ដោយ សេក បណ្ឌិត
2022.06.21
RFA

លោក កឹម សុខា (រូបកណ្ដាល) ប្រធានគណបក្សសង្គ្រោះជាតិ ជួបពលរដ្ឋនៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ចាន់ ចេន
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ជាក់ជាថ្មីម្ដងទៀត ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា លោកគ្មានសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ទៀតទេ។ លោក កឹម សុខា ក៏ឆ្លៀតឌឺដង ទៅអតីតមន្ត្រីដែលធ្លាប់ស្និទ្ធនឹងលោកកំពុងធ្វើមុខស្វា ពេលមិនទទួលបានជោគជ័យពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេ។
សារសំឡេងលោក កឹម សុខា ជាង៤០នាទី អមដោយសំឡេងទះដៃរបស់អ្នកគាំទ្រ ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី២១ ខែមិថុនា លោកបញ្ជាក់ថា នៅពេលនេះ លោកគ្មានសិទ្ធិសេរីភាពពេញលេញ ដូច្នេះលោកមិនទៅបោះឆ្នោត លោកមិនគាំទ្រគណបក្សនយោបាយណាមួយនោះទេ ប៉ុន្តែបើលោកមានសិទ្ធិពេញលេញលោកនឹងធ្វើនយោបាយឡើងវិញ។ លោក កឹម សុខា បន្តចោទប្រកាន់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថា បានផ្ដាច់ខ្លួនចេញពីលោកទៅដឹកនាំគណបក្សភ្លើងទៀន និងថែមទាំងវាយប្រហារលោកទៀតផង។ លោកថា លោក សម រង្ស៊ី ពេលនេះជើងមួយជាន់ទូកពីរ៖ «កាលមុនខ្ញុំត្រូវជាមួយ សម រង្ស៊ី ឥលូវ សម រង្ស៊ី គាត់ដើរចេញហើយ មានត្រូវអីទៀតចប់។ គាត់ចេញហើយ មិនមែនត្រឹមចេញទទេ គាត់វាយប្រហារខ្ញុំទៀត លោក កឹម សុខា ឯងខុសធ្ងន់ណាស់»។
លោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការ មិនឲ្យធ្វើសកម្មភាពនយោបាយ បានលើកឡើងថា គេមិនឲ្យលោកធ្វើនយោបាយ ព្រោះខ្លាចចាញ់ឆ្នោតលោក។ ទោះយ៉ាងណា លោកមិនបញ្ជាក់ថា គេនោះជានរណាឡើយ ប៉ុន្តែ ទំនងសំដៅទៅរដ្ឋាភិបាលលោក ហ៊ុន សែន ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកប្ដឹងលោកពីបទក្បត់ជាតិ។ លោក កឹម សុខា ក៏បានចំអក ទៅអតីតមន្ត្រីដែលស្និទ្ធនឹងលោកពីររូបគឺលោក អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម និងអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លោក យ៉ែម ប៉ុញ្ញឫទ្ធិ ថា កំពុងធ្វើមុខស្វាព្រោះបានចាកចេញពីលោក ទៅបង្កើតបក្សចូលរួមការបោះឆ្នោត និងមិនទទួលបានអ្វីពីការបោះឆ្នោតនោះ៖ «អ្នកនៅសិទ្ធិមនុស្សជាមួយខ្ញុំ ដូចតា ប៉ុល ហំម លោក យ៉ែម ប៉ុញ្ញឫទ្ធិ គេចេញតាស ហើយចេញឥឡូវអត់បានអីធ្វើមុខស្វា ហ្នឹងហើយប្រាប់មិនជឿ ខ្មែរកុំចេះតែនិយាយបោកគាត់បាន មិនមែនចេះតែបានទេ បងប្អូន គាត់ចេះគិតហើយ»។
សំឡេងបែកធ្លាយរបស់លោក កឹម សុខា នេះទំនងជាការថ្លែងរបស់លោកពេលជួបអ្នកគាំទ្ររបស់ខ្លួននៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។
ជុំវិញការថ្លែងរបស់លោក កឹម សុខា នេះ វិទ្យុអាស៊ីសេរីមិនអាចសុំបញ្ជាក់បន្ថែមពីក្រុមមេធាវីការពារក្ដីលោក កឹម សុខា បាននៅឡើយទេ នៅថ្ងៃទី២១ ខែមិថុនា។
នេះជាលើកទី២ ហើយ ដែលលោក កឹម សុខា ថ្លែងពីការផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។ កាលពីថ្ងៃទី១៥ ខែមិថុនា លោក កឹម សុខា បានប្រាប់តុលាការថា អត់មាន សម រង្ស៊ី កឹម សុខា តែមួយទៀតទេ ។ លោកថា លោក សម រង្ស៊ី បានយកបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ហើយថែមទាំងវាយប្រហារលោកថែមទៀត។ មួយថ្ងៃក្រោយមកកូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចោទប្រកាន់លោក សម រង្ស៊ី ថា ខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន និងដើរចេញពីលោក កឹម សុខា មុន ដោយភាពឈ្នានីស និងគិតខ្លី។ ចំណែកមនុស្សស្និទ្ធនឹងលោក កឹម សុខា អតីតសមាជិកគណបក្សសង្គ្រោះជាតិ លោក សួន រីដា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានបង្ហោះសារលើកហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ខែមិថុនា ថា លោកគាំទ្រការប្រកាសរបស់លោកកឹម សុខា ពីការផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា សម្ព័ន្ធភាពរបស់លោក និង កឹម សុខា មិនទាន់បែកបាក់ផ្លូវការនោះទេ ហើយពួកលោក នៅតែមានគោលដៅរួម គឺការផ្លាស់ប្តូររបបលោក ហ៊ុន សែន។
ជុំវិញការលើកឡើងរបស់លោក កឹម សុខា ថា គេមិនឲ្យលោកធ្វើនយោបាយព្រោះខ្លាចចាញ់ឆ្នោតលោកនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបទៅ លោក កឹម សុខា ថា ការមិនផ្ដល់សិទ្ធិឲ្យលោក កឹម សុខា ធ្វើនយោបាយជា ការសម្រេចរបស់តុលាការ។ លោកយល់ថា នេះគ្រាន់តែជាវោហារសាស្ត្រនយោបាយរបស់លោក កឹម សុខា ប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ មិនអាចបញ្ជាក់ថា ការថ្លែងរបស់លោក កឹម សុខា បែបនេះហួសបន្ទាត់ក្រហមតុលាការនោះយ៉ាងណានោះទេ ព្រោះលោកថា រឿងនេះជាសមត្ថកិច្ចរបស់តុលាការ៖ «ជាការគួរឲ្យអស់សំណើចណាស់ ដែលសាមីខ្លួនធ្វើខុសច្បាប់ហើយមិនទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបែរជាដាក់កំហុសលើអ្នកដ៏ទៃ ជាវោហារសាស្ត្រនយោបាយមួយដែលមិនស្របតាមការពិតជាក់ស្ដែងទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំបញ្ជាក់បន្ថែមពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ នៅថ្ងៃទី២១ ខែមិថុនា។
ចំណែក អ្នកឃ្លាំមើលនយោបាយ និងជាអ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា យល់ថា នេះជាសេរីភាពបញ្ចេញមតិរបស់លោក កឹម សុខា។ ទោះយ៉ាងណា លោកយល់ថា សំដីរបស់លោក កឹម សុខា ជាសារបញ្ឆេះកំហឹងលើអតីតដៃគូនយោបាយ។ យុវជនរូបនេះនៅតែចង់ឃើញក្រុមអ្នកប្រជាធិបតេយ្យធ្វើការងារជាមួយគ្នាទើបអាចផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋ ក្នុងការធ្វើឲ្យប្រទេសកម្ពុជាធ្វើដំណើរទៅកាន់ផ្លូវប្រជាធិបតេយ្យពិតប្រាកដ៖ «យើងមើលឃើញថា សារគាត់ហាក់ដូចចូលរួមការបញ្ឆេះកំដៅ អ្នកគាំទ្ររបស់គាត់ឬមួយធ្វើផ្លែផ្កាបែបនេះមិនចំណេញសម្រាប់អ្នកធ្វើនយោបាយក្នុងប្រទេសប្រជាធិបតេយ្យទេ ទោះជាការបញ្ចេញមតិក៏ដោយ»។
លោក កឹម សុខា បានបាត់បង់សិទ្ធិធ្វើនយោបាយ ជិត៥ឆ្នាំហើយ និងមិនអាចចេញក្រៅប្រទេស ខណៈលោកកំពុងជាប់បទចោទពីរដ្ឋាភិបាល ក្នុងសំណុំរឿង ក្បត់ជាតិ ឬសន្ទិដ្ឋភាពជាមួយបរទេស។ សាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះក្ដីលោកបានដល់ជុំទី៤៤។ នៅថ្ងៃ២២ ខែមិថុនា ខាងមុខនេះ តុលាការគ្រោងដេញដោលលើអង្គហេតុថ្មីលើលោក កឹម សុខា។ អ្នកវិភាគយល់ថា លោក កឹម សុខា អាចនឹងឆាប់ទទួលបានសេរីភាពពេញលេញនៅពេលលោកប្រកាសផ្ដាច់ខ្លួនចេញលោក សម រង្ស៊ី បែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
were is your three sentences that you used to say Mr