បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀនខេត្តកំពង់ធំត្រូវសមត្ថកិច្ចចាប់និងបញ្ជូនទៅឃុំនៅពន្ធនាគារ

តុលាការ និងច្បាប់ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២១ មិថុនា ២០២២ | ម៉ោង ២១:១៣
VOD

លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ (រូបថតត្រូវបានបង្ហោះលើបណ្ដាញសង្គមសកម្មជនបក្សភ្លើងទៀន)

លោក ញឹម សារ៉ុម បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ (រូបថតត្រូវបានបង្ហោះលើបណ្ដាញសង្គមសកម្មជនបក្សភ្លើងទៀន)


បេក្ខជនមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទប្រកាន់ «ប្លន់» ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។

ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់ខាងលើ។ មួយវិញទៀត ប្រធានពន្ធនាគារខេត្តកំពង់ធំ ត្រូវទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

បើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា តុលាការបានចេញដីកាបង្គាប់ឱ្យឈ្មោះ ញឹម សារ៉ុម ហៅ ឌុប រ៉ាន់  ចូលមកបំភ្លឺ ដោយបានទទួលដីកាត្រឹមត្រូវហើយ ប៉ុន្តែឈ្មោះទាំងអស់នេះ ពុំបានមកឆ្លើយចំពោះមុខចៅក្រមស៊ើបសួរឡើយ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា  ការចាប់ខ្លួនលោក ញឹម សារ៉ុម សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការ ហើយការចាប់ខ្លួននេះមិនបានពាក់ព័ន្ធនឹងរឿងនយោបាយដូចការលើកឡើងរបស់មតិមួយចំនួនឡើយ។

លោកថា៖ «អានេះគ្រាន់តែជាការលើកឡើងប៉ុណ្ណឹង ​សមត្ថកិច្ចគាត់អនុវត្តនីតិវិធី គឺគាត់ផ្អែកលើសំណុំរឿង ភស្តុតាង ហើយនិងដីកា​របស់ចៅក្រមស៊ើបសួរប៉ុណ្ណឹង។ ព័ត៌មានផ្សេងៗ គ្រាន់តែចេះអះអាងហើយ តាមពិតគាត់​បទល្មើសពិតប្រាកដមែន [បើ]មើលតាមឯកសារ។ ហើយបើគាត់មានសម្អាង​អី គាត់លើក​យកឯកសារ មានសាក្សី  គាត់អាចយកមកតតាំងនៅតុលាការមក»។

អនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង មានប្រសាសន៍ថា ការចោទប្រកាន់លើលោក ញឹម សារ៉ុម កាលពីអំឡុងឆ្នាំ២០០២ បន្ទាប់ពីលោកបានទៅដកយកម៉ាស៊ីនបូមទឹកពីកូនបំណុលដែលជំពាក់ប្រាក់លោកហើយមិនសង។ ក្រោយពីកើតហេតុនោះ កូនបំណុលបានប្ដឹងលោក ញឹម សារ៉ុម វិញ ពីបទ «លួច» ប៉ុន្តែករណីនេះ លោក ញឹម សារ៉ុម បានផ្ដល់សំណងនិងបញ្ចប់ហើយ ដោយមានមេឃុំ និងមេភូមិបានចូលរួមដោះស្រាយនិងដឹងឮផងដែរ។

លោកថា​៖ «​ដល់ពេលដែលរួចរាល់អស់ គាត់ថាមិនមែនមានរឿងអីទេ រហូតគាត់ជាប់ឆ្នោតនេះ។ មិនមែន​ទើបជាប់ឆ្នោតឆ្នាំ២០២២នេះទេ គាត់ជាប់ឆ្នោត២០១២ កាលនៅគណបក្ស សម រង្ស៊ី។ ហើយឆ្នាំ២០១៧ គាត់ជាប់ឆ្នាតដែរ នៅពេលដែលគាត់នៅជាសមាជិករបស់បក្សសង្គ្រោះជាតិ គាត់ជាប់ជំទប់ទី១ ឆ្នាំ២០១៧ »​។

បើតាមលោក ឆាយ ចែង  បញ្ជាក់ថា គិតមកដល់ល្ងាចនេះ បេក្ខជនមេឃុំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការចាប់ខ្លួនបេក្ខភាពគណបក្សភ្លើងទៀន ជាការធ្វើទុក្ខបុកម្នេញនិងជាការគំរាមកំហែង។ ករណីនេះ  លោកស្នើទៅអាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ រួមទាំងដោះលែងលោក ញឹម សារ៉ុម  ឱ្យមានសេរីភាពវិញ។

លោកថា៖ «ខ្ញុំយល់ថា វាជាការបំភិតបំភ័យ គំរាមកំហែងកាន់តែមានសភាពធ្ងន់ធ្ងរ។  សូមអំពាវនាវឱ្យអាជ្ញាធរ សូមបញ្ចប់រឿងហ្នឹងទៅ រឿងការចាប់ខ្លួន ការចាប់អីទាំងអស់មកលើសកម្មជន ពុំមាន​ហេតុផលច្បាស់លាស់។ គ្រាន់តែមានអីពីរឿងអតីតកាលទាក់ទិនបន្តិចបន្តួច មកធ្វើបែបនេះ វាមិនសម វាមិនត្រឹមត្រូវទេ។ ដូច្នេះ សូម​ឱ្យទម្លាក់ចោល ហើយបញ្ឈប់រាល់ការគំរាមកំហែង​ ការចាប់ខ្លួនអីអ៊ីចឹងទៅ ដើម្បីឱ្យមានបរិយាកាសល្អមុនពេលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការចាប់ខ្លួនលោក ញឹម សារ៉ុម ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារ សំណុំរឿងនេះ ចៅក្រមស៊ើបសួរ ចេញដីកាឱ្យចាប់ខ្លួនតាំងពីឆ្នាំ២០១២ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនឡើយ ។

មួយវិញទៀត កាលពីឆ្នាំ២០១៧ លោក ញឹម សារ៉ុម ក៏ជាមេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយដែរ ប៉ុន្តែសមត្ថកិច្ចបែរជាមិនចាប់ខ្លួន ហើយមកចាប់ពេលនេះវិញ ទាំងដែលលោក ញឹម សារ៉ុម មិនដែលរត់គេចខ្លួនទៅណានោះ។

លោកថា៖ «ទោះបីការចាប់ហ្នឹងតាមដីកាតុលាការក៏ដោយ ប៉ុន្តែដីកាចេញតាំងពី២០១២ ហើយ២០១៧ គាត់ក៏ជាជំទប់ទី១ គណបក្សសង្គ្រោះជាតិដែរ ម៉េចមិនព្រមចាប់ ? នៅពេលឥលូវ គាត់ក្លាយជាបេក្ខជន​មេឃុំរបស់គណបក្សភ្លើងទៀន ​ហើយបើសិនជាថ្ងៃទី២៦ មិនមានអី ខាងមុខមិនមានអីទេ គាត់ក្លាយជាមេឃុំ​។ អ៊ីចឹងគាត់ត្រូវបានចាប់ខ្លួន អ៊ីចឹងគេមើលឃើញថា ​វាជាហេតុផលនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយគេមើលឃើញថា ការចាប់ខ្លួននេះ ​ជាការគំរាមកំហែងសម្រាប់បេក្ខជនគណបក្សភ្លើងទៀននោះដែរ»។

បើតាមអនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង  ឱ្យដឹងថា នៅឆ្នាំ២០១២ លោក ញឹម សារ៉ុម ជាប់ជាក្រុមប្រឹក្សាឃុំមកពីគណបក្ស សម រង្ស៊ី  ហើយឆ្នាំ២០១៧ លោកជាប់ជំទប់ទី១ មកពីគណបក្សសង្គ្រោះជាតិ  ខណៈឆ្នាំ២០២២ លោកជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលទើបបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment