អាជ្ញាធរ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ខេត្ត​កំពង់ធំ​ចោទ​ពី​បទ​ប្លន់​ទ្រព្យ​សម្បត្តិ

ដោយ ជុន ច័ន្ទបុត្រ
2022.06.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ខេត្ត​កំពង់ធំ​ចោទ​ពី​បទ​ប្លន់​ទ្រព្យ​សម្បត្តិ

លោក ញឹម សារ៉ុម មេឃុំចំណាលើជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ក្នុងពេល ​លោក​កំពុង​តបម្រើ​ការងារ​នៅ​ក្នុង​សាលាឃុំ​ចំណារ​លើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​ចាប់​ខ្លួន មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ម្នាក់ ដោយ​ចោទ​ពី​បទ «ប្លន់»។ សាច់ញាតិ ចាត់​ទុក​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទូល​យក​បាន​ឡើយ។

មេឃុំចំណាលើជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កំឡុង​ពេល ដែល​លោក​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្នុង​សាលាឃុំ​ចំណារ​លើ ស្រុកស្ទោង នៅ​រសៀល​ថ្ងៃ​ទី២១ ខែមិថុនា​នេះ។

“ការចាប់មេឃុំជាប់ឆ្នោតនៅកំពង់ធំ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ”


ប្រពន្ធ​លោក ញឹម សារ៉ុម គឺ​លោកស្រី ខាត់ ឃាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ ខែមិថុនា​នេះ​ថា ការ​ចាប់​ខ្លួន​ប្ដី​លោកស្រី​ទាំង​កណ្ដាល​ថ្ងៃ​កំឡុង​ពេល​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​ជាតិ​នេះ ជា​រឿង​អយុត្តិធម៌ ព្រោះ​ប្ដី​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ ដែល​តែងតែ​ស្រឡាញ់​យុត្តិធម៌​សង្គម ដោយ​មិន​បាន​ប្រព្រឹត្ត​កំហុសដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

លោកស្រី​និយាយ​ក្នុង​សម្ដី​មួយៗ ទាំង​អស់​សង្ឃឹម​ថា មាន​ការ​ព្រួយ​បារម្ភ ក្រោយ​ពី​ចាប់​ខ្លួន​ប្ដី​លោកស្រី ព្រោះ​មិន​ដឹង​ត្រូវ​ទៅ​ពឹង​អ្វី​ទៀត ខណៈ​ប្ដី​លោកស្រី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ។ លោកស្រី​ថា ការ​ចាប់​ខ្លួន​បែប​នេះ វា​ជា​រឿង​មួយ​រំលោភ​សិទ្ធិ​នយោបាយ និង​ជា​ការ​រំលោភ​ឆន្ទៈ​ពលរដ្ឋ។ លោកស្រី​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ព្រោះ​ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ​ទេ៖ «ខ្ញុំ​សំណូមពរ​ទៅ​ទាំង​អស់ (អាជ្ញាធរជួយ​ដោះ​លែង​ប្ដី​ខ្ញុំ​ផង ប្ដី​ខ្ញុំ​អត់​មាន​ខុស​អី​ទេ ប្ដី​ខ្ញុំ​ស្អាតស្អំ ឱ្យ​តុលាការ​ជួយ​ដោះ​លែង​ប្ដី​ខ្ញុំ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក វ៉ន សុភ័ណ្ឌ ដើប្បី​អធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែមិថុនា​នេះ។

ចៅក្រុម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ធំ លោក ស៊ិក វណ្ណា បាន​ចោទ​ប្រកាន់​មេឃុំ​ចំណារ​លើ​ជាប់​ឆ្នោត លោក ញឹម សារ៉ុម ពី​បទ «ប្លន់» តាម​បញត្តិ​មាត្រា៦ នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ ពាក់ព័ន្ធ​សំណុំរឿង​ប្រព្រឹត្ត កាល​ពី​ខែតុលា ឆ្នាំ២០០២។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​នេះ ជា​រឿង​មួយ ដែល​ចម្លែក ព្រោះ​សំណុំរឿង​ចោទ​ប្រកាន់​បាន​កើត​ឡើង តាំង​ពី​ឆ្នាំ២០០២។ លោក​បន្ត​ថា បើសិន​ជា​ការ​ជាប់​ខ្លួន​នេះ រក​ឃើញ​ថា ជា​រឿង​នយោបាយ គឺ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្ថាន​នយោបាយ​នៅ​កម្ពុជា៖ «តាម​ដែល​ករណី​នេះ បើសិនជា​យើង​ពិនិត្យ​មើល បើ​រឿង​ហ្នឹង ទៅ​ជា​រឿង​នយោបាយ​អា​ហ្នឹង ជា​រឿង​មួយ ដែល​យើង​គិត​ថា ប៉ះពាល់ និង​ជះ​ឥទ្ធិពល​ខ្លាំង​សម្រាប់​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ វា​ធ្វើ​ឱ្យ​មាន​ការ​គំរាម​កំហែង បំបាក់​ស្មារតី​ទៅ​ដល់​បេក្ខជន​នយោបាយ​ដែរ»

លោក​បន្ត ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ថា តើ​វា​ជា​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ ឬ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ ដូច្នេះ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា​ឱ្យ​ស៊ីជម្រៅ​ជុំវិញ​ការ​ចាប់​ខ្លួន​សមាជិក​មេឃុំ​បក្ស​នយោបាយ​មួយ​នេះ ស្រប​ពេល​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​បន្ត​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​រូប​នេះ​ជាប់​ជា​មេឃុំ​កាល​ពី​ថ្មីៗ។

លោក ញឹម សារ៉ុម ជា​មេឃុំ​ជាប់​ឆ្នោត​ម្នាក់ ក្នុង​ចំណោម​បេក្ខជន ៣រូប​ទៀត នៅ​ក្នុង​ខេត្តកំពង់ធំ​មក​ពី​បក្ស​ភ្លើង​ទៀន ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​អាណត្តិ​ទី៥ ជាប់​ជា​មេឃុំ កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ២០២២ នេះ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារ​លើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចាប់​តាំង​ពី​បោះ​ឆ្នោត​ឃុំ​សង្កាត់ រួច​មក មាន​សកម្មជន គណបក្ស​ភ្លើង​ទៀន​ចំនួន ២នាក់ ករណី​ដែល អាជ្ញាធរ​ចាប់​ខ្លួន ក្នុង​នោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​សិទ្ធិ​លំនៅឋាន​ពាក់ព័ន្ធ​នឹក​ការ​ថត​វីដេអូ​សកម្មភាព អាជ្ញាធរ​អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៥ មិថុនា​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​ចាប់​ខ្លួន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ខេត្ត​កំពង់ធំ​ចោទ​ពី​បទ​ប្លន់​ទ្រព្យ​សម្បត្តិ"

  1. Anonymous says:

    you can not trust the killing field regime by evil monster HUN SEN

Leave a Reply

Submit Comment