បេក្ខភាព​ចៅសង្កាត់រង​ទី២​ជាប់ឆ្នោត​បក្សភ្លើងទៀន ស្នើ​ក្រសួង​សុខាភិបាល​ពិនិត្យ​មើល​ឡើង​វិញ​ការ​លុប​ឈ្មោះ​ខ្លួន​ចេញ​ពី​ក្របខណ្ឌ

គណបក្សនយោបាយ ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២២ មិថុនា ២០២២ | ម៉ោង ១៧:៥១
VOD

លោក កែវ សុមុនី បេក្ខភាពចៅសង្កាត់រងទី២ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ស្នើទៅក្រសួងសុខាភិបាលឱ្យពិនិត្យមើលចំពោះការសម្រេចលុបឈ្មោះខ្លួនចេញ​ក្របខណ្ឌ​ក្រសួង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

លោក កែវ សុមុនី បេក្ខភាពចៅសង្កាត់រងទី២ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ស្នើទៅក្រសួងសុខាភិបាលឱ្យពិនិត្យមើលចំពោះការសម្រេចលុបឈ្មោះខ្លួនចេញ​ក្របខណ្ឌ​ក្រសួង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


បេក្ខភាពចៅសង្កាត់រងទី២ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ស្នើទៅក្រសួងសុខាភិបាលឱ្យពិនិត្យមើលចំពោះការសម្រេចលុបឈ្មោះខ្លួនចេញ​ក្របខណ្ឌ​ក្រសួង ក្រោមហេតុផលថាបានធ្វើខុសវិន័យនោះឡើងវិញ។

ការស្នើរបស់បេក្ខភាពចៅសង្កាត់រងទី២ជាប់ឆ្នោត លោក កែវ សុមុនី ធ្វើឡើងក្នុងលិខិតមួយដែលដាក់ទៅក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធនេះ។ លិខិតបញ្ជាក់ថា រូបលោកបានធ្វើការរយៈពេល២៧ឆ្នាំហើយ ប៉ុន្តែពេលនេះ ក្រសួងសុខាភិបាលលុបឈ្មោះលោកចេញពីក្របខណ្ឌ​ក្រសួង ក្រោមហេតុផលថាធ្វើខុសវិន័យ។

ករណីនេះ លោកស្នើទៅក្រសួងសុខាភិបាលឱ្យបញ្ជាក់ចំពោះវិធានការវិន័យឱ្យបានច្បាស់លាស់ ស្របទៅតាមមាត្រា៤០នៃច្បាប់ស្ដីពីសហលក្ខនិ្តកៈមន្ត្រីរាជការស៊ីវិលកម្ពុជា ដោយសារការលុបនេះ ក្រសួងមិនបានបញ្ជាក់ទេ។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដាក់លិខិតស្នើសុំទៅក្រសួងសុខាភិបាលរួច លោក កែវ សុមុនី ថាក្រសួងបានលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌភ្លាមៗ ដោយមិនបានហៅទៅណែនាំ និងបង្ហាញពីវិន័យដែលលោកធ្វើខុសនោះឱ្យបានច្បាស់លាស់ឡើយ។ ករណីនេះ ទើបលោកស្នើឱ្យក្រសួងសុខាភិបាលបង្ហាញហេតុផលនិងពិនិត្យចំពោះការសម្រេចលុបឈ្មោះលោកឡើងវិញ ។

លោកថា៖ «ខ្ញុំមិនប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលទេ ប៉ុន្តែជាការស្នើ សុំឱ្យពិនិត្យករណីនេះឡើងវិញ ពីព្រោះករណីនេះ គាត់ថាមានភាពមិនច្បាស់លាស់ ​គាត់ថាយើងខុសខាងវិន័យ ​វាអត់ច្បាស់លាស់ ព្រោះគាត់សរសេរខ្លីពេក មិនដឹងខុសវិន័យយ៉ាងម៉េច! ព្រោះជាធម្មតា ក្នុងតួនាទីក្របខណ្ឌមន្ត្រីរាជការ គេត្រូវហៅណែនាំដោយផ្ទាល់មាត់ឬណែនាំដោយលាយលក្ខណ៍អក្សរ តែនេះ គាត់អត់មានបានហៅណែនាំយើងទាំងអស់»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ហុក គឹមចេង បានទេ ខណៈលោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។​

ក្រៅពីលោក កែវ សុមុនី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ លោក អេង ស្រូយ ក៏ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការដែរ។

ប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ លោក អេង ស្រូយ បានបដិសេធចំពោះការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថា លោកបោះបង់ការងារពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ លោកបន្តថា រូបលោកតែងតែមកធ្វើការ ទោះបីជាមិនបានរាល់ថ្ងៃក៏ដោយ ប៉ុន្តែមិនដែលបោះបង់ឡើយ។

ចំណែកអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំម្នាក់ទៀត គឺលោក ថាន់ ណារិន ក៏ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លុបឈ្មោះចេញពីក្របខណ្ឌក្រសួងដែរ។ លោក ថាន់ ណារិន មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការលុបឈ្មោះបេក្ខភាពគណបក្សភ្លើងទៀនចេញពីក្របខណ្ឌមន្ត្រីរាជការមួយរយៈចុងក្រោយ ដែលក្រសួងសម្រេចនោះ មិនបានបង្ហាញហេតុផលណាមួយឱ្យបានសមរម្យនៅឡើយ។ មួយវិញទៀត លោកសង្កេតឃើញថា អ្នកដែលទៅឈរជាបេក្ខភាពបក្សភ្លើងទៀននោះ ពួកគេបានដាក់ពាក្យសុំច្បាប់ត្រឹមត្រូវដែរ។

លោក អំ សំអាត បន្តថា ការមិនបញ្ជាក់ហេតុផលឱ្យបានសមរម្យនេះ នឹងធ្វើឱ្យ​មានការរិះគន់ថាអាចជាប់ពាក់ព័ន្ធរឿងនយោបាយ ដោយអ្នកទាំងនោះ ជាបេក្ខភាពមកពីគណបក្សភ្លើងទៀន។

លោកថា៖ «ចំណុចទាំងអស់ហ្នឹង វាស្ថិតនៅក្នុងភាពស្រពេចស្រពិល ដែលគេយល់ឃើញថា វាអាចជាប់ពាក់ព័ន្ធជាមួយនឹងការចូលរួមជីវភាពនយោបាយរបស់គាត់ជាមួយគណបក្សភ្លើងទៀន បានជាមានការលុបឈ្មោះពួកគាត់ អាហ្នឹងបើសិនជាគ្មានហេតុផលណាពន្យល់ឱ្យបានច្បាស់លាស់នោះទេ។ យើងឃើញក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មក វាមានករណីផ្ទួនៗ ដែលនាំឱ្យមានការរិះគន់ជាច្រើន ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សភ្លើងទៀន»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា បើសិនជាបេក្ខភាពដែលត្រូវបានក្រសួងលុបឈ្មោះចេញ បានសុំច្បាប់ត្រឹមត្រូវនោះ ការលុបឈ្មោះពួកគេចេញ វាខុសពីបែបបទរដ្ឋបាល ហើយវាជាការរើសអើងផ្នែកនយោបាយផងដែរ។

លោកថា៖ «អាហ្នឹងជាការគាបសង្កត់ផ្នែកនយោបាយ គ្រាន់តែគេមកចូលរួមផ្នែកនយោបាយ គេបានរៀបចំឯកសាររួចហើយ។ យើងទៅគាបសង្កត់ដាក់សម្ពាធលើគេ ដោយដកក្របខណ្ឌជាមូលដ្ឋានដើម្បីបញ្ឈប់ហ្នឹង»។

លោក សំ គន្ធាមី បញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សភ្លើងទៀននៅពេលនេះ មិនបានចំណេញអ្វីដល់រដ្ឋាភិបាល​ឡើយ ផ្ទុយទៅវិញ នឹងធ្វើឱ្យមានការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិបន្តទៀត ស្របពេលដែលសហភាពអឺរ៉ុបក៏បានព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងចេញពីកម្ពុជាផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment