លោក ហ៊ុន សែន ណែនាំឲ្យរាជធានី-ខេត្ត ចារឹកអត្ថន័យប្រវត្តិសាស្ត្រជាភាសាខ្មែរ វៀតណាម អង់គ្លេសឲ្យបានច្បាស់លើស្តូបមិត្តភាពកម្ពុជា-វៀតណាម

កម្ពុជា-សង្គម
21/06/2022 – 08:35
ដោយ៖ ញឹម សុផល
RFI

ស្តូបមិត្តភាពកម្ពុជា-វៀតណាម © សហការី


រដ្ឋាភិបាលកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំមួយស្តីពីការចារឹកនូវអត្ថន័យនៃសច្ចភាពប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្តារាជធានី-ខេត្តនៃប្រទេសកម្ពុជា។ ការណែនាំឲ្យមានការចារឹកអក្សរនៅលើស្តូបនេះ គឺជាការបង្ហាញនូវការដឹងគុណវៀតណាម ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយល់ថាមានខ្លឹមសារដល់ការបង្រួបបង្រួមទឹកដីវៀតណាម កាលពីទសវត្សរ៍ឆ្នាំ៦០-៧០ និងបង្ហាញពីពលិកម្មរបស់វៀតណាមក្នុងការជួយបណ្តេញខ្មែរក្រហមចេញពីអំណាច។

«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនឹងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍ ៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍ ៧០-៨០»។ នេះជាខ្លឹមសារដែលណែនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើបណ្តារាជធានី-ខេត្តរបស់កម្ពុជា។

សេចក្តីណែនាំបានរៀបរាប់ថាចាប់តាំងពីទសវត្សរ៍៨០ រហូតមក ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅតាមរាជធានី-ខេត្តនៃប្រទេសកម្ពុជា ដើម្បីជានិមិត្តរូប និងជាការចងចាំនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងវៀតណាម ដែលជាប្រទេសជិតខាងនឹងគ្នា ក្នុងបុព្វហេតុនៃការនាំមកនូវសុខសន្តិភាពនៃប្រទេសនីមួយៗ។

សេចក្តីណែនាំក៏បានលើកឡើងពីការជួយរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រដល់ប្រទេសវៀតណាមក្នុងការបង្រួបបង្រួមទឹកដីវៀតណាមនៅទសវត្សរ៍ ៦០-៧០ ហើយនឹងការជួយរបស់វៀតណាមដល់កម្ពុជានៅទសវត្សរ៍៧០-៨០ ក្នុងការវាយបណ្តេញរបបប្រល័យពូជសាសន៍។

ជារឿយៗ ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា បានធ្វើឱ្យអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួនមិនពេញចិត្តឡើយ។ អ្នករិះគន់ខ្លះថា តាមរយៈការសាង់ស្តូបនេះ គឺវៀតណាមចង់ឱ្យកម្ពុជាដឹងគុណគេមិនចេះចប់ ហើយការដឹងគុណនេះ គឺអាចធ្វើឡើងតាមរយៈការកាត់ទឹកដី និងការធ្វើឱ្យជនជាតិវៀតណាមរស់នៅបានស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគណបក្សកាន់អំណាច បានទាត់ចោលនូវការរិះគន់នេះ។

ហេតុដូច្នេះហើយ បានជានៅក្នុងខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋាភិបាលកម្ពុជាបានលើកឡើងថាការធ្វើបែបនេះ គឺដោយសារតែមានមជ្ឈដ្ឋានមួយចំនួននៅមិនទាន់យល់ច្បាស់ពីអត្ថន័យពិតប្រាកដនៃស្តូបមិត្តភាពកម្ពុជា-វៀតណាម ធ្វើឲ្យមានការបកស្រាយក្នុងន័យផ្សេងៗគ្នា ខុសពីការពិត និងសច្ចភាពប្រវត្តិសាស្ត្រ។ លើសពីនេះ ក៏មានអ្នកនយោបាយខ្លះបានប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា-វៀតណាមជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារ អុចអាល ញុះញង់ បំបែកបំបាក់មិត្តភាព និងបំផុសការប្រកាន់ពូជសាសន៍រវាងប្រជាជនប្រទេសទាំងពីរ។

រដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីណែនាំនេះ ក៏បានប្រាប់ទៅរាជធានី-ខេត្ត ឲ្យរៀបចំចារឹកនូវអត្ថន័យសច្ចភាពប្រវត្តិសាស្ត្រជាភាសាខ្មែរ វៀតណាម និងអង់គ្លេសនៅលើស្តូបមិត្តភាពកម្ពុជាវៀតណាមដែលបានសាងសង់នៅតាមខេត្ត-រាជធានីដោយឆ្លាក់អក្សរឲ្យបានច្បាស់ៗនិងងាយអាន។ ផ្ទាំងចារឹកនេះ នឹងត្រូវធ្វើពិធីសម្ពោធនិងផ្សព្វផ្សាយអត្ថន័យរបស់វាផងដែរ។

រីឯការណែនាំមួយចំណុចទៀត គឺខេត្ត-រាជធានី ត្រូវគ្រប់គ្រង ការពារឲ្យបានល្អ នូវស្តូបមិត្តភាពកម្ពុជា-វៀតណាម និងត្រូវរក្សាចរនាបទដើមប្រសិនបើមានការជួសជុល៕  

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ណែនាំឲ្យរាជធានី-ខេត្ត ចារឹកអត្ថន័យប្រវត្តិសាស្ត្រជាភាសាខ្មែរ វៀតណាម អង់គ្លេសឲ្យបានច្បាស់លើស្តូបមិត្តភាពកម្ពុជា-វៀតណាម"

  1. Anonymous says:

    this monument was the policy to take over Cambodia of communist Vietcong after they came in 1979. HUN SEN was not prime minster in 1979 but he made himself after he became Vietcong poppet . this monument is the symbolism of Vietnam took over this poor nation . all Cambodian knew the action of HUN SEN the poppet Vietnam’s slave . please take a look what did Cambodia lost to Vietnam . why HUN SEN dot not let any one go to see the new border post .?? how many Vietnamese in CAMBODIA, the land concession , after all I myself swear to GOD that I can put my life I’m 100% sour HUN SEN is KBOTH CHEATH . HUN SEN will be over in 2023 no though about it . ORSLEAK … CHHEAM SREK SBEKHOV