កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន បន្ត​ទាមទារ​ដល់​ខុទ្ទកាល័យ​លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​

2022.06.22
RFA

កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន បន្ត​ទាមទារ​ដល់​ខុទ្ទកាល័យ​លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​

កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ១៥០នាក់ ដែល​​ថៅកែ​រត់​ចោល ​ដាក់​ញត្តិ​រក​​អន្តរាគមន៍ពីខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែមិថុនា ​ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ១៥០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២១ មិថុនា បាន​ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ករណី​ថៅកែ​រត់​ចោល​ពួក​គាត់​ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល។ មន្រ្តី​សហជីព​ថា រំពឹង​ថា​ ប្រមុខ​រដ្ឋាភិបាល​នឹង​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រង​គ្រោះ​ពី​សំណាក់​ថៅកែ​បរទេស។

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., LTD) លើក​ឡើង​ថា ពួកគាត់​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ក្រសួង​ការងារ ដែល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជាង ១ខែ​មក​នេះ ប៉ុន្តែ​បែរ​ជា​ព្យាយាម​ដាក់​បន្ទុក​ដល់​ក្រុម​កម្មករ​បន្ថែម​ទៀត។ ក្រុម​កម្មករ​ឱ្យ​ដឹង​ថា មក​ដល់​ពេលនេះ​ ពួកគាត់​កំពុង​ទ័ល​ច្រក និង​មាន​ការ​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ម្ចាស់​បំណុល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយសារ​តែ​ពួក​គាត់​គ្មាន​ប្រាក់​ព្រោះ​តែ​បាត់បង់​ការងារ​ជិត ២ខែ​កន្លង​មក​នេះ។

តំណាង​កម្មករ​ជាង៣រយ​នាក់ (៣២០) នៃ​រោងចក្រ​កាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា គឺ​លោកស្រី​ សាន សុផា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ក្រុម​កម្មករ​បាន​ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ លោក ហ៊ុន សែន រួចរាល់​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី២១ មិថុនា ដើម្បី​ស្នើ​សុំ​ឱ្យ​ប្រមុខរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ ជំរុញ​ឱ្យ​ថៅកែ​ចេញ​មុខ​ទូទាត់​សំណង​ជូន​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។ លោកស្រី​រំពឹង​ថា លិខិត​ស្នើ​ជួយ​អន្តរាគមន៍​នេះ​ នឹង​បាន​ទៅ​ដល់​ដៃ​ប្រមុខ​ដឹក​នាំ​ប្រទេស​ឱ្យ​បាន​ដឹង​ថា​ មាន​ពលរដ្ឋ​ជាច្រើន​កំពុង​រងទុក្ខ​យ៉ាង​វេទនា និង​មាន​ជីវភាព​ដុនដាប​ខ្លាំង ក្នុង​ការ​ដេកចាំ​ដំណោះស្រាយ​តាម​ដង​ផ្លូវ​អស់​រយៈ​ពេល​ជាង ១ខែ​កន្លង​មក​នេះ៖ «កម្មករ​ ជីវភាព​គាត់ វេទនា​មែន​ទែន។ ម៉ោង​នេះ ​ពួក​យើង​ បន្ត​នៅ​ដេក​មុខ​រោងចក្រ​ ដោយសារ​តែ [កម្មករ] នៅ​ផ្ទះ​ជួល​ខ្លះ គ្មាន​លុយ​ឱ្យ​គេ​ កម្មករ​ខ្លះ​ក៏​គាត់​ដាច់​ចិត្ត​ត្រូវ រើ​អីវ៉ាន់​ត្រូវ​ដេក​​ក្រោម​តង់ ហាល​ភ្លៀង​ហាល​ក្ដៅ​នៅ​ខាង​មុខ​រោងចក្រ។ អ្នក​ខ្លះ​ទៀត ជំពាក់​លុយ​ធនាគារ អ្នក​ខ្លះ​កូន​ខ្ចី ណាមួយ​យើង​ត្រូវ​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​អ៊ីចឹង។ ខ្ញុំ​ ដេក​យាម​រោងចក្រ​ហ្នឹង​ជិត ២ខែ​ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខុទ្ទកាល័យ [លោក ហ៊ុន សែន] ក៏​ដូចជា​ក្រសួង​ការងារ​ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ពួក​ខ្ញុំ។ ទង្វើ​របស់​ថៅកែ វា​អត់​ព្រឺ​ព្រួយ ភ័យ​ខ្លាច​ទេ មិន​ដឹង​ថា​គាត់​មាន​ខ្នង​បង្អែក​ប៉ុណ្ណា​ ឬ​មួយ​មាន​ទីប្រឹក្សា ព្រោះ​ទង្វើ​ថៅកែ​ដូច​អត់​​ខ្លាច​តិច​ផង»

កាល​ពី​ចុង​ខែមេសា ភាគី​និយោជក​នៃ​រោងចក្រ​ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណ​ជាង១០នាក់ បាន​លាឈប់​ពី​ការងារ​ និង​បិទទ្វារ​រោងចក្រ​ទាំង​មិន​ទាន់​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ។ បន្ទាប់​មក​ ក្រុម​សមាសភាព​នៃ​អ្នក​គ្រប់គ្រង​រោងចក្រ​នេះ បាន​ចាត់​ក្រុមការងារ​ប្រមូល​សម្ភារៈ​នៅ​រោងចក្រ ឃែន​ធើ​រេន​ និង​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ សាខា​ថ្មី​របស់​ពួកគេ​មួយ​ទៀត​ឈ្មោះ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទើស (Quality Textiles Co., LTD) ដែល​ស្ថិត​ក្នុង​សង្កាត់​ទួល​ពង្រ​ រាជធានី​ភ្នំពេញ។ ក្រុម​កម្មករ អះអាង​ថា​ រោងចក្រ​ទាំងពីរ​នេះ​មាន​ម្ចាស់​គ្រប់គ្រង​តែ​មួយ។ ក្រៅពី​នេះ ក្រុម​កម្មករ​ឱ្យ​ដឹង​ថា ក្រោយ​ពី​រោងចក្រ ឃែនធើរេន​ បាន​រត់​ចោល​ពួកគាត់ ​ក្រុម​ថៅកែ​ទាំង​នោះ បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ច្រើន​ម៉ោង​ស្ទើរ​គ្មាន​ពេល​សម្រាក ​ទាំង​មិន​បាន​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ឱ្យ​កម្មករ។ មក​ដល់​ពេល​នេះ ប្រាក់​អតីតភាព​ការងារ ប្រាក់​ប្រចាំ​ខែឧសភា និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ តំណាង​កម្មករ​ថា​ក្រុមហ៊ុន​មួយ​នេះ នៅ​មិន​ទាន់​ទទួល​ខុស​ត្រូវ​លើ​កម្មករ ដែល​នៅ​សល់​ជាង ៣០០នាក់ (៣២០) ​នោះ​ដែរ។

តំណាង​កម្មករ​ លោកស្រី សាន សុផា បញ្ជាក់​ថា​បើ ​ខុន្ទកាល័យ លោក ហ៊ុន សែន​ និង​ក្រសួង​ការងារ​នៅ​តែ​គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ទេ​នោះ ក្រុម​កម្មករ​នឹង​នាំ​គ្នា​មក​ដេក​នៅ​ខាង​ក្រសួង​ការងារ​ ដើម្បី​ទាមទារ​យុត្តិធម៌​បន្ត​ទៀត៖ «មួយ​រយៈ ឬ​មួយ​សប្ដាហ៍​ទៀត បើ​ក្រសួង​អត់​មាន​ចំណាត់​ការ​ ក្នុង​ការ​ដោះស្រាយ ​ពួក​ខ្ញុំ​នៅតែ​ហែ​ក្បួន​ត​ទៅ​ទៀត ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ។ កម្មករ​ខ្លះ​ទៀត​ថា ប្រសិន​ជា ក្នុង​ដំណាក់​កាល​នេះ គ្មាន​ដំណោះស្រាយ​ទេ​ ប្រហែល​ពួក​ខ្ញុំ​អត់មាន​ជម្រើស​ទេ។ ពួក​ខ្ញុំ​អាច ​រើ តង់​ រើ​មូង​ រើ​កន្ទេល​ ទៅ​ដេក​នៅ​ក្រសួង​ការងារ​តែ​ម្ដង​ ព្រោះ​អី​នៅ​នេះ [ខាង​មុខ​រោងចក្រ] នៅ​សាធារណៈ​ដូចគ្នា​ហ្នឹង។ អ៊ីចឹង​ម៉េចម៉ា ពួក​ខ្ញុំ​ទៅ​ដេក​ នៅមុខ​ក្រសួង​កាងារ ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍»

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ លោក កត្តា អ៊ន​ លើកឡើង​ថា ករណី​វិវាទ​ការងារ​កន្លង​មក​នេះ​ ក្រសួង​ការងារ​បាន​ប្រឹងប្រែង​ដោះស្រាយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់។ លោក​បន្ត​ថា​ ករណី​ថៅកែ​រត់ថៅ​កម្មករ​នេះ​ ក្រសួង​ការងារ​ត្រូវ​មាន​តួនាទី​ក្នុង​ការ​សម្រប​សម្រួល និង​ស្វែង​រក​ភស្តុតាង​បន្ថែម​ ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។ ទោះ​ជា​យ៉ាងណា ​លោក​ថា​ ក្រសួងការងារ​មិន​មាន​អំណាច​ពេញលេញ​ដូច​ស្ថាប័ន​តុលាការ ដើម្បី​កោះហៅ​ភាគី​ថៅកែ​មក​ចរចា​ ក្នុង​ករណី​ដែល​ភាគី​ក្រុមហ៊ុន​មិន​ព្រម​ចូល​ខ្លួន​បំភ្លឺ។ ករណី​នេះ​ លោក កត្ដា អ៊ន​ ជំរុញ​ឱ្យ​ក្រុម​កម្មករ​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​តុលាការ​បន្ត​ទៀត៖ «អ្វីៗ​កំពុង​តែ​ដំណើរ​ការ ក្នុង​ការ​ដោះស្រាយ​តាម​នីតិ​វិធី។ អ៊ីចឹង​ហើយ​ យើង​មិន​អាច វាយ​តម្លៃ​ចោទ​ប្រកាន់​ថា ​អ៊ីចេះ ថា​អ៊ីចុះ​ បាន​ទេ ​ពីព្រោះ​ ក្នុង​យន្ត​ការ​ដោះស្រាយ​វិវាទ ក្រសួង​ការងារ​មិន​មែន ជា​តុលាការ​ការងារ​នោះ​ទេ។ ដូច្នេះ​ ហើយ​ការ​ដោះស្រាយ​ យើង​ត្រូវ​ការ​ពេល​ពិនិត្យ​មើល ទ្រព្យ​សម្បត្តិ​របស់​ថៅកែ ​រោងចក្រ​​ ត្រូវ​ការ​យន្តការ​ផ្សេងៗ​ទៀត ក្នុង​ការ​សម្របសម្រួល ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​សន្តិវិធី​ ដោយ​មាន​ការ​ព្រមព្រៀង​គ្នា»

ផ្ទុយ​ពី​ការ លើកឡើង​របស់​មន្ត្រី​នៃ​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បែប​នេះ​ មេ​ដឹកនាំ​សហជីព​ដែល​គាំពារ​សិទ្ធ​កម្មករ​ថា ​នា​រយៈ​ពេល​កន្លង​មក​នេះ​ ក្រសួង​ការងារ​គ្មាន​ឆន្ទៈ​ និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ក្រុម​កម្មករ​ដែល​រង​ការ​គាបសង្កត់​ពី​ក្រុម​ថៅកែ​ទុច្ចរិត​ទាំង​នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក រ៉ុង ឈុន លើក​ឡើង​ថា ក្រសួង​ការងារ​ជា​សេនាធិការ​របស់​រដ្ឋាភិបាល និង​មាន​អំណាច ឬ​ឥទ្ធិពល​ពេញលេញ​ ដើម្បី​ចាត់​មន្ត្រី​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ និង​ឃាត់​ខ្លួន​ថៅកែ​ក្នុង​ករណី​ដែល​រត់​ចោល​កម្មករ​ទាំង​គ្មាន​ទំនួល​ខុសត្រូវ​បែប​នេះ។ លោក​សង្កត់ធ្ងន់​ថា​ ប្រមុខរដ្ឋាភិបាល​គួរតែ​មាន​ចំណាត់​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​កែប្រែ​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​ការងារ​ ដែល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ៖ «ប្រសិន​ធ្វើ​ជា​ក្រសួង​មួយ ​កោះ​អ្នក​វិនិយោគ​មិន​មក​ប្រជុំ​ ក្រសួង​នេះ​អន់ៗ ដល់​ថ្នាក់​អន់ៗ​ មែន​ទែន​ហើយ។ ក្រសួង​មាន​ន័យ​ថា​ យក​លុយ​ពី​គេ​ បាន​ជា​អត់​មាន​ឥទ្ធិពល​ ហើយ​មន្ត្រី​ក្រសួង​ការងារ ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បើ​អសកម្ម​បែប​ហ្នឹង ​គួរ​មាន​វិធានការ​ហើយ​មិន​ត្រូវ​ឱ្យ​អ្នក​ដឹក​នាំ ​ក្រសួង​ការងារ​បន្ត​ទៀត​ទេ​ ដែល​ធ្វើ​ឱ្យ​កម្មករ​ទទួល​រងទុក្ខ​វេទនា ​ទឹកភ្នែក​ជាប់​រហូត ហើយ​គ្មាន​រក​ដោះស្រាយ​អី​ ចេះ​តែ​ឆ្លើយ​ដោះសា»

មេដឹកនាំ​សហជីព​រូប​នេះ ​បន្ថែម​ថា បញ្ហា​របស់​ក្រុម​កម្មករ​នៅតែ​ជួប​បញ្ហា​ច្រើន​ គឺ​ដោយសារ​តែ​ក្រសួង​ការងារ​មិន​អើពើ​ក្នុង​ការ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ និង​តែងតែ​ព្យាយាម​ដាក់​បន្ទុក​ផ្សេងៗ ​ក្នុង​ពេល​ដែល​កម្មករ​ស្វែងរក​កិច្ច​​អន្តរាគមន៍។ លោក​មើល​ឃើញ​ថា​ ក្រសួង​ការងារ​ហាក់​បណ្ដោយ​ខ្លួន​ឱ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​ថៅកែ​បរទេស​ ដោយសារ​តែ​មន្ត្រី​ក្រសួង​ការងារ​មួយ​ចំនួន​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment