីខាងក្រុមហ៊ុនណាហ្គាវើលដ៍បានបង្ហាញជំហររបស់ខ្លួនរំលេចលើសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី៨មិថុនាស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទរួមគ្នាថា ការស្នើសុំទាំងអំបាលមាណរបស់តំណាងកម្មករគឺក្រុមហ៊ុនមិនអាចធ្វើទៅបានទេ ហើយផ្ទុយទៅវិញក្រុមហ៊ុនសុំចិត្តកម្មករដែលនៅសេសល់ប្រមាណ១៥៧នាក់ទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យាដោយការទទួលបានថវិកាបន្ថែម និងមានឱកាសស្វែងកន្លែងការងារផ្សេង។ ដោយឡែកកម្មករដែលអវត្តមានដោយគ្មានច្បាប់រយៈពេល៦ខែគួរតែត្រឡប់ចូលធ្វើការ ដើម្បីទទួលបានចំណូលមកវិញ ប្រសើរជាងការបន្តការទាមទារ៕
I think you can not depending on your SAMDAACH PUK>> HUN SEN