តុលាការ​បន្ត​សាកសួរ​លោក កឹម សុខា លើ​អង្គហេតុ​ថ្មី​អំពី​បទចោទ​ប្រទូសរ៉ាយ

តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២២ មិថុនា ២០២២ | ម៉ោង ១៨:២៧
VOD

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


នៅក្នុងបន្ទប់ជំនុំជម្រះថ្ងៃនេះ លោក កឹម សុខា ដែលទើបប្រកាសចែកផ្លូវគ្នាជាមួយដៃគូន​​យោ​​បាយ​​​​ដែលជាសម្ព័ន្ធមិត្ត​​របស់លោក ហាក់ប្រតិកម្មខ្លាំងខុសធម្មតា ខណៈដែលតំណាងអយ្យការព្យាយាមលើកយកភស្តុតាងមួយចំនួនជាឃ្លីបវីដេអូ ដែលលោកចាត់ទុកថាជាតម្រុយចាស់ ហើយ​​​ថែម​​ទាំង​​មិនជាប់ពាក់ព័ន្ធនឹងលោកទៀតផង ដែល​​ជាហេតុធ្វើឱ្យសវនាការនេះមិនមានភាពជឿន​​​លឿន​ទៅមុខ។

យ៉ាងនេះក្តី នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បាន​​ប្រ​កាស​ថា តុលា​​ការ​​នឹងបន្តនីតិវិធីនៃការសួរដេញដោលលើអង្គហេតុថ្មី គឺទាក់ទងបទចោទ «ប្រទូស​​រ៉ាយ» ឬអំពើ​​បាតុ​​កម្ម។ ​​លោក​​បាន​​​​ជម្រាបអង្គជំនុំជម្រះថា នេះជាអង្គហេតុចុងក្រោយគេ នៃសំណុំ​​រឿង «សន្ទិដ្ឋិ​​ភាព​» ឬត្រូវរ៉ូវ​​ជា​​មួ​យ​​​​​រដ្ឋបរទេស ហើយសវនាការនេះក៏កាន់តែកៀកដល់​​ទីបញ្ចប់​​ដែរ​​។

សម្រាប់​សវនាការលើកទី៤៥ នៅថ្ងៃពុធនេះ ជានាទីដែលតំណាងអយ្យការ លោក ឆាយ ហុង បន្ត​​តាំង​​សំណួរ ដើម្បីឱ្យលោក កឹម សុខា ឆ្លើយដោះបន្ទុកជាថ្មីទៀត។ តាមរយៈសំណួររបស់លោក ឆាយ ហុង ដែលបានលើកឡើងថា តើលោកមាននៅចាំព្រឹត្តិការណ៍ពេលបោះឆ្នោត ថ្ងៃទី២៨ ខែកក្ក​​ដា ឆ្នាំ២០១៣ ដែរ​​ទេ?

ជម្រាបអង្គជំនុំជម្រះ លោក កឹម សុខា អះអាងថា លោកមិនចាំទេ។ លោកបន្តថា មិនដឹងថា​​តើតំ​​ណា​ង​​អយ្យការចង់សំដៅលើព្រឹត្តិការណ៍បែបណាឡើយ ព្រោះពេលវេលាបានកន្លងហួស​​ជា​​ច្រើន​​ឆ្នាំ​​​​​​​ណាស់មកហើយ ម្យ៉ាងវិញទៀត ឯកសារដែលនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក៏ត្រូវបាន​​រ​​លត់​រលាយថែមទៀតផង។

គេសង្កេតឃើញថា ស្របពេលលោក ឆាយ ហុង បន្តតាំងសំណួរជាបន្តបន្ទាប់ តំណាង​​អយ្យ​ការ​រូប​​នេះក៏បានស្នើឱ្យតុលាការចាក់ឃ្លីបវីដេអូខ្លីៗចំនួន៣ ទាក់ទងអំពើបាតុកម្មនៅមុខវត្តស្ទឹ​​ង​​មាន​​ជ័យ​ចំនួន២ឃ្លីបវីដេអូ និងវីដេអូ១ទៀតត្រូវបានតំណាងអយ្យការអះអាងថានៅខេត្តកំពង់ស្ពឺ។

នៅក្នុងបន្ទប់ជំនុំជម្រះ លោក កឹម សុខា សង្កេតឃើញថាហាក់ថ្នាំងថ្នាក់ខ្លាំង នៅពេលដែលលោក ឆាយ ហុង ចោទសួរឃ្លីបវីដេអូចំនួន២ឃ្លីបដែលក្រុមបាតុករផ្ដួលនិងដុតឡានកងរាជអាវុធ​​ហត្ថ​​​​ នៅជិតគល់ស្ពាន នៅមុខវត្តស្ទឹងមានជ័យ។ មកដល់ចំណុចនេះ ជនជាប់ចោទឆ្លើយថា សូមកុំឱ្យយក ឃ្លីបវីដេអូពីទីតាំងផ្សេងមកដាក់បន្ទុករូបលោក។ បើតាមលោក កឹម សុខា អ្វីដែលលោកអាច​​ឆ្លើយ​​​បាន គឺមានតែបាតុកម្មនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។ ដោយឡែក បាតុកម្មក្រៅពីនេះ លោក​​មិនបានជាប់ពាក់ព័ន្ធទេ។

ជាការដោះបន្ទុក ជនជាប់ចោទក៏បានស្នើឱ្យតុលាការចាក់ឃ្លីបវីដេអូមួយឃ្លីបដែរ។ ឃ្លីបវីដេអូដោះ​​​​បន្ទុករបស់លោក កឹម សុខា នេះ គឺនិយាយពីក្រមសីលធម៌ចំនួន១៧ចំណុចនៃការធ្វើ​បាតុ​​កម្មដោយ​​សន្តិវិធីនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣​​។ ក្រមសីល​​​ធម៌​​ទាំង១៧ចំណុចដែលអានដោយលោក ប៉ុល ហំម នៅពេលនោះ គឺជាបាតុកម្មដើម្បី​​ជំរុញឱ្យ​​គណ​​បក្ស​​​​ប្រជា​ជនកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយ ស៊ើបអង្កេត​​លទ្ធផលឆ្នោត។

បើទោះជាបែបណា គេសង្កេតឃើញថា ក្រៅពីការសួរដេញដោលអំពីអង្គហេតុថ្មីនេះ ភាពខ្វែង​​គំ​​និត​​​​គ្នារវាងមេធាវីការពារសិទ្ធិឱ្យជនជនជាប់ និងតំណាងអយ្យការ បានបន្តតានតឹងទៅៗ។ សហ​​មេ​​​ធា​​វីការពារក្តីឱ្យលោក កឹម សុខា បានបន្តឡើងជំទាស់ជាម្តងហើយម្តងទៀត ប្រឆាំង​​ការ​​តាំង​​សំ​​ណួរ​​របស់លោកតំណាងអយ្យការ។ ពួកគេចោទប្រកាន់ថា សំណួរភាគច្រើនរបស់​​តំណាង​​អយ្យ​​ការនៅតែជាសំណួរខុសពីអង្គហេតុដែលបានបញ្ជូនមកជំនុំជម្រះ។

លោក ចាន់ ចេន ដែលជាសហមេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងថា មកដល់​​អង្គហេតុ​​ថ្មី​​​​ទៅហើយ សំណួររបស់តំណាងអយ្យការនៅតែសួរច្រំដែលៗទៅលើរឿងចាស់។ លោកបន្តថា​ ការលើក​​ឡើង​​ដូច្នេះ ក្នុងន័យថា ក៏ជាការតម្រង់ទិសឱ្យតំណាងអយ្យការដែរ។ ភ្លាមៗ លោក អាង ឧត្ដម សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ម្នាក់ទៀត បន្ថែមថា រាល់សំណួររបស់​​តំណាង​​អយ្យ​ការ កំពុងតែបង្ខំឱ្យជនជាប់ចោទជួយកែតម្រូវសំណួរដែលតំណាងអយ្យការបានសួរខុសបទចោទ។

បន្ថែមពីលើនេះ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គឺលោក ចាន់ ចេន សង្កេតឃើញថា ថ្វី​​ត្បិតតុលាការបានកំណត់អង្គហេតុប្រទូសរ៉ាយនេះថាជាអង្គហេតុថ្មី ប៉ុន្តែការដេញដោលលើនីតិវិធី តុលាការនៅតែបន្តសួរនាំទៅលើតែសាច់រឿងចាស់ៗដដែល។ មួយវិញទៀត អ្វីដែលក្រុមមេធាវី​​ស្នើ​​សុំ​​​ឱ្យតំណាងអយ្យការ បង្ហាញភ្នាក់ងារសម្ងាត់ ឬជនសមគំនិតដូចក្នុង​​ចោទនេះ ជាអ្នកណាឱ្យ​​ប្រា​​ក​​ដ ក៏តុលាការមិនបានលាតត្រដាងដែរ។

លោកបន្តថា៖ «ខ្ញុំសង្កេតឃើញអត់មានការជឿនលឿនទៅមុខអីទេ។ រឿងនេះបកចុះបកឡើង សួរដូចអ្វីដែលធ្លាប់បានសួរ អ្វីដែលធ្លាប់បានឆ្លើយ ដូចបានពិភាក្សានៅសវនាការ​​មុនៗមកហើយ។ ​​ចំ​​ណុច​​នេះ ខ្ញុំមិនយល់ឃើញថាអីយ៉ាងម៉េចទៀតទេ ព្រោះអ្វីដែលយើងបានធ្វើ អ្វីដែលបាននិយាយ និង​អ្វីដែលយើងបានស្នើសុំអស់ហើយ ប៉ុន្តែអត់មានបានឃើញពន្យល់និងបង្ហាញភស្តុតាង​ទៅ​​តាម​​​​ការស្នើសុំរបស់យើងទេ»។

ភាពយកត្រូវរៀងខ្លួនអំពីការបកស្រាយផ្លូវច្បាប់នេះមិនចប់ត្រឹមនេះឡើយ។ នៅនាទីចុងក្រោយនៃ​​​​​ការ​ស្នើចាក់ឃ្លីបវីដេអូ ជនជាប់ចោទ កឹម សុខា បានប្រតិកម្មខ្លាំងៗ ដោយចោទប្រកាន់ថា ភស្តុ​​តាងដែលតំណាងអយ្យការយកមកដាក់បន្ទុកប្រឆាំងរូបលោកនេះ គឺជាភស្តុតាងខុសទាំងស្រុង។

បើតាមលោក កឹម សុខា មូលហេតុដែលថាភស្តុតាងខុសនេះ ដោយសារអ្វីដែលតំណាង​​អយ្យការ​​យក​មកចោទ ថាលោកនិយាយនៅខេត្តកំពង់ស្ពឺ ហើយចង់ផ្តួលរំលំរដ្ឋាភិបាលនោះ គឺមិនពិតទេ។​ ឃ្លីបវីដអូនៅខេត្តកំពង់ស្ពឺ លោកពាក់អាវគគីរដៃខ្លី ហើយក៏មិនបានថ្លែងសារនយោបាយ​​អ្វីទាំង​​អស់ គឺមានតែលោក សម រង្ស៊ី ទេ​ជាអ្នកថ្លែងសារនយោបាយ។​​ ចំណែកភស្តុតាងដែលយក​​មក​​​​ដាក់​​បន្ទុក​​ប្រ​​ឆាំ​ង​​រូបលោកថានៅខេត្តកំពង់ស្ពឺនេះ គឺពាក់អាវដៃវែង និងមានកម្រងផ្កា។

មកដល់ចំណុចនេះ គេសង្កេតឃើញថា តំណាងអយ្យការ លោក ប្លង់ សុផល ហាក់ប្រតិកម្ម​​នឹង​​ជន​​ជាប់​ចោទ រហូតធ្វើឱ្យលោកប្រើសំឡេងខ្លាំងៗតបទៅលោក កឹម សុខា នៅក្នុងបន្ទប់ជំនុំជម្រះ។

ចំណែក មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីសវនា​​ការ​​នេះដោយផ្ទាល់ យល់ឃើញថា ការសួរដេញដោលនេះហាក់ដូចមិនបានផ្តោតលើអង្គ​​ហេតុនៃ​​បទ​ចោទ​ទេ ផ្ទុយទៅវិញ ភាគីនីមួយៗដូចជាជជែកគ្នាច្រើនតែ​​ទៅ​​លើបញ្ញត្តិនៃមាត្រា៤៤៣ នៃ​​ក្រម​​ព្រហ្ម​​ទណ្ឌច្រើនជាង។

លោកបន្តថា៖ «ពាក់ព័ន្ធនឹងសវនាការមួយព្រឹកនេះ គឺគ្រាន់តែលើកយកមាត្រា៤៤៣ មកបក​​ស្រា​យ​​ ហើយជាការបកស្រាយយកត្រូវរៀងៗខ្លួន។អ៊ីចឹងមានន័យថា វាហាក់ដូចជាកា​​រពន្យារពេល​​មួយនៃ​ការកាត់ក្តី។ ហើយបើយើងគិតថា កឹម សុខា មានសន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយនឹងបរទេសមែន គឺអាច​​រក​ភស្តុ​​តាងកាត់ទោសគាត់បានហើយ។ ប៉ុន្តែពេលនេះ វាហាក់ដូចជាអត់មានភស្តុតាងច្បាស់លាស់និង​ជាក់លាក់ទេ»។

នៅក្នុងអង្គសវនាការ ជនជាប់ចោទ លោក កឹម សុខា ក៏បានជម្រាបតុលាការថា គួរស្នើទៅរដ្ឋសភាដើម្បីសុំខ្លឹមសារដើមនៃនិយមន័យពាក្យថា «ប្រទូសរ៉ាយ» នេះឱ្យបានច្បាស់។ បើតាមលោក កឹម សុខា អ្វីដែលលោកធ្លាប់បានព្រាងក្នុងនាមជាតំណាងរាស្រ្ត តាមពិតនិយមន័យនៃពាក្យថា​​ប្រទូសរ៉ាយ​នេះ គឺស្មារតីដើម​​នៃ​​បញ្ញ​ត្តិមាត្រា៤៤៣នេះ សំដៅដល់ការធ្វើឱ្យអន្តរាយដល់រដ្ឋទាំងមូល ដែ​​ល​​​មានការគប់គិតជាមួយនឹងបរទេសឯណោះទៅវិញទេ។ បើទោះបែបណា ការស្នើសុំនេះត្រូវបានតុលាការបដិសេធ ដោយចាត់ទុកថា មិនមានភាពចាំបាច់​​ណា​​​​មួយដែលតម្រូវឱ្យមានការបញ្ជាក់បន្ថែមទៀតនោះឡើយ។ ទាក់ទិនសវនាការនេះ តុលាការ​​បាន​​កំ​​ណត់យកថ្ងៃទី២៩ ខែមិថុនា ជាថ្ងៃបន្តសវនាការជាថ្មីទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment