គ្រួសារ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន ជា​រឿង ​«ចម្លែក» ​និង ​«អយុត្តិធម៌»

22 មិថុនា 2022
ហាន ណូយ
វីអូអេខ្មែរ

លោក ញឹម សារ៉ុម បេក្ខជន​មេឃុំ​ជាប់ឆ្នោត​ នៅ​ឃុំ​ចំណាលើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​មក​ពី​គណបក្ស​ភ្លើងទៀន នៅ​ក្នុង​រូបថត​ផ្សាយ​តាម​ហ្វេសប៊ុក​របស់​គណបក្ស​ភ្លើងទៀន​កាល​ពី​ថ្ងៃ​ទិ​២១ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណបក្ស​ភ្លើងទៀន)
លោក ញឹម សារ៉ុម បេក្ខជន​មេឃុំ​ជាប់ឆ្នោត​ នៅ​ឃុំ​ចំណាលើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​មក​ពី​គណបក្ស​ភ្លើងទៀន នៅ​ក្នុង​រូបថត​ផ្សាយ​តាម​ហ្វេសប៊ុក​របស់​គណបក្ស​ភ្លើងទៀន​កាល​ពី​ថ្ងៃ​ទិ​២១ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណបក្ស​ភ្លើងទៀន)


ពភ្នំពេញ — ក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិ​មនុស្ស​បង្ហាញ​នូវ​ការ​ងឿង​ឆ្ងល់ និង​ចាត់​ទុក​ថា​វា​ជា​ «រឿង​ចម្លែក» និង​ «អយុត្តិធម៌» ​ចំពោះ​ការ​ចាប់​ខ្លួន​បេក្ខជន​មេ​ឃុំ​ជាប់​ឆ្នោត​គណ​បក្ស​ភ្លើង​ទៀន ក្រោម​បទ​ចោទ​«ប្លន់» ខណៈ​ករណី​នេះ​បាន​កើត​ឡើង​តាំង​ពី​២០​ឆ្នាំ​មុន។

លោក ញឹម សារ៉ុម អាយុ​៥២​ឆ្នាំ បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន នៅ​ឃុំ​ចំណា​លើ ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ ក្រោម​បទ​ចោទ ​«ប្លន់»

អ្នកស្រី ខាត់ សុឃាង ភរិយា​របស់​លោក ញឹម សារ៉ុម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​អង្គារ។ អ្នក​ស្រី​មាន​ចម្ងល់​ក៏​ដូច​ជា​មិន​យល់​ពី​ការ​ចាប់​ខ្លួន​ស្វាមី​នា​ពេល​នេះ​ឡើយ។ អ្នកស្រី​បន្ថែម​ថា​ពី​មុន​មក មិន​ដែល​មាន​ដីកា​កោះ​ហៅ​ពី​តុលាការ​ទេ ហើយ​ស្វាមីរបស់​អ្នកស្រី ក៏​មិន​ដែល​គេច​ទៅ​ទី​ណា​ឡើយ។

អ្នក​ស្រី​ថា​ការ​ចាប់​ខ្លួន​ស្វាមី​របស់​អ្នកស្រី​មិន​យុត្តិធម៌ និង​មិន​ត្រឹម​ត្រូវ ដោយ​សារ​ករណី​នេះ​បាន​កន្លង​ទៅ​២០​ឆ្នាំ​ហើយ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​ថា​វា​មិន​ត្រឹម​ត្រូវ​ បើ​ឡើង​២០​ឆ្នាំ​ជាង​ហើយ តាំង​ពី​២០០២ ហេតុ​អ្វី​ដល់​២០​២២​នេះ​បាន​ហៅ​គាត់។ គាត់​មិន​ដែល​រត់​ទៅ​ណា​ មិន​ដែល​មាន​ដី​កា​ណា​ហៅ​មួយ​ដង​ឱ្យ​គាត់​ទៅ​ជួប​ផង។ ទើប​២០២២​នេះ​បាន​មាន​ដីកា​កោះ​ហៅ​ចាប់​គាត់​បណ្តោយ»

លោក ញឹម សារ៉ុម ត្រូវ​ចោទ​ប្រកាន់​តាម​មាត្រា​៦​នៃ​ច្បាប់​ស្តី​ពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ ដែល​ចែង​អំពី​ការ​លួច​ធ្វើ​ដោយ​អំពើ​ហិង្សា​មាន​អាវុធ​ ឬ​អត់​អាវុធ​ បណ្តាល​ឬ​មិន​បណ្តាល​ឱ្យ​មាន​របួស​ ឬ​ការ​លួច​នោះ​បាន​ធ្វើ​ឡើង​ដោយ​មាន​គ្នា​ច្រើន ឬ​ដោយ​ការ​កាប់​គាស់​ទម្លុះ ទម្លាយ បំផ្លិច​បំផ្លាញ។ បទ​ចោទ​នេះ​អាច​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។

កា​រចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​នឹង​ភាគី​ម្ខាង​ទៀត​ខ្ចី​ប្រាក់​លោក ញឹម សារ៉ុម ហើយ​មិន​បាន​សង​ប្រាក់ ទើប​លោក ញឹម សារ៉ុម បាន​យក​ម៉ាស៊ីន​ភ្លើង​របស់​ភាគី​ម្ខាង​ទៀត ទៅ​ដាក់​នៅ​ប៉ុស្តិ៍​នគរបាល។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​នគរ​បាល ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​គណបក្ស​ភ្លើង​ទៀន។

នៅ​ក្នុង​ដី​កា​ចុះ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២ ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅ​ក្រុម​ស៊ើប​សួរ​ លោក ស៊ិត សុវណ្ណៈ ហើយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ឱ្យ​អនុវត្ត​ដោយ​អធិការ​រង​ស្រុក​ស្ទោង លោក វ៉ន សុភ័ណ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ និង​នាំ​ខ្លួន​លោក​ ញឹម សារ៉ុម។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​បេក្ខ​ជន​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង ខុស​ពី​ធម្មតា ដែល​គាប់​ជួន​ពេល​សកម្មជន​ថ្នាក់​ក្រោម​នេះ​ជាប់​ឆ្នោត​ជា​មេ​ឃុំ។

លោក​យល់​ថា​ការ​ដាក់​ពន្ធនាគារ​បេក្ខជន​ជាប់​ឆ្នោត​រូប​នេះ ជា​រូប​ភាព​នៃ​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង។

លោក​ថ្លែង​ថា៖ «យើង​ដាក់​សំណួរ​ជា​ចម្ងល់​ថា​ហេតុ​អ្វី​ទើប​តែមក​ដល់​ពេល​នេះ​ដែល​គាត់​កំពុង​តែ​ជាប់ និង​ឈាន​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​ថ្មី​ខាង​មុខ​នេះ​ទៀត​ ស្រាប់​តែ​យក​ដីកា​ដែល​វា​មាន​អាយុ​កាល​យូរ​ហើយ​មក​អនុវត្ត​ចាប់​ខ្លួន​គាត់​ទៅ​វិញ។ ខ្ញុំ​ដូច​ជា​មាន​ការ​ងឿង​ឆ្ងល់​ដែរ ហើយ​បើ​ខ្ញុំ​មើល​ទិដ្ឋភាព​នេះ​ ជា​រូប​ភាព​នៃ​ការ​បំបាក់​ស្មារតី​ ការ​គំរាម​កំហែង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»

លោក សាយ វាសនា អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​កំពង់ធំ ប្រាប់​វីអូ​អេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​លោក ញឹម សារ៉ុម ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅ​ឡើយ​ទេ។

​ទោះ​ជា​យ៉ាង​ លោក​ថា​ករណី​ខ្លះ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង ដែល​ត្រូវ​ការ​ពេល​វេលា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត តែ​ជា​គោល​ការណ៍​តុលាការ​តែង​តែ​ជំរុញ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ឱ្យ​អនុវត្ត​ទៅ​តាម​ដី​កា​របស់​តុលាការ​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធ​ភាព។

លោក​ប្រាប់​វីអូអេ​ថា៖ «អា​នេះ​អត់​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។ អាហ្នឹង​ពាក់ព័ន្ធ​ជាមួយ​នីតិ​វិធី​ច្បាប់​សុទ្ធ​សាធ​ហ្មង ព្រោះ​អា​នេះ​យើង​អនុវត្ត​រវាង​មន្ត្រី​នគរ​បាល​យុត្តិធម៌ ហើយ​និង​ស្ថាប័ន​តុលាការ គេ​អនុវត្តដោយ​ផ្អែក​ទៅ​លើ​អង្គ​ហេតុ ហើយ​នឹង​មាន​ភស្តុ​តាង​នៅ​ក្នុង​សំណុំ​រឿង»

គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ពុធ បាន​ បង្ហោះ​សារ​ដោយ​បាន​ការ​ពារ​ថា​ លោក ញឹម សារ៉ុម មិន​មែន​ជា «ចោរ​ប្លន់» ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ ហើយជម្លោះ​ដែល​កើត​ចេញ​ការ​ជំពាក់​លុយ​នោះ ក៏​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់ នៅ​ក្នុង​ឆ្នាំ​២០១១ ដែល​មាន​មេឃុំ​ចំណា​លើ​ និង​លោក​នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ចំណា​លើ ជា​អ្នក​បញ្ចប់​រឿង​ក្តី​មួយ​នេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment