ជនជាតិ​កួយ ៣ភូមិ ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ស្ត្រី​ជនជាតិ​ដើម​កួយ​ម្នាក់ ដែល​សកម្ម​ការពារ​ដីធ្លី​សមូហភាព

ដោយ ម៉ៅ សុធានី
2022.06.22
RFA

ជនជាតិ​កួយ ៣ភូមិ ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កំពង់ធំ​ដោះ​លែង​ស្ត្រី​ជនជាតិ​ដើម​កួយ​ម្នាក់ ដែល​សកម្ម​ការពារ​ដីធ្លី​សមូហភាព

តំណាងសហគមន៍ជនជាតិដើមកួយម្នាក់ រស់នៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺលោកស្រី ហេង សាភេន (រូបកណ្តាល​ពាក់​អាវក្រហម) ពិនិត្យដីសមូហភាព ស្នើសុំចុះបញ្ជី កាលពីចុងខែមេសា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន ​៣​ភូមិ ​ទាមទារ​ឱ្យ​តុលាការ​ខេត្តកំពង់ធំ​ដោះ​លែង​ស្ត្រី​ជា​តំណាង​សហគមន៍​ម្នាក់​ ដែល​ត្រូវ​តុលាការ​ឃុំខ្លួន ​កាល​ពី​សប្ដាហ៍​មុន​ ក្នុង​រឿង​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន​មួយ និង​អ្នកភូមិ​រាប់​រយ​គ្រួសារ។​ ពួកគាត់​ចាត់​ទុក ​សំណុំ​រឿង​នេះ គឺជា​អំពើ​អយុត្តិធម៌ ​និង​គាប​សង្កត់​ពលរដ្ឋ ​មិន​ឱ្យ​តវ៉ា​ទាមទារ​ដីធ្លី​សមូហភាព ដែល​ក្រុមហ៊ុន​បំពារ​បំពាន។

ពលរដ្ឋ​រាប់​រយ​រួសារ​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ ​រស់​នៅ​ក្នុង​ភូមិ​ចំនួន៣ ក្នុង​ឃុំងន​ ស្រុក​សណ្ដាន់ កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍ ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ីវិល​ បំណង​ទាមទារ​ឱ្យ​តុលាការ​ខេត្តកំពង់ធំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ លើ​តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់​ គឺ​លោកស្រី ​ហេង ​សាភេន។

អ្នកភូមិ​ថា តុលាការ ​និង​សមត្ថកិច្ច​ខេត្តកំពង់ធំ ​បាន​ចេញដីកា​ចាប់​ខ្លួន​ស្ត្រី​រូប​នេះ ​ដោយ​ស្ងាត់ៗ ដើម្បី​បំបាក់​ស្មារតី ​ពលរដ្ឋ​មិន​ឱ្យ ​អាស្រ័យ​ផល​លើ​ដី​សមូហភាព ​ដែល​អ្នកភូមិ​កំពុង​ស្នើសុំ​ចុះ​បញ្ជី។

អនុប្រធានទី១ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​កួយ​ក្បិត​ចង្ហូរ​ខ្នា គឺ​លោក ហ៊ាន ហៀក​ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២២ ​មិថុនា​ថា​ ពេល​លោកស្រី ​ហេង ​សាភេន ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំងន ក្នុង​រឿង​ដីធ្លី​ ប៉ុន្តែ​សមត្ថកិច្ច​ទាំង​នោះ ​បែរ​ជា​នាំ​ខ្លួន​លោកស្រី ​ទៅ​ទីរួមខេត្ត​វិញ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ តុលាការ​បាន​ចេញដីកា​ឃុំខ្លួន​លោកស្រី​តែ​ម្ដង។

លោក​ថា ​មក​ទល់​ពេល​នេះ ​តុលាការ​បាន​ឃុំ​ខ្លួន​ស្ត្រី​រូប​នេះ ​ជាង ១សប្តាហ៍​មក​ហើយ​ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ កើត​ទុក្ខ​មិន​ខុស​ចិត្ត​។ លោក​បន្ថែម​ថា ​ស្ត្រី​ជនជាតិភាគតិច​កួយ​រូប​នេះ ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ​ហើយ​តុលាការ​ក៏​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ដែរ៖ «អយុត្តិធម៌​មែនទែន ​ដោយសារ​គាត់​ចាប់​ខ្លួន​ស្ត្រី​រូប​នេះ ​អត់​មាន​ហេតុផល ​អំណះអំណាង​ថា ​ដី​កន្លែង​ណា​ហ្នឹង​ សម្រាប់​ថា ​ឱ្យ​ពិត​ប្រាកដ​ថា ​អ្នកស្រី ហេង សាភេន ទៅ​រំលោភ​យក​ដី​ពួក​គាត់»

បុរស​ដដែល​បន្ថែម​ថា ​ដីសមូហភាព​ដែល​អ្នកភូមិ​ស្នើសុំចុះ​បញ្ជី​ទំហំ​ជាង​ ៦០០​ ហិកតារ​(៦០០,៥១) គឺ​ជា​អាយុជីវិត​របស់​ពលរដ្ឋ​រាប់រយគ្រួសារ ​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ ពី​សំណាក់​ក្រុមហ៊ុន ​សម្បត្តិផ្លេធីណឹម​(SAMBATH PLANTINUM Co., LldTD) ។

លើសពីនេះ ​ដីព្រៃ​សមូហភាព​នេះ ​មាន​ព្រៃ​អារក្ស​ ព្រៃ​ខ្មោច ​ព្រៃ​បុស្ស ​និង​ព្រៃ​បម្រុងទុក​ ដែល​អ្នកភូមិ​បាន​ស្នើ​សុំ​ចុះ​បញ្ជី​ដី​សមូហភាព ​ទៅ​ក្រសួង​ដែនដី ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ហើយ​មក​ទល់​ពេល​នេះ​កំពុង​ឋិត​ក្នុង​ដំណើរការ​នីតិវិធី​មិន​ទាន់​រួចរាល់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី៨ មិថុនា ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្តកំពង់ធំ ​លោក ​ស៊ិន វិរៈ​ បាន​ចេញ​ដីកា​បញ្ជូន​មួយ​សន្លឹក​ ផ្ញើ​ជូន​ស្នងការ​ខេត្តកំពង់ធំ ​បញ្ជា​ឱ្យ​លោកស្រី ហេង​ សាភេន ចូល​ខ្លួន​មក​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ធំ ​ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​។ ​អ្នកភូមិ​អះអាង​ថា​ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ ​គឺ​តំណាង​ក្រុមហ៊ុន ​លោក ឆេង ផាន់ ។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ ពី​តំណាង​ក្រុមហ៊ុន ​សម្បត្តិ​ផ្លេធីណឹម ​លោក ឆេង ផាន់ ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី២២ មិថុនា។​

ចំណែក​ឯ អភិបាល​ខេត្តកំពង់ធំ លោក ងួន រតនៈ និង អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ខេត្តកំពង់ធំ​ លោក ​សាយ វាសនា ​ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ ​លោក ​សាយ វាសនា ​បាន​ប្រាប់​សារព័ត៌មាន​វីអូឌី​ថា (VOD) តុលាការ​បាន​បញ្ជូន​ លោក​ស្រី ហេង សាភេន ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​កន្លង​ទៅ ក្រោម​បទ​ចោទ «ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត»។ លោក​អះអាង​ថា ស្ត្រី​រូបនេះ បាន​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​បំពាន​ច្បាប់​។

ទោះ​យ៉ាង​ណា​ក្ដី យុវជន​ជនជាតិ​ដើម​ភាគ​តិច​កួយ ខេត្តកំពង់ធំ​ លោក ប៊ុនថន ចាត់​ទុក​សំណុំ​រឿង​នេះ ​ជា​ល្បិច​មូល​បង្កាច់ ​ដើម្បី​កាច់​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ខំ​ការពារ​សម្បត្តិ​រដ្ឋ​ ដើម្បី​ប្រយោជន៍​រួម​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ​។​ លោក​ថា ​ស្ត្រី​ជនជាតិភាគតិច​កួយ​រូប​នេះ ​មាន​ភាព​ក្លាហាន ​តស៊ូ​មតិ​ និង​សុឆន្ទៈ​មុតមាំ ​ការពារ​ដីធ្លី​ ព្រៃឈើ​ដែល​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ជា​បន្ត​បន្ទាន់​។

លោក​បន្ថែម​ថា ដី​ព្រៃ​សមូហភាព ​គឺ​ជា​អត្ត​សញ្ញាណ ​និង​វប្បធម៌​ប្រពៃណី​ដូនតា​កួយ​ ហេតុនេះ​ប្រសិនបើ​បាត់បង់ ​ពួកគាត់​នឹង​ជួប​ការ​លំបាក​ច្រើន​ផ្នែក​ជីវភាព​ ជាពិសេស​ប៉ះពាល់​អត្តសញ្ញាណ​វប្បធម៌​ដូនតា​កួយ៖«មិន​យុត្តិធម៌​ទេ​ក្នុង​ការ​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ​ដោយសារ​ដីហ្នឹង​សហគមន៍​រស់​នៅ​យូរ​ណាស់​មក​ហើយ ​តាំង​ពី​ឆ្នាំ១៩៧៩ ​សហគមន៍​គាត់​បាន​អាស្រ័យផល​ ធន​ធាន​ធម្មជាតិ​យូរ ​តាម​បែន​ផែន​ប្រពៃណី ​ហើយ​វា​ស្របច្បាប់​ភូមិបាល ​មាត្រា​ ២៣ ​ដល់​ ២៨​ ដែល​និយាយ​ពី​ភាព​គ្រប់គ្រង​របស់​ជន​ជាតិ​ភាគ​តិច ដែល​គ្រប់គ្រង​ធនធាន​ព្រៃឈើ ​ផ្សេងៗ​ដែល​ជា​ជំនឿ​ផង​ដែរ​។ ​ក្រុមហ៊ុន​ទទួល​អាជ្ញាប័ណ្ណ​សម្បទាន​ក្រោយ​ឆ្នាំ២០១២​ ហើយ​មក​ឈូស​ឆាយ​ប៉ះពាល់​ដី​ពួកគាត់​ហើយ​ មក​ប្ដឹង​ពួកគាត់​ទៀត ​ដែល​ជា​ម្ចាស់​ទឹកដី។ មាន​ព្រៃឈើ ​និង​ដីធ្លី​ មាន​អាយុជីវិត​ជនជាតិ​ដើម​ភាគ​តិច​ហើយ»

របាយការណ៍​របស់​ប្រជាសហគមន៍​បង្ហាញ​ថា ​កាល​ពី​ដើម​ឆ្នាំ២០២១​ ក្រុមហ៊ុន​សម្បត្តិផ្លេធីណឹម​(SAMBATH PLANTINUM Co., LTD) បាន​បោះបង្គោល​រំលោភ​យក​ដី​សមូហភាព​សហគមន៍​ និង​ឈូសឆាយ​ផល​ដំណាំ​របស់​អ្នកភូមិ ​អស់​ជាច្រើន​ហិកតារ​ ហើយ​ពលរដ្ឋ​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​។

ក្រោយមក ​ក្រសួង​ដែនដី​ចេញ​លិខិត ​ផ្ញើ​ឱ្យ​អភិបាលខេត្ត​កំពង់ធំ​ ឱ្យដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ​ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា អាជ្ញាធរ​ខេត្តកំពង់ធំ​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​ជ្រះ​ស្រឡះ​នោះ​ទេ ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

ជុំវិញ​រឿង​នេះ​ អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា ​លោក យុន ​ឡួរ៉ង់ មើល​ឃើញ​ថា សំណុំ​រឿង​នេះ ​គ្មាន​ភស្តុតាង​បទល្មើស​ជាក់ស្ដែង​ណាមួយ​ បង្ហាញ​ពី​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ ​ព្រោះ​វា​ជា​រឿង​ជម្លោះ​ដីធ្លី​ រវាង​ក្រុមហ៊ុន​ឯកជន​ និង​ប្រជា​សហគមន៍​ គួរតែ​ដោះស្រាយ​ ដោយ​ការ​សម្រប​សម្រួល​គ្នា ​ក្រៅ​ប្រព័ន្ធ​តុលាការ​។

លោក​ថា ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​កំពុង​សិក្សា​ករណី​នេះ ​ហើយ​ផ្តល់​មេធាវី​ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ​ជាមួយ​នឹង​តំណាង​សហគមន៍ ​បំណង​ស្នើសុំ​តុលាការ ​ឱ្យ​ដោះលែង ​លោកស្រី ​ហេង សាភេន ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បន្ទាន់៖ «សហគមន៍​គាត់​នឹង​សម្រេច​យ៉ាង​ម៉េច​ ព្រោះ​ថា ​រឿង​នេះ​ជា​រឿង​រួម​ ហើយ​សមាជិក​សហគមន៍​ប៉ុន្មាន​ភូមិ​ហ្នឹង​គាត់​យល់​ថា វា​ជា​រឿង​អយុត្តិធម៌​ទាំង​អស់​គ្នា​។ ​ពួក​យើង​ចាំ​មើល​ ហើយ​នឹង​ចូលរួម​ជួយ​ពួកគាត់​ជាក់​ស្ដែងតាម​ការ​ស្នើសុំ»។

ក្រុមហ៊ុន​សម្បត្តិ​ផ្លេធីណឹម​(SAMBATH PLANTINUM Co.,LTD)​ទទួល​សិទ្ធិ​វិនិយោគដី​ពី​រដ្ឋាភិបាល​ទំហំ​ជាង ២ពាន់ ៤រយ​ហិកតារ (២.៤៩៦) កាលពីឆ្នាំ២០១០។ ក្រុមហ៊ុននេះ​ វិនិយោគ​ដំណាំ​ឧស្សាហកម្ម ​កៅស៊ូ ​និង ​ដំណាំ​ផ្សេង​ទៀត ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃបឹងពែរ ​នៃ​ស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​។

របាយការណ៍អង្កេតរបស់​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ឱ្យ​ដឹង​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយក្បិតចង្ហូរខ្នា បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ ​កាល​ពី​ឆ្នាំ២០១៦ និង​ក្រសួង​មហាផ្ទៃ​ នៅ​ឆ្នាំ២០១៧ ដោយ​សហគមន៍​មាន​ផែនទី​បឋម ​កំណត់​ទំហំ​ផ្ទៃដី​សមូហភាព​ច្បាស់លាស់។

ប្រជា​សហគមន៍​ថា ​កន្លង​ទៅ​ដី​សមូហភាព​ក្បិត​ចង្ហូរខ្នា មាន​ផ្ទៃ​ដី​ទំហំ ​ជាង ១.០០០ហិកតារ ហើយ​​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​អស់​រាប់​រយ​ហិកតារ ​ ហើយ​បច្ចុប្បន្ន​នៅ​ដល់​ដី​ជាង ៦០០ហិកតារ​ប៉ុណ្ណោះ ​ដែល​ពួកគាត់​កំពុង​ការពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment